ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​ព្រលាន​យន្ដហោះ «Fort Lauderdale» អាច​ទទួល​ទោស​ប្រហារ​ជីវិត

បុរសខ្មាន់កាំភ្លើង ដែលបានបាញ់សម្លាប់មនុស្ស ៥នាក់ (តុល្យភាព​ចុង​ក្រោយ) កាល​ពី​ថ្ងៃសុក្រ នៅក្នុង​ព្រលាន​យន្ដហោះ «Fort Lauderdale» នៃ​រដ្ឋផ្លរីដា ភាគ​អាគ្នេយ៍សហរដ្ឋអាមេរិក ត្រូវបាន​តុលាការ​ចោទប្​រកាន់ នៅ​មួយ​​ថ្ងៃ​ក្រោយ។ បទ​ចោទប្រកាន់ទាំងនោះ អាចនឹងធ្វើឲ្យបុរសរូបនេះ ទទួលការផ្តន្ទាទោស ដោយ​ការ​ប្រហារ​ជីវិត។
ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​ព្រលាន​យន្ដហោះ «Fort Lauderdale» អាច​ទទួល​ទោស​ប្រហារ​ជីវិត
បុរសខ្មាន់កាំភ្លើង ឈ្មោះ «Esteban Santiago» នៅក្នុងការបាញ់ប្រហារ នៅព្រលានយន្ដហោះ «Fort Lauderdale» ក្នុងរដ្ឋផ្លរីដា សហរដ្ឋអាមេរិក។ (រូបថតផ្តិតពីវីដេអូ)
  • ដោយ: សុបិន្ដ (info@monoroom.info) - ម៉ុងរ៉េអាល់ ថ្ងៃទី ០៩ មករា ២០១៧
  • កែប្រែចុងក្រោយ: January 10, 2017
  • ប្រធានបទ: ឧក្រិដ្ឋកម្ម
  • អាន និងបញ្ចេញយោបល់

បុរសខ្មាន់កាំភ្លើង អាយុ២៦ថឆ្នាំ ឈ្មោះ «Esteban Santiago» ត្រូវបានចោទប្រកាន់ ពីបទល្មើសចំនួន៣ ទាក់​ទង​នឹងការបាញ់សម្លាប់មនុស្ស៥នាក់ និងរបួសជាច្រើននាក់ កាលពីថ្ងៃសុក្រសប្ដាហ៍មុន ក្នុងព្រលាន​យន្ដហោះ​អន្តរជាតិ «Fort Lauderdale» នៅរដ្ឋផ្លរីដា (Florida) ភាគអាគ្នេយ៍​សហរដ្ឋ​អាមេរិក។ បទចោទ​ទាំងបីនោះ ដែល​មាន (១) បង្ក​របួសស្នាមធ្ងន់ធ្ងរ ទៅលើមនុស្សម្នាក់ នៅក្នុងព្រលានយន្ដហោះអន្តរជាតិ (២)ប្រើប្រាស់​អាវុធ ដើម្បី​ប្រព្រឹត្តិ​​ឧក្រិដ្ឋកម្​មហឹង្សា និង(៣)ធ្វើមនុស្សឃាត ដោយប្រើអាវុធ សុទ្ធតែមានស្ថាន​ទំងន់​ទោស​ធ្ងន់ធ្ងរ ដែល​ធ្វើឲ្យ​បុរសរូបនេះ អាច​រងការផ្តន្ទា​ទោស រហូតដល់​​ការប្រហារជីវិត។

នៅចំពោះការស៊ើបសួរ របស់អ្នកស៊ើបអង្កេត ខ្មាន់កាំភ្លើងរូបនេះ បានអះអាងពីគម្រោងការរបស់ខ្លួន ក្នុងការ​បាញ់​ប្រហារ កាលពីថ្ងៃសុក្រ។ ជនសង្ស័យ​បានទិញសំបុត្រយន្ដហោះ ជាមួយក្រុមហ៊ុនអាកាសចរណ៍ «Delta Air Lines» សម្រាប់​ជើង​ហោះហើរ​តែមួយទិស ឆ្ពោះទៅកាន់ក្រុង «Fort Lauderdale» ក្នុងរដ្ឋផ្លរីដា ពីក្រុង «Anchorage» នៅ​ក្នុង​រដ្ឋអាឡាស្កា (Alaska) ដោយឆ្លងកាត់តាម ព្រលានយន្ដហោះក្រុង «Minneapolis»។ បុរស «Esteban Santiago» ដែលបម្រើការជាភ្នាក់ងារសន្តិសុខម្នាក់ នៅក្នុងរដ្ឋអាឡាស្កា បានយកមកជាមួយ នូវ​កាំភ្លើង​របស់​ខ្លួន ដោយដាក់នៅក្នុងវ៉ាលីសដាក់ឥវ៉ាន់ (ដោយស្រប​ច្បាប់)។

រោគចិត្ត...

ទូរទស្សន៍ «CNN» បានរាយការណ៍ថា ជននេះធ្លាប់មានរឿងរ៉ាវ ជំពាក់ជំពិនមួយចំនួន ជាមួយនឹងតុលាការ ជា​ពិសេសនៅក្នុងជម្លោះហិង្សា ជាមួយ​អតីត​គូស្នេហ៍។ បណ្ដាញទូរទស្សន៍​អាមេរិកមួយនេះ បានស្រង់​សំដី​របស់​សមាជិក​មួយ​ចំនួន របស់គ្រួសារជនសង្ស័យ មកបញ្ជាក់ថា ខ្មាន់កាំភ្លើង​រូបនេះ​បាន​«ផ្លាស់ប្ដូរ» បន្ទាប់​ពី​បាន​ទៅ​បំពេញ​បេសកកម្ម រយៈពេល១០ខែ នៅក្នុងប្រទេសអៀរ៉ាក់រួច។ បងប្រុសរបស់ «Esteban Santiago» បាន​គិត​ថា ការបាញ់​ប្រហារ នៅក្នុងព្រលានយន្ដហោះ ទំនងជាបង្កឡើង ពីបញ្ហា«រោគចិត្ត» ដែលបាន​ឈឺ​រើ​ឡើង​វិញ នៅ​ពេល​ត្រឡប់ ពី​ប្រទេសអៀរ៉ាក់វិញ។

បងប្រុសដដែលរូបនោះ បានបន្តរៀបរាប់ថា នៅពេលកន្លងមកថ្មីៗ ប្អូនប្រុសរបស់លោក (ជនសង្ស័យ) បាន​ស្នើ​រក​ជំនួយ និងត្រូវបានវិទ្យាស្ថាន​រោគចិត្ត​មួយ ទទួលយកទៅព្យាបាល ក្នុងរយៈពេល៤ថ្ងៃ បន្ទាប់ពីជន​សង្ស័យ ចេះ​តែ​ស្ដាប់ឮសូរ «សម្លេងដ៏ចម្លែកៗ»។ ក្រុមគ្រួសាររបស់ជនសង្ស័យ បាន​បញ្ជាក់​ទៀត​ថា បុរស «Esteban Santiago» ចេះតែមានអារម្មណ៍ មើលឃើញឡើងវិញ និងនិយាយយ៉ាងច្រើន ពីភាព​ខ្ទេចខ្ទាំ និង​​ការ​ស្លាប់​​របស់​​កុមារ ដែល​ខ្លួន​បាន​ឃើញ​​ដោយផ្ទាល់ នៅក្នុងប្រទេសអៀរ៉ាក់។

មកដល់ម៉ោងនេះ ជនសង្ស័យបានសហការ ជាមួយក្រុមអ្នកស៊ើបអង្កេត ដោយបានឆ្លើយ​ទៅ​នឹងសំនួរ​ជាច្រើន ក្នុងរយៈពេលជាច្រើនម៉ោង។ ប៉ុន្តែ គេនៅមិនទាន់យល់ថា តើទង្វើបាញ់​ប្រហារ​មនុស្ស នៅក្នុងព្រលាន​យន្ដហោះ កាលពីថ្ងៃសុក្រ មានមូលហេតុមកពីអ្វី ឲ្យពិតប្រាកដនៅឡើយ។ កាលពីខែវិច្ឆិកាកន្លងទៅ ក្រុម​ភ្នាក់ងារ​សហព័ន្ធ «FBI» ធ្លាប់បានតាមដាន​​ជននេះ​រួចហើយ និងបានស្នើសុំ ឲ្យធ្វើការវាយតម្លៃ ពីសភាព​«រោគ​ចិត្ត» របស់​ជន​សង្ស័យ។ ប៉ុន្តែការវាយតម្លៃ បានបញ្ជាក់ថា ជននេះមិនទាន់ដល់ថ្នាក់ «បាត់សតិ» និងដល់​កម្រិត ដែល​ត្រូវ​គេ​ដក​ហូត​សិទ្ធិ ក្នុងការ​កាន់​កាំភ្លើងខ្លី​នោះ​ឡើយ៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់