ពូទីន បង្ហាញ​យន្ដហោះ​ប្រដេញ «MiG-35» ថាខ្លាំង​ជាង​គេ​ក្នុង​លោក

ជាការវិវត្តន៍ថ្មី ដ៏ខ្លាំងក្លាបំផុត របស់កងទ័ពរ៉ូស្ស៊ី។ យន្ដហោះប្រដេញ «MiG-35» ដែលទើបនឹងបង្ហាញ​ឲ្យឃើញ ជា​សាធារណៈ មាន​សមត្ថភាព​អាចវាយប្រហារ នៅក្នុងធាតុទាំងបី «ទឹក-ដី-ខ្យល់»។ សម្ភារៈ​សិក​មួយ​នេះ ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​យក​ទៅ​ប្រើប្រាស់ នៅ​ក្នុងសមរភូមិដ៏ក្ដៅ (ឬសមរភូមិ ដែលមានលក្ខណៈស្មុគ្រស្មាញ)។
ពូទីន បង្ហាញ​យន្ដហោះ​ប្រដេញ «MiG-35» ថាខ្លាំង​ជាង​គេ​ក្នុង​លោក
យន្ដហោះប្រដេញ ប្រភេទ «MiG-35» របស់កងទ័ពរ៉ូស្ស៊ី ដែលត្រូវបានយកមកបង្ហាញ កាលពីថ្ងៃព្រហស្បត្តិ៍។ (រូបថតលើទ្វីសធើរ)
  • ដោយ: ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី២៨ មករា ២០១៧
  • កែប្រែចុងក្រោយ: January 28, 2017
  • ប្រធានបទ: សម្ភារៈសិក
  • អាន និងបញ្ចេញយោបល់

ប្រធានាធិបតីរ៉ូស្ស៊ី លោក វ្លាឌីមៀរ ពូទីន (Vladimir Poutine) បានប្រកាសជាផ្លូវការ កាល​ពី​ថ្ងៃ​ព្រហស្បត្តិ៍​នេះ នូវ​ការ​សាកល្បង​យន្ដហោះ ប្រភេទ​ប្រដេញ​ថ្មី​មួយ របស់កងទ័ពរ៉ូស្ស៊ី ឈ្មោះ «MiG-35»។ ការ​សាកល្បង ត្រូវ​បាន​ធ្វើ​ឡើង នៅ​ក្នុង​ព្រលានយន្ដហោះក្រុង «Loukhovitsy» ដែលស្ថិត​នៅ​ភាគ​អាគ្នេយ៍ នៃ​រដ្ឋធានី ម៉ូស្គូ។ នេះ បើ​តាម​សេចក្ដី​រាយការណ៍ កាល​ពី​ម្សិលម៉ិញ របស់សារព័ត៌មាន «La Vanguardia» នៃ​ប្រទេស​អេស្ប៉ាញ។

បង្កើតចេញពីយន្ដហោះ«MiG-29» (ជំនាន់មុន) យន្ដហោះទើបនឹងចេញក្រោយ ឈ្មោះ «MiG-35» មាន​សមត្ថភាព អាច​ធ្វើការ​វាយប្រហារ ទាំងនៅលើអាកាស ទាំងនៅលើដី និងទាំងនៅក្នុងទឹក។ វាអាចផ្ទុក គ្រាប់​បែក​គ្រប់​ប្រភេទ រួម​នឹង​កាំភ្លើង​ប្រតិកម្ម ដែលមានទំងន់សរុប រហូតដល់ទៅ ៧តោន។ ល្បឿន​ហោះ​ហើរ​របស់​វា មាន​កម្រិត​ដល់ «Mach 2,25» ដែល​ត្រូវ​នឹង​ល្បឿន ២៧០០០គីឡូម៉ែត្រ ក្នុងមួយម៉ោង។

លោក ពូទីន បានថ្លែង តាមរយៈវីដេអូ (Vidéoconférence) មួយថា៖ «ជាបថម ខ្ញុំសូមសំដែង​ការ​សរសើ ជូន​ទៅ​លោក​អ្នក​ទាំងអស់ សម្រាប់ឱកាសថ្មី ដ៏សំខាន់ នៃការចាប់ផ្ដើម ដាក់ឲ្យហោះ​សាកល្បង នូវ​យន្ដហោះ​ប្រដេញ ប្រភេទ "MiG-35"»។

នាយកសហគ្រាស ដែលជំនាញ​ខាងការសាងសង់យានយន្ដ ទាំងនៅ​លើ​អាកាស ទាំង​នៅ​ក្នុង​ទឹក លោក​ «Iouri Slusar» បានប្រកាសឲ្យដឹងទៀតថា យន្ដហោះ «MiG-35» ត្រូវបានបង្កើត​ឡើង ដើម្បី​ធ្វើ​ប្រតិបត្តិការ នៅ​ក្នុង​សមរភូមិ​ក្ដៅ ជាពិសេស ដើម្បីប្រឆាំង នឹងប្រព័ន្ធការពារដែនអាកាស ដ៏​ស្មុគ្រ​ស្មាញ​បំផុត របស់​សត្រូវ។

លោក «Iouri Slusar» បានថ្លែងបន្តថា៖ «នៅថ្ងៃនេះ យើងបានចាប់ផ្ដើម ធ្វើការ​សាក​ល្បង​បង្ហោះ ទៅ​ក្នុង​លំហ​អាកាស នូវ​យន្ដហោះ "MiG-35" ដែល​មាន​សមត្ថភាព​ច្រើនយ៉ាង»។

បន្ថែមពីលើសមត្ថភាព ដូចបានរៀបរាប់ខាងលើ យន្ដហោះនៅមានបំពាក់ ដោយ​ប្រព័ន្ធ​ត្រួត​ពិនិត្យ​ដែន​អាកាស (Radar) ដ៏​ទំនើប​នោះ​ទៀត។ តែនៅមិនទាន់អស់នៅឡើយ... លោក «Iouri Slusar» បាន​បញ្ជាក់​ថា សហគ្រាស​បាន​ត្រៀម​​លក្ខណៈ​សម្បត្តិ​មួយ​ចំនួនទៀត ដើម្បីអាចឲ្យយន្ដហោះនេះ មាន​បំពាក់​ដោយ​កាំភ្លើង​ប្រភេទ​ថ្មី ឬ​ប្រភេទ ដែល​នឹង​ត្រៀម​ចេញប្រើ នៅក្នុងអានាគត ដូចជា​កាំភ្លើង​ឡាស៊ែរ (Laser) ជា​ដើម៕

» វីដេអូបង្ហាញ ពីការហោះសាកល្បង យន្ដហោះប្រភេទថ្មីរ៉ូស្ស៊ី៖


Loading...

អត្ថបទទាក់ទង


មតិ-យោបល់