ភេរវកម្មបំផ្ទុះ​រថយន្ដ​មួយ​ទៀត នៅ​ទួរគី សម្លាប់​មនុស្ស​២នាក់

៥ថ្ងៃក្រោយការបាញ់ប្រហារ នៅក្នុងរង្គសាលមួយ កាលពីយប់ថ្ងៃចូលឆ្នាំថ្មី នៅយប់នេះ ការផ្ទុះគ្រាប់បែក បណ្ដាល​ពីរថយន្ដចតចោលមួយ បានកើតឡើង នៅក្បែរអាគារតុលាការ នៃក្រុង «Izmir» ស្ថិតនៅភាគ​ខាង​លិច នៃ​ប្រទេស​ទួរគី។ នៅម៉ោងនេះ អាជ្ញាធរបានប្រាប់ថា មនុស្សពីរនាក់បានស្លាប់ និងភេរវជនពីរនាក់ទៀត ក៏ត្រូវ​បាន​បាញ់​សម្លាប់​ដែរ។
ភេរវកម្មបំផ្ទុះ​រថយន្ដ​មួយ​ទៀត នៅ​ទួរគី សម្លាប់​មនុស្ស​២នាក់
ទិដ្ឋភាពក្រោយការបំផ្ទុះរថយន្ដ ក្បែរច្រកចូល នៃអាគារតុលាការ ក្រុង «Izmir» ខាងលិចប្រទេសទួរគី។ (រូបថត​លើ​ទ្វីសធើរ)
  • ដោយ: សេក មនោរកុមារ ([email protected]) - បារីស ថ្ងៃទី០៥​ មករា ២០១៧
  • កែប្រែចុងក្រោយ: January 05, 2017
  • ប្រធានបទ: ភេរវកម្ម
  • អាន និងបញ្ចេញយោបល់

យ៉ាងហោចណាស់ មនុស្សពីរនាក់ បានស្លាប់ និងជាង១០នាក់ផ្សេងទៀត បានរងរបួស នៅក្នុងការ​បំផ្ទុះ​រថយន្ដ​ចត​ចោល​មួយ នៅក្បែរអាគារ​តុលាការ​ក្រុង «Izmir,» ដែលស្ថិតនៅខាងលិច នៃប្រទេសទួរគី។​ បន្ទាប់ពី​ហេតុការណ៍​​ផ្ទុះ​រថយន្ដ​នេះ មនុស្សពីរនាក់ ដែលអាជ្ញាធរបានអះអាងថា ជាភេរវជន ត្រូវបាន​បាញ់សម្លាប់។

សារព័ត៌មាន​ក្នុងស្រុកជាច្រើន បានអះអាងថា រថយន្ដនោះត្រូវបាន​យកមកចតចោល នៅក្បែរច្រកចូល របស់​មន្ត្រីជាន់ខ្ពស់ នៅក្នុងតុលាការ ដូចជា​ចៅក្រម និងរដ្ឋអាជ្ញាជាដើម។

អភិបាលខណ្ឌ «Bayrakli» នៃក្រុង «Izmir» បានថ្លែងឲ្យដឹង តាមកញ្ចក់ទូរទស្សន៍ «NTV» ថា យ៉ាងហោច​មនុស្ស​១០នាក់ បានរងរបួស ក្នុងនោះម្នាក់​បានរង​របួស​ធ្ងន់ធ្ងរ។ មន្ត្រីនគរបាលម្នាក់ និងមន្ត្រី​តុលាការ​ម្នាក់​ទៀត បានស្លាប់ នៅក្នុងហេតុការណ៍នោះ។

ទីភ្នាក់ងារព័ត៌មាន «Anadolu» ស្និតនឹងរដ្ឋាភិបាលទួរគី បានរាយការណ៍ឲ្យដឹងថា ភេរវជនពីរនាក់ ត្រូវបាន​បាញ់​សម្លាប់ នៅក្នុងការប្រឈមមុខ ប្រដាប់​ដោយ​អាវុធដ៏ខ្លាំងក្លា ជាមួយនឹងកងកម្លាំងអាជ្ញាធរ។ ទីភ្នាក់ងារ​បានបញ្ជាក់ទៀតថា ភេរវជនទីបី បានគេចខ្លួនរួច។

» មនុស្សពីរនាក់ ដែលសង្ស័យជាភេរវជន ត្រូវបានបាញ់សម្លាប់៖

រូបភាព ដែលត្រូវបានផ្សព្វផ្សាយ តាមកញ្ចក់ទូរទស្សន៍ បង្ហាញឲ្យឃើញ ពីទិដ្ឋភាពហុយផ្សែង ដ៏ខ្មួលខ្មាញ់ និង​រូបភាពបង្ហាញ ពីរថយន្ដជួយសង្គ្រោះ ជាច្រើន កំពុងដឹកជញ្ជូនជនរងគ្រោះ ចេញពីកន្លែងកើតហេតុ។

ហេតុការណ៍ដ៏អកុសលខាងលើ បានកើតតែ៥ថ្ងៃ ក្រោយព្រឹត្តិការណ៍បាញ់សម្លាប់ ពីសំណាក់ជនម្នាក់ នៅ​ក្នុង​រង្គសាល នាទីក្រុងអ៊ីស្តាមប៊ូល កាលពី​យប់​ថ្ងៃឆ្លងឆ្នាំ បណ្ដាលឲ្យមនុស្ស ៣៩នាក់ បានស្លាប់បាត់បង់ជីវិត៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់