អាជ្ញាធរ​អប្សរា ឲ្យ​មន្ត្រី​ខ្លួន​រៀន​ភាសា​ចិន

ដើម្បីបង្កើនសមត្ថភាព ក្នុងកិច្ចសហប្រតិបត្តិការ និងការងារទំនាក់ទំនង ឲ្យកាន់តែរលូននោះ រាល់មន្ត្រី​របស់​អាជ្ញាធរ​ជាតិ​អប្សរា (APSARA) គួរត្រូវរៀនភាសាចិន។ វគ្គបណ្ដុះបណ្ដាលនេះ នឹងចាប់ផ្ដើមពីពាក់កណ្ដាល ខែ​កុម្ភៈ​នេះ​ហើយ។
អាជ្ញាធរ​អប្សរា ឲ្យ​មន្ត្រី​ខ្លួន​រៀន​ភាសា​ចិន
ពីឆ្វេងទៅស្ដាំ៖ លោក ស៊ុំ ម៉ាប់ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា និងងលោក «Yang Huiwen» អនុប្រធាន​មន្ទីរ​អប់រំ​ខេត្តជាំងស៊ី នៃប្រទេសចិន។ (រូបថតអាជ្ញាធរអប្សរា)
  • ដោយ: ដារី ([email protected]) - ភ្នំពេញ ថ្ងៃទី០៤ មករា ២០១៧
  • កែប្រែចុងក្រោយ: January 06, 2017
  • ប្រធានបទ: បេតិកភ័ណ្ឌ
  • អាន និងបញ្ចេញយោបល់

អាជ្ញាធរជាតិអប្សរា (APSARA) នឹងផ្ដល់វគ្គបណ្ដុះបណ្ដាល ភាសាចិន ឲ្យទៅមន្ត្រីរបស់ខ្លួន រៀនភាសាចិន តាម​រយៈវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត​សភា​កម្ពុជា ចាប់ពីពាក់កណ្តាលខែកុម្ភៈឆ្នាំ២០១៧តទៅ។ បន្ទាប់មកទៀត តាម​រយៈវិទ្យាស្ថាននេះដដែល បណ្ដា​សិក្ខាកាម អាចមានឱកាសទៅសិក្សាបន្ត នៅខេត្ត​ជាំងស៊ី ក្នុងប្រទេសចិន ដើម្បីពង្រឹងភាសាចិន ឲ្យកាន់តែល្អប្រសើរថែមទៀត។ នេះ បើ​គេ​បាន​អាន ពីលទ្ធផលការងារ ដែលចេញពី​ជំនួប​រវាង លោក ស៊ុំ ម៉ាប់ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា ដែលទទួលទទួលបន្ទុក គ្រប់គ្រង​​តំបន់​បេតិកភ័ណ្ឌ​អង្គរ​ ជាមួយនឹងលោក «Yang Huiwen» អនុប្រធាន​មន្ទីរ​អប់រំ​ខេត្តជាំងស៊ី (Jiangxi - ភាគកណ្ដាល​​ខាង​​កើត) នៃ​ប្រទេសចិន កាលពីថ្ងៃទី៣ ខែមករាកន្លងមក។

សេចក្ដីប្រកាសព័ត៌មានមួយ របស់អាជ្ញាធរជាតិ បានឲ្យដឹងថា នៅក្នុងជំនួបនោះ លោក «Yang Huiwen» ដែល​បាន​ដឹកនាំ​ប្រតិភូ​​មួយ​ក្រុម មកកាន់​តំបន់​រមណីយដ្ឋានវប្បធម៌​អង្គរ បានទទួល​បានការសាទរ ពីសំណាក់លោក ស៊ុំ ម៉ាប់ ក្នុងការបើកទូលាយ ចំពោះយុវជន​ចិន​ទាំង​ឡាយ​ណា ដែលចង់មករក​បទ​ពិសោធន៍​ការងារ ផ្នែក​គ្រប់​គ្រង​បេតិកភណ្ឌ។ យុវជនចិនទាំងនោះ អាចមកស្នាក់នៅ និងទទួល​ការ​បណ្តុះ​បណ្តាល ពីមន្ត្រីជំនាញនៃ​អាជ្ញាធរ​ជាតិ​អប្សរា។ អនុប្រធាន​មន្ទីរ​អប់រំ​ខេត្ត ជាំងស៊ី បានថ្លែងថា នឹងជំរុញយុវជនចិន ឲ្យមក​បោះ​ជំរុំ នៅ​អាជ្ញាធរ​ជាតិ​អប្សរា  ក្នុងកម្មវិធីបោះជំរុំយុវជន«អាស៊ាន-ចិន» នាពេល​ខាងមុខ។

អគ្គនាយកអាជ្ញាធរ លោក ស៊ុំ ម៉ាប់ បានបង្ហាញការជឿជាក់ថា ការផ្ដល់វគ្គបណ្ដុះបណ្ដាលភាសាចិន ដោយ​មាន​ការសម្របសម្រួល ពីស្ថានទូតចិនប្រចាំ​កម្ពុជា ទៅឲ្យមន្ត្រីរបស់អាជ្ញាធរជាតិ នឹងជួយសម្រួលដល់ពួកគេ ក្នុង​កិច្ច​សហ​ប្រតិបត្តិការ និងការងារទំនាក់ទំនង ឲ្យកាន់តែរលូនខ្លាំងឡើង។

ប្រទេសចិន ជាប្រទេសមួយ នៅក្នុងចំណោមប្រទេសទាំង១៣ (​ចិន ឆែក បារាំង អាល្លឺ​ម៉​ង់ ឥណ្ឌា ឥណ្ឌូ​ណេ​ស៊ី អ៊ី​តា​លី ជប៉ុន ស្វ៊ី​ស អា​មេ​រិ​ក អូស្ត្រាលី ហុង​គ្រី និង​កូរ៉េ​ខាងត្បូង)  ដែលចូលរួមអនុវត្តន៍គម្រោង «អភិរក្ស និង​ជួសជុល​ស្ដារ»ប្រាង្គប្រាសាទ ក្នុងតំបន់អង្គរ ចំនួន​៣១គម្រោង រាប់ចាប់តាំង ពីឆ្នាំ១៩៩២​មក។ នេះបើ​តាម​ការ​អះអាង របស់លោកលោក​ទិន ទីណា អនុប្រធាន​មជ្ឈមណ្ឌល​អន្តរ​ជាតិ​​ស្រាវ​ជ្រាវ និង​តម្កល់​​ឯកសារ​​អង្គរ​ កាល​ពី​ពាក់​​កណ្ដាល​​ខែធ្នូ​ទៅ​ម៉ិញ៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់