«លុត​ជង្គង់​សុំ​ស្នេហ៍» ត្រូវ​នាយក​សាលា​ហៅ​ទៅ​ព្រមាន!

មកយើងលេងស្រឡាញ់គ្នា ហ្អី? ទិដ្ឋភាពកម្រជួបនេះ ត្រូវបានថតបង្ហោះ នៅលើបណ្ដាញសង្គម រហូត​ផ្អើល​អស់​លោកីយ៍... ហេតុការណ៍​បានកើត​ឡើង នៅក្នុងថ្នាក់រៀនមួយ កាលពីថ្ងៃអង្គារម្សិលម៉ិញ រវាង​សិស្ស​សាលា​ពីរ​នាក់ ដែល​ទទួល​ការគាំទ្រអបអរ ពីសំណាក់មិត្តភ័ក្រ របស់ពួកគេជុំជិត។ តែនាយក និងគណៈ​គ្រប់​គ្រង​សាលា​របស់​​ពួក​គេ ទំនង​ជា​បាន​ច្រឡោត​ឡើង បន្ទាប់ពីឃើញរូបភាពទាំងនេះ!
«លុត​ជង្គង់​សុំ​ស្នេហ៍» ត្រូវ​នាយក​សាលា​ហៅ​ទៅ​ព្រមាន!
រូបភាព«លុតជង្គង់សុំស្នេហ៍» និងលិខិតកិច្ចសន្យា នៅចំពោះគណៈគ្រប់គ្រងសាលា ថាលែងប្រព្រឹត្តិ​អំពើដូច្នេះ​ទៀត។ (រូបថតផ្តិតពីអេក្រង់វីដេអូ)
  • ដោយ: ដារី ([email protected]) - ភ្នំពេញ ថ្ងៃទី០៤ មករា ២០១៧
  • កែប្រែចុងក្រោយ: January 04, 2017
  • ប្រធានបទ: ពីនេះពីនោះ
  • អាន និងបញ្ចេញយោបល់

វីដេអូ «លុតជង្គង់សុំស្នេហ៍» ដែលមានរយៈពេល ១នាទី និង២៦វិនាទី ត្រូវបានបង្ហោះ និងចែករំលែក នៅ​លើ​បណ្ដាញសង្គម កាល​ពីថ្ងៃអង្គារ​ម្សិលម៉ិញ។ ក្នុងវីដេអូ ដែលមានការចែករំលែក រហូតដល់ទៅរាប់ពាន់ដង (ឈាន​ដល់ម៉ឺនដង) គ្រាន់តែក្នុងរយៈពេល​​មិនដល់មួយថ្ងៃនោះ បានបង្ហាញឃើញ​សិស្ស​ប្រុស​ម្នាក់ បាន​លុត​ជង្គង់​ចុះ នៅចំពោះសិស្សស្រីម្នាក់ ដើម្បីសុំក្ដីសណ្ដោស ប្រោសប្រទាន​ស្នេហ៍ ពីយុវតី។ សកម្មភាពនេះ បាន​ធ្វើ​ឡើង នៅ​ក្រោម​ការ​សាទរ សំណើច​ក្អាកក្អាយ ពីសំណាក់​មិត្ត​រួម​ថ្នាក់​របស់​ពួកគេ នៅក្នុង​ថ្នាក់​រៀន​នោះ។

ប៉ុន្តែ​ទិដ្ឋភាពដ៏ក្អាកក្អាយនេះ មិនមែនជាការសប្បាយរីករាយ សម្រាប់បណ្ដាជនទួទៅនោះទេ ជាពិសេស​សម្រាប់​​​គណៈគ្រប់គ្រង និងនាយក​សាលា​របស់​ពួកគេ។ នៅក្នុង​អត្ថបទ​មួយ ចេញផ្សាយនៅលើគេហទំព័រ វិទ្យ​សម្លេង «Cool FM 100,7» បានឲ្យដឹងថា គណៈគ្រប់គ្រងរបស់សាលា បានកោះហៅ​យុវជន​​យុវតី​​ទាំង​​ប៉ុន្មាន​នាក់​​នេះ នៅ​មួយ​ថ្ងៃ​ក្រោយ យកទៅ​ធ្វើការអប់រំ និងព្រមាន ឲ្យធ្វើលិខិតផ្ដិតមេដៃ ថាពួកគេនឹងមិនប្រព្រឹត្តិដូច្នេះ ជាថ្មី​ទៀត​​នៅថ្ងៃ​​ក្រោយ​​​ឡើយ។

ក្រុមយុវសិស្សទាំងនោះ បានថ្លែង​នៅចំពោះក្រុមប្រឹក្សាវិន័យ របស់សាលាថា ពួកគេបានធ្វើរឿងនេះ ដោយ​គ្រាន់​​តែ​ជាការថត​សំដែងចម្រៀង ដើម្បីកំសាន្ដ​លេងប៉ុណ្ណោះ។ តែបើមើលតាមវីដេអូ វាជាការសំដែងមួយ ដែលមានលក្ខណៈពិតៗ និងគួរឲ្យរំជួលចិត្ត សម្រាប់មនុស្សមួយចំនួននោះផង។

គេហទំព័រនោះ បានទាំងបង្ហោះរូបភាពយុវសិស្សទាំង៦នាក់ និងលិខិតកិច្ចសន្យានោះ មកជាមួយផង តែមិន​បាន​​បញ្ជាក់​ថា តើហេតុការណ៍នេះ បានកើតឡើង នៅក្នុងសាលារៀន​ណាមួយនោះទេ។ នៅក្នុងលិខិត ដែល​ចុះថ្ងៃខែ នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧នោះ គេឃើញមានការសរសេរ ទទួលកំហុស និងសន្យាថា នឹង​មិន​ធ្វើអ្វី ដែល​គ្មានការ​អនុញ្ញាត ពីសាលា និងបង្កផលប៉ះពាល់ ដល់សាលាទៀតទេ។

ប៉ុន្តែគួរឲ្យ​ស្ដាយ ដែលករណីនេះ មិនត្រូវបានសាលា ឬស្ថាប័នជំនាញខាងការអប់រំ ធ្វើការបកស្រាយ​ឲ្យ​បាន​ច្បាស់ ថាមានអ្វី ដែលល្អ និងមានអ្វី ដែលបង្កផលប៉ះពាល់ ជាពិសេស​ចំពោះសិស្សសាលាទាំងឡាយ ដែល​គេចាត់ទុកថា ជា«ទំពាំងស្នងឫស្សី» និងបែរ​ជា​កំពុង​រងឥទ្ធិពល ពីភាពទំនើបកម្ម និងវប្បធម៌ថ្មីៗយ៉ាងគំហុក។ យ៉ាងណា នៅលើបណ្ដាសង្គមវិញ ប្រតិកម្មបានកើតឡើងខុសៗគ្នា ទាំងការរិះគន់ និងទាំងការលើកឡើងថា គ្មានការប៉ះពាល់អ្វីធំដុំ ដោយពួកគេអះអាងថា នេះជារឿងធម្មតា ដែលត្រូវតែកើតឡើង ចំពោះយុវវ័យគ្រប់រូប គ្រាន់តែការសំដែង (ឬរឿងពិត)នេះ ត្រូវបានធ្វើឡើង ដោយខុសកន្លែងប៉ុណ្ណោះ៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់