សម រង្ស៊ី បន្ត​ដុត​រដ្ឋាភិបាល «ដៃ​ភ្លើង ជើង​មាន់»

រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី ដែលស្ថិតក្នុងតំណែងបេះមិនចេញ តាំងពី៣១ឆ្នាំមកនោះ គឺជា«រដ្ឋាភិបាល ដៃភ្លើង ជើងមាន់» ប៉ះអ្វីឆេះហ្នឹង។ នេះបើតាមការបង្ហោះថ្មីមួយ នៅលើទំព័រហ្វេសប៊ុក របស់ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ព្រឹក​ថ្ងៃពុធ​នេះ។
សម រង្ស៊ី បន្ត​ដុត​រដ្ឋាភិបាល «ដៃ​ភ្លើង ជើង​មាន់»
លោក សម រង្ស៊ី និងលោក ហ៊ុន សែន បានចេញមកផ្ដល់កិច្ចសម្ភាស ជាមួយក្រុមអ្នកសារព័ត៌មាន កាលពីមេសា ឆ្នាំ២០១៥។ (រូបថត MONOROOM.info/ S. Tith)
  • ដោយ: ដារី (info@monoroom.info) - ភ្នំពេញ ថ្ងៃទី០៤ មករា ២០១៧
  • កែប្រែចុងក្រោយ: January 04, 2017
  • ប្រធានបទ: នយោបាយកម្ពុជា
  • អាន និងបញ្ចេញយោបល់

សង្គ្រាមពាក្យសំដី របស់ប្រធាន​គណបក្ស​សង្គ្រោះជាតិ ក្នុងពេលកន្លងមក ដែលត្រូវបានអ្នកវិភាគ​និយាយថា បានបង្កឧបសគ្គ ដល់ការដោះលែង សកម្មជន​គណបក្ស និងសកម្មជនសិទ្ធិមនុស្ស ពីពន្ធនាគារនោះ នៅមិន​ទាន់​ធន់​ល្មម​នៅឡើយ។ តែប្រធានគណបក្សប្រឆាំង ដែលកំពុងរស់នៅនិរទេស ឯបរទេស​រូបនេះ ហាក់បាន​បន្ថែម​ល្បឿន​ថ្មីទៀត ក្នុងការបញ្ឆេះរដ្ឋាភិបាល របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យមានកំដៅឆេះ​ជាភ្លើង​ឡើង។

ក្នុងព្រឹកថ្ងៃពុធនេះ នៅលើទំព័រហ្វេសប៊ុកផ្លូវការ របស់លោក សម រង្ស៊ី រូបភាពប្រៀបធៀបជាច្រើន ត្រូវបាន​បង្ហោះ​ចេញ ជាមួយនឹងពាក្យ​ហៅ​រដ្ឋាភិបាល​កម្ពុជា ថាជារដ្ឋាភិបាល «ដៃភ្លើង ជើងមាន់» ជាមួយនឹងឃ្លា ជា​ភាសា​អង់គ្លេសថា «A destructive government»។ រូបភាពប្រៀបធៀបទាំងនោះ មាន​បង្ហាញ​ពីទិដ្ឋភាព ដែល​ទាក់ទង​នឹង​ព្រឹត្តិការណ៍​ធំៗ នាពេលកន្លងមក ដូចជា ការរំលោភយកដីធ្លី ផ្ទះសម្បែង (ដីក៏ប្លន់ - ដំណាំ​ក៏​ឈូស - ផ្ទះ​ក៏ដុត) និង​ការ​បំផ្លិច​បំផ្លាញ លើធនធាន​ធម្មជាតិ (ព្រៃក៏កាប់ - ភ្នំក៏វ៉ៃ - ថ្មក៏ជើក - ខ្សាច់​ក៏​កាយ - បឹង​ក៏​លប់) ជា​ដើម។

ការបង្ហោះនោះ មានសរសេរអមដូច្នេះថា៖ «ប៉ះអ្វីឆេះហ្នឹង កាយគាស់អ្វីៗទាំងអស់ ឲ្យវិនាសហិនហោច។ ដីក៏​ប្លន់ ផ្ទះក៏ដុត ព្រៃក៏កាប់ ដំណាំក៏ឈូស បឹងក៏លុប ភ្នំក៏វ៉ៃ ថ្មក៏ជីក ខ្សាច់ក៏កាយ។ ប្រទេសជាតិអន្តរាយ រាស្ត្រ​វេទនា តែពួកគេបានធ្វើមហាសេដ្ឋី។»។

តាមរយៈវិទ្យុអន្តរជាតិបារាំង ពីរដ្ឋធានីប៉ារីស កាលពីថ្ងៃទី១ ខែមករានេះ ប្រធានគណបក្សប្រឆាំង បានថ្លែង​បញ្ឆិត​បញ្ឆៀង​ដាក់លោក ហ៊ុន សែន ថាលោក​នាយករដ្ឋមន្ត្រី កំពុងដេកយល់សប្ដិ ទាក់ទងនឹង​សភាពការណ៍​ចុង​ក្រោយ ដែលបង្កការជឿជាក់ថា នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធាន​គណបក្ស​កាន់​អំណាច កំពុង​អនុវត្តន៍​យុទ្ធវិធី​បំបែក​បំបាក់ រូបលោក ដែលជាប្រធានគណបក្ស ឲ្យចេញពីលោក កឹម សុខា ដែលជាអនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។

ប៉ុន្តែការលើកឡើងខាងលើនេះ ត្រូវបានមន្ត្រីមួយចំនួន និងអ្នកគាំទ្រ របស់គណបក្សប្រជាជនកម្ពុជា ចំអក​ឲ្យ​លោក សម រង្ស៊ី វិញថា ប្រធាន​គណបក្ស​ប្រឆាំងរូបនេះ កំពុងព្យាយាម​សំដែង​ឫទ្ធិ​របស់​ខ្លួន ពីខាង​ក្រៅ​សៃវៀន ខណៈ​នៅ​ក្នុង​ប្រទេស គ្មាននរណា​ចង់​និយាយ ឬធ្វើការ​ជាមួយ​លោក​ទៀត​ឡើយ។

សម្រាប់អ្នកតាមដាន​សភាពការណ៍​កម្ពុជាវិញ បានពន្យល់ថា ការបន្ថែមល្បឿន របស់លោក សម រង្ស៊ី នៅ​ក្នុង​សង្គ្រាមពាក្យសំដីទាំងនេះ វាមានភាព​ចាំបាច់​ណាស់ ដើម្បីរកសម្លេងឆ្នោត ជាពិសេស​ចំពោះ​ការ​បោះឆ្នោត ដែលឈាន​មកដល់ ក្នុងពេលខាងមុខនេះ។ ប្រធានគណបក្សប្រឆាំង មានជំរើស​តែពីរទេ ទីមួយ គឺត្រូវ​អង្វ​លោក ហ៊ុន សែន ដើម្បីបានចូល មកក្នុងប្រទេសវិញ និងទីពីរ ត្រូវស្វែងរកទំងន់ ទាំងនៅក្នុង ទាំង​នៅ​ក្រៅ​ប្រទេស ដើម្បី​ទាមទារ ឲ្យ​របបកាន់​អំណាច​សព្វថ្ងៃ បើកផ្លូវសម្រោប់លោក អាចវិលចូលមកក្នុងប្រទេសវិញ ឲ្យបានយ៉ាងហោចណាស់ មុនការបោះឆ្នោតសកល ឆ្នាំ២០១៨៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់