ចូលឆ្នាំ​ចិន ឆ្នាំ​មាន់ និយាយ​ពី​រូប​ចម្លាក់ ត្រាំ ជា​សត្វ​មាន់

ដើម្បីអបអរពិធីបុណ្យចូលឆ្នាំ (ទាំងឆ្នាំសកល ទាំងឆ្នាំចិន) មជ្ឈមណ្ឌលពាណិជ្ជកម្មមួយ នៅក្នុង​ប្រទេសចិន បាន​ដាក់​តាំង​បង្ហាញ នូវរូបចម្លាក់ចំអកដូច«សត្វមាន់»​មួយ ដែលគេស្គាល់ថា ជារូប​សំណាករបស់​លោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតី​អាមេរិក។ រូប​សំណាកនេះ បាន​បង្ក​ការ​ផ្ទុះ​សំណើច ទៅ​ដល់​បណ្ដាជន​នានា ទាំងក្នុងប្រទេសចិន ទាំង​នៅ​ក្នុង​​ពិភពលោក។
ចូលឆ្នាំ​ចិន ឆ្នាំ​មាន់ និយាយ​ពី​រូប​ចម្លាក់ ត្រាំ ជា​សត្វ​មាន់
រូបសំណាកលោក ដូណាល់ ត្រាំ ធ្វើចំអក​ជាសត្វមាន់។ (រូបថតលើទ្វីសធើរ)
  • ដោយ: ឈូករ័ត្ន ([email protected]) - ប៉ារីស ថ្ងៃទី២៨ មករា ២០១៧
  • កែប្រែចុងក្រោយ: January 29, 2017
  • ប្រធានបទ: សិល្បៈចម្លាក់
  • អាន និងបញ្ចេញយោបល់

ថ្ងៃចូលឆ្នាំចិន​ ទើបនឹងចាប់ផ្ដើម នៅថ្ងៃទី២៨ ខែមករានេះប៉ុណ្ណោះ តែមជ្ឈមណ្ឌលពាណិជ្ជកម្មមួយ ក្នុងក្រុង «Taijiquan» នៃខេត្ត «Shanxi» ភាគកណ្ដាល​ប្រទេសចិន បានប្រារព្ធនិមិត្តរូប នៃឆ្នាំមាន់នេះ តាំង​ពី​ចុង​ឆ្នាំ​កន្លង​ទៅ។ នោះគឺការដាក់តាំងបង្ហាញ នូវរូប​សំណាក​លោក ដូណាល់ ត្រាំ (Donald Trump.) ប្រធានាធិបតី​អាមេរិក ដោយ​ឆ្លាក់​តាមបែបសត្វមាន់ នៅខាងមុខ​អាគារ​មជ្ឈមណ្ឌល។

ជាការពិតហើយ ដែលលោក ដូណាល់ ត្រាំ មិនសូវជាធ្វើ​ឲ្យរដ្ឋាភិបាលក្រុង ប៉េកាំង សប្បាយចិត្តប៉ុន្មានទេ រាប់​ចាប់​តាំងពីពេលលោក ធ្វើយុទ្ធនាការបោះឆ្នោតជំហានដំបូង នៅក្នុងគណបក្ស​សាធារណរដ្ឋនោះម្លេះ។ ជា​ពិសេស គឺ​ជំហរ​របស់​លោក ត្រាំ ក្នុងការគាំទ្រ «ឯករាជ្យភាព» របស់កោះតៃវ៉ាន់ ដែលប្រទេសចិន តែងចាត់ទុក ថា​ជា​«កោះ​ឧទ្ទាម»មួយ នៅសមុទ្រចិនខាងកើត។

ទំនងជាភាព​ក្ដៅក្រហាយ ខាងលើនេះហើយ ទើបវិចិត្រករចម្លាក់ ជាតិចិនមួយរូប មានគំនិតបង្កើត ជារូប​ចម្លាក់​កំពស់ ៩.៧៥ម៉ែត្រ នេះឡើង។ រូបចំលាក់នេះ មិនត្រឹមតែទទួលបាន ការពេញចិត្ត ពីសំណាក់​​នាយក​​គ្រប់គ្រង​មជ្ឈមណ្ឌលខាងលើ រហូត​យក​រូបនេះ មកតាំងជាសាធារណៈ​នោះទេ តែបណ្ដាជនចិន​ជាច្រើននាក់ ក៏បាន​សំដែង​ការ​ពេញ​ចិត្ត ពេញថ្លើម ហើយខ្លះទៀត ថែម​ទាំង​បាន​ថតរូប ទៅចែកគ្នាសើចសប្បាយ នៅ​តាម​បណ្ដាញ​សង្គម​នោះ​ផង។

អ្នកលក់ដូរម្នាក់ នៅក្នុងមជ្ឈមណ្ឌល បានថ្លែងប្រាប់បណ្ដាញទូរទស្សន៍ «CNN» របស់អាមេរិកថា៖ «រូប​ចម្លាក់​នេះ គួរ​ឲ្យស្រឡាញ់ផង និង​គួរ​ឲ្យអស់សំណើចផង។ ម៉ូដសក់ និងចិញ្ចើម​របស់រូបសំណាក មាន​លក្ខណៈ​ដូច ​ទៅ​នឹង​សក់​ក្បាល និងចិញ្ចើម​របស់​លោក ដូណាល់ ត្រាំ។ ខ្ញុំ​ច្បាស់​ក្នុង​ចិត្ត​ថា រូបនេះនឹង​ជួយ​​​ទាក់ទាញ​​អតិថិជន ឲ្យ​មក​​កាន់​​ទី​នេះ កាន់​តែ​ច្រើន​ឡើង។»

មិនខុសទេ ព្រោះក្នុងពេលនេះ ប៉េងប៉ោងធំជាច្រើន ដែលផ្លុំបំប៉ោងចេញ ទៅជារូបចម្លាក់ខាងលើ ត្រូវបានផលិត​ឡើង​ និងយកមក​ដាក់​លក់នៅទីនោះ យ៉ាងច្រើន៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់