សួន សេរីរដ្ឋា៖ អ្នក​ជំពាក់​គុណ​យួន មាន​តែ​បន​អាយ៉ង​យួន​

យួននិងចិន សុទ្ធតែជាអ្នកជ្រោមជ្រែង ឲ្យខ្មែរក្រហមបានឈ្នះសង្គ្រាម និងឡើងកាន់អំណាច ក្នុងឆ្នាំ១៩៧៥ បន្ទាប់​ពី​ទទួល​បាន​ជ័យជំនះ ក្នុងសង្គ្រាមទល់​នឹងអាមេរិកាំងរួច។ ដូច្នេះខ្មែរ មិនដែលជំពាក់គុណយួន និង​ចិន​ទេ! មានតែ​ពួក​បន​អាយ៉ង​យួន ដែលយួននាំយកមកបន្តុប ឲ្យកាន់អំណាច នៅក្រោយថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩​ប៉ុណ្ណោះ ដែល​ជំពាក់​គុណ​យួន។ នេះ បើតាមលោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ។
សួន សេរីរដ្ឋា៖ អ្នក​ជំពាក់​គុណ​យួន មាន​តែ​បន​អាយ៉ង​យួន​
រូបថតឯកសារមួយសន្លឹក បង្ហាញពីមេដឹកនាំ នៃរបបសាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ដែលលើកបន្តុប​ដោយ​វៀតណាម នៅក្នុងឆ្នាំ១៩៧៩។
  • ដោយ: ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី៦ មករា ២០១៧
  • កែប្រែចុងក្រោយ: January 06, 2017
  • ប្រធានបទ: នយោបាយខ្មែរ
  • អាន និងបញ្ចេញយោបល់

សង្គ្រាមប៉ាកា ជុំវិញ «គុណូបការៈរបស់យួន ក្នុងថ្ងៃ៧ មករា ១៩៧៩» នៅតែមានបន្ត រកភាពដាច់ស្រេច​មិន​ឃើញ។ ថ្ងៃ៧មករានេះ ត្រូវបានក្រុម​ខ្មែរ​មួយ​ផ្នែក ចាត់ទុកថា ជា«ការផ្ដល់ជីវិតទីពីរ» មកកម្ពុជា ខណៈក្រុម​ខ្មែរ​មួយទៀត និយាយថា ជា«នយោបាយម៉ឺនឆ្នាំ ក្នុងការឈ្លានពានកម្ពុជា» ពីសំណាក់«បន​យួនកុម្មុយនីស»។ ប្រធាន​គណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា ក៏ស្ថិតក្នុងចំណោមក្រុមខ្មែរទីពីរ ដែលនិយាយអះអាង ប្រហាក់​ប្រហែល​គ្នាដែរថា «ពលរដ្ឋខ្មែរ មិនដែលជំពាក់គុណយួន»ទេ ដែលផ្ទុយគ្នាស្រឡះ ពីក្រុម​«បន​អាយ៉ង​យួន» ដែលយួននាំយកមកបន្តុប ឲ្យកាន់អំណាច នៅក្រោយថ្ងៃជានិមិត្តរូប ទី៧ ខែមករា ឆ្នាំ១៩៧៩ នៃ​ការ​ធ្វើ​សង្គ្រាម ឈ្នះ​លើ​​របបខ្មែរក្រហមប៉ុណ្ណោះ ដែល«ជំពាក់គុណយួន»។

សរសេរ នៅលើទំព័រហ្វេសប៊ុករបស់លោក កាលពីមុននេះបន្តិច ប្រធានគណបក្សអំណាចខ្មែរ បានរំលឹក​មក​វិញ​ថា៖ «៧ មករា ១៩៧៩ គឺជាថ្ងៃជ័យជំនះទី ២ និងផ្តាច់មុខរបស់យួន បន្ទាប់ពីថ្ងៃ ១៧ មេសា ១៩៧៥ ដែល​ជា​ថ្ងៃជ័យជំនះ​រួមគ្នា របស់យួន និងចិន ដែលយួន និងចិន ជាអ្នកជ្រោមជ្រែង ខ្មែរក្រហម​ឲ្យឡើង​កាន់​អំណាច»។

លោក រដ្ឋា បានបន្តថា៖ «ពលរដ្ឋខ្មែរ មិនដែលជំពាក់គុណយួន និងចិនទេ! គឺមានតែពួកបនអាយ៉ងយួន ដែល​យួន នាំយកមកបន្តុប ឲ្យកាន់អំណាចនៅក្រោយថ្ងៃ ៧ មករា ១៩៧៩ តែប៉ុណ្ណោះ ដែលជំពាក់គុណយួន ពីព្រោះ​យួន នៃរដ្ឋាភិបាលក្រុងហាណូយ ជាអ្នកជួយពួកគេ និង លើកបន្តុបពួកគេឲ្យបានកាន់អំណាច។»។

ផ្ទុយមកវិញ លោក សួន សេរីរដ្ឋា បានលើកមកនិយាយ បកមកវិញថា តាមពិតទៅ គឺយួនទេ ដែលត្រូវជំពាក់​គុណ​ខ្មែរ និងមិនអាចសងខ្មែរ​វិញរួច​នៅ​ឡើយ។ លោក សរសេរថា៖ «កាលពីសម័យដែលយួន ធ្វើសង្គ្រាម​ជា​មួយ​អាមេរិកាំង កាលនោះ យួនបានលើកទ័ព ចូលមកប្រើទឹកដីខ្មែរ ប្រើប្រាស់​ទឹកដី​ខ្មែរ ធ្វើសង្គ្រាម​ជាមួយ​នឹង​អាមេរិកាំង ហើយកងទ័ពយួនទាំងនោះ ស៊ីបាយម្ហូបរបស់ខ្មែរ ជុះអាចម៍ចោលលើដីខ្មែរ របួសបានថ្នាំពេទ្យ​ពីខ្មែរ យកទៅ​​ព្យាបាល និងព្រមទាំងបានគៀង ប្រមូលយកពលរដ្ឋខ្មែរ ទៅធ្វើជាចំណាត់ខ្មាំង ឲ្យបាំងមុខ​សមរភូមិ​ប្រយុទ្ធ ពាំង​គ្រប់ និងរងគ្រាប់បែកគ្រាប់រំសេវ ស្លាប់ជិត ១ លាននាក់ថែមទៀត»។

ប្រធានគណបក្សអំណាចខ្មែរ បានថ្លែងរៀបរាប់ទៀតថា៖ «ក្រោយថ្ងៃ ៧ មករា ១៩៧៩ ពេលដែលយួន វាយ​លុក​ចូល​ប្រទេសខ្មែរ ក្រោមលេសសង្គ្រោះ (កម្ពុជា) នោះ រដ្ឋាភិបាលយួន ក្រុងហាណូយ បានប្លន់​យក​ទ្រព្យ​សម្បត្តិ​ខ្មែរ ដូចជា មាស ពេជ្រ ស្រូវ អង្ករ ដែកដឹង លោកហៈធាតុ និងវត្ថុបុរាណជាច្រើន ពីប្រទេសខ្មែរ យកទៅ​លក់​យក​លុយ ទិញស្បៀងចិញ្ចឹម ជនជាតិយួន រាប់សិបលាននាក់ ដែលអត់បាយ។ ហើយបច្ចុប្បន្ននេះ ក្រុមហ៊ុន​យោធា យួន នៅតែបន្តឈ្លានពាន និងប្លន់ទ្រព្យសម្បត្តិខ្មែរ ក្រោមរូបភាព វិនិយោគ ៩៩ ឆ្នាំ ដែល​បាន​កាប់​ឈើ ជីករ៉ៃ និងគ្រប់គ្រងយកដីខ្មែរ រាប់លានហិចតា យកផល​ទៅចិញ្ចឹមជនជាតិយួន ដដែល។»។

ថ្ងៃ«៧ មករា ១៩៧៩ គ្មានអ្វីដែលត្រូវឲ្យពលរដ្ឋខ្មែរ គោរព រំលឹក និង ដឹងគុណទេ តែវាជាថ្ងៃឈឺចាប់ ដែល​ពលរដ្ឋ​ខ្មែរ ត្រូវបានពួកចោរយួន សហការណ៍ ជាមួយពួកចោរចិន ចូលមកដុតផ្ទះ (ខ្មែរ) បានសម្រេច កាល​ពី​ថ្ងៃ ១៧ មេសា ១៩៧៥ រួចហើយ ទើបយួន ធ្វើជាចេញមុខ មកជួយពន្លត់ភ្លើង នៅថ្ងៃ ៧ មករា ១៩៧៩នេះ តែគឺ​ដើម្បីលួចប្លន់យកទ្រព្យសម្បត្តិ ពីក្នុងផ្ទះខ្មែរ ដែលសេសសល់ ក្រោយពីភ្លើងឆេះនោះ យកទៅស្រុកយួន ចិញ្ចឹម​ជាតិ​យួន» នេះ បើតាម​ការសរុប​សេចក្ដី នៅ​ចុងបញ្ចប់នៃសំណេរ របស់លោក សួន សេរីរដ្ឋា៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់