ក្មេងស្រី​ម្នាក់​ស្លាប់​លើ​យន្ដហោះ ពេល​ហោះ​ឆ្លង​អាត្លង់ទិក

កុមារីអាយុ១០ឆ្នាំម្នាក់ បានជួបនឹងបញ្ហាសុខភាព នៅក្នុងយន្ដហោះ របស់ក្រុមហ៊ុន «Air Canada» ខណៈ​ពេល​​ដែល​យាន​អាកាស​មួយនេះ កំពុងហោះឆ្លងមហាសមុទ្រអាត្លង់ទិក កាលពីថ្ងៃសៅរ៍។ បន្ទាប់ពីយន្ដហោះ បាន​ចុះ​ចត​ជា​បន្ទាន់ នៅព្រលាន​យន្ដហោះ ក្រុង​សានណុន (Shannon) ក្នុងប្រទេសអៀរឡង់ ក្រុម​គ្រូពេទ្យ​ដែល​ត្រូវ​បាន​បញ្ជូន​មក ដើម្បី​សង្គ្រោះ​កុមារី បានត្រឹមតែមកឃើញថា នាងតូចបានដាច់ខ្យល់ នៅមុននេះ​រួច​ទៅ​ហើយ។
ក្មេងស្រី​ម្នាក់​ស្លាប់​លើ​យន្ដហោះ ពេល​ហោះ​ឆ្លង​អាត្លង់ទិក
យន្ដហោះប្រភេទ ប៊ូអីង របស់ក្រុមហ៊ុនអាកាសចរណ៍ «Air Canada» របស់ប្រទេសកាណាដា។ (រូបថតក្រុមហ៊ុន)

ហេតុការណ៍ដ៏អាណោចអាធមមួយ បានកើតឡើង នៅក្នុងយន្ដហោះ របស់ក្រុមហ៊ុន «Air Canada» ដែល​ភ្ជាប់​ជើងហោះហើរ ពីក្រុងតូរ៉ុងតូ ប្រទេស​កាណាដា ទៅកាន់រាជធានីឡុង ប្រទេសអង់គ្លេស កាលពី​ថ្ងៃ​សៅរ៍​កន្លង​មកនេះ។ សេចក្ដីប្រកាស​ព័ត៌មាន របស់ក្រុមហ៊ុនអាកាសចរណ៍ បានឲ្យដឹងថា អ្នកដំណើរ​តូច​​​ម្នាក់​​របស់​ខ្លួន អាយុ១០ឆ្នាំ បានធ្លាក់ខ្លួន​មានអារម្មណ៍មិនស្រួល នៅពេលដែលយន្ដហោះ កំពុងស្ថិត​នៅ​ពីលើ​​មហា​សមុទ្រ​​អាត្លង់ទិក។

ប៉ុន្តែសេចក្ដី​ប្រកាសព័ត៌មាននោះ មិនបាននិយាថា កុមារីមានជំងឺអ្វី ឬមានហេតុភេទអ្វីឡើយ។ បើសូម្បី​តែ​គ្រូ​ពេទ្យ ដែលមានវត្តមានដោយចៃដន្យ នៅក្នុង​យន្ដហោះនោះ ហើយដែលបានចូល មកពិនិត្យកុមារីភ្លាមៗ ក៏​មើល​មិន​ដឹង ថាកុមារីមានបញ្ហាអ្វី និងមិនអាចជួយកុមារីបានដែរ។

ហេតុការណ៍នេះ បានតម្រូវឲ្យយន្ដហោះ ធ្វើការចុះចតជាបន្ទាន់ នៅព្រលានយន្ដហោះ ក្រុង សានណុន (Shannon) នៃប្រទេសអៀរឡង់ ដែលនៅជិត​ផ្លូវ​ហោះហើរ​របស់ខ្លួន ជាទីបំផុត។ ក្រុមគ្រូពេទ្យ ដែល​បញ្ជូន​មក​សង្គ្រោះ​កុមារី បានមកដល់ និងគ្រាន់តែដឹងថា កុមារីបានផុតដង្ហើមទៅហើយ។ ប៉ុន្តែដំណឹង​មរណភាព​របស់​កុមារី ត្រូវបានបញ្ជាក់ជាថ្មី នៅពេលក្រោយមកទៀត បន្ទាប់ពីរាងកាយរបស់កុមារី ត្រូវបានដឹក​ទៅ​ដល់​មន្ទីរពេទ្យ។

សារព័ត៌មានក្នុងប្រទេសអៀរឡង់ ឈ្មោះ «Irish Sun» បានរាយការណ៍បន្ថែមថា កុមារីទំនងជា​រងគ្រោះ នឹង​ជំងឺ​​គាំង​​បេះដូង ដ៏ទាន់ហន់មួយ។ យ៉ាងណា ក៏ការធ្វើកោសល្យវិច័យ នឹងត្រូវធ្វើទៅលើ​រាងកាយ​របស់​កុមារី ដើម្បី​ស្វែង​​យល់​«ឲ្យ​ច្បាស់» ពីមូលហេតុ ដែលបណ្ដាលឲ្យនាងស្លាប់។ កុមារីបាន​ធ្វើ​ដំណើរ ជាមួយ​គ្រួសារ​របស់​នាង ដែលមានសមាជិកបីនាក់ផ្សេងទៀត។

ចំណែកឯយន្ដហោះ ដែលមានអ្នកដំណើរជិះ ២៣០នាក់ បានហោះ​ងើបខ្លួន​ចេញពីក្រុង សានណុន និង​បន្ត​ដំណើរ​របស់​ខ្លួន ឆ្ពោះទៅកាន់រាជធានីឡុងដ៍ នៃប្រទេសអង់គ្លេស ដោយគ្មានហេតុភេទអ្វីផ្សេង កើត​ឡើង​ឡើយ៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់