ឌុយតែតេ សារភាព​​បាន​​បោះ​​មនុស្ស​ពី​​ឧទ្ធម្ភាគចក្រ និង​ត្រៀម​ធ្វើ​ជា​ថ្មី​ទៀត

ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីចូ ឌុយតែតេ (Rodrigo Duterte) បាន​បង្ហើបឲ្យគេឯងដឹង ពីអាថ៌កំបាំង​មួយ​ទៀត តាមរយៈពាក្យសំដី​ខ្លាំងៗ របស់លោក។ លោកបានសារភាព ថាលោកធ្លាប់បានបោះមនុស្សម្នាក់ ពីលើ​ឧទ្ធម្ភាគ​ចក្រ ដែល​កំពុង​ហោះ​នៅលើមេឃ ហើយលោកបាន​បញ្ជាក់​បន្ថែមថា លោកនឹងធ្វើរឿងនេះ សារ​ជា​ថ្មី​ទៀត ដោយ​គ្មានការ​រារែក។
ឌុយតែតេ សារភាព​​បាន​​បោះ​​មនុស្ស​ពី​​ឧទ្ធម្ភាគចក្រ និង​ត្រៀម​ធ្វើ​ជា​ថ្មី​ទៀត
លោក រ៉ូឌ្រីចូ ឌុយតែតេ ប្រធានាធិបតីជាប់ឆ្នោតថ្មី របស់ប្រទេសហ្វីលីពីន។ (រូបថត Reuters)

រឿងរ៉ាវចេញពីលោក រ៉ូឌ្រីចូ ឌុយតែតេ (Rodrigo Duterte) ប្រធានាធិបតីហ្វីពីន តែងកើតឡើង សឹងជា​រៀង​រាល់​ថ្ងៃ។ ហើយលើកនេះ ត្រូវបានថតជាវីដេអូ បង្ហោះផ្សាយនៅលើគេហទំព័រផ្លូវការ របស់​ប្រធានាធិបតី​នោះ​ទៀត។ លោក រ៉ូឌ្រីចូល ឌុយតែតេ បានប្រកាសថា លោកធ្លាប់បានបោះមនុស្សម្នាក់ ចេញពីឧទ្ធម្ភាគចក្រ នៅ​ខណៈ​ពេល ដែលយានយន្ដមួយនេះ កំពុងហោះនៅលើមេឃ។ លោកបានអះអាងបន្ថែមថា លោក​នឹង​ធ្វើ​រឿង​នេះ សារជាថ្មីទៀត ដោយគ្មានការរារែក។

ការថ្លែងរបស់លោកនេះ ជាសារមួយសំដៅ ទៅសមាជិករដ្ឋាភិបាល​ទាំងឡាយណា ដែលប្រពឹត្តិអំពើពុក​រលួយ និងចង់បង្ហាញថា លោកនឹងមិនអត់អោន ឲ្យនរណាម្នាក់ឡើយ។ លោកបានចាប់ផ្ដើមថ្លែង នៅក្នុងសារនោះ នៅ​ចំពោះ​ជនរងគ្រោះ ដោយសារខ្យល់ព្យុះសមុទ្រ កាលពីថ្ងៃអង្គារម្សិលម៉ិញ ថា៖ «បើអ្នកឯងពុករលួយ ខ្ញុំនឹង​ជិះឧទ្ធម្ភាគចក្រដោយផ្ទាល់ ទៅរកអ្នកឯងនៅរដ្ឋធានី ម៉ានីល ហើយខ្ញុំនឹងបោះអ្នកឯង ចេញពីលើនោះ។ ខ្ញុំ​ធ្លាប់​ធ្វើ​រឿង​នេះ​រួច​ហើយ អញ្ចឹងរឿងអី ដែលខ្ញុំធ្វើទៀតមិនបាន?»។

លោក រ៉ូឌ្រីចូ ឌុយតែតេ បានទាំងបញ្ជាក់ទៀតថា បុរសដែលលោកបោះចេញ ពីឧទ្ធម្ភាគចក្រនោះ ជាជនជាតិ​ចិនម្នាក់ ដែលរងការចោទប្រកាន់ ពីបទឃាតកម្ម និងរំលោភ។

យ៉ាងណា លោក «Ernesto Abella» អ្នកនាំពាក្យរបស់ប្រធានាធិបតី បានសម្រាលទំងន់ នៃការថ្លែង​របស់​លោក រ៉ូឌ្រីចូ ឌុយតែតេ មកវិញថា អ្វីដែលលោកប្រមុខរដ្ឋ បានថ្លែង​ឡើង​នោះ មិនប្រាកដថា ជា​រឿង​ដែល​បាន​កើត​​ឡើង មែនទែននោះទេ។ អ្នកនាំពាក្យបានថ្លែង ប្រាប់ប្រព័ន្ធផ្សព្វផ្សាយ​ក្នុង​ស្រុក​ថា៖ «នោះគ្រាន់តែបង្ហាញ ពីរឿង​និទាន ក្នុងសម័យទំនើបនេះប៉ុណ្ណោះ»។

កាលពីប៉ុន្មានសប្ដាហ៍មុន បុរសខ្លាំងថ្មីរបស់ប្រទេសហ្វីលីពីន បានសារភាពរួចហើយ ថាលោកធ្លាប់បាន សម្លាប់​មនុស្ស «អាក្រក់» ជាច្រើននាក់ នៅក្នុង​ប្រតិបត្តិការរបស់អាជ្ញាធរ កាលពីពេល​ដែល​លោក​នៅ​កាន់​តំណែង ជា​អភិបាល​ក្រុង ដាវ៉ៅ (Davao) ក្រុងធំទីពីរ (បន្ទាប់ពីរដ្ឋធានីម៉ានីល) ស្ថិតនៅភាគខាងត្បូង នៃ​ប្រជុំ​កោះ​ហ្វីលីពីន។ ការថ្លែងជាសាធារណៈ នូវរឿងដ៏ភ្ញាក់ផ្អើលទាំងនេះ អាចនឹងត្រូវប្រើប្រាស់ នៅក្នុងនីតិវិធី សម្រាប់​ដក​លោក​ចេញពីតំណែង ជាប្រធានាធិបតី។ នេះបើតាមសំដី របស់សមាជិកព្រឹទ្ធសភាមួយចំនួន ដែល​ត្រូវ​បាន​ស្រង់​សំដី ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់