ពលរដ្ឋហ្វីលីពីន​ត្រូវ​សុំ​ឲ្យ​ចេញ​ពី​ផ្ទះ ក្នុង​បុណ្យ​ណូអែល

ពលរដ្ឋហ្វីលីពីនច្រើនម៉ឺនសែននាក់ ត្រូវបានជូនដំណឹងជាមុន ពីគ្រោះថ្នាក់​ជាយថាហេតុ នៅចំពោះ​ខ្យល់​ព្យុះ​សមុទ្រ ដែល​នឹង​មកដល់ នៅថ្ងៃបុណ្យ​ណូអែល ឬគ្រឹស្មាសនេះ។ អាជ្ញាធរហ្វីលីពីន បានស្នើសុំទៅពលរដ្ឋ ដែល​ស្ថិត​​ក្នុង​តំបន់ នៅចំ​ពី​មុខ​ខ្យល់ព្យុះ ឲ្យជម្លៀសខ្លួនចេញ ពីគេហដ្ឋាន​របស់​ពួកគេ។
ពលរដ្ឋហ្វីលីពីន​ត្រូវ​សុំ​ឲ្យ​ចេញ​ពី​ផ្ទះ ក្នុង​បុណ្យ​ណូអែល
ទិដ្ឋភាពនៃខ្យល់ព្យុះ «Haiyan» ដែលបានបោកបក់ មកលើកោះហ្វីលីពីន កាលពីខែវិច្ឆិកា ឆ្នាំ២០១៣។ (រូបលើទ្វីសធើរ)

ខ្យល់ព្យុះសមុទ្រ និងភ្លៀង ដែលមានឈ្មោះ «Nock-Ten» និងដែលមានល្បឿន ២២២គីឡូម៉ែត្រ ក្នុងមួយ​ម៉ោង នឹងវាយបោកបក់ នៅថ្ងៃអាទិត្យនេះ ទៅលើកោះ «Catanduanes» ដែលមានបណ្ដាជនរស់នៅ ប្រមាណ​ជា២៥០ ០០០នាក់។ នេះជាការព្រមាន ឲ្យដឹងជាមុន របស់មជ្ឈមណ្ឌលឧត្តុនិយម របស់អាមេរិក កាលពី​ម្សិល​ម៉ិញ។

បន្ទាប់មកទៀត នៅថ្ងៃចន្ទ ខ្យល់ព្យុះនឹងបន្តដំណើររបស់ខ្លួន បោកបក់ទៅលើកោះធំ «Luçon» របស់​ប្រទេស​ហ្វីលីពីន ដែលមានរដ្ឋធានី ម៉ានីល នៅចំកណ្ដាល។ អ្នកនាំពាក្យ ផ្នែកសន្តិសុខស៊ីវិល ប្រចាំតំបន់ «Bicol» ដែល​មាន​កោះ «Catanduanes» បានថ្លែងឲ្យដឹងថា៖ «យើងបានជូនដំណឹង ពីការជម្លៀសពលរដ្ឋចេញ ដើម្បី​បង្ក​​គ្រោះ​ថ្នាក់ ទៅកាន់អាជ្ញាធរមូលដ្ឋាន»។

តំបន់ «Bicol» ទាំងមូល ដែលមានពលរដ្ឋរស់នៅ ប្រមាណជា៥,៥លាននាក់ និងភាគច្រើនជាកសិករ តែង​រង​គ្រោះ​​នឹង​ខ្យល់ព្យុះសមុទ្រ​ជាញឹកញាប់ យ៉ាងហោច២០ដង ក្នុងមួយឆ្នាំៗ។

អ្នកទទួលខុសត្រូវមួយរូបទៀត របស់ខេត្ត «Albay» ដែលស្ថិតក្នុងតំបន់ដដែល បានអះអាងថា ពលរដ្ឋ​នៅ​ក្នុង​ខេត្ត យ៉ាងហោច ៤០០ ០០០នាក់ នឹងត្រូវជម្លៀសចេញ ពីគេហដ្ឋាន​របស់​ពួក​គេ។ អ្នកទទួលខុសត្រូវ​ដដែល បានអំពាវនាវឲ្យពលរដ្ឋផ្សេងទៀត ឲ្យនៅជួបជុំជាមួយគ្រួសារ ឬជាមួយមិត្តភ័ក្រ ក្នុងអំឡុង​ពេល​បុណ្យ​ណូអែល។ លោកបាននិយាយថា៖ «យើងមិនមាន​កន្លែង​គ្រប់គ្រាន់ ដើម្បីទទួលពលរដ្ឋទាំងអស់ នៅក្នុង​មណ្ឌល​ជម្លៀស​​ជន​រងគ្រោះ​នោះ​ទេ»។

ចំនួនខ្យល់ព្យុះ បានកើនឡើងយ៉ាងច្រើន និងមានកម្លាំងកាន់តែខ្លាំងឡើងៗ នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក្រុម​អ្នក​វិទ្យាសាស្ត្រយល់ថា ការកើនឡើង នៃចំនួនខ្យល់ព្យុះនេះ បណ្ដាល​មកពីការឡើងកម្ដៅ នៃភពផែនដី។ កាល​ពីខែ​វិច្ឆិកា ឆ្នាំ២០១៣ ខ្យល់ព្យុះសង្ឃរា «Haiyan» បានបក់កាត់កោះហ្វីលីពីននេះ និងបាន​បណ្ដាល​ឲ្យ​មនុស្ស ៧៣៥០នាក់​បាត់ខ្លួន៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់