ការ​សារភាព​ពី​«មនុស្ស​ឃាត»​របស់ ឌុយតែតេ កំពុង​រង​ការ​អង្កេត

ស្ថាប័នមួយ ដែលទទួលបន្ទុកត្រួតពិនិត្យ ការគោរពសិទ្ធិមនុស្ស នៅក្នុងប្រទេសហ្វីលីពីន បាន​ប្រកាស​កាល​ពីថ្ងៃ​ព្រហស្បត្តិ៍ ថាខ្លួន​កំពុង​ធ្វើការ​ស៊ើប​អង្កេត ទៅលើ​សំដី​សារភាព របស់​ប្រធានាធិបតី​​ហ្វីលីពីន លោក រ៉ូឌ្រីចូ ឌុយតែតេ (Rodrigo Duterte) ដែល​បាន​អះអាង​ថា លោក​បាន​​សម្លាប់​​មនុស្ស​៣នាក់ កាល​ពី​អំឡុង​ពេល​លោក នៅកាន់​តំណែង​ជា​អភិបាល​ក្រុង ដាវៃ (Davao) ស្ថិត​នៅ​ភាគ​ខាង​ត្បូង​ប្រទេស។
ការ​សារភាព​ពី​«មនុស្ស​ឃាត»​របស់ ឌុយតែតេ កំពុង​រង​ការ​អង្កេត
លោក រ៉ូឌ្រីចូ ឌុយតែតេ នៅពេលលោកឃោសនា ក្នុងការបោះឆ្នោត​ប្រធានាធិបតីហ្វីលីពីន ។ (រូបថតAFP)
  • ដោយ: កេសរ កូល ([email protected]) - ភ្នំពេញ ថ្ងៃទី២៤ ធ្នូ ២០១៦
  • កែប្រែចុងក្រោយ: December 25, 2016
  • ប្រធានបទ: ឧក្រិដ្ឋកម្ម
  • អាន និងបញ្ចេញយោបល់

ពាក្យសំដីមិនសំចៃមាត់ របស់លោក រ៉ូឌ្រីចូ ឌុយតែតេ (Rodrigo Duterte) ទំនងជាមិន​បាន​បង្ក​ភាព​សុខសាន្ដ ដល់រូបលោក និង​នយោបាយ​របស់លោក ប៉ុន្មានទេ។ ហើយលើកនេះ គឺ​ជា​សំដី​ទម្លាយ​ចេញ ដោយ​លោក​ខ្លួន​ឯង ដែលបានថ្លែង​កាលពី​សប្ដាហ៍​កន្លង​ទៅ សារភាព​ថា លោក​បាន​សម្លាប់​មនុស្ស​ជា​ច្រើននាក់ នៅ​ក្នុង​អំឡុង​ពេល​លោក កាន់តំណែងក្នុងអណត្តិដំបូង (ឆ្នាំ​១៩៨៨) ជាអភិបាល​ក្រុង ដាវៃ (Davao) ទីក្រុងធំទីពីរ ដែល​ស្ថិត​នៅ​ភាគ​ខាង​ត្បូង នៃ​ប្រទេស​ហ្វីលីពីន។

» អានអត្ថបទ៖ ឌុយតែតេ សារភាព​ថា​បាន​សម្លាប់​មនុស្ស ដើម្បី​«ឲ្យ​គំរូ»

កាលពីថ្ងៃអង្គារ ស្នងការជាន់ខ្ពស់ ទទួលបន្ទុកសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ លោក «Zeid Ra'ad al Hussein» បានថ្លែង​ចាត់​ទុក​សំដីនោះ ថាវាពិត«ជាទង្វើមនុស្សឃាត» ហើយបានស្នើសុំឲ្យប្រព័ន្ធ​យុត្តិធម៌ របស់​ប្រទេស​ហ្វីលីពីន ឲ្យបើក​ការស៊ើប​អង្កេត​មួយឡើង។

ប្រធានគណៈកម្មការសិទ្ធិមនុស្ស របស់ប្រទេសហ្វីលីពីន លោក «Jose Gascon» បានប្រកាស នៅក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយថា លោកបាន​បង្កើត​ក្រុមការងារមួយ ដើម្បីស៊ើបអង្កេត ពីអ្វីដែលលោក ឌុយតែតេ បាន​លើក​ឡើង។ លោក «Gascon» បានអះអាងថា៖ «ភ្នាក់ងារថែរក្សាសណ្ដាប់ធ្នាប់ ត្រូវ​ធ្វើការ​ស៊ើបអង្កេត ជា​ស្វ័យប្រវត្តិ ទៅលើព័ត៌មាន​ដែលអះអាងថា មានឧក្រិដ្ឋមួយបានកើតឡើង ដើម្បីធ្វើុយ៉ាងណា ឲ្យជន​ដែល​ប្រព្រឹត្តិ ត្រូវ​ទទួល​ខុស​ត្រូវ​ពី​ទង្វើ​របស់ខ្លួន ប្រសិនណាជាភស្ដុតាង បានបញ្ជាក់ពីករណីដូច្នេះមែន»។

គណៈកម្មការសិទ្ធិមនុស្ស ជាស្ថាប័នជាតិឯករាជ្យមួយ របស់កោះហ្វីលីពីន ដែលមានសិទ្ធិអំណាច ក្នុង​ការ​តាម​ដាន​សមាជិក របស់​កង​កម្លាំង​មាន​សមត្ថកិច្ច ឬជនទទួលខុសត្រូវទាំងឡាយណា ដែលជាប់សង្ស័យ ក្នុង​ការ​ធ្វើ​ទារុណកម្ម ការសម្លាប់ក្រៅប្រព័ន្ធច្បាប់ ឬរំលោភ​ទៅ​លើ​ច្បាប់រដ្ឋធម្មនុញ្ញ ដែលជាច្បាប់​កំពូល​របស់​ប្រទេស។ គណៈកម្មការ​នេះ ធ្លាប់ស៊ើបអង្កេតលើលោក ឌុយតែតេ ម្ដងហើយ តែមិន​បាន​បន្ត​សំនុំ​រឿង​នោះ​ទេ។

តែលើកនេះ គណៈកម្មការបានសម្រេច បង្កើតក្រុមការងារពិសេសផ្សេង ដើម្បីបើកសំនុំរឿងថ្មី ទាក់ទង​នឹង​សំដី​សារភាព របស់លោក ឌុយតែតេ ក្នុងការ​សម្លាប់​មនុស្ស នៅក្រុង ដាវៃ។ លោក «Jose Gascon» បាន​បន្ត​ទៀត​ថា៖ «ការស៊ើបអង្កេតនេះ នឹងផ្ដោត​ទៅលើ​ការ​ទម្លាយ​ឲ្យ​ដឹង​ថ្មីៗ និងសំដី​សារភាព​ជា​សាធារណៈ ដែល​អាច​ជា​ពន្លឺ​ដ៏​សំខាន់ បំភ្លឺឲ្យការស៊ើបអង្កេតលើកមុន»។

លោក រ៉ូឌ្រីចូ ឌុយតែតេ បានជាប់ឆ្នោត ជាប្រធានាធិបតីហ្វីលីពីន ដោយសារភាពល្បីល្បាញរបស់លោក ក្នុង​ការ​បង្ក្រាប​ឧក្រិដ្ឋកម្ម និង​ការរត់គ្រឿងញៀន នៅពេលលោកកាន់តំណែង ជាអភិបាលក្រុង។ បន្ទាប់​ពី​លោក​បាន​ស្បថ ឡើងកាន់តំណែង ជាប្រធានាធិបតី កាល​ពីខែមិថុនាកន្លងទៅ លោកបាន​ប្រកាស​​ប្រើ​កណ្ដាប់​ដៃ​ដែក ដោយបើកយុទ្ធនាការ បង្ក្រាបបណ្ដាញគ្រឿងញៀន នៅលើ​ផ្ទៃ​ប្រទេស បង្កឲ្យមនុស្ស​ច្រើន​ជាង​៥៣០០​នាក់ ត្រូវ​បាន​សម្លាប់ ក្នុង​​នោះ ២១២៤នាក់ បានស្លាប់ក្រោមស្នាដៃ របស់កង​កម្លាំង​អាជ្ញាធរ។

គណៈកម្មការសិទ្ធិមនុស្សហ្វីលីពីន ក៏បានបើកការអង្កេត ទៅលើការបាញ់សម្លាប់មនុស្ស ពីសំណាក់​កង​កម្លាំង​នគរបាល​នោះ​ដែរ។ ប៉ុន្តែលោក ឌុយតែតេ បានចេញមុខ ការពារភ្នាក់ងារនគរបាលថា សម្លាប់ជន​រត់​គ្រឿង​ញៀន និងគ្រឿងស្រវឹង គ្មានទោសទេ។

លោក «Ernesto Abella» អ្នកនាំពាក្យរបស់លោក រ៉ូឌ្រីចូ ឌុយតែតេ បានថ្លែងបំភ្លឺកាលពីថ្ងៃពុធ ថាលោក ឌុយតែតេ បានសម្លាប់​មនុស្ស​៣នាក់ នៅក្នុង​ក្របខណ្ឌ​ នៃប្រតិបត្តិការ​ប្រឆាំងឧក្រិដ្ឋកម្ម ពីសំណាក់​នគរបាល។ ប៉ុន្តែអ្នកនាំពាក្យ មិនបានបញ្ជាក់ឲ្យច្បាស់ទេថា លោក ឌុយតែតេ បានសម្លាប់​មនុស្ស ខណៈ​​លោក​​គ្មាន​​តួនាទី ដូចជា​​ភ្នាក់ងារ​នគរបាល​​នោះ​ឡើយ៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់