«សម្លេងចេញ​ពី​ជញ្ជាំង បាន​ធ្វើ​ឲ្យ​យើង​ព្រឺ​សម្បុរ»

កុមារម្នាក់ អាយុ១២ឆ្នាំ បានជាប់ខ្លួនអស់រយៈពេល៣ថ្ងៃ ក្នុងចន្លោះ​ដ៏តូច​ចង្អៀត រវាងជញ្ជាំងមួយ និងផ្ទះ​មួយ​ខ្នង។ ប៉ុន្តែសម្លេងកុមារ ដែល​បាន​ស្រែក​ចេញ ពីទីនោះ បានអង្រួនអារម្មណ៍អ្នកជិតខាង ឲ្យជូនដំណឹង​​ប្រាប់​ទៅ​​នគរបាល។
«សម្លេងចេញ​ពី​ជញ្ជាំង បាន​ធ្វើ​ឲ្យ​យើង​ព្រឺ​សម្បុរ»
កុមារ «Aduragbemi Saka» បានជាប់នៅក្នុងចន្លោះ រវាងជញ្ជាំងមួយ និងផ្ទះមួយខ្នង អស់រយៈពេល៣ថ្ងៃ រហូត​លុះត្រា​សម្លេងច្រៀង របស់កុមារបានឮ ដល់ត្រជៀក​អ្នកជិតខាង។ (រូបថតលើទ្វីសធើរ)

កុមារម្នាក់ ដែលមាន​អាយុ១២ឆ្នាំរូបនេះ មានឈ្មោះ «Aduragbemi Saka»។ កុមារបានមករត់លេង នៅក្បែរ​ហាង​លក់កាហ្វេមួយ ក្នុងក្រុង «Ondo» នៃ​ប្រទេសនីហ្សរីយ៉ា (ទ្វីបអាហ្វ្រិក​ខាងលិច)។ ប៉ុន្តែរំពេចនោះ កុមារ «Aduragbemi Saka» មានគំនិត​ដ៏ចម្លែក ដោយបានចូលទៅលេង នៅក្នុង​ចន្លោះ​ រវាង​ជញ្ជាំង​មួយ និង​ផ្ទះ​មួយ​ខ្នង ដែលមានប្រវែងទទឹង ត្រឹម​តែ៣០សង់ទីម៉ែត្រប៉ុណ្ណោះ។

ចូលបាន តែ...ចេញមិនបាន!

បញ្ហា​នៅត្រង់ថា កុមារបានរំកិលខ្លួន ចូលទៅលេងក្នុងប្រឡោះនោះរួច ក៏ស្រាប់តែរើខ្លួន ចេញមក​វិញ​មិន​បាន។ សារព័ត៌មានរបស់អង់គ្លេស ឈ្មោះ «Daily Mail» បានរាយការណ៍ថា កុមារបានជាប់នៅទីនោះ រហូត​លុះ​ត្រា​៣ថ្ងៃក្រោយមក ដោយគ្មាននរណាម្នាក់បានដឹង ឬចាប់អារម្មណ៍ឡើយ បើទោះ​ជាក្នុង​រយៈពេលនោះ កុមារ​បាន​ស្រែក និងយំ ហៅឲ្យគេជួយ ជាច្រើនដងក៏ដោយ។

ប៉ុន្តែនៅយប់ នៃថ្ងៃទី៣ អ្នករស់នៅក្បែរខាង បានស្ដាប់ឮសូសម្លេងកុមារ ស្រែកច្រៀង ពីខាងក្នុងជញ្ជាំង​នោះ​មក។ ដំបូងឡើយ សម្លេងកុមារ បានបង្ក​ភាពព្រឺ​សម្បុរ​ដល់ពួកគេ។ ប៉ុន្តែបន្តិចម្ដងៗ សម្លេងនេះ បានបង្ក​ការ​ព្រួយ​បារម្ភ រហូតលុះត្រាព្រឹកឡើង ពួកគេបានសម្លឹង តាមប្រហោងតូចមួយ ទៅក្នុង​ជញ្ជាំង មើលឃើញ​រាង​កាយ​​អ្វីមួយ កំពុង​មាន​ចលនា នៅទីនោះ និងបានសម្រេចរាយការណ៍ ប្រាប់ទៅនគរបាល។

ការអន្តរាគមន៍របស់នគរបាល បានជួយឲ្យកុមារចេញពីជញ្ជាំង នៅមានជីវិត និងសុខភាពធម្មតា ដោយ​គ្រាន់​តែ​ខ្លួន​ប្រាណ​កុមារ ប្រឡាក់ប្រឡូក​ទៅ​ដោយ​ធូលី។ បើតាមអ្នកស្គាល់កុមារ នៅក្នុងតំបន់នោះ បាននិយាយថា កុមារមានសតិមិននឹងនរ ហើយបានរត់ចេញ ពីផ្ទះជីដូនរបស់ខ្លួន ដែលបាន​ដើរស្វែង រកចៅប្រុសរូបនេះ សឹង​តែ​គ្រប់​ច្រក​ល្ហក ក្នុងរយៈពេល​ប៉ុន្មានថ្ងៃមកនេះ។

ស្ត្រីអ្នកជិតខាងម្នាក់ ឈ្មោះ «Felicia Olaniyi» ដែលបានស្ដាប់ ឮសម្លេងកុមារមុនគេ បានថ្លែងឡើងថា៖ «ខ្ញុំ​បាន​សួរទៅ​មនុស្ស​ទាំងអស់គ្នា នៅជិតនេះ ក្រែងលោពួកគេបានឭ សម្លេងដ៏ចម្លែងនេះ ចេញពីខាង​ក្នុង​ជញ្ជាំង​មក។ គ្រប់គ្នា នរណាៗ​ក៏ភ្ញាក់ផ្អើលដែរ នឹងសម្លេងថ្ងូរមួយនេះ។ បន្ទាប់មក ពួកយើង​បាន​​យក​ជណ្ដើរ ដើម្បី​ឡើង​តាម​រក​មើល តើសម្លេងហ្នឹងចេញ ពីត្រង់ណាមក... ក៏ស្រាប់តែរកឃើញ កុមារម្នាក់នេះ ជាប់នៅ​ទី​នោះ។»៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់