ISIS ទទួល​ស្គាល់​ភេរវកម្ម​បើក​រថយន្ដ​បុក​មនុស្ស នៅ​ប៊ែរឡាំង

ក្រុមរដ្ឋអ៊ីស្លាម (ពាក្យ​អារ៉ាប់​ហៅ Daech ពាក្យ​កាត់​​បារាំង​​ហៅ EI ពាក្យ​​កាត់​​​អង់គ្លេស​​​ហៅ ISIS) បានចេញមុខ មក​ប្រកាស​ទទួលស្គាល់ នៅថ្ងៃ​អង្គារ​នេះ នូវភេរវកម្ម បើកបំបុករថយន្ដដឹកទំនិញធុនធ្ងន់ ចូលក្នុងហ្វូង​មនុស្ស នៃ​ផ្សា​រាត្រី​មួយកន្លែង​ ស្ថិតនៅភាគខាងលិចរដ្ឋធានីប៊ែរឡាំង កាលពីយប់ថ្ងៃចន្ទ ដែល​បណ្ដាល​ឲ្យ​មនុស្ស​១២នាក់​ស្លាប់ និង​៤៨នាក់​រង​របួស។ នេះ បើតាមទីភ្នាក់ងារ «Amaq» ដែលជាផ្នែកមួយ នៃឧបករណ៍​ឃោសនា របស់​​អង្គការ​ភេរវនិយម។
ISIS ទទួល​ស្គាល់​ភេរវកម្ម​បើក​រថយន្ដ​បុក​មនុស្ស នៅ​ប៊ែរឡាំង
ការបាញ់សម្លាប់ទាហានស៊ីរី ដោយក្រុមរដ្ឋអ៊ីស្លាម ធ្វើនៅក្នុងរោងល្ខោនបូរាណ នៃក្រុងប៉ាល់មៀរ (ប្រទេសស៊ីរី) កាលពីខែ​មិថុនា ឆ្នាំ២០១៥។ (រូបភាពផ្តិត ពីវីដេអូ)

នៅល្ងាចថ្ងៃអង្គារទី២០ ខែធ្នូនេះ (ម៉ោងនៅអ៊ឺរ៉ុបខាងលិច) ទីភ្នាក់ងារឃោសនា «Amaq» ឲ្យ​ចលនា​ភេរវនិយម ក្រុមរដ្ឋអ៊ីស្លាម (ពាក្យ​អារ៉ាប់​ហៅ Daech ពាក្យ​កាត់​​បារាំង​​ហៅ EI ពាក្យ​​កាត់​​​អង់គ្លេស​​​ហៅ ISIS) បាន​ធ្វើ​សេចក្ដី​ប្រកាស​មួយ ទទួលស្គាល់​ការវាយប្រហារ ដោយបើក​រថយន្ដ​ដឹក​ទំនិញ​ធុនធ្ងន់ បំបុក​ចូល​ក្នុង​ហ្វូង​មនុស្ស នៃ​ផ្សា​រាត្រីមួយ ស្ថិតនៅ​ភាគ​ខាង​លិច នៃរដ្ឋធានីប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ថាជាគម្រោង​ការ​របស់​ក្រុម​ខ្លួន។

ទីភ្នាក់ងារនេះ បានសរសេរថា៖ «យុទ្ធជនមួយរូប របស់ក្រុមរដ្ឋអ៊ីស្លាម បានបើកប្រតិបត្តិការសិក ក្នុង​រដ្ឋធានី​ប៊ែរឡាំង ដើម្បីជាការឆ្លើយតប ទៅនឹង សេចក្ដី​អំពាវនាវ (របស់ក្រុមរដ្ឋអ៊ីស្លាម) ឲ្យធ្វើការវាយប្រហារ ទៅ​លើ​ពលរដ្ឋ​នៃ​បណ្ដាប្រទែស ដែលចូលរួមក្នុងក្រុមសម្ព័ន្ធមិត្ត»។

ក្រុមសម្ព័ន្ធមិត្ត ដែលដឹកនាំដោយសហរដ្ឋអាមេរិក ហើយមានប្រទេស​​អាល្លឺម៉ង់​ចូលរួមដែរនោះ បាន​ធ្វើការ​វាយ​ប្រហារ ដោយទម្លាក់គ្រាប់បែក ទៅលើ​ទីតាំង​សំខាន់ៗជាច្រើន របស់ក្រុមអង្គការភេរវនិយមមួយនេះ នៅ​ក្នុង​ប្រទេស​អៀរ៉ាក់ និងប្រទេសស៊ីរី។

ការប្រកាសទទួលស្គាល់ របស់ក្រុមរដ្ឋអ៊ីស្លាម បានធ្វើឡើងជិត២៤ម៉ោង ក្រោយការវាយប្រហារ កាលពីយប់​ថ្ងៃ​ចន្ទ ដោយបើករថយន្ដដឹកទំនិញ ដែល​ពាក់​ស្លាក​លេខ មកពីប្រទេសប៉ូឡូញ បុកចូលក្នុងហ្វូងមនុស្ស បណ្ដាល​ឲ្យ​ស្លាប់១២នាក់ និងរបួស៤៨នាក់។ អគ្គទេសាភិបាលអាល្លឺម៉ង់ អ្នកស្រី អង់ជឺឡា មែរគែល (Angela Merkel) បានថ្លែងកាលពីព្រឹកថ្ងៃអង្គារ នៅក្នុងសុន្ទរកថាមួយ ទៅកាន់ប្រជាជាតិ ចាត់ទុកការ​វាយ​ប្រហារ​ខាង​លើ ថា​ជា​​«អំពើ​​ភេរវកម្ម»។

ភេរវកម្មមុនៗ...

ក្រុមរដ្ឋអ៊ីស្លាម បានប្រកាសទទួលស្គាល់ដូចគ្នា ការបើករថយន្ដបំបុកហ្វូងមនុស្ស ក្នុងទីក្រុងនីស (Nice) ភាគ​ខាង​ត្បូងប្រទេសបារាំង កាលពីថ្ងៃទី១៤ ខែ​កក្កដា ខណៈមនុស្សទាំងនោះ បានមកជួបជុំគ្នា យ៉ាងច្រើនកុះករ ដើម្បី​ទស្សនា​ការ​បាញ់​កាំជ្រួចជ្វាលា អបអរពិធីបុណ្យជាតិបារាំង។ ការវាយប្រហារនោះ បាន​សម្លាប់​បណ្ដា​ជន​បារាំង និង​​អ្នក​ទេសចរណ៍ ប្រមាណជាជាង៨០នាក់។

» រថយន្ដដឹកទំនិញ ដែលបានធ្វើសកម្មភាពបុកហ្វូងមនុស្ស នៅក្រុងនីស ប្រទេសបារាំង៖

ក្នុងខែកក្កដាដដែល និងប៉ុន្មានថ្ងៃក្រោយការវាយប្រហារ នៅក្រុងនីស ក្រុមរដ្ឋអ៊ីស្លាមបានចេញមុខ មក​ទទួល​ស្គាល់​សារជាថ្មី ការវាយប្រហារមួយទៀត បង្ក​ឡើង​ដោយជនម្នាក់ ប្រដាប់ដោយពូថៅ នៅក្នុងរថភ្លើង​មួយ​ខ្សែ ស្ថិត​នៅ​ភាគ​ខាង​ត្បូង នៃប្រទេសអាល្លឺម៉ង់។ ការចេញមុខមកទទួលស្គាល់នោះ ជាការ​ប្រកាស​លើក​ដំបូង​បង្អស់ របស់​ក្រុម​រដ្ឋ​អ៊ីស្លាម ដែលបើកមុខ​ព្រួញ​របស់ខ្លួន សំដៅប្រទេសអាល្លឺម៉ង់ បើទោះជាអ្នកស៊ើបអង្កេត ក្នុង​សំនុំរឿង​ភេរវកម្ម «កាប់​​នឹង​​ពូថៅ» នោះ មិន​បាន​រក​ឃើញ​ថា ភេរវកម្មមានចំណង​ទាក់ទង ជាមួយ​ក្រុម​រដ្ឋ​អ៊ីស្លាម​ក៏​ដោយ៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់