ឆ្នាំថ្មី... ធី សុវណ្ណថា ខ្មាស​អៀន​នឹង​រឿងរ៉ាវ​ក្នុង​ឆ្នាំ​ចាស់

ឆ្នាំថ្មី មានអ្វីថ្មី ពីកញ្ញា ធី សុវណ្ណថា តារាហ្វេសប៊ុក ដែលវិវត្តន៍ខ្លួន ពីសកម្មជនប្រឆាំង ក្លាយមក​ជាអ្នក​គាំទ្រ​រដ្ឋាភិបាល​នោះ? បើតាមដានព័ត៌មាន ដែលរូបនាងខ្លួន បានបង្ហោះ រួចលប់ រួចហើយប្ដូរត្រឡប់ត្រឡិន ចុះ​ឡើង​ជា​ច្រើន​ដង ក្នុង​ពេល​ថ្មីៗមកនោះ មិនមានអ្វី គួរឲ្យចាប់អារម្មណ៍ ពីរូបនាងទៀតទេ។ លើកលែង​តែ​ពាក្យ​​ប៉ុន្មាន​ម៉ាត់ ដែល​នាង​ទើប​បង្ហោះ ក្នុងឆ្នាំថ្មីនេះ ដែលមានន័យថា រូបនាងមានអារម្មណ៍ខ្មាសអៀន នឹង​រឿងរ៉ាវ​ដែល​នាង​បាន​ធ្វើ ក្នុង​ពេល​កន្លង​មក។
ឆ្នាំថ្មី... ធី សុវណ្ណថា ខ្មាស​អៀន​នឹង​រឿងរ៉ាវ​ក្នុង​ឆ្នាំ​ចាស់
ពីឆ្វេងទៅស្ដាំ៖ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងកញ្ញា ធី សុវណ្ណថា ប្រធានអង្គការយុវជន​កិច្ចការ​សង្គម។ (រូបថតលើហ្វេសប៊ុក)

ពាក្យសភាសិតខ្មែរ «គិតរូចសឹមគូរ» មានអត្ថន័យជ្រៅជ្រះណាស់ នៅក្នុងឆាកជីវិត នៃមនុស្សផងទាំងពួង។ ព្រោះ​បើមានពាក្យ «មុតបន្លា យកបន្លាជួស» ក៏នៅមានពាក្យបន្តមួយឃ្លាទៀត «សំដី​ជ្រុល​ហួស មិន​អាច​ជួសវិញបានឡើយ» ដែលធ្វើឲ្យសុភាសិតមួយឃ្លានេះ ពន្យល់យ៉ាងច្បាស់ថា បុគ្គលិក​លក្ខណៈ គឺជាភាព​ចាំបាច់ណាស់ សម្រាប់មនុស្ស​ទាំង​ឡាយ​ណា ដែលចង់ធ្វើខ្លួន ឲ្យ​ក្លាយ​ជា​«វីរជន»។

រួចចុះកញ្ញា ធី សុវណ្ណថា អតីតអ្នកគាំទ្រ​​គណបក្ស​ប្រឆាំង​ល្បីឈ្មោះ ដែលងាកត្រឡប់ ១៨០អង្សា ទៅ​គាំទ្រ​រដ្ឋាភិបាល​វិញ តើនាងចង់និយាយពីអ្វីខ្លះ តាម​រយៈសារដែលនាង ទើបនឹងបង្ហោះ​នៅ​លើ​​ទំព័រ​​ហ្វេសប៊ុក​​ផ្លូវ​ការ​របស់​​នាង សម្រាប់ឆ្នាំថ្មីនេះ?

ការបង្ហោះសារ ដែលអាចធ្វើឲ្យហូរទឹកភ្នែកនោះ មានអត្ថន័យទាំងស្រុងថា៖ «នៅក្នុងឆ្នាំថ្មី២០១៧នេះ ខ្ញុំ​នឹង​ព្យាយាម​ចេញ​ឲ្យឆ្ងាយ ពីនយោបាយ​ដ៏ខ្មៅ​កខ្វក់​នេះ ខ្ញុំមានអារម្មណ៍ខ្មាស់អៀន នឹងខ្លួនឯង នូវរឿងរ៉ាវ ដែល​ខ្ញុំ​បាន​ធ្វើ​កន្លង​មក (...)។ ខ្ញុំសុំអភ័យទោស ដល់អ្នកគ្រប់គ្នា។ ទោះបីបងប្អូនជេរ​ប្រទេច​ខ្ញុំ​រាល់ថ្ងៃក្តី ក៏ខ្ញុំនៅ​តែ​អរគុណ​បង​ប្អូន ដែលធ្លាប់គាំទ្រខ្ញុំពីមុន កាលដែលយើងនៅតស៊ូជាមួយគ្នា ក្នុងគណបក្សសង្គ្រោះជាតិ។»។

តើរឿងរ៉ាវអ្វីខ្លះ ដែលអតីត«យុវតី​សង្គ្រោះ​ជាតិ»ម្នាក់នេះ បានធ្វើ?

តាមពិតទៅ ជំហរនយោបាយ ក្នុងការគាំទ្រ ឬការប្រឆាំងគណបក្សណាមួយ ជាសិទ្ធិ​ពលរដ្ឋ ដែលមានចែង នៅក្នុងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់ដ៏​កំពូល​របស់​ជាតិ ហើយ​មិនមែន​ជា​កំហុសទេ បើកញ្ញា ធី សុវណ្ណថា ប្ដូរ​ងាក​ចេញ​​ពី​គណបក្ស​ប្រឆាំង ទៅគាំទ្ររដ្ឋាភិបាល​នោះ។ ប៉ុន្តែ​គឺ​ការ​បែក​ធ្លាយ នូវកលឧបាយដ៏ខ្មៅកខ្វក់ ដែល​គេ​ជឿ​ថា បានស្ថិតនៅក្រោយការប្ដូរជំហរ របស់​នាង​ទៅ​វិញ​ទេ ដែលបានបង្ហាញ​ពី​កំហុស​ដ៏ធំ ពិបាកនឹងជួស និង​មិន​អាច​ងាក​ត្រឡប់​ក្រោយវិញបាន។

ជាការរំលឹកមកវិញត្រួសៗ គឺរឿងរ៉ាវបានចាប់ផ្ដើមចេញដំណើរ នៅដើមឆ្នាំ២០១៦ បន្ទាប់ពីតារា​ហ្វេសប៊ុក​រូប​នេះ បានយកទំព័រហ្វេសប៊ុករបស់នាង មក​បង្ហោះផ្សាយសារប្រតិកម្ម តបទៅនឹងការបញ្ចេញឈ្មោះនាង នៅ​ក្នុង​កិច្ច​សន្ទនា​បែក​ធ្លាយ​មួយ ដែលត្រូវគេចាត់ទុក ថាជាជជែកតាមទូរស័ព្ទ រវាងលោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និងស្ត្រីជាងធ្វើសក់ម្នាក់។ បើទោះជា សុវណ្ណថា មានសិទ្ធិតវ៉ា នៅក្នុងរង្វង់គណបក្ស តាមយន្ដការ​គណបក្ស ដោយ​សារ​នាង​ជា​សកម្មជនចេញមុខ របស់គណបក្សនោះក៏ដោយ តែ សុវណ្ណថា មិន​បាន​​ជ្រើស​រើស​​ផ្លូវ​តវ៉ា​របៀប​នេះ​ទេ។

ផ្ទុយទៅវិញ នាងបានជ្រើសរើសការតវ៉ា តាមផ្លូវតុលាការ ដែលធ្វើឲ្យរឿងរ៉ាវ នៃការបែកធ្លាយ​កិច្ច​សន្ទនា ជា​លក្ខណៈ​ឯកជននោះ រីករាលដាល​កាន់តែធំ​ឡើង។ មនុស្ស​ជាច្រើននាក់ ដែលមាននិន្នាការ មិន​ស្រប​នឹង​រដ្ឋាភិបាល ត្រូវ​បានចាប់ខ្លួន យកទៅដាក់​ឃុំ ហើយ​លោក កឹម សុខា ខ្លួនលោក បានបង្ខាំងខ្លួនឯង នៅក្នុង​ទីស្នាក់ការ​​គណបក្ស។ ប៉ុណ្ណឹង​ហើយ តារា​​ហ្វេសប៊ុក​រូបនេះ នៅបានទាមទារបន្តទៀត ធ្វើយ៉ាងណាឲ្យ​មាន​ការ​ប្ដូរ​​លោក កឹម សុខា ចេញពីការ​ដឹកនាំ​​របស់​គណបក្ស ខណៈលោក សម រង្ស៊ី ប្រធាន​គណបក្ស កំពុង​និរទេស​ខ្លួន​​នៅ​​ឯ​​ក្រៅ​​ប្រទេស ដើម្បីគេច​ចេញ​ពី​ការ​ចាប់​ខ្លួន របស់​អាជ្ញាធរ​ក្រុង​ភ្នំពេញ។

ការដាក់ពាក្យបណ្ដឹង ឬការទាមទារទាំងអស់ខាងលើនេះ មិនមែនត្រូវបាន តារាហ្វេសប៊ុកវ័យ​ជាង​២០ឆ្នាំ​រូប​នេះ ធ្វើឡើងក្នុងនាមជាអ្នកប្រឆាំង នឹងគណបក្សប្រឆាំងនោះទេ។ តែនាង នៅតែបានអះអាង តាម​រយៈ​សន្និសីទ​​កាសែត ប្រាប់​ទៅ​ក្រុម​អ្នកយកព័ត៌មានថា នាងនៅតែជាសកម្មជន គាំទ្រគណបក្សសង្គ្រោះ​ជាតិ​ដដែល ជាមួយ​​នឹង​​ឃ្លា​​មួយ ដែលនាងប្រកាសថា នាងនៅតែ«រិះគន់»លោក ហ៊ុន សែន និងរដ្ឋាភិបាល។ នៅ​ពេល​​នោះ នាង​​បាន​​ប្រើ​​ពាក្យ​ថា «រិះគន់» និងមិនមែនជាពាក្យ «ប្រឆាំង» ដែលនាងធ្លាប់ថ្លែង សឹង​ជា​រៀង​រាល់​ដង ក្នុង​​វីដេអូ​​មុនៗ​​ទៀត​​ឡើយ។

ប៉ុន្តែគេចាប់ផ្ដើមមើលឃើញបាតពាង ដោយគ្រាន់តែរង់ចាំ ឲ្យទឹកនឹង និងរងថ្លាជាងមុន។ នៅក្នុងទិវា​មច្ឆា​ជាតិ ថ្ងៃទី១ ខែ​កក្កដា ឆ្នាំ២០១៦នេះ លោក ហ៊ុន សែន បានចេញមុខ មកប្រកាសលើកសរសើរ ពីតារា​ហ្វេសប៊ុក​រូប​នេះ ទាក់​ទង​នឹង​សកម្មភាព​ការពារ​ព្រៃឈើ នៅក្នុងតំបន់អារ៉ែង ខណៈសកម្មជន និងអង្គការសមាគម​ការពារ​បរិស្ថាន និងព្រៃឈើ​ជាច្រើន​ផ្សេង​ទៀត មិនដែល ឬកម្រត្រូវបានលោកនាយករដ្ឋមន្ត្រី លើកយក​មក​និយាយ​ដូច្នេះ​ណាស់។ ហើយដើម្បីឆ្លើយតប ទៅ​នឹង​ការ​សរសើរនោះ សុវណ្ណថា បានសរសេរ នៅលើទំព័រ​ហ្វេសប៊ុក របស់​នាង​ថា៖ «សូម​ថ្លែង​អំណរគុណ គោរព​ជូន​ចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះ​រាជា​​ណាចក្រ​កម្ពុជា (ដែល) បាន​ថ្លែង​សរសើរ​នាងខ្ញុំ ក្នុងការពារព្រៃឈើ តំបន់អារ៉ែង»។

ក្នុងការឆ្លើយតបនោះ មានការផ្លាស់ប្ដូរមួយចំនួន ដែលគួរឲ្យចាប់អារម្មណ៍៖ សុវណ្ណថា ឈប់ហៅត្រឹមតែ «លោក ហ៊ុន សែន» ទៀតហើយ តែបានសរសេរយ៉ាងច្បាស់ថា ជា«សម្ដេចតេជោ ហ៊ុន សែន»។ បន្ថែម​ពី​លើ​ការ​ឆ្លើយ​តបនេះ សុវណ្ណថា នៅបាន«ជូន»របាយការណ៍​មួយចំនួន ទាក់ទងនឹងលទ្ធផល​ដែល​នាង​ខ្លួន​ឯង អះអាង​ថា​បាន​ធ្វើ ក្នុងពេលកន្លងមកនោះផង។

បន្តមកទៀត ធី សុវណ្ណថា ប្រធានថ្មីថ្មោង​នៃអង្គការ​​​«យុវជនកិច្ចការសង្គម» ត្រូវបានក្រសួងបរិស្ថាន អញ្ជើញ​ឲ្យចូលរួមនៅក្នុងវេទិកាមួយ ស្ដីពី«ការការពារ និង​ការ​អភិវឌ្ឍន៍​ធនធានធម្មជាតិ» ដែលជាជំនួបមួយ រវាង​លោក ហ៊ុន សែន និងបណ្ដាអង្គការសមាគម សកម្មជនការពារបរិស្ថាន នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ ក្នុង​វិមាន​សន្តិភាព។ ការអញ្ជើញនោះ ត្រូវបានធ្វើឡើង ក្រោមចំណារ«ដ៏ខ្ពង់ខ្ពស់» របស់លោក ហ៊ុន សែន ចុះ​ថ្ងៃ​ទី១ ខែ​សីហា ហើយ​ក្រសួង​បរិស្ថាន គឺជាអ្នកអនុវត្តន៍ចំណារនេះ។

នៅក្នុងវេទិការនោះ ការជជែកឆ្លើយឆ្លង រវាងលោក ហ៊ុន សែន និងកញ្ញាប្រធានអង្គការវ័យក្មេង បាន​ពន្លេច​នូវ​ពាក្យ​ថ្មីៗ​ជាច្រើន ដែលបង្ហាញថា លោក ហ៊ុន សែន និង សុវណ្ណថា មានភាពជិតស្និត«ផ្អែមល្ហែម» ខុស​ប្លែក​ពី​ទំនាក់​ទំនង​ធម្មតា ដែលនាយករដ្ឋមន្ត្រីតែងមាន ជាមួយប្រធានអង្គការផ្សេងៗ ឬជាមួយនរណាក៏ដោយ ដោយ​​គ្រាន់​តែ​ជួប​ជជែកគ្នា ទល់មុខម្ដងដូច្នេះ។ ពាក្យថ្មីៗទាំងនោះ មានជាអាថ៌គឺ «តា និងចៅ»។ ហើយនេះ គេ​មិន​បាន​និយាយ​ដល់​ទេថា សុវណ្ណថា គឺជាអតីតសកម្មជនប្រឆាំង ដែលតែង​ប្រើពាក្យធ្ងន់ៗ មិនប្រណីមាត់ រិះគន់លោក ហ៊ុន សែន ឬក៏បណ្ដេញលោក ឲ្យចុះចេញពីតំណែង។

បន្ទាប់ពីអាចារ្យ ស្រែកហៅ «អ្នក​ភ្លេង សូម​លេង​បទបើកវាំងនន» តើនឹងមានអ្វី ចេញពីខាងក្រោយ​វាំងនន​មក? នោះ គឺ​ការ​បែក​ធ្លាយដ៏ធំ (នៅចុងខែវិច្ឆិកា និងដើមខែធ្នូ) តាមបណ្ដាញសង្គម មិន​ដែល​ធ្លាប់​មាន នូវ​កិច្ច​សន្ទនា​ឯកជន មាន​លក្ខណៈ​ជា​វីដេអូ និងជារូបភាព ថតផ្តិតពីអេក្រក់ (PrintScreen or Screen Shots) រាប់​រយ​សន្លឹក ដែល​​គេ​​ជឿ​ថា ជា​ការ​ជជែក​គ្នា តាមប្រព័ន្ធសន្ទនាមួយ រវាងកញ្ញា ធី សុវណ្ណថា ជាមួយ​​​លោក ហ៊ុន សែន និង​រវាង​កញ្ញា ធី សុវណ្ណថា ជា​មួយ​លោក ហ៊ុន ម៉ានិត កូនប្រុស​លោក ហ៊ុន សែន។

អ្នកនយោបាយឧក្រិដ្ឋ...

ឯកសារ​សន្ទនាបែកធ្លាយ ដែលបង្ហាញ ពីការ​ប្រើប្រាស់​ល្បិចកលដ៏​ស្មោកគ្រោក តាំងពីច្រើនខែមកហើយ ​ក្នុង​ការ​បំបាក់​​គណបក្ស​ប្រឆាំងនោះ មិនដែលត្រូវបានកញ្ញា ធី សុវណ្ណថា លោក ហ៊ុន ម៉ានិត ឬលោក ហ៊ុន សែន ចេញមុខមកបកស្រាយ ឬបដិសេធទេ​។ តែផ្ទុយទៅវិញ សកម្មភាពរបស់កញ្ញា ធី សុវណ្ណថា ខ្លួនឯង បាន​ធ្វើ​ឲ្យ​គេ កាន់​តែ​ជឿជាក់​ខ្លាំង​ឡើង ថាខ្លួននាង គឺជាម្ចាស់សារសន្ទនាទាំងអស់ខាងលើ។

ម្ដងជាពីរដង ប្រធានអង្គការវ័យក្មេង បានសរសេរសារបន្ទោស នៅលើទំព័រហ្វេសប៊ុករបស់នាង ប្រឆាំងលោក ផែ សុវណ្ណរិទ្ធ សកម្មជន​នៅក្នុងបណ្ដាញសង្គម​មួយ​រូប ដែលនាងធ្លាប់ប្រកាសថា គឺជាមិត្តជិតដិត​របស់​​នាង។ សារ​បន្ទោស​នោះ បានចោទលោក ផែ សុវណ្ណរិទ្ធ ថាបានបញ្ចេញសារសន្ទនាឯកជនទាំងនោះ និង​បាន​​ស្នើ​​ទៅ​អាជ្ញាធរ ឲ្យធ្វើការឃាត់ខ្លួនលោក ផែ សុវណ្ណរិទ្ធិ ថែមទៀត។ លោក ស្រី ចំរើន និស្សិត​​ម្នាក់​ទៀត ដែល​​ធ្លាប់​ចេញ​​មុខ ធ្វើ​សន្និសីទ​កាសែត និងធ្វើវេទិកាអ្វីៗជាមួយកញ្ញា ធី សុវណ្ណថា នោះ ក៏​ទទួល​វាសនា​​មិន​​ខុស​​ពី​លោក ផែ សុវណ្ណរិទ្ធ ដែរ។

នៅក្នុងសារមួយ ដែលនាងបង្ហោះនៅថ្ងៃទី២៤ ខែធ្នូកន្លងមក នាងបានប្រកាសថា៖ «ខ្ញុំ ធី សុវណ្ណថា សូម​ប្រកាស​ឈប់​​ទាក់ទង​ ជាមួយ​​ក្រុម ស្រី ចំរើន និង​ក្រុម ផែ សុវណ្ណ​រិ​ទ្ធ។ ​ហើយ​ខ្ញុំ​បាននឹងកំពុង​ រៀបចំ​ពាក្យ​បណ្តឹង​ និង​​សហ​​ការ​​ជា​មួយ​​សមត្ថកិច្ច ដើម្បី​ចាប់ខ្លួន​បុគ្គល​ទាំងនោះ​ ពីបទ​ប្រមាទ​ និង​ទំលាយ​ឯកសារ​ឯកជន។»។

កំហឹងរបស់ សុវណ្ណថា ទំនងជាមានជាប់ទាក់ទាក់នឹងគណនី និងទំព័រហ្វេសប៊ុកមួយចំនួន មានដាក់ឈ្មោះ ផែ សុវណ្ណរិទ្ធ - ស្រី ចំរើន និងមនុស្ស​មួយ​ចំនួន​ទៀត ដែលបានបង្ហោះ និងចែករំលែក សារកិច្ចសន្ទនា​ដ៏​អាសោធ​ខាង​លើ។ គណនី និងទំព័រហ្វេសប៊ុកទាំងនោះ ធ្លាប់បានសរសេរបរិហារ សុវណ្ណថា ទៀតថា មាន​កូន​មួយ​ហើយ បែរ​​ជា​​ប្រកែក​​ថាអត់។ ប៉ុន្តែលោក ស្រី ចំរើន កាលពីពេលថ្មីៗ និងកញ្ញា ធី សុវណ្ណថា ខ្លួនឯង កាល​ពី​ព្រឹក​ថ្ងៃ​ទី១ ខែមករា​នេះ បានចេញមុខមកបញ្ជាក់វិញ ថាពួកខ្លួនគ្មានជម្លោះទាស់ទែងអ្វី រវាងគ្នាទេ។

យ៉ាងណាក៏ដោយ ទោះមាន​ឬគ្មានជម្លោះ រវាងមនុស្សប៉ុន្មានក្រុមនេះ ក៏វាមិនជាទីចាប់អារម្មណ៍អ្វីសោះ សម្រាប់​​បញ្ជាក់​​ថា តើសារសន្ទនា​ដ៏អាស្រូវ ជា​ច្រើន​​រយ​ទំព័រខាងលើ គឺជារឿងពិត ឬមិនពិតនោះ។ សំខាន់​នៅ​ត្រង់​ថា សារសន្ទនា​ដែលទម្លាយចេញ តាមបណ្ដាញសង្គមនេះ បានបង្ហាញឲ្យឃើញ ពី​កិច្ចកល​​ឧបាយ​ដ៏​ខ្មៅ​កខ្វក់ បង្ក​ឡើង​ដោយ​​«អ្នក​​នយោបាយឧក្រិដ្ឋ»​​មួយក្រុម សំដៅធ្វើយ៉ាងណា វាយបំបាក់គណបក្សនយោបាយ​មួយ ឲ្យ​ដួល​រលំ។ ជា​ពិសេស ប្រសិនបើកញ្ញា ធី សុវណ្ណថា គឺជាអ្នកនយោបាយឧក្រិដ្ឋម្នាក់ នៅក្នុងចំណោម​ជន​​ឧក្រិដ្ឋ​​ទាំង​​នោះ ការសំដែងការខ្មាសអៀន របស់​កញ្ញា​នៅ​ក្នុងឆ្នាំ​ថ្មី​​នេះ នៅចំពោះអ្វីដែលកញ្ញាបានធ្វើ នៅ​មិន​ទាន់​​​គ្រប់គ្រាន់​​ឡើយ៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់