ភេរវកម្មនៅ​ប៊ែរឡាំង៖ «ជន​កាន់​ចង្កូត​រថយន្ដ នៅ​មាន​សេរីភាព​នៅ​ឡើយ»

នគរបាលរដ្ឋធានីប៊ែរឡាំង បានរំពឹងថា ជនអន្តោប្រវេសន៍ ដែលមានដើម​កំណើត​ពីប្រទេសប៉ាគីស្ដង់ និង​ដែល​ត្រូវ​​បាន​អាជ្ញាធរ​ចាប់ខ្លួន នៅក្រោយ​ហេតុការណ៍​បើក​រថយន្ដ​​បុកចូល​ហ្វូងមនុស្ស កាលពី​យប់​ថ្ងៃចន្ទ​នេះ មិន​មែន​​ជា​ជន​ពិតប្រាកដ ដែលកាន់ចង្កូតរថយន្ដដឹកទំនិញនោះទេ។ នេះជា​ការ​បញ្ជាក់​ឲ្យ​ដឹង នៅមុន​នេះ​បន្តិច របស់​​សារព័ត៌មាន​​អាល្លឺម៉ង់​ឈ្មោះ «Die Welt»។
ភេរវកម្មនៅ​ប៊ែរឡាំង៖ «ជន​កាន់​ចង្កូត​រថយន្ដ នៅ​មាន​សេរីភាព​នៅ​ឡើយ»
ទិដ្ឋភាពនៅក្រោយពេលកើតហេតុ បង្ហាញពីរថយន្ដដឹកទំនិញ ត្រូវបានបើកបុកចូលក្នុងហ្វូងមនុស្ស នៃផ្សារាត្រី​នៅប៊ែរឡាំង។ (រូបថតលើទ្វីសធើរ)

ជនអ្នកបើករថយន្ដដឹកទំនិញ ដែលបានបើកបំបុក ចូលក្នុងហ្វូងមនុស្ស នៃផ្សារាត្រីមួយកន្លែង ស្ថិតនៅ​ភាគ​ខាង​លិច​រដ្ឋធានីប៊ែរឡាំង (ប្រទេសអាល្លឺម៉ង់) កំពុងស្ថិតក្នុងការគេចខ្លួន និងមានអាវុធក្នុងដៃនៅឡើយ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយឲ្យដឹង របស់សារព័ត៌មានអាល្លឺម៉ង់ ឈ្មោះ «Die Welt» នៅលើគេហទំព័ររបស់ខ្លួន នៅ​មុន​នេះ​បន្តិច។

សារព័ត៌មានបានឲ្យដឹង ដោយយកប្រភពនគរបាល មកបញ្ជាក់ថា ព័ត៌មានផ្ដល់ដោយជនសង្ស័យដំបូង ដែល​ជាជនអន្តោប្រវេសន៍ មកពីប្រទេសប៉ាគីស្ដង់ និងដែលត្រូវបានឃាត់ខ្លួន នៅពេលភ្លាមៗ​​ក្រោយ​ហេតុការណ៍​នោះ ត្រូវបានអាជ្ញាធរ យកមកធ្វើការសិក្សា ពិនិត្យ ហើយព័ត៌មានទាំងនោះ សុទ្ធតែត្រឹមត្រូវ មិនមាន​ការ​សង្ស័យ​អ្វី​ឡើយ។ ជនសង្ស័យដំបូងរូបនោះ មានឈ្មោះ ណាវេដ (Naved B) អាយុ២៣ឆ្នាំ កំពុងរស់នៅ​ក្នុង​មណ្ឌល​​ទទួល​​ជន​​អន្តោប្រវេសន៍​មួយកន្លែង។ យុវជនរូបនេះ ធ្លាប់ត្រូវបាននគរបាលស្គាល់ ថាបានប្រព្រឹត្តិ​បទ​ល្មើស​កម្រិតស្រាល តែមិនមានជាប់ពាក់ព័ន្ធ នឹងបណ្ដាញ​អ៊ីស្លាមនិយមជ្រុលនោះទេ។

នគរបាលបានថ្លែងប្រាប់សារព័ត៌មានថា៖ «យើងចាប់បានជនសង្ស័យខុសម្នាក់ ខណៈជនសង្ស័យពិតប្រាកដ កំពុងមានអាវុធនៅក្នុងដៃ និងកំពុងមានសេរីភាពនៅឡើយ»។

នៅក្នុងការផ្សាយផ្សេងទៀត របស់ទីភ្នាក់ងារព័ត៌មានអាល្លឺម៉ង់ ឈ្មោះ «DPA» លោក «Klaus Kandr» នាយ​នគរបាលអាល្លឺម៉ង់ បាននិយាយថា មានភាពមិនច្បាស់លាស់ជាច្រើន ដែលអាចដាក់បន្ទុកថា ជន​អន្តោ​ប្រវេសន៍​ខាង​លើ គឺជាអ្នកបើកបររថយន្ដដឹកទំនិញ ដែលបានបើកបុកចូលក្នុងហ្វូងមនុស្ស បណ្ដាលឲ្យ​ស្លាប់​មនុស្ស​១២នាក់ និង ៤៨នាក់ផ្សេងទៀត រងរបួស កាលពីយប់ថ្ងៃចន្ទ។ លោក «Kandt» បានបន្តថា៖ «វាកាន់​តែ​ច្បាស់​ឡើង​ហើយ​ថា ជននេះមិនមែន​ជាអ្នកបើក​រថយន្ដ​នោះទេ»។

នៅមុននេះ រដ្ឋមន្ត្រីមហាផ្ទៃអាល្លឺម៉ង់ លោក «Thomas de Maizière» បានថ្លែងដែរថា យុវជន ណាវេដ បាន​ប្រកែក​យ៉ាងដាច់អហង្កា ថាខ្លួនមិនបានជាប់ពាក់ព័ន្ធ នៅក្នុងហេតុការណ៍ដ៏រន្ធត់ខាងលើទេ។ នៅលើទំព័រ​ទ្វីសធើរ (Twitter) នគរបាលអាល្លឺម៉ង់ បានបញ្ជាក់ ពីចំណាត់ការដ៏ពិសេស និងដ៏យកចិត្តទុកដាក់​របស់ខ្លួន ទាក់ទង​នឹង​ករណី​ខាង​លើ ហើយបានស្នើរទៅពលរដ្ឋអាល្លឺម៉ង់ ឲ្យរាយការណ៍មកខ្លួន​ជាបន្ទាន់ នូវករណី​សង្ស័យ​ណា​មួយ។

កាលពី​យប់ថ្ងៃចន្ទ ទី១៩ ចូល​មក​ថ្ងៃ​អង្គារ​ទី២០ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោងប្រមាណជា ២០ រថយន្ដ​ដឹក​ទំនិញ​មួយគ្រឿង ត្រូវបានបើកបំបុក ចូលក្នុងហ្វូងមនុស្ស នៃផ្សា​រាត្រី​​សម្រាប់​​បុណ្យ​ណូអែល​មួយ​​​កន្លែង ស្ថិតនៅ​ភាគ​​ខាង​លិច នៃរដ្ឋធានីប៊ែរឡាំង ប្រទេសអាល្លឺម៉ង់។ មនុស្សម្នាក់ ត្រូវបានរកឃើញស្លាប់ នៅក្នុង​រថយន្ដ​ធុន​ធ្ងន់នោះ ហើយគេបានសង្ស័យថា ជននោះ ជាអ្នកអ្នកបើកបរពិតប្រាកដ (របស់ម្ចាស់រថយន្ដ) ជាតិប៉ូឡូញ ដែល​ត្រូវ​បាន​​ជន​សង្ស័យ​សម្លាប់ ដើម្បីដណ្ដើមយករថយន្ដ មកអនុវត្តន៍គម្រោងការ របស់ខ្លួន៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់