ស្លាប់​៥នាក់​និង​របួស​ច្រើន​នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​ធំ​មួយ នា​ភាគ​ខាង​លិច​បារាំង

រថយន្ដតូចធំ ប្រមាណជាជិត៤០គ្រឿង បានស្ថិតក្នុងឧប្បត្តិហេតុ គ្រោះថ្នាក់​ចរាចរណ៍ដ៏ធំមួយ នៅក្នុង​តំបន់​វ៉ង់ដេ (Vendée) ស្ថិត​នៅ​ភាគ​​ខាង​លិច នៃប្រទេសបារាំង នៅព្រឹកថ្ងៃទី២០ ខែធ្នូនេះ។ គ្រោះថ្នាក់បានបង្ក ឲ្យ​មាន​មនុស្ស​ស្លាប់ យ៉ាង​ហោច ៥នាក់ និងច្រើននាក់ផ្សេងទៀត រងរបួស។
ស្លាប់​៥នាក់​និង​របួស​ច្រើន​នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​ធំ​មួយ នា​ភាគ​ខាង​លិច​បារាំង
ទិដ្ឋភាពនៃការជួយសង្គ្រោះ មើលពីចំងាយ ក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏ធំមួយ នៅតំបន់វ៉ង់ដេ ស្ថិតនៅភាគ​ខាង​លិច​​បារាំង ក្នុងព្រឹកថ្ងៃអង្គារទី២០ ខែធ្នូ ឆ្នាំ២០១៦។ (រូបថតផ្តិតពីវីដេអូ)
  • ដោយ: ឈូករ័ត្ន ([email protected]) - ភ្នំពេញ ថ្ងៃទី២០ ធ្នូ ២០១៦
  • កែប្រែចុងក្រោយ: December 20, 2016
  • ប្រធានបទ: គ្រោះចរាចរណ៍
  • អាន និងបញ្ចេញយោបល់

មនុស្សយ៉ាងតិច ៥នាក់ បានស្លាប់ និងច្រើននាក់ទៀត បានរងរបួសយ៉ាងធ្ងន់ធ្ងរ នៅក្នុងគ្រោះថ្នាក់​ចរាចរណ៍​ដ៏​ធំ​មួយ ដែលបានកើតឡើង នៅវេលា​ម៉ោង​ប្រមាណជា ៩និង៤៥នាទី ព្រឹកថ្ងៃអង្គារទី២០ ខែធ្នូនេះ ក្នុង​តំបន់​វ៉ង់ដេ (Vendée) ស្ថិតនៅភាគខាងលិច​ប្រទេសបារាំង។ នេះបើតាមការអះអាងឲ្យដឹង ពីសំណាក់​​ក្រុម​អ្នក​​ជួយ​សង្គ្រោះ និងស្នងការនគរបាលតំបន់។

ហេតុការណ៍បានកើតឡើង នៅលើដងផ្លូវល្បឿនលឿន ក្នុងតំបន់ «D160» (ភាសា​បារាំងហៅ Route dépatementale) នៅត្រង់ចំណុច «Sainte-Flaive-des-Loups» ចន្លោះ​ពីក្រុង «Les Sables-d'Olonne» ជាប់​មហា​សមុទ្រអាត្លង់ទីក និងក្រុង «La Roche-sur-Yon»។ បើតាមវិទ្យុ​បារាំង​ឈ្មោះ «FranceBleu» បាន​បញ្ជាក់​ថា អ័ព្ទដ៏ក្រាស់ឃ្មឹក ដែលគ្របដណ្ដប់ លើតំបន់ជាច្រើន ក្នុងប្រទេស​បារាំង តាំង​ពីច្រើន​សប្ដាហ៍​មក​ហើយ​នោះ ទំនងជា​មូលហេតុ ដែលបណ្ដាល​ឲ្យកើតមាន នូវគ្រោះថ្នាក់​ចរាចរណ៍​ខាងលើ។

ភ្នាក់ងារជួយសង្គ្រោះមួយរូប បានថ្លែងឲ្យដឹងថា៖​ «រថយន្ដជាច្រើនជិត៤០គ្រឿង បានស្ថិតក្នុង​ឧប្បត្តិហេតុ​នេះ ក្នុងនោះ​មានរថយន្ដ​​ដឹកទំនិញ​ធុនធ្ងន់ ជាច្រើនគ្រឿងផង។ មនុស្សជាច្រើននាក់ កំពុងស្ថិតក្នុងស្ថានភាព​សង្គ្រោះ​បន្ទាន់។»។

ក្រុមអ្នកជួយសង្គ្រោះ បាននិយាយឲ្យដឹងទៀតថា រថយន្ដគិលានសង្គ្រោះច្រើនជាង២០គ្រឿង ត្រូវបាន​បញ្ជូន​យ៉ាង​ប្រញាប់ ទៅកាន់កន្លែងកើតហេតុ។ កន្លែងពិគ្រោះសុខភាពមួយ ត្រូវបានបង្កើតឡើង នៅក្នុង​ពេល​ភ្លាមៗ ហើយរថយន្ដសង្គ្រោះ ផ្នែកផ្លូវថ្នល់ជាច្រើនគ្រឿង ក៏ត្រូវបានបញ្ជូនទៅដែរ ដើម្បី​ជួយរំដោះ​​ជន​រងគ្រោះ​​ជា​ច្រើន​នាក់ ដែលកំពុងជាប់ នៅក្នុងរថយន្ដរបស់ពួកគេ។ អាជ្ញាធរបានបញ្ជូនបន្ថែម នូវរថយន្ដ​ក្រុង​ផ្សេង​ទៀត ដើម្បី​ទៅដឹកជញ្ជូន​យក​អ្នកដំណើរ ដែលគ្មានរបួស ទៅកាន់អាគាររដ្ឋបាល របស់ក្រុង​ដែល​នៅជិតបំ​ផុត។

ស្នងការ​នគរបាលតំបន់ បានប្រកាសនៅតាមទំព័រទ្វីសធើរ (Twitter) ថា ចរាចរណ៍​ទាំងពីរ​ទិស នៅលើ​ដងផ្លូវ «​D160» ត្រូវបានបិទ​ជាបណ្ដោះអាសន្ន រហូតលុះត្រា​ណា ការជម្លៀស​ជនរងគ្រោះ និងការលើកយក​ចេញ នូវ​តួរថយន្ដ​ទាំង​អស់ ត្រូវបានធ្វើរួចជាស្ថាពរ៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់