កម្ពុជា៖ យន្ដ​ហោះ​របស់​ «កាតា អ៊ែរវ៉េស» ចុះ​ចត​នៅ​ភ្នំពេញ

រាប់ចាប់តាំងពីថ្ងៃទី២០ខែកុម្ភះឆ្នាំ២០១៣នេះទៅ ក្រុមហ៊ុនអាកាសចរណ៍ របស់ប្រទេសកាតា នឹងបើកជើងហោះហើររបស់ខ្លួន មកកាន់ប្រទេសកម្ពុជា ជាមួយនឹងយន្ដហោះ អ៊ែរប៊ូស អា៣៣០-៣០០ (Airbus A330-300) ដែលអាចទទួលអ្នកដំណើរ ក្នុងថ្នាក់ជំនួញ ចំនួន៣០នាក់ នឹងថ្នាក់ធម្មតា២៧០នាក់។ ជើងហោះហើរទាំងនោះ នឹងធ្វើជារៀងរាល់ថ្ងៃក្នុងមួយសប្ដាហ៍។
Loading...
  • ដោយ: កេសរ កូល
  • កែប្រែចុងក្រោយ: February 20, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមហ៊ុនអាកាសចរណ៍ របស់ប្រទេសកាតា ឈ្មោះ កាតាអ៊ែរវេស (Qatar Airways) បានសម្ភោធនៅថ្ងៃពុធទី២០​ខែកុម្ភះ​នេះនូវជើងហោះហើរ ភ្ជាប់ទីក្រុងដូហា មកទីក្រុងភ្នំពេញនៃប្រទេសកម្ពុជា ដោយឆ្លងកាត់តាមទីក្រុងហូជីម៉ិញ ប្រទេស​វៀតណាម។


យន្ដហោះ អ៊ែរប៊ូស អា៣៣០-៣០០ របស់ក្រុមហ៊ុនកាតាអ៊ែរវេស។

រាប់ចាប់តាំងពីថ្ងៃទី២០ខែកុម្ភះឆ្នាំ២០១៣នេះទៅ ក្រុមហ៊ុនអាកាសចរណ៍ របស់ប្រទេសកាតា នឹងបើកជើងហោះហើរ​របស់ខ្លួន មកកាន់ប្រទេសកម្ពុជា ជាមួយនឹងយន្ដហោះ អ៊ែរប៊ូស អា៣៣០-៣០០ (Airbus A330-300) ដែលអាច​ទទួល​អ្នកដំណើរ ក្នុងថ្នាក់ជំនួញ ចំនួន៣០នាក់ នឹងថ្នាក់ធម្មតា២៧០នាក់។ ជើងហោះហើរទាំងនោះ នឹងធ្វើជារៀងរាល់ថ្ងៃ ក្នុង​មួយសប្ដាហ៍។

នៅថ្ងៃពុធ ព្រហស្បត្តិ៍ និងថ្ងៃអាទិត្យ យន្ដហោះត្រូវចេញពីដូហា នៅម៉ោង១ម៉១៥នាទីរំលងអាធ្រាត ហើយមកដល់ទីក្រុង​ភ្នំពេញ នៅម៉ោង២ម៉១៥នាទីរសៀល ដោយឆ្លងកាត់ការឈប់សំចត នៅទីក្រុងហូជីម៉ិញ ប្រមាណជា៨០នាទី។ យន្តហោះ​ដដែល នឹងចាកចេញពីទីក្រុងភ្នំពេញ នៅថ្ងៃតែមួយ នៅម៉ោង០៤ម៉៥០នាទីរសៀល ដើម្បីទៅដល់ទីក្រុងដូហាវិញ នៅ​ម៉ោង​១១ម៉៣០នាទីយប់។

តែសម្រាប់ថ្ងៃច័ន្ទ អង្គារ សុក្រ និងថ្ងៃសៅរ៍វិញ ម៉ោងហោះហើរ នឹងយឺតជាងថ្ងៃទាំងបីខាងលើ ដោយចេញពីដូហា​ នៅ​ម៉ោង​៧ម៉៣០នាទីព្រឹក (មកដល់ភ្នំពេញ ម៉ោង៨ម៉៣០នាទីយប់) និងចេញពីភ្នំពេញ នៅម៉ោង១០ម៉៥០នាទីយប់ ដើម្បីទៅដល់​ទីកន្លែងដើមវិញ នៅម៉ោង៥ម៉៣០ព្រឹកស្អែកឡើង។ គ្រប់ជើងហោះហើរ ត្រូវឆ្លងកាត់ និងឈប់សំចតនៅទីក្រុងហូជីម៉ិញ ចំនួន៨០នាទី។

ទីក្រុងភ្នំពេញ ក្លាយជាទិសដៅទី១១ នៅក្នុងបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ ដែលកាតាអ៊ែរវេស បានភ្ជាប់ការហោះហើរ​ជាមួយ។ ទីក្រុងទាំងនោះ រួមមាន បាលី បាងកក ហាណូយ ហូជីម៉ិញ ចាការតា គូឡា ឡាំពួរ ស៊ាំងហ្គាពួរ ម៉ានីល ភូកេត និងទីក្រុងរ៉ង់ហ្គូល។ ហើយកាតាអ៊ែរវេស ក៏ក្លាយជាក្រុមហ៊ុនអាកាសចរណ៍លើកដំបូងគេដែរ ពីតំបន់ឈូងសមុទ្រពែរ្យ៍ ដែលហោះភ្ជាប់មកកាន់ប្រទេសកម្ពុជា។

សូមបញ្ជាក់ថា ពីមុនមក ក្រុមហ៊ុនអាកាសចរណ៍របរទេស មិនមែនជាក្រុមហ៊ុននៅអាស៊ី ដែលភ្ជាប់ការហោះហើរមកកម្ពុជា មានតែ ក្រុមហ៊ុនអាកាសចរណ៍របស់បារាំង អ៊ែរហ្វ្រង់ (Air France) មួយតែប៉ុណ្ណោះ។ ប៉ុន្តែក្រុមហ៊ុនអាកាសចរណ៍ដ៏ធំ ប្រចាំនៅអ៊ឺរ៉ុបមួយនេះ ជានិច្ចជាកាល មិនសូវជាមានប្រជាប្រិយភាព ជាមួយនឹងអ្នកដំណើរមកកាន់ប្រទេសកម្ពុជាទេ  ដែលក្លាយជាមូលហេតុមួយ ធ្វើអោយក្រុមហ៊ុនឈានទៅដល់ការបញ្ឈប់ (ឬផ្អាក?) សេវាហោះហើររបស់ខ្លួន មកទីក្រុង​ភ្នំពេញនៅថ្ងៃ៣០ខែមិនាខាងមុខ។

ប្រទេសកម្ពុជាមានក្រុមហ៊ុនអាកាសចរណ៍ អាស៊ីជាច្រើន បានភ្ជាប់ការហោះហើររបស់ខ្លួន មកកាន់ទីក្រុងសំខាន់ៗ ចំនួន​ពីរ៖ ភ្នំពេញ និងសៀមរាប។ ក្រុមហ៊ុនអាកាសចរណ៍មួយចំនួនទៀត កំពុងត្រៀម បើកការហោះហើររបស់ខ្លួន មកកម្ពុជា​ក្នុងពេលខាងមុខដែរ  ដោយភ្ជាប់ទីក្រុងភ្នំពេញ ទៅរកទិសដៅចំនួនបីបន្ថែម៖ ទីក្រុងឆេងដូ (របស់ប្រទេសចិន ចាប់ពី​ថ្ងៃទី​១៩មិនា)  ទីក្រុងឈីកាហ្គោ (ប្រទេសអាមេរិក ចាប់ពីថ្ងៃទី១០មេសា) និងទីក្រុងសាឡាឡាហ៍ (ប្រទេសអូមេន ចាប់ពីថ្ងៃទី​២២ឧសភា)៕

------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី២០ ខែកុម្ភះ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...