យន្ដហោះ​បាត់​ខ្លួន MH370 មិន​នៅ​ក្នុង​តំបន់​រុករក​ទេ!

អាជ្ញាធររបស់ប្រទេសអូស្ត្រាលី ដែលទទួលបន្ទុក ក្នុងការស្វែង​រក​យន្ដហោះ​ «MH370» ដែលបានបាត់ខ្លួន តាំង​ពី​ជាង​២ឆ្នាំមុន ទើប​នឹងចេញ​សេចក្ដីសន្និដ្ឋាន​ចុងក្រោយ ថាតួយន្ដហោះ​ដ៏អាថ៌កំបាំង ទំនង​ជាមិនស្ថិត ក្នុង​តំបន់​​មហាសាគរ ដែលប្រទេសនេះ​បានដឹកនាំ​ការរុករក តាំងពីច្រើនខែ មកហើយ​នោះទេ។
យន្ដហោះ​បាត់​ខ្លួន MH370 មិន​នៅ​ក្នុង​តំបន់​រុករក​ទេ!
រូបគំនូរមួយ ដែលបង្ហាញថាយន្ដហោះ ទំនងជាបានផ្ទុះឆេះ នៅក្នុង​លំហអាកាស។ (រូបថតឯកសារ)

ជាសេចក្ដីសន្និដ្ឋានមួយ ដែលបង្កក្ដីអស់សង្ឃឹម ទៅដល់ក្រុមគ្រួសាររបស់អ្នកដំណើរ ដែលបានរងគ្រោះ ព្រោះ​បានជិះនៅក្នុងយន្ដហោះ ប្រភេទប៊ូអីង (Boeing 777) នៃជើងហោះហើរលេខ «MH370» របស់ក្រុមហ៊ុន​ម៉ាឡេស៊ី​អ៊ែរឡាញ ហោះភ្ជាប់ពីរាជធានីកូឡាឡំពួរ (ប្រទេសម៉ាឡេស៊ី) ឆ្ពោះទៅ​រដ្ឋធានី​ប៉េកាំង (ប្រទេសចិន) ក្នុង​យប់​ទី៨ ខែមិនា ឆ្នាំ២០១៤ តែបានបាត់ដំណឹងសូន្យឈឹង តាំងពីយប់នៃការហោះងើបខ្លួនចេញ ពីព្រលាន​យន្ដហោះ​​នោះ រហូត​មក​ដល់​ថ្ងៃនេះ។

អាជ្ញាធររបស់ប្រទេសអូស្ត្រាលី ខាងសុវត្ថិភាព​ដឹកជញ្ជូន​ផ្លូវអាកាស ហៅកាត់ «ATSB» ដែលទទួល​បន្ទុក​រុករក​តួយន្ដហោះ ទើបនឹងចេញ​របាយការណ៍ «សន្និដ្ឋានជាផ្លូវការ» នៅព្រឹកថ្ងៃ​អង្គារ​ទី២០ ខែធ្នូនេះ បញ្ជាក់ថា យន្ដហោះ«MH370» ដែលដឹកមនុស្ស ចំនួន២៣៩នាក់ ទំនងជាមិនបានធ្លាក់ នៅក្នុងតំបន់រុករកកន្លងមក ស្ថិត​នៅភាគខាងត្បូង នៃមហាសាគរ​ឥណ្ឌា​នោះឡើយ។ ការរុករកបានប្រព្រឹត្តិទៅ អស់រយៈពេលជាង២ឆ្នាំ តែ​គេ​រក​មិន​ឃើញ វត្តមានតួយន្ដហោះណាមួយ ថាបានធ្លាក់លិច​ទៅក្នុង​សមុទ្រ​នោះទេ។

មានក្ដីសង្ឃឹមខ្លះ ដែលអាចមានជាពន្លឺ នៅក្នុងអាថ៌កំបាំងបាត់ខ្លួននេះ៖ ដោយសារ​ការ​រក​ឃើញ​នូវ​បំណែក​ជា​ច្រើន កាលពីប៉ុន្មានខែមុន នៅលើតំបន់ឆ្នេរភាគខាងលិច នៃ​មហា​សមុទ្រ​ឥណ្ឌា ដែល​ទំនងជាបំណែក របស់​យន្ដហោះ​បាត់ខ្លួន។

របាយការណ៍របស់ «ATSB» បានសរសេរថា៖ «មានភាពជឿជាក់ខ្លាំងបំផុតថា តំបន់ក្រោមសមុទ្រ ដែល​ត្រូវ​បាន​កំណត់​ឲ្យរុករក នាពេលកន្លងមក រហូត​មកដល់ថ្ងៃនេះ មិនមានតួយន្ដហោះអ្វីឡើយ»។ ប៉ុន្តែ​របាយ​ការណ៍​នោះ បានបញ្ជាក់បន្ថែមថា តួយន្ដហោះទំនងជាធ្លាក់ នៅក្នុងសមុទ្រ​នៅក្នុងតំបន់​មួយ​ផ្សេង​ទៀត ដែល​ទើប​នឹង​ត្រូវ​បានកំណត់ជាថ្មី និងមានផ្ទៃក្រឡា ប្រមាណជា ២៥០០០គីឡូម៉ែត្រការ៉េ។

ប្រទេសអូស្ត្រាលី ម៉ាឡេស៊ី ចិន និងបណ្ដាប្រទេសមួយចំនួនទៀត ដែលមានពលរដ្ឋរបស់ផងខ្លួន រងគ្រោះ​នៅ​ក្នុង​យ​ន្ដហោះ ធ្លាប់បានអះអាងថា ការរុករក​ត្រូវបានបញ្ឈប់ លែងធ្វើតទៅទៀតហើយ ប្រសិនណាជាគ្មាន «តំរុយ​គួរ​ឲ្យ​ទុក​ចិត្ត» ណាផ្សេង បង្ហាញពីវត្តមាន របស់តួយន្ដហោះនោះទេ។ ការិយាល័យ «ATSB» បាន​សរសេរ ក្នុង​របាយការណ៍​ចេញផ្សាយ កាលពីខែវិច្ឆិកាទៅម៉ិញ ថា យន្ដហោះ «MH370» ទំនងជាមិន​អាច​បញ្ជា​បាន នៅ​បន្ទាប់​ពីយន្ដហោះ​នេះ បានជួបបញ្ហា (ដែលធ្វើឲ្យការបញ្ជាយន្ដហោះ លែងមានដំណើរការ)។

ក្នុងអំឡុងពេល នៃការរុករកនេះ សេណារីយ៉ូ (Scénario) ជាច្រើនបានពន្លេចខ្លួនឡើង ដោយបានពន្យល់ ធ្វើ​ឲ្យ​មានការជឿជាក់ថា យន្ដហោះបានបាត់ខ្លួន ដោយសារមានបញ្ហាបច្ចេកទេស មានការចាប់ពង្រត់ មានជាប់​ទាក់​ទង​នឹង​អំពើភេរវកម្ម ឬមានការបាញ់ទម្លាក់ ពីសំណាក់មូលដ្ឋានយោធា​អាមេរិក នៅ​កណ្ដាល​​មហាសាគរ​ឥណ្ឌា​ជាដើម។ ប៉ុន្តែរឿងរ៉ាវទាំងនេះ មិនដែលត្រូវបានបកស្រាយ ឬទទួលយក ជាផ្លូវការ បើសូម្បីតែ​មួយ​រឿង​នោះ​ក៏​ដោយ។​ អាថ៌កំបាំង ដែលចេះតែបន្តមាន រហូតធ្វើមានការគិតថា ការរុករកតាំងពីច្រើនខែមកនេះ គ្រាន់​តែ​ជា​«ឆាក​ល្ខោន» ដើម្បី​សំដែង​ឲ្យ​ល្អ​មើល៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់