សហព័ន្ធបាល់ទាត់​រវ៉ាន់ដា ហាម​ឃាត់​«អំពើ​ធ្មប់»​ក្នុងបាល់ទាត់

សហព័ន្ធបាល់ទាត់ នៃប្រទេសរវ៉ាន់ដា បានចេញសេចក្ដីហាមឃាត់មួយ ដាក់ទណ្ឌកម្មទៅលើ«អំពើអូមអាម» នៅ​ក្នុង​បាល់ទាត់ បន្ទាប់​ពីហេតុការណ៍​មួយ បានកើតឡើង កាលពីខែមុន។
សហព័ន្ធបាល់ទាត់​រវ៉ាន់ដា ហាម​ឃាត់​«អំពើ​ធ្មប់»​ក្នុងបាល់ទាត់
កីឡាករខ្សែប្រយុទ្ធ ឈ្មោះ «Moussa Camara» អោនទៅរើសអ្វីមួយ ចេញពីបង្គោលទី របស់ក្រុម «Mukura Victory Sports»។ (រូបថតផ្តិតពីវីដេអូ)
  • ដោយ: ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី០៦ ខែមករា ២០១៧
  • កែប្រែចុងក្រោយ: January 06, 2017
  • ប្រធានបទ: ធ្មប់ក្នុងបាល់ទាត់
  • អាន និងបញ្ចេញយោបល់

ប្រព័ន្ធផ្សព្វផ្សាយបរទេស​ជាច្រើន បានអះអាងថា កីឡាករខ្សែប្រយុទ្ធ ឈ្មោះ «Moussa Camara» របស់​ក្រុម «Rayon Sport» គឺជាអ្នកយកវត្ថុអ្វីមួយ ទៅដាក់ជាប់នឹងបង្គោលទី របស់ក្រុម «Mukura Victory Sports» ដែល​បាន​ជួបប្រកួតគ្នា នៅដើមខែធ្នូកន្លងទៅ។ ប៉ុន្តែរូបភាព ដែលចាប់បាន ដោយទូរទស្សន៍ក្នុងស្រុក បាន​បង្ហាញ​ផ្សេង​ទៅ​វិញ។

តាមពិត គឺកីឡាករ «Moussa Camara» នេះទៅវិញទេ ដែលបាន​ទៅដក​យក​«វត្ថុ»អ្វីមួយ ដែលគេជឿថា ជា​ការ​សម្គាល់​អំពើអូមអាម របស់ក្រុម «Mukura Victory Sports» ដាក់ជាប់នឹងបង្គោលទី ពីទីកន្លែងនោះ​មក​វិញ។ ទម្លាប់នេះ ជាជំនឿរបស់បណ្ដាជនរវ៉ាន់ដា ដើម្បីជួយធ្វើយ៉ាងណា កុំឲ្យក្រុមប្រកួត​ម្ខាង​ទៀត រក​គ្រាប់​បាល់​បាន (ទាត់បញ្ចូលទីខ្លួន ចេះតែខុស ឬប៉ះបង្គោលរហូត)។

ហើយបន្ទាប់ពីដកយក​វត្ថុនោះចេញរួច កីឡាករខ្សែប្រយុទ្ធដដែល ដែលទើបនឹងទទួលបានកាត​លឿង​មួយ ពី​អាជ្ញាកណ្ដាល ក្នុង​សកម្មភាពខាងលើ បានប្រើបច្ចេកទេសរបស់ក្រុម និងសមត្ថភាពរបស់ខ្លួន យកក្បាល​ទៅ​បុក​បញ្ជូន​បាល់ ឲ្យចូលទីក្រុម «Mukura Victory Sports» រកបានពិន្ទុស្មើរ (១-១) នៅនាទីបញ្ចប់ នៃការ​ប្រកួត។

តែហេតុការណ៍នេះ ត្រូវបានសហព័ន្ធបាល់ទាត់ នៃប្រទេសរវ៉ាន់ដា (ហៅកាត់ FERWAVA) យកមក​ស្រាវជ្រាវ និងពិនិត្យយ៉ាងហ្មត់ចត់ និងបាន​ចេញ​សេចក្ដី​សម្រេច នៅទីបំផុត ហាមឃាត់សកម្មភាពណា​ក៏​ដោយ ដែល​មាន​លក្ខណៈ ជាអំពើអូមអាម ឬអំពើធ្មប់ នៅរៀងរាល់ការប្រកួត។ សហព័ន្ធ​បាន​កំណត់ ដាក់​ទណ្ឌកម្ម​ជា​ទឹក​ប្រាក់ ១០០ ០០០ហ្វ្រង់រវ៉ាន់ដា (ប្រមាណជា១១៦អ៊ឺរ៉ូ ឬ១២០ដុល្លារ) ចំពោះ​កីឡាករ - ២០០ ០០០ហ្វ្រង់​រវ៉ាន់ដា ចំពោះគ្រូបង្វឹក និង៥០០ ០០០ហ្វ្រង់រវ៉ាន់ដា ចំពោះក្រុមបាល់ទាត់ណា ដែល​ល្មើស​នឹង​សេចក្ដី​សម្រេច​នេះ៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់