លប់​ចោល​ជើង​ហោះ​ហើរ​ជា​ច្រើន​នៅ​ប៉េកាំង ព្រោះ... ជាតិពុល!

ជើងហោះហើរច្រើនជាង២០០ ត្រូវបានលប់ចោល ដោយសារអ័ព្ទដ៏ក្រាស់ គ្រប់ដណ្ដប់ជិតឈឹង ពីលើ​ព្រលាន​យន្ដហោះ នៃរដ្ឋធានីប៉េកាំង កាល​ពីថ្ងៃ​អង្គារ។ អ័ព្ទ ដែលបង្កឡើងដោយសារជាតិពុល នៅក្នុងបរិយាកាស បាន​បណ្ដាល​ចិត្ត​ពលរដ្ឋ​ចិន អ្នក​រស់នៅ​ក្នុង​រដ្ឋធានី ឲ្យផ្ទុះប្រតិកម្មឡើង។
លប់​ចោល​ជើង​ហោះ​ហើរ​ជា​ច្រើន​នៅ​ប៉េកាំង ព្រោះ... ជាតិពុល!
អ័ព្ទដ៏ក្រាស់ បានគ្របដណ្ដប់ ពីលើព្រលានយន្ដហោះអន្តរជាតិ នៃរដ្ឋធានី​ប៉េកាំង ប្រទេសចិន។ (រូបថតផ្តិតពីវីដេអូ)
  • ដោយ: កេសរ កូល ([email protected]) - ភ្នំពេញ ថ្ងៃទី២០ ធ្នូ ២០១៦
  • កែប្រែចុងក្រោយ: December 21, 2016
  • ប្រធានបទ: បំពុលបរិស្ថាន
  • អាន និងបញ្ចេញយោបល់

នេះ ជាការប្រកាសអាសន្ន ក្នុងថ្ងៃទី៥ហើយ ទាក់ទងនឹងផ្សែងពុល ដែលកំពុងបង្ហាញវត្តមាន នៅក្នុង​បរិយាកាស នៃរដ្ឋធានីប៉េកាំង ដែលមាន​ប្រជាជន​រស់នៅ ដល់ទៅជាង១១លាននាក់។ ជាលទ្ធផល​សម្រាប់​ថ្ងៃ​អង្គារទី២០ ខែធ្នូនេះ ជើងហោះហើរចំនួន២១៧ ត្រូវបានលប់ចោល ដោយ​សារផ្សែងអ័ព្ទ បាន​រំខាន​ដល់​ផ្លូវ​ហោះហើរ ដែល​យន្ដហោះត្រូវប្រើប្រាស់។ នេះបើតាមសេចក្ដីប្រកាស របស់ព្រលានយន្ដហោះអន្តរជាតិ នៃ​រដ្ឋធានី​ប៉េកាំង ដែលចេញ​ផ្សាយ​ឲ្យដឹង នៅវេលាថ្ងៃត្រង់។

មិនត្រឹមតែប៉ុណ្ណឹងទេ ផ្សែងអ័ព្ទដ៏ក្រាស បានបង្ខំឲ្យអាជ្ញាធររដ្ឋធានី បិទផ្លូវល្បឿនលឿន (ភាសាអង់គ្លេសហៅ HighWay ឬភាសាបារាំងហៅ AutoRoute) ជាច្រើនខ្សែ ដើម្បីបង្កាសុវត្ថិភាពចរាចរណ៍។

តាំងពីថ្ងៃសុក្រសប្ដាហ៍មុន ទីក្រុងធំៗចំនួនជាង២០ ស្ថិតនៅភាគឦសាននៃប្រទេសចិន ត្រូវបានប្រកាស​ឲ្យ​ស្ថិត​ក្នុង​ភាពអាសន្ន ដែលមានកម្រិត​ពណ៌​ក្រហម ជុំវិញនឹងសារជាតិពុល នៅក្នុងបរិយាកាស។ ស្ថានការណ៍​នេះ នឹងអនុញ្ញាតឲ្យអាជ្ញាធរ ចាត់វិធានការ​ទៅលើចលករពាក់ព័ន្ធមួយចំនួន ដើម្បីកាត់​បន្ថយសារជាតិពុល មាន​ដូច​ជា បិទការដ្ឋានសំណង់ បង្កើតឲ្យ​មាន​ការធ្វើ​ចរាចរណ៍​ឆ្លាស់គ្នា និង​បិទសាលារៀន​ជាដើម។

កម្រិតជាតិពុល ដែលមាននៅក្នុងបរិយាកាស នៃរដ្ឋធានីប៉េកាំង មានរហូតដល់ទៅ ២,៥ (PM 2,5) ដែល​ជា​កម្រិត​មួយ​​បង្កគ្រោះថ្នាក់ ដល់សុខភាព សម្រាប់​អ្នកដែលដែលបានដកដង្ហើម យកសារជាតិនេះ ចូល​ទៅ​ក្នុង​សួត។ នេះបើតាមរបាយការណ៍ របស់អង្គការសុខភាពពិភពលោក។ ហើយ​តួលេខ​ខាង​លើនេះ ជាការ​ប្រកាស​ដោយ​ផ្ទាល់ ពីសំណាក់ក្រសួងបរិស្ថានចិន ដែលបានលើស​ពីកម្រិតរាល់ដង ដែលកន្លងមកតែងប្រកាសឡើង ដោយ​​ស្ថានទូត​អាមេរិក ប្រចាំនៅរដ្ឋធានីប៉េកាំង។

បណ្ដាជនចិន អ្នករស់នៅក្នុងរដ្ឋធានី ដែលពីមុនមក មិនសូវជាខ្វល់ខ្វាយប៉ុន្មាន ពីបញ្ហាសារជាតិពុល បាន​ចាប់​ផ្ដើម​ពាក់​ស្រោមមុខ ជាទូទៅ ដើម្បីបង្កា​ជាតិ​ពុល នៅក្នុងប៉ុន្មានថ្ងៃនេះ។ អ្នកប្រើប្រាស់​បណ្ដាញសង្គម កាន់​តែ​ច្រើន​ឡើង បានធ្វើប្រតិកម្ម បង្ហាញពីក្ដីកង្វល់របស់ពួកគេខុសៗគ្នា មានដូចជា៖

«ខ្ញុំមានអារម្មណ៍ថា គ្រាប់បែកនុយក្លេអ៊ែរ បានផ្ទុះនៅប៉េកាំង កាលពីព្រឹកម៉ិញ»

«ខ្ញុំមានការចុកចាប់ខ្លាំងណាស់ នៅក្នុងបំពង់ក។ ហើយឥឡូវនេះ ខ្ញុំចាប់ផ្ដើមឈឺក្បាល។»

«អ្វី ដែលអ្នករស់នៅប៉េកាំង ត្រូវធ្វើ គឺទ្រាំ តែកុំតវ៉ាជំទាស់អ្វីទាំងអស់ ព្រោះ​គណបក្សកុម្មុយនីស​បាន​ដឹកនាំ​យើង ល្អខ្លាំងបំផុត»៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់