វីដេអូ​បុរស​យួន​វាយ​ទារក​ខ្មែរ បង្ក​ការ​ភ្ញាក់​ផ្អើល​នៅ​បរទេស

ជនជាតិហូឡង់ម្នាក់ ត្រូវបានតុលាការកម្ពុជាផ្ដន្ទាទោស កាលពីដើមខែ​ធ្នូ​កន្លង​មក​នេះ នៅក្នុងសំនុំរឿងវីដេអូ ដ៏​រំជើប​រំជួលមួយចំនួន ដែលបង្ហាញ​ពីទារក​មួយរូប កំពុងរងការធ្វើទារុណកម្ម ពីសំណាក់​ជនជាតិ​វៀតណាម​ម្នាក់។ បញ្ហា​នៅ​ត្រង់​ថា វីដេអូ​ទាំង​នោះ ត្រូវបានយក​ទៅផ្សព្វផ្សាយបន្ត នៅគ្រប់ជ្រុងទាំងអស់ នៅលើ​ពិភព​លោក ហើយ​ទង្វើ​ដ៏​អាក្រក់ បែរ​ជា​​ត្រូវ​បាន​​ចាត់​ទុក​​ជាទារុណកម្ម ប្រឆាំង​បណ្ដាជន​ម៉ូស្លីម​ភាគតិច នៅក្នុង​ប្រទេស​​ភូមា​​ទៅ​វិញ។
វីដេអូ​បុរស​យួន​វាយ​ទារក​ខ្មែរ បង្ក​ការ​ភ្ញាក់​ផ្អើល​នៅ​បរទេស
រូបភាពផ្តិតពីវីដេអូ បង្ហាញពីសកម្មភាព របស់ជនជាតិវៀតណាម ដែលកំពុងធ្វើទារុណកម្ម លើទារកខ្មែរដ៏តូចមួយរូប។

«ក្អែកមួយ ទៅជាក្អែកដប់!»

ដោយមិនដឹងហេតុការណ៍ច្បាស់លាស់ អ្នកដែលផ្សាយបន្ត នូវវីដេអូបង្ហាញពីទារុណកម្ម លើកុមារកម្ពុជា ពី​សំណាក់​បុរសជាតិវៀតណាម្នាក់នោះ បានបង្កឲ្យមានការភ័ន្តច្រឡំ នៅពាសពេញពិភពលោក ជាពិសេស​ពិភព​អ្នកកាន់សាសានាអ៊ីស្លាម ដោយសាររូបភាព និងការធ្វើអត្ថាធិប្បាយ នៅអមជាមួយនឹងវីដេអូ បានធ្វើ​ឲ្យ​អ្នក​ទាំង​នោះ យល់ច្រឡំថា ជាសកម្មភាពដ៏ទារុណ ធ្វើទៅលើកុមារជនជាតិភាគតិច «Rohingya» ដែលកាន់​សាសនា​ឥស្លាម នៅក្នុងប្រទេសភូមាទៅវិញ។

មិនត្រឹមតែប៉ុណ្ណឹង វីដេអូដែលដំបូងឡើយ ត្រូវបានបង្ហោះផ្សាយ នៅត្រឹមតែក្នុងបណ្ដាញសង្គម ត្រូវបាន​គេហទំព័រ និងសារព័ត៌មានមួយចំនួន (ជាពិសេសសារព័ត៌មានអង់គ្លេស) យកទៅបង្ហោះផ្សាយបន្ត បង្កឲ្យ​ការ​ភ័ន្ត​ច្រឡំ មានទំហំកាន់តែធំឡើង។ តើនរណាមួយ ដែលមិនតក់ស្លុត នៅចំពោះល្បែងដ៏អប្រិយ របស់បុរស​មនុស្សធំ​ពេញ​វ័យម្នាក់ ធ្វើទៅកុមារដ៏តូចមួយរូប ទាំងគ្នាស្រែកយំ លើកដៃសំពះអង្វ សុំការសណ្ដោស​ចំពោះ​ខ្លួន​នោះ?

គ្មាន«សិទ្ធិមនុស្ស»ទេ សម្រាប់បណ្ដាជនម៉ូស្លីម...

បណ្ដាជនម៉ូស្លីម នៅក្នុងប្រទេសកាន់សាសនាឥស្លាមជាច្រើន បានផ្ទុះកំហឹងឡើង ហើយបន្ទោស​ទៅអង្គការ​សហប្រជាជាតិវិញថា បានបិទភ្នែក មិនមើលឃើញពីសកម្មភាព «រំលោភសិទ្ធិមនុស្ស» ដែលកំពុង​កើត​មាន នៅ​ក្នុង​ប្រទេសភូមា និងដែលបានបង្ហាញ តាមរយៈវីដេអូទាំងនេះ។ អ្នកខ្លះបាននិយាយថា៖ «សិទ្ធិមនុស្ស មិន​មាន​សម្រាប់​បណ្ដាជនម៉ូស្លីមទេ»។

ប៉ុន្តែមកដល់ថ្ងៃនេះ អភូតហេតុដ៏អស្ចារ្យបានថមថយទៅវិញ ហើយការខឹងសម្បារ បានវិលត្រឡប់ ទៅរក​ភាព​ស្ងប់​ស្ងៀម​វិញ បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយ នៅក្នុងប្រទេសកម្ពុជា បានចុះផ្សាយជាច្រើនអត្ថបទ និង​ជា​ច្រើន​ថ្ងៃ ទាក់ទងនឹងហេតុការណ៍នេះ ដែលបានកើតឡើង នៅក្នុងទឹកដីកម្ពុជា នៃខេត្តមណ្ឌលគិរី។

រងឥទ្ធិពល ពីគ្រឿងញៀន...

ទីភ្នាក់ងារព័ត៌មានអន្តរជាតិធំៗ ដែលមានបណ្ដាញរបស់ពួកគេ នៅក្នុងប្រទេសកម្ពុជា ក៏បានជួយលាង​សម្អាត​មន្ទិស នៅក្នុងសំនុំរឿង ធ្វើទារុណកម្មទៅលើកុមារនេះដែរ។ ទីភ្នាក់ងារព័ត៌មានបារាំង «AFP» បានផ្សាយថា បុរស​មាន​ដើមកំណើតហូឡង់ ដែលមានអាយុ៥៣ឆ្នាំ ត្រូវបាន​តុលាការ​ខេត្ត​ផ្ដន្ទាទោស ឲ្យជាប់ពន្ធនាគារ ពី​បទ​​សម​គំនិត និងលាក់ភស្តុតាង ខណៈ​បុរស​ជាតិ​វៀតណាម បាន​រត់​គេច​ខ្លួន ត្រឡប់ទៅ​​ប្រទេស​វៀតណាម​វិញ មុន​នឹង​​ត្រូវ​អាជ្ញាធរ​នៅទីនោះ ចាប់ខ្លួន។ សារព័ត៌មាន​វៀតណាម បាន​​រាយការណ៍​​ថា បុរសជាជន​សង្ស័យ​​រូប​នេះ បានសារភាព ថាពិតជាបានធ្វើទារុណកម្ម​លើ​ទារក​​ដ៏តូច​​នោះ​​មែន តែថា​នៅពេល​ធ្វើ​សកម្មភាព​​នោះ ខ្លួន​​​បាន​​​រង​ក្រោម​​​ឥទ្ធិពល​​​​គ្រឿងញៀន។

ចំពោះរដ្ឋាភិបាល​ភូមាវិញ ដែលបានចេញសេចក្ដីប្រកាសព័ត៌មាន បដិសេធចំពោះវីដេអូនេះ បានវាយបក ត្រឡប់​ទៅ​សារព័ត៌មានធំៗ ដែលបាន​ចេញផ្សាយ​រឿងនេះ ទាំងមិនបានដឹងហេតុការណ៍ពិត ថានោះ​គឺជា​យុទ្ធនាការ ដែល​ផលិត​ឡើង ដើម្បីបំផ្លាញរូបភាព របស់ប្រទេសខ្លួន។

យ៉ាងណាក៏ដោយ សម្រាប់របាយការណ៍ផ្លូវការ របស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា បណ្ដាជន​ម៉ូស្លីម​ភាគ​តិច «Rohingya» ដែលរស់នៅ​ក្នុង​​ភាគពាយ័ព្យ នៃប្រទេសភូមា បានរងនូវការ «បោសសម្អាត» យ៉ាង​ចាស់​ដៃ ពីសំណាក់យោធាភូមា។ មកដល់ពេលនេះ បណ្ដាជនម៉ូស្លីមទាំងនោះ មាន​ចំនួន​ប្រមាណជា ២០ ០០០ នាក់​ហើយ ដែលបានរស់ភៀសខ្លួន ចេញពីលំនៅដ្ឋានរបស់ពួកគេ ហើយបានរត់ឆ្លងដែន មក​ជ្រក​កោន​នៅ​ក្នុង​ប្រទេស​ជិត​ខាង។ ជនភៀសខ្លួនខ្លះ បានរៀបរាប់ពីរឿងរ៉ាវដ៏អាក្រក់ៗ ដែលក្រុម​យោធា​បាន​ធ្វើ ទៅ​លើ​ពួក​គេ ក្នុង​នោះ​មាន​ការ​ចាប់​រំលោភ សេពសន្ធវៈ ការធ្វើ​ទារុណកម្ម ឃាតកម្ម និងការកាប់សម្លាប់ ដោយ​ចេញ​មុខ៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់