​វៀតណាម​សម្ពោធ​សាលា​រៀន​បណ្ដែត​ទឹក​ថ្មី នៅ​កំពង់​ឆ្នាំង

លើផ្ទៃទន្លេសាប ក្នុងតំបន់ឆ្នុកទ្រូ ស្រុកបរិបូរណ៍ នៃខេត្តកំពង់ឆ្នាំង សាលារៀនថ្មីមួយទៀត របស់​សហគមន៍​វៀតណាម បានកើតជារូបរាងឡើង និងត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការ កាលពីថ្ងៃទី៦ ខែធ្នូកន្លង​មក ក្រោម​ការ​ទំនុក​បំរុង ពី​សំណាក់​ក្រុង​ហូជីមិញ ស្ថានទូតវៀតណាម ប្រចាំនៅកម្ពុជា និង​សមាគម​ជន​កម្ពុជា​មា​ន​​ដើម​​កំណើត​​វៀត​ណាម​ ប្រចាំក្នុងខេត្តមួយនេះ ដែលមានជនជាតិវៀតណាមរស់នៅ មិនតិច​ជាង​១០ ០០០​នាក់។ នេះបើតាម​ការ​ផ្សាយ​ឲ្យ​ដឹង របស់ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ របស់​វៀតណាម ឈ្មោះ «VNA»។
​វៀតណាម​សម្ពោធ​សាលា​រៀន​បណ្ដែត​ទឹក​ថ្មី នៅ​កំពង់​ឆ្នាំង
នៅពីមុខសាលារៀនបណ្ដែតទឹក របស់សហគមន៍ជនជាតិវៀតណាម នៅលើផ្ទៃទន្លេសាប។ (រូបថត VNA)
  • ដោយ: កេសរ កូល ([email protected]) - ភ្នំពេញ ថ្ងៃទី០៧ ធ្នូ ២០១៦
  • កែប្រែចុងក្រោយ: December 09, 2016
  • ប្រធានបទ: អន្តោប្រវេសន៍វៀតណាម
  • អាន និងបញ្ចេញយោបល់

សាលារៀនបណ្ដែតទឹកមួយខ្នង ដែលមានបីបន្ទប់ (បន្ទប់ការិយាល័យមួយ សម្រាប់សាស្ត្រាចារ្យ និងបន្ទប់​ថ្នាក់​រៀនចំនួន២ទៀត) សម្រាប់ទទួល​កុមារ​ជិត​១០០នាក់ ឲ្យចូលមកសិក្សា ទើបនឹងពន្លេចខ្លួនឡើង និង​ត្រូវ​បាន​​សម្ពោធដាក់ឲ្យប្រើប្រាស់ កាលពីថ្ងៃទី៦ ខែធ្នូកន្លងមក ដោយស្ថានទូតវៀតណាម និង​សមាគម​ជន​កម្ពុជា​​មាន​​​ដើម​​កំណើត​វៀត​ណាម​ ប្រចាំក្នុងខេត្តកំពង់ឆ្នាំង។ នេះបើតាមប្រភពផ្ទាល់កន្លែង ដែលទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ ទទួលបាន។

តែសម្រាប់ទីភ្នាក់ងារព័ត៌មានផ្លូវការ របស់ប្រទេសកុម្មុយនីសវៀតណាម ឈ្មោះ «VNA» បានអះអាងថា គ្រឹះស្ថាន​សិក្សាថ្មី មានលទ្ធភាពទទួលកុមារៗ បានរហូតដល់ទៅជិត ២០០នាក់ ពីសំណាក់​​ជនជាតិ​វៀតណាម​រស់នៅ​ឯ​ក្រៅ​ប្រទេស (ភាសាវៀតណាមហៅ «Viet kieu») ដែលមានចំនួន​យ៉ាង​ហោច ៦០០​គ្រួសារ និងដែលកំពុងរស់ក្នុង​តំបន់ឆ្នុកទ្រូ ស្រុកបរិបូរណ៍ នៃខេត្តកំពង់ឆ្នាំង។

សាលារៀននេះ នឹងជួយកុមារៗ ដែលមានដើមកំណើតវៀតណាម និងរស់នៅឯបរទេស ហើយមាន​ភាព​ពិបាក ក្នុងការស្វែងរកសាលារៀន នៅក្នុងកន្លែង​ដែលពួកគេកំពុងរស់នៅ ឲ្យ​ពួក​គេ​យល់ អំពើដើមកំណើត​របស់​ពួក​គេ និងជួយទំនុកបំរុងពួកគេ ឲ្យក្លាយជា «ពលរដ្ឋល្អ» នៅ​ក្នុងសង្គម។ នេះ​បើតាមការថ្លែងអះអាង របស់​លោក «Nguyen Manh Cuong» ទទួលបន្ទុកសហគមន៍ របស់ស្ថានទូត​វៀតណាម ប្រចាំ​​នៅ​​កម្ពុជា ដែល​​បាន​​ថ្លែង​​នៅក្នុ​ងពិធីសម្ពោធ បើកឲ្យប្រើប្រាស់នូវសាលារៀនខាងលើនេះ មុននឹង​ធ្វើការ​​ចែក​​អំណោយ ទៅ​ឲ្យ​កុមារៗ​នៅ​ទី​នោះ ប្រមាណជា ១៤០នាក់។

គឺក្រុងហូជីមិញ ជាអ្នកចំណាយទឹកប្រាក់ ចំនួន ៣៦ ០០០ដុល្លារ ក្នុងការសាងសង់សាលារៀននេះឡើង។ លោក «Le Thi Tham» សាស្ត្រាចារ្យ​ដើម​កំណើត​វៀតណាម​មួយរូប បានថ្លែងនៅក្នុងឱកាសដដែលនោះ អរគុណ​ទៅ​ដល់​ក្រុងហូជីមិញ និងស្ថានទូតវៀតណាម ព្រមទាំងបានសន្យាថា លោក​នឹង​ព្យាយាម​​ផ្ទេរ​ចំណេះ​ដឹង របស់លោក ដែលមានទាំងប៉ុន្មាន ទៅឲ្យកុមារទាំងនោះ ដើម្បីឲ្យក្លាយជា «ពលរដ្ឋល្អ​របស់ប្រទេស»។

ទីភ្នាក់ងារព័ត៌មានផ្លូវការ «VNA» បានរាយការណ៏បន្ថែមថា ក្នុងខេត្តកំពង់ឆ្នាំង នៃប្រទេសកម្ពុជានេះ មាន​ជន​ជាតិ​វៀតណាមរស់នៅជាច្រើន មិនតិច​ជាង​មួយ​ម៉ឺន​នាក់ឡើយ ហើយភាគច្រើនពីក្នុងចំណោមនោះ ប្រកប​មុខ​របរ ជា​អ្នក​នេសាទ៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់