អតីត​នាយក​រដ្ឋមន្ត្រី​បារាំង ជាប់​ជា​បេក្ខជន​ផ្លូវការ​សម្រាប់​តំណែង​ប្រធានាធិបតី

លោក ហ្វ្រង់ស៊័រ ហ្វីយ៉ុង (François Fillon) អតីត​នាយករដ្ឋមន្ត្រី​អភិរក្សនិយម របស់​ប្រទេស​បារាំង ក្នុង​សម័យ​កាល​ របស់លោក​ប្រធានាធិបតី នីកូឡា សាកូហ្សី (Nicolas Sarkozy) បានក្លាយជាបេក្ខជនផ្លូវការ របស់​គណបក្ស​អ្នកសាធារណរដ្ឋ (ស្ដាំនិយម) ហើយ សម្រាប់​ឈានទៅរក​ការ​បោះឆ្នោត​​ប្រធានាធិបតី​បារាំង នៅ​ក្នុង​ឆ្នាំ​២០១៧​ខាង​មុខ។
អតីត​នាយក​រដ្ឋមន្ត្រី​បារាំង ជាប់​ជា​បេក្ខជន​ផ្លូវការ​សម្រាប់​តំណែង​ប្រធានាធិបតី
លោក ហ្វ្រង់ស៊័រ ហ្វីយ៉ុង យកដៃដាក់នៅលើទ្រូង បន្ទាប់ពីទទួលជ័យជំនះ ក្នុងការបោះឆ្នោតបឋម ឈានទៅ​រកតំណែង ជាប្រធានាធិបតី​បារាំង ឆ្នាំ២០១៧។ (រូបថត Fillon2017.fr)
  • ដោយ: ដ. កែវ ([email protected]) - ប៉ារីស ថ្ងៃទី២៨ វិច្ឆិកា ២០១៦
  • កែប្រែចុងក្រោយ: November 29, 2016
  • ប្រធានបទ: នយោបាយបារាំង
  • អាន និងបញ្ចេញយោបល់

ពីក្នុងចំណោមអ្នកឈរឈ្មោះ នៅក្នុងការបោះឆ្នោតបឋម នៃក្របខណ្ឌគណបក្សអ្នកសាធារណរដ្ឋ (Les Républicains - LR - មាននិន្នាការស្ដាំ និងកណ្ដាលនិយម) ដើម្បីឈាន​ទៅ​ជ្រើសរើស​បេក្ខជនផ្លូវការ តែ​ម្នាក់​គត់ សម្រាប់ការបោះឆ្នោតប្រធានាធិបតីបារាំង ឆ្នាំ២០១៧នោះ មានដូចជាលោក នីកូឡា សាកូហ្សី (Nicolas Sakozi) អតីតប្រធានាធិបតី លោក អាឡាំ ហ្សីពប៉េ (Alain Juppé) អតីតនាយករដ្ឋមន្ត្រី និង​លោក ហ្វ្រង់ស៊័រ ហ្វីយ៉ុង (François Fillon)។

ប៉ុន្តែលោក ហ្វ្រង់ស៊័រ ហ្វីយ៉ុង បានបង្កការភ្ញាក់ផ្អើល តាំងពីការបោះឆ្នោតបថម ជុំទីមួយ ដែលបាន​ប្រព្រឹត្តិទៅ នៅថ្ងៃទី ២០ ខែវិច្ឆិកាកន្លងទៅ ដោយ​សារ​តែ​នៅ​ក្នុង​ការស្ទង់មតិ ជាច្រើន​នាពេលកន្លងមក មិនបាន​បង្ហាញ​ថា លោកមានសម្លេងគាំទ្រ ពីសំណាក់សមាជិកគណបក្ស យ៉ាងភ្លូកទឹក​ភ្លូកដី​ដូច្នេះ​ឡើយ។ នៅពេលនោះ លោក ហ្វីយ៉ុង ទទួលបានសម្លេងគាំទ្រ រហូតដល់ទៅ ៤៤,១% ឈ្នះពីលើលោក ហ្សីពប៉េ ដែលទទួលបាន ២៨,៦% ខណៈអតីត​ប្រធានាធិបតី លោក នីកូឡា សាកូហ្សី បានស្ថិតនៅលេខរៀងទីបី ដោយ​ទទួល​បាន​ការ​គាំទ្រ ប្រមាណជា២០,៧%។

ប៉ុន្តែលទ្ធផលជាផ្លូវការ បានចេញជាស្ថាពរហើយ បន្ទាប់ពីការបោះឆ្នោតបឋមជុំទីពីរ កាលពីថ្ងៃអាទិត្យទី២៧ ខែវិច្ឆិកាម្សិលម៉ិញ ដោយមានបេក្ខជនពីររូប គឺលោក ហ្វីយ៉ុង និងលោក ហ្សីពប៉េ ដែលទទួលបានការគាំទ្រ​ច្រើនជាងគេ នៅជុំទីមួយ មកឈរឈ្មោះ។ លោក ហ្វ្រង់ស៊័រ ហ្វីយ៉ុង អាយុ៦២ឆ្នាំ ទទួល​បានការ​គាំទ្រ​ដ៏​លើស​លប់ ប្រមាណជា ៦៦,៥% ឈ្នះដាច់ពីលើលោក អាឡាំង ហ្សីពប៉េ អាយុ៧១ឆ្នាំ ដែលទទួលបានតែ ៣៣,៥%​ប៉ុណ្ណោះ។

នៅចំពោះអ្នកគាំទ្រជាច្រើនសិបនាក់ នៅទីស្នាក់ការរបស់លោក ដើម្បីរៀបចំយុទ្ធនាការឃោសនានោះ លោក ហ្វីយ៉ុង បានថ្លែងឡើងថា៖ «វាគឺជា​ជ័យជំនះ​មួយ ដែលមានលក្ខណៈគ្រឹះ ចេញមកពីទឹកចិត្ត និង​បេះដូង (...) គម្រោង​នយោបាយរបស់ខ្ញុំ ត្រូវបាន (ម្ចាស់ឆ្នោត) យល់យ៉ាងច្បាស់ ហើយ​ប្រទេសបារាំង មិន​អាច​អត់​ទ្រាំ នឹងការដួលបះជើង បានតទៅទៀតទេ។ ប្រទេសបារាំងចង់បានការពិតមួយ និងប្រទេសបារាំង ចង់​បាន​ការ​អនុវត្តន៍ ឲ្យចេញ​ជា​រូបរាង​ច្បាស់​លាស់។»។


ចំពោះបេក្ខជនចាញ់ឆ្នោត លោក អាឡាំង ហ្សីពប៉េ វិញ បានប្រកាសទទួលស្គាល់ ការបរាជ័យរបស់ខ្លួន ហើយ​ដើម្បី​ប្រទេស​បារាំងមួយ ដែល«សុខសាន្ដ និងរួបរួម» លោកបានសម្ដែង​ការគាំទ្ររបស់លោក ត្រឡប់​ទៅ​លោក ហ្វីយ៉ុង សម្រាប់ការបោះឆ្នោតប្រធានាធិបតី នាពេលខាងមុខ។ យ៉ាងណា លោក ហ្សីពប៉េ នៅ​បាន​ធ្វើ​ឲ្យ​គេ​យល់ ពីគម្រោងនយោបាយ «កណ្ដាលនិយម»មួយ របស់លោក ដែលឈានទៅកែទម្រង់​​ដ៏​ស៊ី​ជម្រៅ តែគ្មាន​ការ​ប៉ះទង្គិចខ្លាំងក្លា ទៅដល់សង្គមជាតិ និងប្រទេសបារាំង។

សម្រាប់អ្នកតាមដាន នយោបាយបារាំងច្រើននាក់ បានគិតរួចជាស្រេចថា ជ័យជំនះរបស់លោក ហ្វ្រង់ស៊័រ ហ្វីយ៉ុង នឹងធ្វើឲ្យនយោបាយបារាំង ឈាន​ទៅរករបត់ថ្មីមួយ ជាពិសេស​នៅចំពោះ​ភាព«បរាជ័យ» នៃ​រដ្ឋាភិបាល​របស់​លោកប្រធានាធិបតី ហ្វ្រង់ស៊័រ ហូឡង់ (François Hollande) ដែលចេញពី​គណបក្ស​សង្គម​និយម (Socialiste - PS - មាននិន្នាការ​ឆ្វេងនិយម - កំពុងកាន់អំណាចសព្វថ្ងៃ)។ ពួកគេបានគិតថា ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតីបារាំង នាឆ្នាំ២០១៧​ខាងមុខ អ្នកដែលទទួលបានជ័យជំនះ នៅក្នុងជុំទីមួយ ប្រាកដ​ណាស់ គឺបានទៅលើ ហ្វ្រង់ស៊័រ ហ្វីយ៉ុង និងអ្នកស្រី ម៉ារីន ឡឺពេន (Marine Le Pen) ប្រធានគណបក្ស​រណសិរ្យ​ជាតិ (Front National - FN - មាននិន្នាការ​ស្ដាំនិយមជ្រុល)។

យ៉ាងណា រឿងរ៉ាវនយោបាយ ពិតជាមិនអាច​ត្រូវបានទាយទុកមុន សម្រាប់អនាគតនោះឡើយ ជាពិសេស ប្រសិនជាគណបក្សឆ្វេងនិយមទាំងអស់ ងាក​មករក​កំណែទម្រង់ ដើម្បីប្រទេសបារាំងមួយ «ខ្លាំង និង​រីក​ចម្រើន» ដើម្បីប្រឈម​ទៅនឹងការងើបឡើង របស់ចលនាស្ដាំនិយមទាំងអស់​ខាងលើ៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់