ប្អូន​ស្រី​បង្កើត​របស់ ហ្វីដែល កាស្ត្រូ មិន​ទៅ​ធ្វើ​បុណ្យ​សព​បង​ខ្លួន

ស្ត្រី ដែលបានរស់នៅនិរទេសខ្លួន តាំងពីទសវត្សន៍ឆ្នាំ៦០ មកនោះ បាន​អះអាងថា អ្នកស្រីនឹងមិន​ទៅចូលរួម​ធ្វើ​បុណ្យសព របស់​បងប្រុស​បង្កើត​របស់​អ្នកស្រី ដែលជា«បីតាបដិវត្តន៍» នៃប្រទេសគុយបា និងដែលទើប​នឹង​ទទួល​មរណភាព ក្នុង​អាយុ៩០ឆ្នាំ កាលពីថ្ងៃសុក្រមុន នោះឡើយ។
ប្អូន​ស្រី​បង្កើត​របស់ ហ្វីដែល កាស្ត្រូ មិន​ទៅ​ធ្វើ​បុណ្យ​សព​បង​ខ្លួន
អ្នកស្រី ជ័នីតា កាស្ត្រូ និងលោក ហ្វីដែល កាស្ត្រូ។ (រូបថតឯកសារ)
  • ដោយ: សុបិន្ដ ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី២៧ វិច្ឆិកា ២០១៦
  • កែប្រែចុងក្រោយ: November 29, 2016
  • ប្រធានបទ: ជីវិត
  • អាន និងបញ្ចេញយោបល់

អ្នកស្រី ជ័នីតា កាស្ត្រូ (Juanita Castro) ប្អូនស្រីបង្កើត របស់«បីតាបដិវត្តន៍ដ៏មហិមា» របស់ប្រទេសគុយបា ដែលទើបនឹងធ្វើមរណភាព កាលពីថ្ងៃ​សុក្រ​សប្ដាហ៍មុន បានថ្លែងនៅមួយថ្ងៃក្រោយមកថា អ្នកស្រីនឹង​«មិន»​ទៅ​​លា​​ជាលើកចុងក្រោយ ឬចូលរួមធ្វើបុណ្យសព​បងប្រុស​របស់អ្នកស្រី នោះឡើយ។

រស់នៅនិរទេសខ្លួន ក្នុងក្រុងមីអាមី (Miami) ភាគអាគ្នេយ៍នៃសហរដ្ឋអាមេរិក តាំងពីទសវត្សន៍ឆ្នាំ៦០នោះមក អ្នកស្រី ជ័នីតា បានថ្លែង ទៅកាន់​សារព័ត៌មាន «Nuevo Herald» ថា៖ «ដោយសារ​មាន​ពាក្យ​ចចាមអារាម ដ៏​អកុសល ថាខ្ញុំនឹងត្រឡប់ ទៅប្រទេសគុយបា ដើម្បីចូលរួម​ធ្វើបុណ្យ​សព​នោះ នាពេលនេះ ខ្ញុំសូមបញ្ជាក់ថា គ្មានពេល​ណា​មួយ សូម្បីតែបន្តិច ដែលខ្ញុំនឹកឃើញត្រឡប់ ទៅជាន់កោះ (គុយបា) នោះវិញឡើយ។ ខ្ញុំ​មិន​ទាន់​​គិត​​ថា នឹងត្រូវ​ធ្វើរឿងនេះ ក្នុងពេលបច្ចុប្បន្នទេ។»។

មរណភាពរបស់លោក ហ្វីដែល កាស្ត្រូ ក្នុងជន្នាយុ៩០ឆ្នាំ បានបង្កឲ្យមានអំណរសាទរយ៉ាងខ្លាំងក្លា ពី​សំណាក់​សហគមន៍ពលរដ្ឋអាមេរិកាំង ដែលមាន​ដើម​កំណើត​គុយបា និងដែលកំពុងរស់នៅ ក្នុង​សហរដ្ឋ​អាមេរិក។

នៅចំពោះហេតុការណ៍នេះ អ្នកស្រី ជ័នីតា បានបញ្ជាក់ ពីមនោរសញ្ចេតនារបស់អ្នកស្រីថា៖ «ខ្ញុំមិន​សប្បាយ​ចិត្ត នឹងការស្លាប់របស់នរណាម្នាក់ឡើយ ក្នុងនាម​ជាមនុស្សដូចគ្នា ហើយក៏កាន់​​តែមាន​ភាព​ក្រៀមក្រំ​​ណាស់​ដែរ ចំពោះមរណភាព​របស់មនុស្សម្នាក់ ដែលមានឈាមជ័រ និងមាននាមត្រកូល​ដូចខ្ញុំ។ ក្នុងនាម​ជា​ប្អូន​ស្រី​របស់ ហ្វីដែល ខ្ញុំមានអារម្មណ៍​នៅពេលនេះ ថាវាជាការបាត់បង់​​មនុស្សម្នាក់ នៅក្នុងឈាមជ័រតែមួយ។»។

លោក ហ្វីដែល កាស្ត្រូ កើតចេញពីត្រកូលមួយ ដែលមានបងប្អូនប្រុសស្រី ចំនួន៧នាក់ ក្នុងចំណោមនោះ មាន​លោក រ៉ាអ៊ូល កាស្ត្រូ (Raul Castro) អាយុ​៨៥ឆ្នាំ ដែលសព្វថ្ងៃជាប្រធានាធិបតី របស់ប្រទេសគុយបា និង​អ្នកស្រី ជ័នីតា កាស្ត្រូ អាយុ៨៣ឆ្នាំ ដែលបានគេចខ្លួន ចេញពីរបបដឹកនាំ របស់​បងប្រុស​របស់​អ្នកស្រី។

អ្នកស្រី ជ័នីតា បានមករស់នៅ ក្នុងក្រុងមីអាមី នាឆ្នាំ១៩៦៤ និងបានធ្វើការរិះគន់រដ្ឋាភិបាលក្រុង ឡាហាវាន (la Havane - រដ្ឋធានីនៃប្រទេសគុយបា) ជា​ចំហរ។ អ្នកស្រីបានទទួលស្គាល់ ដោយខ្លួនអ្នកស្រីថា នៅ​ក្នុង​យុទ្ធនាការ​មួយ ឈ្មោះ «Donna» (នៅក្នុងសម័យកាលសង្គ្រាមត្រជាក់) អ្នកស្រីបាន​​ដើរ​តួនាទី​​យ៉ាង​​សំខាន់ ជាមួយ​ភ្នាក់ងារសំងាត់ «CIA» អាមេរិក ដើម្បីធ្វើការផ្ដួលរលំ របបដឹកនាំ​​របស់​​បង​ប្រុស​​អ្នកស្រី៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់