បីតា​បដិវត្តន៍​គុយបា ហ្វីដែល កាស្ត្រូ ទទួល​មរណភាព

គឺប្អូនប្រុសរបស់លោក និងជាប្រធានាធិបតីបច្ចុប្បន្ន លោក រ៉ាអ៊ូល កាស្ត្រូ (Raul Castro) ជាអ្នក​ប្រកាស​ពី​មរណភាព របស់​បីតា​បដិវត្តន៍ «ដ៏មហិមា» នៃប្រទេស​គុយបា ឈ្មោះ ហ្វីដែល កាស្ត្រូ (Fidel Castro)។
បីតា​បដិវត្តន៍​គុយបា ហ្វីដែល កាស្ត្រូ ទទួល​មរណភាព
លោក ហ្វីដែល កាស្ត្រូ កាន់ទង់ជាតិគុយបា ថ្លែងទៅកាន់ប្រជាជាតិ។ (រូបថតឯកសារ)

លោក ហ្វីដែល កាស្ត្រូ (Fidel Castro) បីតាបដិវត្តន៍គុយបា បានទទួលមរណភាពហើយ នៅក្នុងជន្មាយុ​៩០ឆ្នាំ កាលពីយប់ថ្ងៃសុក្រ សប្ដាហ៍មុន។ គឺលោក រ៉ាអ៊ូល កាស្ត្រូ (Raul Castro) ប្អូនប្រុស​អាយុ​៨៥ឆ្នាំ​របស់​លោក និងជាប្រធានាធិបតីគុយបាបច្ចុប្បន្ន ជាអ្នកប្រកាសដំណឺងមួយនេះ ដែលសម្រាប់ជនមួយភាព ជា​ភាព​សោក​សៅ និងសម្រាប់ជនមួយភាគទៀត ជាភាពសប្បាយរីករាយដ៏ធំបំផុត។

លោក រ៉ាអ៊ូល កាស្ត្រូ បានអានសេចក្ដីប្រកាស និងផ្សាយតាមកញ្ចក់ទូរទស្សន៍ជាតិថា៖ «អគ្គមេបញ្ជាការ នៃ​បដិវត្តន៍​គុយបា បានទទួលមរណភាព នៅម៉ោង២២ និង២៩នាទី យប់ថ្ងៃនេះ (ថ្ងៃសុក្រ)»។

ប្រធានាធិបតីគុយបា មិនបានថ្លែងបញ្ជាក់ ពីមូលហេតុដែលបណ្ដាល ឲ្យបងប្រុសរបស់លោក ស្លាប់​នោះ​ឡើយ។ លោក រ៉ាអ៊ូល បានបន្តទៀតថា សាកសពលោក ហ្វីដែល នឹងត្រូវយកទៅបូជា។ លោក​អះអាង​ថា៖ «សាកសពរបស់សមមិត្ត ហ្វីដែល នឹងត្រូវយកទៅបូជា នៅព្រឹកព្រហាមថ្ងៃសៅរ៍ ដើម្បីឲ្យស្រប​តាម​បំណង របស់សមមិត្តផ្ទាល់។ រីឯបុណ្យឧទ្ធិស និងគោរពវិញ្ញាណក្ខន្ធ នឹងត្រូវបញ្ជាក់នៅពេលក្រោយ។»

លោក ហ្វីដែល កាស្ត្រូ ដែលជាជនកុម្មុយនីស និយមលិទ្ធិម៉ាក្ស៍ ដ៏មុតមាំមួយរូបនេះ បានដឹកនាំ​ការ​ប្រយុទ្ធ​ប្រឆាំង នឹងអ្វីដែលលោកហៅថា ជាបន«ប្រតិកិរិយា ចក្រពត្តិ» (ជាពិសេសប្រឆាំងអាមេរិក ដែលនៅ​ក្បែរ​នោះ) ហើយបានដាក់ឲ្យមាន នូវរបប«សង្គមនិយម»ដ៏តឹងតែងមួយ នៅកោះគុយបា អស់​រយៈកាល​ជាង​កន្លះ​សតវត្សន៍​មក​ហើយ។

នៅឆ្នាំ២០០៦ លោកបានផ្ទេរអំណាចរបស់លោក ទៅឲ្យប្អូនប្រុស លោក រ៉ាអ៊ូល បន្ទាប់ពីលោក​បាន​រង​គ្រោះ នឹងជំងឺហូរឈាមតាមពោះវៀន។ នៅខែមេសា ឆ្នាំ២០១១ លោកបានទម្លាក់ចោល នូវការ​ទទួល​ខុស​ត្រូវ​គ្រប់​បែប​យ៉ាង បើសូម្បីតែតំណែងរបស់លោក ជាលេខា«បក្សកុម្មុយនីសគុយបា» ដែលហៅកាត់​តាម​ភាសា​អេស្ប៉ាញ PCC ក៏លោកបានប្រគល់ ទៅឲ្យប្អូនប្រុសលោកដែរ។

រវាងពីខែកុម្ភៈ ឆ្នាំ២០១៤ មកទល់នឹងខែមេសា ឆ្នាំ២០១៥ អតីតមេដឹកនាំ ដែលប្រើកណ្ដាប់ដៃដែក ក្នុង​ការ​គ្រប់​គ្រង​ប្រទេសរូបនេះ មិនបានបង្ហាញខ្លួន ជាសាធារណៈសោះឡើយ និងបានបង្កឲ្យមាន ជាពាក្យ​ចចាម​អារ៉ាម​ជា​ច្រើន ពីការចុះទ្រុតទ្រោមខ្លាំង នៃស្ថានភាពសុខភាព​របស់លោក។ ប៉ុន្តែចាប់ខែមេសា ឆ្នាំ២០១៥​នោះ​មក ប្រមាណជាមួយឆ្នាំកន្លះ លោក ហ្វីដែល បានបង្ហាញខ្លួនឡើងវិញ ដោយបានចុះផ្សាយ នូវ​គំនិត​ទស្សនៈ​របស់​លោក និងជាពិសេស បានទទួលជួបជាមួយ មេដឹកនាំ និងឥស្សរជនបរទេស​ជា​ច្រើន​នាក់ នៅ​ក្នុង​គេហដ្ឋានរបស់លោក៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់