ពលរដ្ឋម៉ាឡេស៊ី​ច្រើន​ម៉ឺន​នាក់ ទាមទារ​ឲ្យ​នាយរដ្ឋមន្ត្រី​ចុះ​ចេញ​ពី​តំណែង

ពលរដ្ឋម៉ាឡេស៊ី​រាប់ម៉ឺននាក់ បានចុះដើរ​​នៅតាមដងផ្លូវ​ និងទីលាន​សំខាន់ៗ​មួយចំនួន នៃរាជធានីកូឡាឡំពួរ កាល​ពី​ចុង​​សប្ដាហ៍​​កន្លង​ទៅ​នេះ ដើម្បីទាមទារទៅលោក ណាជីព រ៉ាហ្សាក់ (Najib Razak) នាយករដ្ឋមន្ត្រី​របស់​​ពួកគេ ឲ្យ​ចុះ​ចេញ​​ពី​តំណែង។ នាយករដ្ឋមន្ត្រីរូបនេះ កំពុងរងការសង្ស័យ ពីការជាប់​ពាក់ព័ន្ធ ក្នុង​ការកេង​បន្លំ​ថវិកា​មួយ ដ៏​សម្បើម។
ពលរដ្ឋម៉ាឡេស៊ី​ច្រើន​ម៉ឺន​នាក់ ទាមទារ​ឲ្យ​នាយរដ្ឋមន្ត្រី​ចុះ​ចេញ​ពី​តំណែង
ទិដ្ឋភាពហ្វូងពលរដ្ឋម៉ាឡេស៊ី ដែលបានចុះធ្វើបាតុកម្ម នៅតាមដងផ្លូវ ដើម្បីទាមទារឲ្យនាយករដ្ឋមន្ត្រី ចុះ​ចេញ​ពីតំណែង។ (រូបថតលើទ្វីសធើរ)

មានទំហំប្រហាក់ប្រហែល នឹងបាតុកម្មដែលបានកើតឡើង កាលពីចុង​ខែសីហា ឆ្នាំ២០១៥នោះដែរ ពលរដ្ឋ​ម៉ាឡេស៊ីច្រើនម៉ឺននាក់ បានត្រឡប់មកធ្វើការទាមទារ របស់ពួកគេឡើងវិញ ស្នើសុំឲ្យលោក ណាជីព រ៉ាហ្សាក់ (Najib Razak) ចុះចេញពីតំណែង ជានាយករដ្ឋមន្ត្រី។ ការចុះដើរតាមដងផ្លូវ ធ្វើបាតុកម្ម តាម​ការ​អំពាវនាវ​របស់​​ចលនាមួយ​ឈ្មោះ «Bersih» នោះ ថែមទាំងបានទាមទារ ឲ្យមានការ​កាត់​ទោស ទៅ​លើ​លោក ណាជីព នោះផងទៀត។

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីព រ៉ាហ្សាក់ កំពុងរងការចោទប្រកាន់ ពីការជាប់ពាក់ព័ន្ធដ៏អាស្រូវ ថា​បាន​កេងបន្លំថវិកា នៅក្នុងក្រុមហ៊ុនរដ្ឋមួយឈ្មោះ «1 Malaysia Development Berhad (1MDB)» ដែល​បង្កើត​ឡើង​ដោយ​លោក ណាជីព ផ្ទាល់ បន្ទាប់ពីលោកបានឡើង​កាន់អំណាច ជាប្រមុខរដ្ឋាភិបាល របស់​រាជាណាចក្រ​សហព័ន្ធ​ម៉ាឡេស៊ី ក្នុងឆ្នាំ២០០៩។ រហូតមកដល់សព្វថ្ងៃ ក្រុមហ៊ុន​មានប្រាក់​​បំណុល​​របស់​ខ្លួន ច្រើន​ជាង​១០កោដដុល្លារ ខណៈលោក ណាជីព រ៉ាហ្សាក់ ត្រូវបានសង្ស័យថា បានកិបកេង​ទឹក​ប្រាក់​នោះ ប្រមាណ​ជា៦៥០លានដុល្លារ។

ជុំវិញរឿងអាស្រូវខាងលើ ភាពតានតឹងបានផ្ទុះឡើង តាំងពីច្រើនសប្ដាហ៍ហើយ ជាពិសេស​បន្ទាប់​ពី​ការ​គម្រាម របស់ក្រុម«អាវក្រហម» ដែលគាំទ្រ​រដ្ឋាភិបាល​លោក ណាជីព  ថាក្រុមខ្លួននឹងតបតរ ទៅ​ក្រុម​«អាវ​លឿង» ដែលមាននិន្នាការប្រឆាំងនោះ យ៉ាងចាស់ដៃ។ នៅប៉ុន្មានម៉ោងមុនបាតុកម្ម អាជ្ញាធរ​ម៉ាឡេស៊ី​​បាន​​ប្រកាស​ស្វែង​រក​ចាប់​ខ្លួន មេដឹកនាំចលនា «Bersih»។ ប៉ុន្តែការចាប់ខ្លួនណាមួយនោះ អាចនឹង«ចាក់ប្រេង»​ដុត​បញ្ឆេះ​ស្ថានការណ៍ ដែល​កំពុង​តានតឹងនេះ ឲ្យមានសភាព​កាន់តែដុនដាបទៅៗ។

យ៉ាងណា គេមិនឃើញ​មានអំពើហិង្សាណាមួយ ត្រូវបានរាយការណ៍ឲ្យដឹង នៅក្នុងបាតុកម្ម កាលពីចុង​សប្ដាហ៍​នេះទេ ខណៈកងកម្លាំងប្រឆាំងកុបកម្ម​ ត្រូវបានដាក់ពង្រាយ សឹងនៅគ្រប់ច្រក នៃរាជធានី​កូឡាឡំពួរ ហើយកំណាត់ផ្លូវជាច្រើន ត្រូវបានបិទមិនឲ្យធ្វើចរាចរណ៍។  ក្រុមបាតុករមានគម្រោង​​ដង្ហែ​ក្បួន​របស់ពួកគេ ឆ្ពោះទៅកាន់ទីលាន«ឯករាជ្យ» ដែលស្ថិតនៅកណ្ដាលរាជធានី តែអាជ្ញាធរ​បាន​បិត​តំបន់​នោះ​ជុំជិត និង​គ្មាន​បាតុករ​ណា​ម្នាក់ បានដើរចូលទៅដល់នោះទេ។

«Bersih» មានន័យថា «ស្អាតស្អំ»...

កាលពីថ្ងៃសុក្រ លោក ណាជីព រ៉ាហ្សាក់ បានថ្លែងតាមរយៈប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ការអំពាវនាវ​ឲ្យ​ធ្វើ​បាតុកម្ម ពីសំណាក់ចលនា«Bersih» ជារឿងគួរឲ្យខ្មាសអៀន និងមានចរិត ជាការផ្ដួលរំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់ ដែល​កើត​ចេញ​ពីការបោះឆ្នោត តាមបែប​«ប្រជាធិបតេយ្យ»។

«Bersih» ដែលជាភាសាម៉ាឡេ និងមានន័យជាខេមរភាសា ថា«ស្អាតស្អំ» គឺជាចលនាមួយ ដែល​បាន​កើត​ឡើង​ពី​ការ​ចង​សម្ព័ន្ធភាព ​នៃក្រុមអង្គការ​សមាគម​ក្រៅ​រដ្ឋាភិបាល​ជាច្រើន ដែលបានធ្វើការ​តស៊ូមតិ​តាំង​ពីច្រើន​ឆ្នាំ​មក​ហើយ ស្នើសុំឲ្យមានការកែទម្រង់មួយ ទៅលើប្រព័ន្ធបោះឆ្នោត។ ប៉ុន្តែនៅក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ ការប្រមែប្រមូល​បណ្ដាជន​មកធ្វើបាតុកម្ម របស់ចលនានេះ បានសង្កត់ធ្ងន់​ទៅលើ តែ​រឿង​អាស្រូវ​របស់​ក្រុមហ៊ុន​រដ្ឋ «1MDB» ខាងលើប៉ុណ្ណោះ៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់