សំពត់​រ៉ូប​របស់ មូនរ៉ូ ស្លៀក​ជូនពរ​ប្រធានាធិបតី​អាមេរិក ថ្លៃ​ជិត​៥លាន​ដុល្លារ

សំពត់រ៉ូប របស់កំពូលស្ត្រីស្អាតអាមេរិក នាង ម៉ារីលីន មូនរ៉ូ (Marilyn Monroe) ដែលនាងបានពាក់ ដើម្បី​ច្រៀង​ជូនពរ «បុណ្យ​ខួប​កំណើត»ប្រធានាធិបតី ចន កេណឺឌី (John Kennedy) ត្រូវបានលក់ដាច់ ក្នុងតម្លៃ​ជិត​៥លាន​ដុល្លារ​អាមេរិក នៅក្នុងការដាក់​លក់​ដេញថ្លៃមួយ នាទីក្រុង ឡូសអេនជឺឡេស កាលពីចុង​សប្ដាហ៍​មុន។
សំពត់​រ៉ូប​របស់ មូនរ៉ូ ស្លៀក​ជូនពរ​ប្រធានាធិបតី​អាមេរិក ថ្លៃ​ជិត​៥លាន​ដុល្លារ
នាង ម៉ារីលីន មូនរ៉ូ ច្រៀងជូនពរ ថ្ងៃបុណ្យខួបកំណើតប្រធានាធិបតី កេណឺឌី និងសំពត់រ៉ូប ដែលនាងស្លៀកនៅថ្ងៃនោះ។ (រូបថតឯកសារ និង AFP)

ថ្ងៃនោះ ក្នុងឆ្នាំ១៩៦២ ជាថ្ងៃបុណ្យខួបកំណើត របស់ប្រធានាធិបតីអាមេរិក លោក ចន កេណឺឌី (John Kennedy) ហើយកំពូលស្ត្រីស្អាត នាង ម៉ារីលីន មូនរ៉ូ (Marilyn Monroe) ត្រូវបានអញ្ជើញជាកិត្តិយស ដើម្បី​ឡើងច្រៀងចម្រៀងជូនពរ ក្នុងពិធីដ៏ធំ ដែលរៀបចំឡើង នៅក្រុងញ៉ូយក។ តារាដ៏ចិញ្ចាចចិញ្ចែង នៅ​ក្នុង​ទសវត្សន៍​ឆ្នាំ៦០រូបនេះ បានស្នើជាងកាត់ដេរ ជាតិបារាំងម្នាក់ឈ្មោះ «Jean Louis» ឲ្យកាត់សំពត់រ៉ូប​ដ៏​ពិសេស​មួយ ដើម្បីរុំខ្លួនប្រាណនាង សម្រាប់ឱកាសដ៏កម្រ នៃការចម្រើនវ័យ ៤០ឆ្នាំ របស់លោក ចន កេណឺឌី។

សំពត់រ៉ូប ដែលមានប៉ាក់ដោយដៃ នូវគ្រាប់ឌិនប្រមាណជា ២៥០០០គ្រាប់នោះ ជាការកាត់ដេរដ៏ពិសេស និង​ដោយផ្ទាល់ ធ្វើជាមួយដងខ្លួនរបស់នាង មូនរ៉ូ តែម្ដង។ នៅពេលនោះ នាង មូនរ៉ូ បានចំណាយ ទៅឲ្យ​ជាង​កាត់​ដេរ​បារាំង ក្នុងតម្លៃ១២ ០០០ដុល្លារអាមេរិក។ តែកាលពីសប្ដាហ៍មុន សំពត់រ៉ូបដ៏ចំណាស់ ត្រូវ​បាន​លក់​ដាច់ ក្នុង​តម្លៃ៤,៨លានដុល្លារ (ប្រមាណជា៤,៥លានអ៊ឺរ៉ូ) ក្នុងការដាក់លក់ដេញថ្លៃមួយ នៅក្នុងទីក្រុង ឡូស​អេនជឺឡេស (Los Angeles)។

អ្នកដែលទិញយកសំពត់រ៉ូបនេះ ជាសារមន្ទីរអាមេរិក ឈ្មោះ «Ripley's Believe It or Not» ដែលមាន​ជំនាញ​ខាង​ធ្វើពិពណ៌ ពីវត្ថុពិសេសៗ និងចម្លែកៗ។

បើសិនជាតម្លៃនេះ បានបំបែកឯកត្តកម្ម ព្រោះជាតម្លៃមិនធ្លាប់មានពីមុន សម្រាប់វត្ថុ ឬសម្ភារៈប្រើប្រាស់ របស់​តារាល្បីរូបនេះក៏ដោយ តែប្រវត្តិសាស្ត្រ និងនយោបាយ របស់ប្រទេសអាមេរិក ដែល​មាន​ជាប់ ជាមួយ​នឹង​សំពត់​រ៉ូបនេះ ពិតជាមិនអាច យកមកតថ្លៃ ដាក់លក់ដូច្នេះបានឡើយ។

ដូចការថ្លែង​របស់លោក «Darren Julien» នាយកស្ថាប័នដេញថ្លៃ «Julien's Auctions» បានប្រាប់​ឲ្យ​ដឹង​ថា៖ «សំពត់រ៉ូបនេះ ជាភស្តុតាងមួយផ្នែក នៃប្រវត្តិសាស្ត្រ និងនយោបាយ ដែលជាប់​ទាក់ទង​នឹង​ត្រកូល កេណឺឌី និងសម្រាប់រូបនាង មូនរ៉ូ ផ្ទាល់។ ជាពិភពមួយ របស់ហូលីវូដ។ ជា​ការ​រចនា​ម៉ូដ ហើយក៏ជាភាព​សោក​សង្រេង​ដែរ ដែលបានកើតឡើង នៅជាមួយសំពត់នេះ។»។

សូមរំលឹកដែរថា បីខែបន្ទាប់ពីថ្ងៃបុណ្យខួបកំណើត របស់ប្រធានាធិបតី កេណឺឌី នោះរួច នាង ម៉ារីលីន មូនរ៉ូ ត្រូវបានគេប្រទះឃើញស្លាប់ នៅក្នុងផ្ទះរបស់នាង ក្នុងវ័យទើបតែ ៣៦ឆ្នាំប៉ុណ្ណោះ។ របាយការណ៍​របស់​គ្រូ​ពេទ្យ បានគិតថា ការស្លាប់របស់តារា ជាការធ្វើអត្តឃាត។ តែមរណភាពនេះ បានបន្សល់ទុក​រហូត​ដល់​សព្វ​ថ្ងៃ នូវការសង្ស័យ ថាជា«ឃាតកម្មនយោបាយ» បង្កើតឡើងដោយក្រុមភ្នាក់ងារសហព័ន្ធ «FBI» ឬក្រុម​ចារកម្ម​សំងាត់​ «CIA» របស់អាមេរិក៕

» ចម្រៀងរបស់នាង ជូនពរប្រធានាធិបតី កេណឺឌី ជាមួយសំពត់រ៉ូបខាងលើ៖


Loading...

អត្ថបទទាក់ទង


មតិ-យោបល់