ទំព័រ​ហ្វេសប៊ុក​ក្រសួង​មួយ​ប្រកាស​«ក្ស័យធន់» ខណៈ ហ៊ុន សែន អួតពី​«eGovernment»

នៅខណៈពេល ដែលនាយករដ្ឋមន្ត្រី តែងថ្លែងមិនដាច់ពីមាត់ អួតអាងពីការដឹកនាំបែបថ្មី ដែលលោកហៅថា បែប​«e-Govement»នោះ ទំព័រហ្វេសប៊ុកផ្លូវការ របស់ក្រសួងរដ្ឋមួយ បានប្រកាសផ្អាកការផ្សាយ ហើយ​អាច​នឹង​ឈាន ទៅ​«បិត​ទំព័រ»​ជា​ស្ថាពរ​តែ​ម្ដង។ មូលហេតុ? ព្រោះគ្មានថវិកា។
ទំព័រ​ហ្វេសប៊ុក​ក្រសួង​មួយ​ប្រកាស​«ក្ស័យធន់» ខណៈ ហ៊ុន សែន អួតពី​«eGovernment»
ខាងឆ្វេង៖ រូបសញ្ញា របស់ក្រសួងធម្មការ និងសាសនា។ ខាងស្ដាំ៖ លោក ហ៊ុន សែន កាន់ទូរស័ព្ទចំនួនពីរ នៅក្នុងដៃ។ (រូបថតហ្វេសប៊ុក)
  • ដោយ: ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី១៨ វិច្ឆិកា ២០១៦
  • កែប្រែចុងក្រោយ: November 18, 2016
  • ប្រធានបទ: ជ្រុងមួយ
  • អាន និងបញ្ចេញយោបល់

នៅពេលដែល «ការពិត» មានកម្លាំងខ្លាំងជាងអ្វីទាំងអស់...

នៅចំពោះការកែទម្រង់ថ្មី របស់រដ្ឋាភិបាលលោក ហ៊ុន សែន ដែលបានកំណត់ ឲ្យគ្រប់ស្ថាប័នរដ្ឋទាំងអស់ ចាំបាច់ត្រូវមានយ៉ាងហោច ក៏ទំព័រហ្វេសប៊ុក​ផ្លូវការ​មួយ​​រៀង​ខ្លួន​នោះ នៅថ្ងៃសុក្រនេះ ទំព័រហ្វេសប៊ុកផ្លូវការ របស់ក្រសួងធម្មការ និងសាសនា បែរជាប្រកាសផ្អាកការផ្សាយរបស់ខ្លួន ហើយអាច​ឈាន​ដល់ ការ​«បិត​ចោល»​តែម្ដង។ មូលហេតុ ត្រូវបានអ្នកទទួលខុសត្រូវ ដែលបានកាន់ទំព័រនេះ តាំងពីច្រើនឆ្នាំមក​ហើយ អះអាង​ថា បណ្ដាល​មកពី​«ក្ស័យធន់»។

សារអក្សរដាក់ជារូបថតមួយ ត្រូវបានបង្ហោះ​នៅលើទំព័រនេះ ដោយបញ្ជាក់ថា ក្រុមការងារដែល​មាន​សមាជិក​ចំនួន​៨នាក់ ធ្លាប់បានទទួល​ការជួយឧបត្ថម្ភ ថ្លៃ «Internet» និងប្រាក់ឧបត្ថម្ភផ្សេងៗ ចំនួន ៥០០.០០០៛ (ហាសិបម៉ឺនរៀលគត់) ពីក្រសួង។ ប៉ុន្តែបន្ទាប់ពីពេលនោះមក ពោលគឺចាប់ដើមឆ្នាំ២០១៦ រហូត​មក​ដល់​ថ្ងៃនេះ ពួកគេមិនបានទទួលការឧបត្ថម្ភអ្វីទាំងអស់។ សារនោះ បានបន្ថែមឲ្យដឹងទៀតថា មិន​ត្រឹម​តែ​ប៉ុណ្ណឹង បើ​សូម្បី​តែ​ថ្លៃ​ភ្ជាប់​សេវាកម្ម «Internet» ក៏ក្រុមការងារ​​ទទួល​ខុសត្រូវ​ទំព័រ​​ហ្វេសប៊ុក របស់​ក្រសួង​មួយនេះ ត្រូវ​ចេញ​ពី​«ហៅប៉ៅ»ផ្ទាល់ខ្លួនដែរ។

សារដដែល ដែលទំនងជាសរសេរឡើង ដោយលោក មាស សំណាង ប្រធានក្រុមការងារ បានបញ្ជាក់ថា៖ «ហេតុនេះ ក្នុងនាមខ្ញុំ និងក្រុមការងារ សូមសម្រាក ឫឈប់ទាំងស្រុង បើក្នុងករណី​រកថវិកាមិនបាន»។

ប៉ុន្តែមកទល់នឹងល្ងាចថ្ងៃសុក្រនេះ ទំព័រហ្វេសប៊ុកខាងលើ បានចេញមកប្រកាសឡើងវិញថា ទំព័រខ្លួន​នឹង​ធ្វើការ​ផ្សព្វផ្សាយព៌ត័មាន ស្តីពីសកម្មភាពក្រសួង ចាប់ពីថ្ងៃស្អែកនេះតទៅ ក្រោយមាន«បញ្ហាបន្តិច​បន្តួច»។ រីឯ​សារអក្សរជារូបថតខាងលើ ដែលត្រូវបានបង្ហោះ កាលពីព្រឹកម៉ិញនេះ បានរលប់ចេញពីទំព័រ​ទៅ​ហើយ។

សកម្មភាពបង្ហោះផ្សាយ នៅលើទំព័រហ្វេសប៊ុក «ក្រសួងធម្មការ និងសាសនា/Ministry of Cult and Religion» ដែលមានអ្នកតាមដាន ចូលចិត្ត ប្រមាណជិត២ម៉ឺននាក់ ត្រូវបានឃើញចុងក្រោយបំផុត ក្នុង​ថ្ងៃ​នេះ កាលពី១០ម៉ោងមុខ ដែលជាការបង្ហោះរូបថត នៃការសំណេះសំណាល របស់លោក ហ៊ុន សែន ជា​មួយ​អាចារ្យ​-អាចារិនី មកពីទូទាំងប្រទេស នៅសាលសន្និសីទចតុមុខ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦។ ប៉ុន្តែ នៅ​មុន​ការបង្ហោះនេះ គេឃើញ​ការបង្ហោះ​ ដែលធ្វើឡើងតាំងពីថ្ងៃទី ១១ ខែតុលាកន្លងទៅ និងមុនហ្នឹងទៀត គឺជា​ការ​បង្ហោះ​ព័ត៌មាន នៅថ្ងៃទី៩ ខែកញ្ញា ទាក់ទងនឹងមរណភាព របស់​លោក មិន ឃិន អតីត​រដ្ឋមន្ត្រី​ធម្មការ និង​សាសនា។

បើទោះជានៅតាមក្រសួង-មន្ទីរ ស្ថាប័នរដ្ឋភាគច្រើន ក្នុងប្រទេសកម្ពុជា បានបោះជំហាន ដើរឲ្យទាន់​តាម​បច្ចេកវិទ្យា ជាពិសេសការបង្កើត ឲ្យមានទំព័រហ្វេសប៊ុកផ្ទាល់ស្ថាប័ន ក្នុងគោលបំណងជូនដំណឹង ឆាប់​រហ័ស និង​ងាយ​ស្រួល ឲ្យសាធារណជន​បានដឹង​នោះក៏ដោយ តែទំព័រហ្វេសប៊ុក​របស់ស្ថាប័នមួយចំនួន ត្រូវ​បាន​បង្កើត​មក ដើម្បីគ្រាន់តែឲ្យល្អមើល មិនសូវមានទិន្នន័យ និងដើម្បីគ្រាន់តែផ្សាយបន្ត នូវសកម្មភាព​របស់​​«សម្ដេច​តេជោ»​ប៉ុណ្ណោះ។ សកម្មភាពនេះ ផ្ទុយគ្នាស្រឡះពី ការគ្រប់គ្រងបែប «eGovernment» ដែល​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីបីទសវត្សន៍ជាងរបស់កម្ពុជា តែងថ្លែងមិនដាច់ពីមាត់។

យ៉ាងណា ការថ្លែងរបស់លោក ហ៊ុន សែន ក្នុងពេលកន្លងមក ទាក់ទងការគ្រប់គ្រង​បែប «eGovernment» នេះ បានសំដៅទៅលើរូបលោក ឬទំព័រហ្វេសប៊ុករបស់លោក តែមួយគត់។ ដូចជាការថ្លែង របស់លោក ហ៊ុន សែន នៅក្នុងពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់អគារមួយ នៃសាកលវិទ្យាល័យ វិទ្យាសាស្ដ្រសុខាភិបាល កាល​ពីពាក់កណ្ដាលខែមិថុនា យ៉ាងដូច្នេះថា៖ «តាំង​​ពី​ខ្ញុំ​លេង​ហ្វេសប៊ុកមក ទទួលសំណូមពរពីគ្រប់ទិស ហើយ​ស្ដាប់​បាន​រឿង រួចហើយពិចារណាយល់ និង​ដោះស្រាយ»។

បុរសខ្លាំងកម្ពុជា បានបន្តទៀតថា៖ «អញ្ចឹង បានជាផេក (Page-ទំព័រ) ហ្វេសប៊ុករបស់ខ្ញុំ ដែលមានអ្នកគាំទ្រ (?) ជិតបួនលានកន្លះ - ខ្ញុំមិនប្រណាំងប្រជែង ជាមួយនរណាទាំងអស់ - ប៉ុន្តែខ្ញុំប្រើហ្វេសប៊ុក តាម​របៀប​រដ្ឋាភិបាល​​​​អេឡិចត្រូនិក eGovernment»៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់