បុរស​ម្នាក់​នេះ កំពុង​ព្យាយាម​ហែល​ឆ្លង​មហា​សាគរ​អាត្លង់ទីក

មកដល់ថ្ងៃនេះ បុរសជាតិអង់គ្លេសឈ្មោះ ប៊េន ហូភើរ (Ben Hooper,) បានហែលនៅក្នុង​មហា​សមុទ្រ​អាត្លង់ទិក បាន​​ប្រមាណ​ជា ៦០គីឡូម៉ែត្រហើយ បើប្រៀបធៀប ទៅនឹងការចេញដំណើរ ពីឆ្នេរឈូងសមុទ្រ «Hann» ជាប់​រដ្ឋធានី «Dakar» នៃប្រទេស​សេណេហ្គាល់ (ទ្វីបអាហ្វ្រិកខាងលិច) កាលពីជាងមួយ​អាទិត្យ​មុន។ នេះ​​បើ​តាម​ការ​អះអាង នៅលើទំព័រផ្លូវការរបស់ក្រុមការងារ របស់លោក ប៊េន ដែលចង់បំបែកឯកត្តកម្ម ក្នុង​ការ​ឆ្លង​​មហា​សមុទ្រ​អាត្លង់ទីក ដោយ​ការ«ហែល​ទឹក»។
បុរស​ម្នាក់​នេះ កំពុង​ព្យាយាម​ហែល​ឆ្លង​មហា​សាគរ​អាត្លង់ទីក
លោក ប៊េន ហូភើរ និងសកម្មភាពហែលទឹកសមុទ្ររបស់លោក។ (រូបថតផ្តិតពីវីដេអូ)

បន្ទាប់ពីការ​រៀបចំ ដែលប្រើរយៈពេល​បីឆ្នាំកន្លះនោះមក លោក ប៊េន ហូភើរ (Ben Hooper) ជាតិអង់គ្លេស​អាយុ​៣៨ឆ្នាំ បានហក់ប្រូងទៅក្នុងទឹកសមុទ្រ នៅចំពោះ​អ្នក​សារព័ត៌មាន​ច្រើន​នាក់ កាលពីព្រឹក​ថ្ងៃអាទិត្យ​ទី១៣ ខែ​វិច្ឆិកា​កន្លង​មក ដើម្បីឆ្លងមហាសមុទ្រអាត្លង់ទីក ដោយ«ការហែល»។ បុរស​ដ៏​ក្លាហាន នឹង​ត្រូវ​ហែល​​ទឹក​​សមុទ្រ ក្នុង​រយៈ​ចំងាយ​ប្រមាណជា ៣០២៧គីឡូម៉ែត្រ រវាងរដ្ឋធានី ដាកា នៃប្រទេសសេនេហ្គាល់ (ទ្វីប​អាហ្វ្រិក​ខាង​លិច) ឆ្ពោះ​ទៅ​កាន់​ឆ្នេរ​ខាងកើត នៃប្រទេសប្រេស៊ីល។

ការចេញដំណើរនេះ ទទួលការខកខាន​ជាច្រើនដងហើយ បើធៀបនឹងគម្រោង ដែលចង់ចេញដំណើរ នៅ​ថ្ងៃ​ទី១ ខែវិច្ឆិកា។ តែមកដល់ថ្ងៃទី២៣ ខែវិច្ឆិកា​នេះ លោក ប៊េន ហូភើរ បានហែលនៅក្នុងសមុទ្រ បាន​ចំងាយ​ប្រមាណ​ជា ៦០គីឡូម៉ែត្រហើយ។ នេះ បើតាមការឲ្យដឹង នៅលើគេហទំព័រ «Swim The Big Blue» ដែល​ជា​គេហទំព័រ​ផ្លូវការ នៃក្រុមការងារដ៏សកម្ម របស់លោក ប៊េន។

» រូបភាពផ្តិតពីអេក្រង់ របស់គេហទំព័រ បង្ហាញពីចំណុច ដែលលោក ហូភើរ កំពុងស្ថិតនៅ៖

ប៉ុន្តែលោក ហូភើរ មិនមែនចុះហែលទឹកសមុទ្រ តែម្នាក់ឯងនោះទេ ដោយហេតុថា លោកមានក្រុម​ការងារ​របស់​លោក ប្រមាណជាង១០នាក់ បានជិះនៅលើកាណូតមួយ ដើម្បីអមដំណើរលោក ក្នុងពេលដែល​លោក​ហែល​ទឹក​នោះ។ ការបំបែកឯកត្តកម្មនេះ នឹងត្រូវប្រើរយៈពេលប្រាំខែ ដោយក្នុងមួយថ្ងៃ លោក ហូភើរ គ្រោង​ហែល​ទឹក ក្នុងរយៈពេល៧ម៉ោង។ លោកបានពន្យល់ថា៖ «ដូចព្រឹកនេះអញ្ចឹង យើងនឹង​ចំណាយ​ពេល​៣ម៉ោង ដើម្បីការហែលទឹកនេះ ហើយបន្ទាប់មក យើងនឹងសម្រាក (នៅលើកាណូត ដែលអមដំណើរ) និង​ក្រោយ​មកទៀត យើងនឹងត្រឡប់មកក្នុងទឹកវិញ ដើម្បីបន្តហែលទឹក នៅក្នុងវគ្គទីពីរទៀត»។

លោក ប៊េន ហូភើរ មានអតីតភាព ជាមន្ត្រីនគរបាលអង់គ្លេសមួយរូប។ លោកធ្លាប់បានថ្លែង នៅក្នុង​កិច្ច​សម្ភាស​មួយ ទៅឲ្យទីភ្នាក់ងារព័ត៌មានបារាំង «AFP» ថាគម្រោងដ៏អស្ចារ្យនេះ ត្រូវបានលោករៀបចំ​ធ្វើ​ឡើង ដើម្បី​ជា​ការ​ជំនក់​ចិត្ត​មួយ និងដើម្បីផ្ដល់«ន័យ» សម្រាប់ជីវិតរបស់លោក បន្ទាប់ពីលោកបានខូចចិត្ត នៅ​ពេល​លោក​មាន​អាយុ​២៧ឆ្នាំ រហូតដល់ថ្នាក់សម្រេចចិត្ត ដើរចេញពីការងារ ជាភ្នាក់ងារនគរបាល នៅពេលនោះ។ លោក​បាន​អំពាវនាវ ឲ្យមានការជួយឧបត្ថម្ភ ហើយប្រាក់ដែលទទួលបាន នឹងត្រូវបញ្ជូន​ទៅឲ្យ​សមាគម​មនុស្ស​ធម៌ ផ្នែក​សុខភាព និង​សង្គមកិច្ច៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់