អ្នក​លក់​ដូរ​កញ្ច្រែង​ល្អី ក្នុង​សម័យ​តេជោ មាន​សំណាង?

អ្នកលក់ដូរកញ្ច្រែងល្អី នៅតាមដងផ្លូវនានា ត្រូវបានលើកលែង មិនឲ្យ​បង់​ប្រាក់ តាមការបង្គាប់របស់អាជ្ញាធរ និង​ស្ថាប័ន​ពាក់ព័ន្ធ ដូចមុនៗ​ទៀត​ហើយ។ នេះ​បើតាមសារាចរថ្មី ចេញផ្សាយ​ដោយ​រដ្ឋាភិបាល​​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី៩ ខែធ្នូ ឆ្នាំ២០១៦នេះ។
អ្នក​លក់​ដូរ​កញ្ច្រែង​ល្អី ក្នុង​សម័យ​តេជោ មាន​សំណាង?
លោក ហ៊ុន សែន ចុះសួរអ្នកលក់«ទំពាំងបាយជូរ» នៅតាមទីផ្សារ ក្នុងខេត្តមួយ។ (រូបថតលើហ្វេសប៊ុក)

ជាសារាចរ ដែលមានអត្ថន័យយោង យ៉ាងខ្លីដូច្នេះថា «ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ និង​លើកកម្ពស់​ជីវភាព​របស់​​ពលរដ្ឋ ព្រមទាំង​កែលម្អ​សេវាសាធារណៈ ​ជូន​ប្រជាពលរដ្ឋ» និងអមដោយសំណេរ របស់លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅលើទំព័រហ្វេសប៊ុករបស់លោក បន្ថែម ថាលោក«បានតាមដាន យ៉ាង​យកចិត្ត​ទុក​ដាក់ ចំពោះ​ជីវភាព​រស់នៅ របស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូន ដែលមានមុខរបរលក់ដូរតូចតាច នៅ​តាម​ផ្សារ ដែល​ជួប​ការ​លំបាក»។

«សម្រេច​លុប​ចោល​ ការបង់​ភាស៊ី និង​ការបង់ថ្លៃ​ផ្សេងៗ​ទៀត ចំពោះ​ការលក់ដូរ​របស់​ពល​រដ្ឋ​តាម​កញ្ច្រែង កញ្ជើ ល្អី នៅតាម​ទីផ្សារ​ទូទាំងប្រទេស» នេះ​បើគេ​អាន​សេចក្ដី ដែលមានសរសេរនៅលើសារាចរ ចុះ​ហត្ថលេខា​ដោយលោក ហ៊ុន សែន ផ្ទាល់ នៅថ្ងៃសុក្រ ទី៩ ខែធ្នូ ឆ្នាំ២០១៦នេះ ដែល​លោក​បាន​បញ្ជាក់ថា ជា​សារាចរ​ដែល​ធ្វើឡើង បន្ទាប់ពីលោកបានពិភាក្សា ជាមួយរដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុរួច។

សារាចរនោះ បានឲ្យ​និយមន័យ​ នៃ​ការលក់ដូរ​តាម​កញ្ច្រែង កញ្ជើ ល្អី ថា​ជាការ​លក់ដូរ​ របស់​ព​ល​រដ្ឋ​តាម​កញ្ច្រែង កញ្ជើ ល្អី តូចតាច នៅ​ទីកន្លែង​លក់ដូរ និង​ទីផ្សារ​ទូទាំងប្រទេស ដោយ​ដាក់លក់​កសិផល​ ដំណាំ​ដាំ​ដុះ និង​​ផល​ពី​ដំណាំ​ធម្មជាតិ និង​កន្លែង​លក់ដូរ​ មាន​លក្ខណៈ​បណ្ដោះអាសន្ន​។ មិនត្រឹម​តែ​បញ្ឈប់ មិន​ឲ្យ​ពលរដ្ឋ​​អ្នក​លក់​​ដូរ​ទាំងនោះ មិនបង់ប្រាក់នោះទេ តែសារាចរនៅបង្គាប់បន្ថែម ទៅកាន់អាជ្ញាធររដ្ឋធានី ខេត្ត​ក្រុង ឲ្យ​យក​ចិត្ត​​ទុក​​ដាក់ រៀបចំកន្លែង​លក់ដូរ និងធានាផ្នែក​សន្ដិសុខ អនាម័យ សុវត្ថិភាព និង​បរិស្ថាន​ជូន​ពលរដ្ឋ​ទាំង​នោះ​ថែម​ទៀត។

សារាចរពិសេសៗ នៅជិតពេលបោះឆ្នោត...

មានការគាំទ្រជាទូទៅ ជាពិសេសពីសំណាក់ អ្នកគាំទ្ររដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ទៅលើ​ខ្លឹមសារ​នៃសារាចរខាងលើ។ តែសម្រាប់​មតិ​មួយចំនួន បានបង្ហាញនូវភាពចម្លែក នៅត្រង់ថា លោក ហ៊ុន សែន ទើប​​នឹង​​តាម​ដាន​​ពីជីវភាព របស់ពលរដ្ឋទាំងនោះ នៅពេលនេះ និងនៅចំពេល ដែល​ការបោះឆ្នោត ជិតឈាន​មក​ដល់។ មតិ​មួយ​ចំនួន​ទៀត បានជជែកចូលជ្រៅបន្ថែមថា ចំណាត់ការរបស់លោក ហ៊ុន សែន មិន​បាន​និយាយ​ដល់​ជន​ខិលខូច​ទាំងឡាយ ដែលកន្លងមក តែងជំរិតយកប្រាក់ ពីពលរដ្ឋអ្នកលក់ដូរទាំងនោះ ហើយ​មិន​យក​ទៅ​ដាក់ ចូល​ថង់ប្រាក់របស់​រដ្ឋនោះទេ តែបែរជា​ដាក់ចូល​ហោប៉ៅខ្លួនឯង យ៉ាងសង្ហា​​ទៅ​វិញ។

ប៉ុន្តែយ៉ាង​ហោចណាស់ ក៏ជាសំណាងមួយដែរ សម្រាប់អ្នកលក់ដូរកញ្ច្រែង ញ្ជើរ ល្អី ទាំងនោះ បើទោះជាគេ​មិន​ដឹងថា តើសារាចរនេះមានសុពលភាព ដល់ពេលណា និងមានប្រសិទ្ធិភាព ដល់កម្រិតណាក៏ដោយ៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់