មន្ត្រី​ចិន​ជាន់ខ្ពស់​ម្នាក់ នឹង​ត្រូវ​ដឹកនាំ​​នគរបាល​អន្តរជាតិ

មន្ត្រីជាតិចិនមួយរូប នឹងត្រូវឡើងមកកាន់តំណែង ជាប្រធានស្ថាប័ន «នគរបាល​អន្តរជាតិ» ដែលមាន​ទីស្នាក់ការ​ធំ នៅ​ទីក្រុង​លីយ៉ុង ប្រទេស​បារាំង។ ជាព្រឹត្តិការណ៍​ដំបូង​បំផុត មិនដែលកើតមាន នៅក្នុងស្ថាប័ន​អន្តរជាតិ​​មួយ​​នេះ ប៉ុន្តែ​ការជ្រើសតាំងនេះ ក៏ទទួលរង​នូវការរិះគន់​យ៉ាង​ខ្លាំង​ក្លា​​ណាស់​ដែរ។
មន្ត្រី​ចិន​ជាន់ខ្ពស់​ម្នាក់ នឹង​ត្រូវ​ដឹកនាំ​​នគរបាល​អន្តរជាតិ
លោក ម៉េង ហុងវៃ អនុរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈចិន ដែលនឹង​ឡើង​ធ្វើជា​ប្រធាននគរបាលអន្តរជាតិ។ (រូបថត News China)
  • ដោយ: សេក មនោរកុមារ ([email protected]) - បារីស ថ្ងៃទី១០ វិច្ឆិកា ២០១៦
  • កែប្រែចុងក្រោយ: November 11, 2016
  • ប្រធានបទ: ឧក្រិដ្ឋកម្មឆ្លងដែន
  • អាន និងបញ្ចេញយោបល់

អនុរដ្ឋមន្ត្រីនៃក្រសួងសន្តិសុខសាធារណៈ របស់ប្រទេសចិនកុម្មុយនីស លោក ម៉េង ហុងវៃ (Meng Hongwei) ត្រូវបានជ្រើសតាំង ឲ្យឡើងមក​ដឹកនាំ​«នគរបាលអន្តរជាតិ (Interpol)» បន្ត​តំណែង​ពី​ប្រធាន​មុន នៃ​ស្ថាប័ន​មួយនេះ ដែលជាជនជាតិបារាំង គឺអ្នកស្រី មៀរ៉ៃ បាឡេស្ត្រាហ្សី (Mireille Ballestrazzi)។ នេះ​បើ​តាម​លទ្ធផល នៃមហាសន្និបាទធំប្រចាំឆ្នាំ របស់ស្ថាប័នអន្តរជាតិនេះ កាលពីប៉ុន្មានថ្ងៃមុន នៅ​លើ​កោះបាលី នៃ​ប្រទេស​ឥណ្ឌូនេស៊ី។

ការជ្រើសតាំងមន្ត្រី មកពីប្រទេសចិន ដើម្បីធ្វើជាមេដឹកនាំ «នគរបាលអន្តរជាតិ» នេះ ត្រូវបានគេមើល​ឃើញថា នឹងជួយ​បង្ក​ភាព​ងាយ​ស្រួល ដល់មហា​អំណាចកុម្មុយនីស ដើម្បីតាមប្រមាញ់​ជន​ល្មើស​«ឆ្លង​ដែន»​ទាំងឡាយ ដែលជាប់សង្ស័យក្នុងសំនុំរឿងឧក្រិដ្ឋ រឿងពុករលួយ និងបទរំលោភ​ផ្នែកសេដ្ឋកិច្ច ហើយ​កំពុង​រស់​នៅ​ឯ​បរទេស។

គួរជម្រាបដែរថា តាំងពីការឡើងមកកាន់តំណែង ជាប្រធានាធិបតីនៃប្រទេសចិន ក្នុងឆ្នាំ២០១២នោះមក លោក ស៊ី ជីងភីង (Xi Jinping) បានបង្កើតយុទ្ធនាការមិនឈប់ឈរ ដើម្បីប្រឆាំងនឹងអំពើពុករលួយ។

យុទ្ធនាការមួយ ដែលមានឈ្មោះ «Skynet» បានចាប់ក្រសោបយកជនជាប់សង្ស័យ ប្រមាណជា ៤០៩នាក់ ក្នុងបទល្មើសពុករលួយ ឲ្យត្រឡប់ចូលមកប្រទេសចិនវិញ កាលពីចុងខែកញ្ញាកន្លងទៅ។ នេះបើតាម​ការ​ផ្សាយ​ឲ្យដឹង របស់សារព័ត៌មានផ្លូវការ របស់របបកុម្មុយនីស ឈ្មោះ «ចិនថ្មី (New China)»។

ប៉ុន្តែយុទ្ធនាការទាំងនោះ ត្រូវបានក្រុមអ្នកឃ្លាំមើល ចាត់ទុកថា មានលក្ខណៈនយោបាយ និងដើម្បី​ប៉ះប៉ូវ​មុខ​មាត់ ឲ្យគណបក្សកុម្មុយនីសចិន ដែលជាគណបក្សដឹកនាំប្រទេសតែមួយគត់។ ហើយនីតិវិធី ដែលធ្វើ​ឡើង ដើម្បី​នាំ​ខ្លួនជនសង្ស័យ ត្រឡប់ចូលមកទទួលការផ្ដន្ទាទោស នៅក្នុងប្រទេសចិនវិញ ក៏តែង​រង​ការ​រិះគន់ថា មិនមាន​ភាព​ត្រឹមត្រូវ តាមគតិយុទ្ធនោះដែរ ជាពិសេសនៅក្នុងប្រទេស (ក្នុងនោះ ក៏មានប្រទេសកម្ពុជា​មួយ​ដែរ) ដែលជនសង្ស័យ បានស្នើសុំសិទ្ធិជ្រកកោន ដើម្បីគេចចេញ ពីការចាប់ខ្លួនរបស់អាជ្ញាធរចិន។

លោក «William Nee» អ្នកជំនាញមួយរូប ប្រចាំប្រទេសចិន ពីអង្គការលើកលែងទោសអន្តរជាតិ (ហៅ​តាម​ភាសា​អង់គ្លេស និងបារាំង Amnesty International) បានសម្ដែងក្ដីបារម្ភ ទាក់ទងនឹងការជ្រើស​តាំងមន្ត្រី​ជាន់​ខ្ពស់​ចិន ជាប្រធាននគរបាលអន្តរជាតិ ប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង «AFP» ថា ប្រទេសចិន​នឹង​ពិត​ជា​ប្រើ​ប្រាស់​តំណែងនេះ ដើម្បីស្វែងរកចាប់ខ្លួន​ក្រុមអ្នកប្រឆាំង ដែលកំពុងរស់នៅភៀសខ្លួន ឯបរទេស។

អ្នកជំនាញបានថ្លែងឲ្យដឹងថា៖ «តាមអ្វីដែលយើងបានដឹង ប្រទេសចិនធ្លាប់ប្រើប្រាស់នគរបាលអន្តរជាតិ ដោយរំលោភជាច្រើនដងរួចមកហើយ ដើម្បីតាមចាប់ខ្លួន ក្រុមអ្នកប្រឆាំងជនជាតិភាគតិច អ៊ីហ្គួរ ខណៈ​ពួក​គេ​ទាំង​នោះ មិនគួរត្រូវបានចាប់បញ្ជូនខ្លួនសោះឡើយ បើតាមច្បាប់អន្តរជាតិ»។

«នគរបាលអន្តរជាតិ» ដែលជាស្ថាប័នអន្តរនគរបាល មានទីស្នាក់ការកណ្ដាល នៅទីក្រុងលីយ៉ុង (Lyon ភាគ​ខាងត្បូង) ប្រទេសបារាំង ហើយមានប្រទេសជាសមាជិក ប្រមាណជា១៩០ប្រទេស នៅ​ជុំ​វិញ​ផែនដី។ ប្រទេស​កម្ពុជា បានប្រើប្រាស់​«នគរបាល​អន្តរជាតិ»នេះ ដើម្បីតាមចាប់ឧក្រិដ្ឋជនមួយចំនួន ដូចជា​អតីត​ឧកញ៉ា ថោង សារ៉ាត់ ជនចាប់រំលោភ លើអនីតិជនជាច្រើននាក់ និងអ្នកប្រឆាំង នៅក្រៅប្រទេស​មួយ​ចំនួន។ តែ​អាជ្ញាធរ​កម្ពុជា មិនដែលប្រើប្រាស់«នគរបាលអន្តរជាតិ» ដើម្បីតាមចាប់ខ្លួនប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ដែល​តុលាការ​ខ្មែរ​រក​ឃើញថា មានទោស ហើយកំពុងរស់នៅនិរទេសខ្លួន នៅ​ឯ​បរទេស​នោះ​ទេ៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់