ហេតុអ្វី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ មើល​មិន​ឃើញ​ពី​ជ័យជំនះ​របស់ ត្រាំ?

តើប្រព័ន្ធផ្សព្វផ្សាយអាមេរិក មើលមិនឃើញពីជ័យជំនះ របស់លោក ដូណាល់ ត្រាំ (Donald Trump) ឬ​យ៉ាង​ដូចម្ដេច? ប្រព័ន្ធ​ផ្សព្វផ្សាយ​​ទាំង​នោះ បាន​ដឹកនាំ​ការអង្កេតមួយ ដោយខ្លួនឯង ដើម្បីស្វែងយល់​ពីហេតុការណ៍នេះ ហើយ​​ទស្សនាវដ្ដី​​មនោរម្យ.អាំងហ្វូ សូម​សង្ខេប​របាយការណ៍​​អង្កេត​​នោះ មក​​ជម្រាប​​ជូន​​​លោក​អ្នក ដូច​ខាង​ក្រោម។
ហេតុអ្វី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ មើល​មិន​ឃើញ​ពី​ជ័យជំនះ​របស់ ត្រាំ?
ពីឆ្វេងមកស្ដាំ៖ លោក ដូណាល់ ត្រាំ និងបវរកញ្ញាចក្រវាឡ ឆ្នាំ២០១២ កញ្ញា «Olivia Culpo»។ (រូបថតឯកសារ)

ទាំងប្រព័ន្ធផ្សព្វផ្សាយ ទាំងស្ថាប័នឯករាជ្យ សម្រាប់ការស្ទង់មតិ នៅសហរដ្ឋអាមេរិក សុទ្ធតែបង្ហាញ​ការ​ជឿ​ជាក់​ថា លោក ដូណាល់ ត្រាំ មិនទទួលបានជ័យជំនះឡើយ នៅក្នុងការបោះឆ្នោត ជ្រើសរើស​ប្រធានាធិបតី​អាមេរិក លើកទី៤៥នេះ។ នេះបើគេនិយាយ តែពី​បណ្ដាស្ថាប័នផ្សព្វផ្សាយ ដែលមាននិន្នាការឯករាជ្យប៉ុណ្ណោះ។ តើ​ភាព​បរាជ័យ នៃការសម្លឹងមើលវែងឆ្ងាយ របស់ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងនេះ បណ្ដាលមកពីមូលហេតុអ្វី?

ក្រុមអ្នកជំនាញ មកពីបណ្ដាញផ្សព្វផ្សាយទាំងនោះ បានលើកឡើង ពីហេតុផល ដែលឈានទៅដល់ ការ​ធ្វើ​សេចក្ដី​សន្និដ្ឋាន «ខុស» ឬ«ភ័ន្ដច្រឡំ» ដូចខាងក្រោម៖

«អ្វីមួយ ដែលថ្មី»

«និយាយទៅ ពលរដ្ឋម្ចាស់ឆ្នោតភាគច្រើន ចង់បានអ្វីមួយ​ដែលថ្មី និងខុសពីមុន។ ហើយអ្វី ដែលជា​បំណង​ប្រាថ្នា​នេះ តែងត្រូវបាន​ពលរដ្ឋ​ម្ចាស់ឆ្នោតទាំងនោះ ស្រែកឡើងជាញឹកញាប់។ តែបញ្ហា​នៅត្រង់ថា អ្នក​សារព័ត៌មាន​ភាគច្រើន មិនបាន​ស្ដាប់ឮ​សំរែក​ទាំង​នោះ​ឡើយ។» នេះ ជាការលើកឡើង របស់លោក «Jim Rutenberg» អ្នក​ជំនាញ​មួយរូប មកពីសារព័ត៌មាន «New York Times»។

លោក «Jim» បានបន្តទៀតថា ភាគច្រើននៃសារព័ត៌មាន និងបណ្ដាញទូរទស្សន៍ បានស្ទង់ខុសកន្លែង ពី​ចង្វាក់​បេះដូង របស់​​សហរដ្ឋអាមេរិក។ សារព័ត៌មានអាមេរិក​មិនបានរកឃើញ ពីកំហឹងដ៏ពុះកញ្ជ្រោល ដែល​បាន​​កើត​ឡើង នៅក្នុង​ចំណោម​​ពលរដ្ឋ​​ម្ចាស់​​ឆ្នោត​ភាគ​ច្រើន​នោះ​ទេ។

ក្ដាប់ជាប់ក្នុងដៃ ពី«ប្រព័ន្ធផ្សព្វផ្សាយកូនកាត់»

គេត្រូវរំលឹកឡើងវិញថា លោក ដូណាល់ ត្រាំ មានទំនាក់ទំនងស្មុគ្រស្មាញណាស់ ជាមួយប្រព័ន្ធផ្សព្វផ្សាយ តាំង​ពីលោក​បាន​ចាប់​ផ្ដើម​លោតចូល ក្នុងយុទ្ធនាការបោះឆ្នោតដំបូង នៅខែមិថុនា ឆ្នាំ២០០៥នោះម្លេះ។ ប៉ុន្តែ​​ទំនាក់​ទំនង​ដ៏​ស្មុគ្រស្មាញ និងពេលខ្លះ​ប្រែ​ក្លាយ​ជា«អាក្រក់»នេះ បានជួយ«ផ្សាយពាណិជ្ជកម្ម» ឲ្យ​លោក​ទៅវិញ នៅ​ក្នុង​រយៈពេល នៃយុទ្ធនាការបោះឆ្នោត​ជំហ៊ាន​«បឋម» របស់​គណបក្ស​សាធារណរដ្ឋ ដើម្បី​ឈាន​ទៅកំណត់ យក​​បេក្ខជន​ជា​ផ្លូវ​ការ ទៅប្រកួតនឹងបេក្ខជនផ្សេងទៀត មកពីគណបក្សផ្សេង។ នេះបើ​តាម​​ការអះអាង របស់​អ្នកស្រី «Margaret Sullivan» អ្នកជំនាញខាងបណ្ដាញផ្សព្វផ្សាយ មកពីសារព័ត៌មាន «Washington Post»។

អ្នកជំនាញផ្សេងទៀត ក៏បានអះអាង​ប្រហាក់​ប្រហែល​គ្នា​នេះ​ដែរថា ជាមួយនឹង​ការ​ចេញ​ផ្សាយ​ទាំង​ឡាយ ដែល​និយាយ​​ពី​រូប​លោក​នោះ មហាសេដ្ឋី «ត្រាំ» ទំនងជាទទួលបាន នូវការ«ផ្សព្វផ្សាយពាណិជ្ជកម្ម ដោយ​មិន​គិត​ថ្លៃ» ពីសំណាក់​ប្រព័ន្ធ​ផ្សព្វផ្សាយ «កូនកាត់»​​ទាំងអស់នៅអាមេរិក ដែលបើគិតជាប្រាក់ មាន​កម្រិត​មិន​តិច​ជាង ២កោដ (២ពាន់​លាន) ដុល្លារ​នោះ​ឡើយ។ គឺការផ្សព្វផ្សាយ​ទាំង​នោះ​​ហើយ ដែល​បាន​ជួយ​លោក ឲ្យ​​ឈ្នះ​នៅ​ក្នុង​យុទ្ធនាការ​បោះ​ឆ្នោត​បឋម នៅក្នុងគណបក្សរបស់លោក។

ធ្វើខ្លួន ឲ្យក្លាយជា«តារា»

លោក «Dan Kennedy» សាស្ត្រាចារ្យផ្នែកសារព័ត៌មាន ពីសកលវិទ្យាល័យ «Northeastern» បាន​ថ្លែង​បញ្ជាក់​ចំពោះ​ករណី​នេះ​ថា៖ «ប្រព័ន្ធផ្សព្វផ្សាយ​ បានធ្វើការងាររបស់ខ្លួន ក្នុងការលើកឡើង ពីគុណវិបត្តិ​​នៃ​បុគ្គលិក​លក្ខណៈ របស់លោក ដូណាល់ ត្រាំ។ ប៉ុន្តែ​លោក ត្រាំ បានយល់យ៉ាងច្បាស់ ពីតួនាទីរបស់​ប្រព័ន្ធ​ផ្សព្វផ្សាយ នៅ​ក្នុង​ជីវិតសាធារណៈ ហើយលោកមានសមត្ថភាព យក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងនោះ មក​ធ្វើ​អាជីវកម្ម ដើម្បី​ប្រែ​ក្លាយ​ខ្លួន​លោក ឲ្យ​ទៅ​ជា​តារា។»

ចេះប្រើប្រាស់បណ្ដាញសង្គម...

ក្រៅពីទទួលបានការផ្សាយ ពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយនោះរួច បេក្ខជនមកពីគណបក្ស​សាធារណរដ្ឋ​រូប​នេះ នៅ​ចេះ​ប្រើប្រាស់​«ការ​ឆ្លើយ​តប»​របស់ខ្លួន នៅតាមបណ្ដាញសង្គម យ៉ាងមានប្រសិទ្ធិភាព ដើម្បី​​វាយ​បក​ទៅ​​ប្រព័ន្ធ​​ផ្សព្វ​ផ្សាយ​​វិញ ជាពិសេស នៅពេល​​មាន​ហេតុការណ៍ «អាក្រក់» អ្វីមួយ បានកើតឡើង។​

ការ​យក​មធ្យោបាយ «បណ្ដាញសង្គម» ដើម្បីតបត ទៅដៃគូប្រកួត ឬតបទៅការផ្សាយពីលោក «បែប​អវិជ្ជមាន» របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​​នោះ លោក ដូណាល់ ត្រាំ មិនត្រឹមតែបាន​លាង​សំអាត​ខ្លួនប៉ុណ្ណោះទេ តែ​នៅ​បាន​ចលនា​​ក្រុម​អ្នក​គាំទ្រ​របស់​លោក ឲ្យ​ជួយ​«បន្ទរ​ឆ្លើយតប» ហើយបន្ថែមទំងន់ នៃការផ្សព្វផ្សាយ អំពីរូបលោក មាន​សភាព​​កាន់​​​តែ​ផុសផុល​​​ឡើង។ ពេលខ្លះ លោក ដូណាល់ ត្រាំ បានប្រើ«បណ្ដាញសង្គម» ដើម្បីបង្កើត​«រឿងថ្មីៗ» នោះថែម​ទៀត៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់