ហ៊ីឡារី គ្លីនតុន ទទួល​ស្គាល់​ការ​ចាញ់​ឆ្នោត​ទាំង​«ក្ដុកក្ដួល»

បេក្ខនារីប្រធានាធិបតីអាមេរិក អ្នកស្រី ហ៊ីឡារី គ្លីនតុន មកពីគណបក្ស​ប្រជាធិបតេយ្យ បានថ្លែង​រៀបរាប់​ជា​ផ្លូវការ និង​ជា​លើក​ដំបូង នូវការ​​ចាញ់​ឆ្នោត​​របស់អ្នកស្រី ចំពោះបេក្ខជន មកពីគណបក្ស​សាធារណរដ្ឋ លោក ដូណាល់ ត្រាំ ដោយ​ទទួល​ស្គាល់ថា វាជា«បរាជ័យមួយ ប្រកប​ដោយ​ភាពក្ដុកក្ដួល»។
ហ៊ីឡារី គ្លីនតុន ទទួល​ស្គាល់​ការ​ចាញ់​ឆ្នោត​ទាំង​«ក្ដុកក្ដួល»
អ្នកស្រី ហ៊ីឡារី គ្លីនតុន នៅពេលក្លាយជាជាបេក្ខនារីផ្លូវការ របស់គណបក្សប្រជាធិបតេយ្យ សម្រាប់ដណ្ដើម​យក​តំណែង ជាប្រធានាធិបតីសហរដ្ឋអាមេរិក។ (រូបថត Twitter)

យ៉ាងណាក៏ដោយ ក៏បេក្ខនារីចាញ់ឆ្នោត មកពីគណបក្សប្រជាធិបតេយ្យ នៅក្នុងការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក អ្នកស្រី ហ៊ីឡារី គ្លីនតុន (Hillary Clinton) បានប្រកាសថា អ្នកស្រីអាចនឹងរួមធ្វើការ ជា​មួយ​លោក ដូណាល់ ត្រាំ (Donald Trump) បេក្ខជនគូប្រជែងរបស់អ្នកស្រី ប្រសិនណាជាលោកត្រូវការ។ នេះជា​ការ​ថ្លែង​ជា​​លើក​ដំបូង ទៅ​​កាន់​​ក្រុម​អ្នក​គាំទ្រ​របស់អ្នកស្រី កាលពីរសៀលថ្ងៃពុធ ក្នុងសណ្ឋាគារមួយ នៃសង្កាត់ ម៉ាណាតាន់ (Manhattan) របស់​ទីក្រុង ញ៉ូយក នៅបន្ទាប់ពីលទ្ធផលនៃការបោះឆ្នោត ត្រូវបាន​ប្រកាស​រួច​រាល់ បង្ហាញ​ថា​អ្នកស្រីបានចាញ់ឆ្នោត បេក្ខជនមកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ។

«ជូនពរលោក ត្រាំ ឲ្យក្លាយជាប្រធានាធិបតីមួយរូប ដែលជោគជ័យ»

ជាមួយនឹងការអះអាងថា ការបោះឆ្នោតនាវេលានេះ បានធ្វើឲ្យសហរដ្ឋអាមេរិក មានការប្រេះឆារ ជាង​ពេល​ណាៗទាំងអស់​នោះ អ្នកស្រី គ្លីនតុន បានថ្លែងឡើងថា៖ «ខ្ញុំសង្ឃឹមថា គាត់នឹងទទួលបានជោគជ័យ ក្នុង​នាម​ជាប្រធានាធិបតី សម្រាប់គ្រប់ពលរដ្ឋអាមេរិកាំង»។ អ្នកស្រីបន្តថា ប្រជាជនអាមេរិកគប្បី«បើកចិត្ត» ទទួល​យក​ទស្សនវិស័យ របស់លោក ត្រាំ ប្រធានាធិបតីជាប់ឆ្នោតថ្មី ដែលទើបនឹងទទួលបានឱកាស ក្នុង​ការ​ដឹកនាំ​ប្រទេសមហាអំណាច​មួយនេះ។

«រងការក្ដុកក្ដួល ក្នុងរយៈពេលយូរ...»

«ខ្ញុំដឹងច្បាស់ណាស់ ថាអ្នកកំពុងខកចិត្ត ព្រោះខ្ញុំក៏ខកចិត្តដូចគ្នា ហើយប្រជាជនអាមេរិក​រាប់លាន​នាក់​ផ្សេង​ទៀត ក៏មានអារម្មណ៍ដូចនេះដែរ។ វាក្ដុកក្ដួលណាស់ ហើយវានឹងរងការក្ដុកក្ដួលនេះ នៅក្នុង​រយៈពេល​ដ៏​យូរ​មួយ។ តែយ៉ាងណា សូមអ្នករក្សាទុកនៅក្នុងចិត្តថា យុទ្ធនាការឃោសនារបស់យើង បានផ្ដោតសំខាន់ ទៅ​លើ​ប្រទេសរបស់យើង។ យើងបានឃើញថា ជាតិរបស់យើងបានរងនូវការប្រេះឆារ ខ្លាំងជាងអ្វី ដែលយើង​ស្មាន​មិន​ដល់។ ខ្ញុំជឿជាក់ជានិច្ច ចំពោះប្រជាជាតិរបស់យើង ហើយយើងត្រូវធ្វើដំណើរទៅមុខទៀត នៅ​ពេល​នេះ។»។

បេក្ខនារីមកពីគណបក្សប្រជាធិបតេយ្យ បានបន្តថ្លែងអំណរគុណ ទៅដល់គូស្វាមីភរិយា របស់ប្រធានាធិបតី​ផុតតំណែងថា ប្រទេសអាមេរិកត្រូវឆ្លើយតប ទៅកាន់អ្នកទាំងពីរ នូវគារវកិច្ចដ៏ខ្ពង់ខ្ពស់បំផុត។ អ្នកស្រី​បាន​អះ​​អាង​​ថា៖ «យើងសូមថ្លែងអំណរគុណ សម្រាប់ភាពជាអ្នកដឹកនាំ ដ៏ហ្មត់ចត់ តែពោរពេញ​ដោយ​ភាព​ទន់ភ្លន់ របស់អ្នក»។

អ្នកស្រី គ្លីនតុន បានថ្លែងសារជាបន្ត ទៅកាន់ក្រុមយុវជនជំនាន់ក្រោយថា៖ «ខ្ញុំបានឆ្លងកាត់ជីវិត ជា​យុវវ័យ​របស់ខ្ញុំ ដើម្បីធ្វើអ្វីមួយ ដែលខ្ញុំជឿជាក់។ នៅក្នុងកិច្ចការនោះ ជួនកាលខ្ញុំទទួលបានជោគជ័យ ជួនកាល​ខ្ញុំ​ទទួល​បាន​នូវភាពបរាជ័យ ហើយពេលខ្លះ ជាភាពបរាជ័យដ៏ជូរចត់។ ភាគច្រើន ពីចំណោមអ្នកទាំងអស់​គ្នា កំពុងចាប់ផ្ដើមប្រឡូក នៅក្នុងមុខរបរជាអាជីព និងនយោបាយ។ អ្នកនឹងជួបជាមិនខាន នូវភាពបរាជ័យ ដូច​ខ្ញុំ​ដូច្នេះ​ដែរ។ តែអ្នកត្រូវចាំថា យើងត្រូវតស៊ូប្រយុទ្ធ ដើម្បីធ្វើអ្វីមួយ ដែលអ្នកជឿជាក់ ហើយរឿងនេះ វា​មាន​សារៈសំខាន់ ជាទីបំផុត។»។

អ្នកទទួលខុសត្រូវមួយរូប នៃក្រុមការងារឃោសនាបោះឆ្នោត របស់លោក ដូណាល់ ត្រាំ បានសរសេរ​សារ​ខ្លីមួយ នៅលើទំព័រទ្វីសធើររបស់ខ្លួន ចាត់ទុកសុន្ទរកថារបស់អ្នកស្រី គ្លីនតុន ថាពោរពេញដោយខ្លឹមសារ។ សារ​នោះបានបន្តទៀតថា៖ «វាជាជំហានដ៏ចាំបាច់ ដើម្បីផ្សះផ្សារប្រទេសជាតិរបស់យើង»៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់