ជ័យជំនះ​របស់ ត្រាំ បង្ក​ការ​បារម្ភ​ពី​គ្រប់​ជ្រុង​នៃ​ផែនដី

សម្រាប់បណ្ដាជនភាគច្រើន មកពីគ្រប់ជ្រុងជ្រោយ នៅក្នុងពិភពលោក ការឈ្នះឆ្នោត​ជា​ប្រធានាធិបតី របស់​បេក្ខជន​មក​ពី​គណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ (Donald Trump) គឺជាការហក់ចូល ទៅ​ក្នុង​លំហរ​មួយ ដែល​រក​ទិស​តំបន់​គ្មាន។
ជ័យជំនះ​របស់ ត្រាំ បង្ក​ការ​បារម្ភ​ពី​គ្រប់​ជ្រុង​នៃ​ផែនដី
លោក ដូណាល់ ត្រាំ ឡើងថ្លែងសុន្ទរកថា ពីជ័យជំនះរបស់លោក ក្នុងការបោះឆ្នោតប្រធានាធិបតីលើកទី៤៥ នៃសហរដ្ឋអាមេរិក។ (រូបថត Getty)

ជ័យជំនះរបស់លោក ដូណាល់ ត្រាំ (Donald Trump) សម្រាប់តំណែង ជាម្ចាស់សេតវិមាន បានបង្ក​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ មកពីគ្រប់ជ្រុងជ្រោយទាំងអស់ នៅក្នុងពិភពលោក។ ការព្រួយបារម្ភដែលកើតមាននោះ ផ្ដោត​សំខាន់​ទៅលើ ប្រធានបទ«អាកាសធាតុ សេដ្ឋកិច្ច និងសិទ្ធិមនុស្ស»។

បណ្ដាជនជាច្រើនលើសលប់ នៅក្នុងទ្វីបអាស៊ី អ៊ឺរ៉ុប និងនៅក្នុងតំបន់មជ្ឈឹមបូព៌ា បានតាមដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់ នូវការបោះឆ្នោតប្រធានាធិបតី របស់សហរដ្ឋអាមេរិកកាលពីម្សិលម៉ិញ រហូតលុះត្រាលទ្ធផល (ជា​បណ្ដោះ​អាសន្ន) ត្រូវបានប្រកាស ផ្ដល់ជ័យជំនះទៅឲ្យលោកមហាសេដ្ឋី ដូណាល់ ត្រាំ បេក្ខជន​គ្មាន​បទ​ពិសោធន៍​ផ្នែក​នយោបាយ មកពីគណបក្សសាធារណរដ្ឋ ឈ្នះពីលើអ្នកស្រី ហ៊ីឡារី គ្លីនតុន (Hillary Clinton) បេក្ខជន​ស្ថិតក្នុងតំណែងនយោបាយ ជាយូរឆ្នាំ មកពីគណបក្សប្រជាធិបតេយ្យ។ សម្រាប់ពួកគេ​ទាំង​នោះ ការ​ឡើងមកកាន់តំណែង ជាប្រធានាធិបតីអាមេរិក របស់បុរសអ្នកជំនួញរូបនេះ (ដែល​នឹង​ត្រូវ​ស្បថ ចូល​កាន់​តំណែង​នៅថ្ងៃទី២០ ខែមករាខាងមុខ) គឺជាការលោតចូល ទៅក្នុងលំហរមួយ ដែល​គ្មាន​ភាព​ច្បាស់​លាស់។

សហគមន៍អ៊ឺរ៉ុបប្រតិកម្ម...

ចំពោះសហគមន៍អ៊ឺរ៉ុបវិញ បានប្រកាសថាខ្លួន នឹងបន្តធ្វើការ ជាមួយសហរដ្ឋអាមេរិក នៅក្រោយ​ជ័យជំនះ របស់​លោក ដូណាល់ ត្រាំ។ នេះបើតាមការប្រកាស របស់ប្រមុខការទូតអ៊ឺរ៉ុប អ្នកស្រី «Federica Mogherini» នៅ​ព្រឹក​ថ្ងៃ​ពុធនេះ។ អ្នកស្រីបានថ្លែងឲ្យដឹង តាមរយៈទំព័រទ្វីសធើរ របស់អ្នកស្រីថា៖ «សម្ព័ន្ធមេត្រីភាព រវាង​សហគមន៍​អ៊ឺរ៉ុប និងសហរដ្ឋអាមេរិក មានជម្រៅ ជ្រៅជាងការផ្លាស់ប្ដូរ​ផ្នែក​នយោបាយ​ណា​ក៏ដោយ»។

សម្រាប់​ប្រមុខរដ្ឋប៉ាឡេស្ទីន បានថ្លែងអំពាវនាវ ទៅលោក ដូណាល់ ត្រាំ ឲ្យជួយបង្កើតឲ្យមានជា «រដ្ឋ​ប៉ាឡេស្ទីន» ដែលកំណត់ដោយព្រំដែនច្បាស់លាស់ ជាមួយប្រទេសអ៊ីស្ត្រាអែល។ លោក «Nabil Abou Roudeina» អ្នកនាំពាក្យរបស់ប្រមុខរដ្ឋប៉ាឡេស្ទីន បានថ្លែងប្រាប់ទីភ្នាក់ងារ​ព័ត៌មានបារាំង (AFP) ថា៖ «អស្ថិរភាព​នឹង​បន្ត​កើតមាន ទាំងនៅក្នុងតំបន់ ទាំងនៅក្នុងពិភពលោក ប្រសិនជាគេ​មិន​ស្វែង​រក​ដំណោះ​ស្រាយ ដ៏​ពិត​ប្រាកដ​មួយ សម្រាប់​វិបត្តិនៅប៉ាឡេស្ទីន»។

បារម្ភនឹងបញ្ហា«អាកាសធាតុ»

រីឯរដ្ឋមន្ត្រីបរិស្ថានបារាំង អ្នកស្រី សេហ្គោឡេន រ៉ូយ៉ាល់ (Ségolène Royal) បានសម្ដែងសុទិដ្ឋិនិយម ចំពោះ​បញ្ហា​«អាកាសធាតុ» បន្ទាប់ពីជ័យជំនះរបស់លោក ត្រាំ ថា ការប្រកាសរបស់លោក ត្រាំ ក្នុងពេលកន្លងមក ទាក់​ទង​នឹង​ការ​ឡើងកម្ដៅ នៃសីតុណ្ហភាពលើផែនដីនោះ នឹងមិនប៉ះពាល់ដល់ការអនុវត្តន៍ នូវកិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស ស្ដីពី«អាកាសធាតុ» ដែលត្រូវបានអនុម័ត​ដោយប្រទេសជាច្រើន កាលពីឆ្នាំទៅម៉ិញ​នោះ​ឡើយ។

ការលើកឡើងរបស់អ្នកស្រី រ៉ូយ៉ាល់ មានលក្ខណៈផ្ទុយ ពីប្រមុខការទូតបារាំង លោក ហ្សង់ម៉ាក៍ អារ៉ូលត៍ (Jean-Marc Ayrault) ដែលបានលើកឡើង ពីក្ដីបារម្ភរបស់លោក ជុំវិញកិច្ចព្រមព្រៀងខាងលើនេះ និង​កិច្ច​ព្រម​ព្រៀង ស្ដីពីគម្រោង«នុយក្លេអ៊ែរ» របស់ប្រទេសអៀរ៉ង់។

អ្នកស្រី «Dianita Sugiyo» អាយុ៣៤ឆ្នាំ មកពីសកលវិទ្យាល័យមួយ ក្នុងប្រទេសឥណ្ឌូនេស៊ី បានថ្លែង​ឡើង​ថា នយោបាយ​ហាមឃាត់ អ្នកកាន់សាសនាឥស្លាម ចូលទៅក្នុងទឹកដីសហរដ្ឋអាមេរិក ដោយលោក ដូណាល់ ត្រាំ អាចនឹងរងនូវប្រតិកម្មដ៏អាក្រក់។ អ្នកស្រីបានថ្លែងឡើងថា៖ «សហរដ្ឋអាមេរិក ជា​ប្រទេស​ដែល​មាន​វប្បធម៌ ចម្រុះ​ជាតិ​សាសន៍ ហើយថែមទាំងមានបណ្ដាជន អ្នកកាន់សាសនាឥស្លាម ជាច្រើន​នាក់​ផង​ទៀត... ហេតុការណ៍​នេះ​បង្ក​ឲ្យមាន​ការ​ភ័យព្រួយណាស់»។

ការព្រួយបារម្ភ ក៏កើតឡើងខ្លាំង សម្រាប់អ្នកតាមដានទាំងឡាយ ដែលមានជំនាញផ្នែកសេដ្ឋកិច្ចនោះដែរ។ អ្នកស្រី «Clarita Carlos» សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ មកពីសកលវិទ្យាល័យហ្វីលីពីន បាន​អះអាង​ថា៖ «ពិភពលោកទាំងមូល កំពុងដើរឆ្ពោះ ទៅរកសកលភារូបនីយកម្ម។ ប្រសិនជាសហរដ្ឋអាមេរិក ដែល​ជា​ចលករ​មួយ នៃសេដ្ឋកិច្ចពិភពលោក ចាប់ផ្ដើមដាក់រនាំងខណ្ឌចែក សម្រាប់ការធ្វើ​ពាណិជ្ជកម្ម​នានា​នោះ វា​នឹង​ធ្វើ​ឲ្យ​សេដ្ឋកិច្ចពិភពលោក ដើរត្រឡប់ថយក្រោយ។»៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់