របប កាដាហ្វី បាន​ចម្លង​ជំងឺ​អេដស៍ ទៅ​ឲ្យ​កុមារ​នៅ​ប៊េនកាហ្សី?

មេដឹកនាំជាន់ខ្ពស់​ចំនួនពីរនាក់ នៃអតីតរបបគ្រប់គ្រង របស់លោក មូអាម៉ារ កាដាហ្វី (Mouammar Khadafi) នៅ​ប្រទេស​លីប៊ី ទំនងជាជាប់​ទទួល​ខុស​ត្រូវ ក្នុងការ​ចម្លង​ជំងឺ​អេដស៍ ទៅឲ្យ​កុមារលីប៊ី នៅក្នុង​មន្ទីរពេទ្យ​មួយ នៃក្រុង ប៊េនកាហ្សី (Benghazi ភាគឦសាន​នៃប្រទេស​លីប៊ី)។ នេះបើ​តាម​​កំណត់​ហេតុមួយ របស់អតីត​នាយក​រដ្ឋមន្ត្រី​លីប៊ី ដែល​កំពុង​ស្ថិត​ នៅក្នុង​ដៃ​​តុលាការ​បារាំង ក្នុង​ពេល​នេះ។
របប កាដាហ្វី បាន​ចម្លង​ជំងឺ​អេដស៍ ទៅ​ឲ្យ​កុមារ​នៅ​ប៊េនកាហ្សី?
លោក មូអាម៉ារ កាដាហ្វី អតីតមេដឹកនាំផ្ដាច់ការ នៃប្រទេសលីប៊ី។ (រូបថត ឯកសារ)

លោក ជូករី ហ្គាណឹម (Choukri Ghanem) អតីតនាយករដ្ឋមន្ត្រី នៃប្រទេសលីប៊ី រវាងពីឆ្នាំ២០០៣ មក​ដល់​ឆ្នាំ២០០៦ (និងក្រោយមកទៀត ជារដ្ឋមន្ត្រី​រ៉ែប្រេង) បាន​ទម្លាយឲ្យគេឯងបានដឹង នូវអាថ៌កំបាំងដ៏​ព្រឺព្រួច​មួយ នៅក្នុងសៀវភៅកំណត់ហេតុរបស់លោក ដែលត្រូវបានគេរកឃើញ នៅក្រោយ​មរណភាព​​របស់​លោក ក្នុងឆ្នាំ២០១២ ទាក់ទងនឹងសំនុំរឿង​គិលានុបដ្ឋាក​ជាតិប៊ុលហ្គារី ចំនួនប្រាំនាក់ និងវេជ្ជបណ្ឌិត ជាតិ​ប៉ាឡេស្ទីន​ម្នាក់ ដែលបាន​រង​ការចាប់​ដាក់​ពន្ធនាគារ រវាងពីឆ្នាំ១៩៩៩ រហូតមកដល់ឆ្នាំ២០០៧ នៅក្នុង​ប្រទេស​របស់​លោក។ អ្នកទាំង៦នាក់ ត្រូវបានដោះលែងនៅឆ្នាំ២០០៧ បន្ទាប់ពីមាន​យុទ្ធនាការ​ចរចា​យ៉ាង​ស្វិតស្វាញ ពីសំណាក់ប្រទេសបារាំង នៅពេលនោះ។

នៅក្នុងសៀវភៅកំណត់ហេតុនោះ ដែលត្រូវបានគេហទំព័រ​ព័ត៌មាន​ដ៏ល្បីរបស់បារាំង ឈ្មោះ «Mediapart» ទទួល​បាននៅក្នុងដៃ លោក ជូករី ហ្គាណឹម បានសរសេរថា លោកបានទទួលជួប​នៅ​ឆ្នាំ២០០៧ លោក «Mohamed El Khaddar» សមាជិកមួយរូប នៃគណៈកម្មការស៊ើបអង្កេត ដែលត្រូវ​បាន​បង្កើត​ឡើង​យ៉ាង​ពិសេស នៅក្នុងប្រទេសលីប៊ី។ ហើយនៅក្នុងជំនួបនោះ អ្នកទាំងពីរបាន​ត្រឡប់​មក​និយាយ​ឡើង​វិញ ទាក់ទង​នឹង​ការ​ដោះលែង​គិលានុបដ្ឋាក និងវេជ្ជបណ្ឌិតបរទេស ទាំង៦រូប។

លោក «Mohamed El Khaddar» បាននិយាយប្រាប់លោក ជូករី​ ហ្គាណឹម ថានៅចំពោះការសាកសួរ របស់​គណៈ​កម្មការ​ស៊ើបអង្កេត កាលពី​អំឡុងឆ្នាំ​១៩៩៩នោះ លោក «Abdallah Senoussi» នាយកចារកម្ម​របស់​កងទ័ព​លីប៊ី បានអះអាងពីការទទួលបាននូវមេរោគដ៏រង្គាល ចំនួនបួនអំពូល។ លោក «Abdallah Senoussi» បាន​ឆ្លើយសារភាពទៀតថា មិនត្រឹមតែលោកទេ ដែលទទួលបាន នូវ​«កញ្ចប់​មេរោគ»​ទាំង​នេះ តែ​នៅ​មាន​លោក «Moussa Koussa» នាយក​កងកម្លាំងពិសេសលីប៊ីមួយរូបទៀត ក៏ទទួល​បាន​កញ្ចប់​មេរោគ​នេះ​ដែរ។ លោក «Moussa Koussa» ទទួលបាន​រហូតដល់​ទៅ២៧​អំពូល។

សមាជិកគណៈកម្មការស៊ើបអង្កេត លោក «Mohamed El Khaddar» បានបន្តប្រាប់​ទៅ​លោក ជូករី ហ្គាណឹម ទៀតថា៖ «អ្នកទាំងពីរ (លោក «Abdallah Senoussi» និងលោក «Moussa Koussa») បាន​ចាក់​បញ្ចូល​មេរោគ​ទាំងនេះ ទៅឲ្យកុមារចំនួន២៣២នាក់។ កុមារទាំងនោះ មិនមែន​យក​ពីក្រុង ប៊ែនហ្គាហ្សី (ក្រុង​មួយ​នៅ​ភាគ​ឦសាន នៃប្រទេសលីប៊ី) នោះទេ តែត្រូវបាននាំខ្លួន ពីមន្ទីរពេទ្យ«Tajourah» ដែលស្ថិត​នៅ​ក្បែរ​រដ្ឋធានី ទ្រីប៉ូលី (Tripoli នៃប្រទេសលីប៊ី)។»។

សងសឹកប្រឆាំងក្រុមបះបោរ នៅក្រុងប៊ែនហ្គាហ្សី...

ហេតុការណ៍នេះ ទំនងជាត្រូវបានធ្វើឡើង (១)ដើម្បីសងសឹកប្រឆាំងនឹងក្រុមបះបោរ នៅក្រុង​ប៊ែនហ្គាហ្សី ដែលមិនពេញចិត្តនឹងរបបរបស់លោក មអាម៉ារ កាដាហ្វី (Mouammar Khadafi) និង(២)មាន​គោល​បំណង ដើម្បីពិភពលោកមើលមកប្រទេសលីប៊ី ថាកំពុងរងគ្រោះ នៅក្នុងទង្វើ​ភេរវកម្ម​អន្តរជាតិ​មួយ ដោយសារ​នៅ​ពេល​ក្រោយ​មក គ្រូពេទ្យបរទេសចំនួន៦នាក់ (គិលានុបដ្ឋាក និងវេជ្ជបណ្ឌិតខាងលើ) ត្រូវបាន​ចាប់​ដាក់​ពន្ធនាគារ។

ហេតុអ្វី ក៏រកឃើញកំណត់ហេតុនេះ?

ដោយសារតែតុលាការបារាំង សព្វថ្ងៃនេះ កំពុងធ្វើការស៊ើបអង្កេត ទៅលើសំនុំរឿងមួយ ដែល​សង្ស័យ​ថា យុទ្ធនាការ​ឃោសនា​បោះឆ្នោត របស់​អតីត​ប្រធានាធិបតីបារាំង លោក នីកូឡា សាកូហ្សី (Nicolas Sarkozy) ក្នុងឆ្នាំ២០០៧ ទទួលបានការទំនុបបំរុងផ្នែកហិរញ្ញវត្ថុ ដោយខុសច្បាប់ ពីលោក មអាម៉ារ កាដាហ្វី (Mouammar Khadafi) ដែលកាលនោះ ជាប្រធានាធិបតីនៃប្រទេសលីប៊ី។ ឯកសារ​កំណត់​ហេតុ​ដដែល ក៏​បាន​ឲ្យដឹង យ៉ាងលំអិត​ដែរថា មាន​ការ​ផ្ទេរ​ប្រាក់​ចំនួនបីដង ទៅ«នរណាម្នាក់» ដែលជា​បេក្ខជន​ប្រធានាធិបតី​បារាំង និងមានចំនួន ៦,៥លានអ៊ឺរ៉ូ (ប្រមាណជិត៧លានដុល្លារ)។

សូមជម្រាបជូនថា លោក «Moussa Koussa» កំពុងរស់នៅភៀសខ្លួន ឯបរទេសនៅឡើយ បន្ទាប់ពីរបប​លោក កាដាហ្វី បាន​រលំ​រលាយ​ទៅ។ រីឯលោក «Abdallah Senoussi» ត្រូវបានគេចាប់បញ្ជូនខ្លួន ឲ្យ​ត្រឡប់​ចូល​មក​​ក្នុង​ប្រទេស​លីប៊ី​វិញ ដើម្បី​រងចាំ​ការ​កាត់​ទោស៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់