ចម្បាំង​ដណ្ដើម​ក្រុង មូស៊ូល ពី ISIS ចាប់​ផ្ដើម​ហើយ និង​អាច​ប្រើ​ពេល​យូរ

ដោយមានការជួយអន្តរាគមន៍ ពីកងកម្លាំងសម្ព័ន្ធមិត្តផង នៅថ្ងៃចន្ទនេះ កងទ័ពនៃប្រទេសអ៊ៀរ៉ាក់ បាន​ចាប់​ផ្ដើម​ធ្វើការ​វាយ​សម្រុក​យ៉ាងខ្លាំងក្លា ជាលើកដំបូង ទៅលើក្រុង មូស៊ូល (Mossoul) ដែលជាបន្ទាយ​ដ៏​សំខាន់​មួយ​ទៀត របស់​ក្រុមរដ្ឋអ៊ីស្លាម (ពាក្យ​អារ៉ាប់​ហៅ Daech ពាក្យ​កាត់​​បារាំង​​ហៅ EI ពាក្យ​​កាត់​​​អង់គ្លេស​​​ហៅ ISIS)។ ចម្បាំង​ដើម្បី​ដណ្ដើម​ទីក្រុង​ធំ ទីពីរបន្ទាប់ពីរដ្ឋធានី បាដាត មកឲ្យប្រទេស​អៀរ៉ាក់កាន់កាប់នេះ បាន​បង្ក​កង្វល់ ដល់​អង្គការ​សហ​ប្រជាជាតិ ជុំវិញ​ជោគ​វាសនា នៃ​បណ្ដា​ជន​ទាំង​១,៥លាន​នាក់ ដែល​កំពុង​រស់នៅ​ទីនោះ។
ចម្បាំង​ដណ្ដើម​ក្រុង មូស៊ូល ពី ISIS ចាប់​ផ្ដើម​ហើយ និង​អាច​ប្រើ​ពេល​យូរ
រថយន្ដដឹកកងទ័ព និងរថពាសដែក ជាច្រើនគ្រឿងកំពុងធ្វើដំណើរ ឆ្ពោះទៅកាន់ក្រុង មូស៊ូល សម្រាប់យុទ្ធការ​ផ្ដាច់ព្រ័៍ត្រមួយ ប្រឆាំងក្រុមរដ្ឋអ៊ីស្លាម។ (រូបថតលើទ្វីសធើរ)

ក្រោមកិច្ចអន្តរាគមន៍ ពីសំណាក់កងកម្លាំង​សម្ព័ន្ធមិត្តអន្តរជាតិ នៅថ្ងៃនេះ កងទ័ពរបស់ប្រទេសអៀរ៉ាក់ បាន​បើក​ការវាយលុក ជាលើកទីមួយ និងមានទ្រង់ទ្រាយធំ ជាងពេលណាទាំងអស់ សំដៅដណ្ដើមទីក្រុង មូស៊ូល (Mossoul) ដែលជាមូលដ្ឋានដ៏សំខាន់ទីពីរ របស់ក្រុមរដ្ឋអ៊ីស្លាម (ពាក្យ​អារ៉ាប់​ហៅ Daech ពាក្យ​កាត់​​បារាំង​​ហៅ EI ពាក្យ​​កាត់​​​អង់គ្លេស​​​ហៅ ISIS) យកមកកាន់កាប់វិញ។ នេះ បើតាម​ការប្រកាស​​ឲ្យដឹង​​ដោយ​ផ្ទាល់ ពី​សំណាក់​លោក «Haider al-Abadi» នាយករដ្ឋមន្ត្រីអៀរ៉ាក់ កាលពីយប់ម៉ិញ។

រំដោះក្រុង មូស៊ូល...

លោកនាយករដ្ឋមន្ត្រី បានថ្លែងឡើង តាមកញ្ចក់ទូរទស្សន៍ថា៖ «ពេលវេលានៃជ័យជំនះ បានមកដល់ ហើយ​យុទ្ធនាការ​​ដើម្បីរំដោះក្រុង មូស៊ូល បានចាប់ផ្ដើម»។ លោក «Haider al-Abadi» មិនបានបញ្ជាក់ ឲ្យបាន​លំអិត​ពី​ចម្បាំង​នេះ ថានឹងធ្វើឡើងយ៉ាងដូចម្ដេចនោះទេ។ គេគ្រាន់តែដឹងថា ចម្បាំងនឹងត្រូវចាប់ផ្ដើម ដោយការ​ឡោម​ព័ទ្ធ​ក្រុង មុន​នឹង​ចាប់​ផ្ដើមវាយលុក​ដោយថ្មើរជើង នៅតាមដងផ្លូវនានា។

លោក «Stephen Townsend» មេបញ្ជាការថ្មី នៃកងកម្លាំងសម្ព័ន្ធមិត្ត ដែលដឹកនាំដោយកងទ័ពអាមេរិក បាន​ថ្លែង​ឲ្យ​ដឹង នៅថ្ងៃចន្ទថា៖ «យុទ្ធនាការវាយលុកនេះ មានបំណងដើម្បីដណ្ដើម យកមកកាន់កាប់វិញ នូវ​ទីក្រុង​ធំទីពីរ របស់ប្រទេសអៀរ៉ាក់ ហើយអាចមានរយៈពេលច្រើនសប្ដាហ៍ ឬអាចច្រើនខែ។ (...) ជា​ចម្បាំង​ដ៏​យូរ និង​ដ៏​ពិបាក។ តែកងទ័ពអៀរ៉ាក់ បានត្រៀមខ្លួនរួចជាស្រេច ហើយពួកយើងនឹងនៅជិត ដើម្បី​ជួយ​ពួកគេ។»។

រង់ចាំតែឱកាស...

កងទ័ពសម្ព័ន្ធមិត្ត ដែលមានប្រទេសចូលរួម ជាង៦០ប្រទេស នៅក្នុងពិភពលោក និងដែលដឹកនាំ ដោយ​សហ​រដ្ឋ​អាមេរិក បានធ្វើការវាយប្រយុទ្ធ មិនឈប់ឈរ រាប់ចាប់តាំងពីក្រុង មូស៊ូល ដែលស្ថិតនៅភាគខាងជើង នៃ​ប្រទេស​អៀរ៉ាក់ (ខាងកើតប្រទេសស៊ីរី) បានធ្លាក់ចូល ទៅក្រោមការកាន់កាប់ របស់ក្រុមភេរវនិយម​រដ្ឋ​អ៊ីស្លាម កាល​ពី​ពីរឆ្នាំមុន។ ប៉ុន្តែការប្រយុទ្ធទាំងនោះ កងទ័ពសម្ព័ន្ធ​មិត្ត​មិនមាន​លទ្ធភាព​ខ្លាំង សម្រាប់​​ការធ្វើ​​ចម្បាំង​​​​ថ្មើរ​ជើង​ឡើយ។ លោកមេបញ្ជាការ «Stephen Townsend» បានថ្លែងឲ្យដឹងថា សម្រាប់យុទ្ធនាការលើកនេះ កងទ័ព​សម្ព័ន្ធ​មិត្ត នឹងជួយវាយប្រហារ​តាមផ្លូវអាកាស ជួយបង្វឹក និងផ្ដល់អាវុធ ទៅឲ្យកងទ័ពថ្មើរជើង របស់​ប្រទេស​អៀរ៉ាក់ ដែល​មាន​ចំនួន​ប្រមាណជា ៥ម៉ឺន៤ពាន់នាក់។

យ៉ាងណាក៏ដោយ ក៏កងទ័ពរបស់ប្រទេសអៀរ៉ាក់ ត្រូវបានដាក់ពង្រាយ នៅជុំវិញក្រុង មូស៊ូល តាំងពីច្រើន​ខែ​មក​ហើយ ហើយពួកគេរង់ចាំ តែឱកាសមកដល់ នឹងអាលធ្វើការវាយលុកដណ្ដើម យកក្រុងនេះ មកវិញ​តែ​ប៉ុណ្ណោះ។ កាលពីចុងខែសីហាកន្លងទៅ កងទ័ពអៀរ៉ាក់បានវាយយកបានក្រុង «Qayyarah» ដែល​ជា​មូលដ្ឋាន​រនាំង ចំងាយ ៦០គីឡូម៉ែត្រ នៅភាគខាងត្បូងក្រុង មូស៊ូល។

ចំពោះក្រុមរដ្ឋអ៊ីស្លាមវិញ ដែលបានដឹងរួចជាស្រេច ពីការវាយលុកនេះ ក៏ទំនងជាបានត្រៀមខ្លួន​រួច​ហើយ​ដែរ។ ក្រុមយុទ្ធជនស្ម័គ្រប្រយុទ្ធ ដើម្បីព្រះជាម្ចាស់ (ហៅ Djihad) ចំនួនជាង៥០០០នាក់ របស់អង្គការ​ភេរវនិយម​មួយ​នេះ កំពុង​មានវត្តមាន នៅក្រុងមូស៊ូល និងមានបំពាក់ដោយសព្វាវុធធ្ងន់ៗ ដើម្បីត្រៀម​ទទួល និងតបតរ នូវ​​ការ​វាយ​ប្រហារ​​ណា​​មួយ ពី​សំណាក់​កងទ័ព​អៀរ៉ាក់ និងកងទ័ពសម្ព័ន្ធមិត្ត មិនថា​ពេលនេះ ឬពេលណា​ឡើយ។

វិបត្តិមនុស្សធម៌...

នៅក្នុងស្ថានភាពនេះ អង្គការសហប្រជាជាតិ បានសម្ដែងក្ដីកង្វល់របស់ខ្លួន ជាពិសេសចំពោះជោគវាសនា របស់​បណ្ដា​ជន​ប្រមាណជា ១,៥លាននាក់ ដែលកំពុងរស់នៅក្នុងក្រុង មូស៊ូល។ លោក «Stephen O'Brien» អគ្គលេខាធិការរង របស់អង្គការពិភពលោកនេះ បានថ្លែងឡើងថា៖ «គ្រួសារបស់ពួកគេ នឹងត្រូវប្រឈម ទៅ​នឹង​គ្រោះ​ហនិភ័យដ៏ធំធេង ជាពិសេសពួកគេ​ត្រូវស្ថិត នៅចន្លោះកណ្ដាល រវាងភាគីទាំងសងខាង»។ ក្ដីកង្វល់​កើត​ឡើង​ខ្លាំង ដោយ​សារ​តែគ្រោះ​ភ័យ ប្រហាក់ប្រហែលគ្នានេះ កំពុងកើតមាន រហូតមកដល់សព្វថ្ងៃ នៅឯក្រុង អាឡិប ភាគ​ខាង​ជើង នៃ​ប្រទេស​ស៊ីរី ដែលជាទីលានសម្រាប់ការប្រទាញប្រទង់ រវាងកងកម្លាំងរដ្ឋាភិបាលស៊ីរី និងក្រុម​ប្រឆាំង​ស៊ីរី៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់