ការ​សាក​ល្បង​បរាជ័យ៖ កាំជ្រួច​​ផ្ទុះ​ឆេះ ក្រោយ​ពី​បាញ់​ចេញ​បាន​បន្តិច

ការបាញ់សាកល្បងជាថ្មី នូវកាំជ្រួចរយៈមធ្យម​មួយទៀត របស់របបក្រុងព្យុងយ៉ាង នៅចុង​សប្ដាហ៍​កន្លង​ទៅ​នេះ បាន​ទទួល​លទ្ធផល មិន​ជា​ទី​គាប់​ចិត្ត​ សម្រាប់​របបកុម្មុយនីស​ឡើយ។ កាំជ្រួចបានផ្ទុះឆេះខ្ទេច បន្ទាប់​ពី​បាញ់​ចេញ​បាន​បន្តិច។
ការ​សាក​ល្បង​បរាជ័យ៖ កាំជ្រួច​​ផ្ទុះ​ឆេះ ក្រោយ​ពី​បាញ់​ចេញ​បាន​បន្តិច
កាំជ្រួច «Musudan»​ នៅក្នុងព្យុហយាត្រាយោធាមួយ របស់ប្រទេសកូរ៉េខាងជើង កាលពីឆ្នាំ២០១០។ (រូបថតឯកសារ)
  • ដោយ: កេសរ កូល ([email protected]) - ភ្នំពេញ ថ្ងៃទី១៧​ តុលា ២០១៦
  • កែប្រែចុងក្រោយ: October 17, 2016
  • ប្រធានបទ: ឧបទ្វីបកូរ៉េ
  • អាន និងបញ្ចេញយោបល់

បរាជ័យ នៃការបាញ់សាកល្បងជាថ្មីទៀត នៃកាំជ្រួច​រយៈមធ្យមមួយ របស់ប្រទេសកូរ៉េខាងជើង ដោយ​ហេតុ​ថា កាំជ្រួចនោះ បានផ្ទុះឆេះខ្លួនឯង នៅកណ្ដាលអាកាស ក្រោយពីវាត្រូវបានបាញ់ចេញ តែបន្តិចប៉ុណ្ណោះ។ នេះ បើ​តាម​ការប្រកាស របស់កងទ័ពកូរ៉េខាងត្បូង នៅថ្ងៃចន្ទនេះ។

ការសាកល្បងនោះ បានធ្វើឡើង កាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍កន្លងទៅ ដោយរបបកុម្មុយនីសក្រុង​ព្យុងយ៉ាង បានបាញ់កាំជ្រួចមួយ ឈ្មោះ «Musudan» ដែលបើតាមការអះអាង របស់របបកុម្មុយនីស កាំជ្រួច​នេះ អាច​បាញ់​ទៅ​ដល់​មូលដ្ឋានយោធាអាមេរិក នៅលើកោះ «Guam» កណ្ដាលមហាសមុទ្រប៉ាស៊ីភិច។

តាមពិតទៅ ការបាញ់សាកល្បង ដែលទទួលបរាជ័យជាថ្មីនេះ ត្រូវបានរដ្ឋាភិបាលអាមេរិក និងកូរ៉េខាងត្បូង ដឹង​ភ្លាមៗ តាំងពីថ្ងៃសៅរ៍ តែព័ត៌មានផ្លូវការ​បញ្ជាក់ពីករណីនេះនេះ ទើបនឹងបញ្ចេញឲ្យដឹង នៅ​១៥ម៉ោង ក្រោយ​ការបាញ់សាកល្បងនោះប៉ុណ្ណោះ។

អ្នកទទួលខុសត្រូវ​ជាន់ខ្ពស់​មួយរូប នៃកងទ័ពរបស់ប្រទេសទាំងពីរ (អាមេរិក និងកូរ៉េខាងត្បូង) បាន​ប្រកាស​ប្រាប់ ក្រុមអ្នកសារព័ត៌មានថា៖ «ការបាញ់សាកល្បង របស់ប្រទេសកូរ៉េខាងជើង បានកើតឡើងត្រឹម​តែ​រយៈ​ពេល​ខ្លី​មួយ​​ទេ ប៉ុន្តែគេចាំបាច់​ត្រូវប្រើ​រយៈពេលយូរ ដើម្បីធ្វើការវិភាគ និងពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយ»។

រីឯអ្នកនាំពាក្យ របស់ក្រសួងការពារជាតិ របស់ប្រទេសកូរ៉េខាងត្បូង បានអះអាងបន្ថែមថា៖ «គ្រាប់​កាំជ្រួច​នោះ បានផ្ទុះឆេះ តាំង​ពី​ជំហាន​ដំបូង បន្ទាប់​ពីវាត្រូវបានបាញ់ចេញ»។

ជំហានថ្មី សម្រាប់កាំជ្រួច«អន្តរទ្វីប»...

កាំជ្រួច «Musudan» របស់របបកុម្មុយនីស បានបង្ហាញខ្លួនជាលើងដំបូង នៅក្នុងព្យុហយាត្រាយោធាមួយ របស់​ប្រទេសកូរ៉េខាងជើង កាលពីឆ្នាំ២០១០។ វាមានសមត្ថភាពបង្ហោះខ្លួន បានចំងាយ​រវាងពី ២៥០០ ទៅ​៤០០០​គីឡូម៉ែត្រ។ ចំងាយនេះ ក្រៅពីហោះរំលងប្រទេសជប៉ុនហើយ វាពិតជាអាចហោះ ទៅដល់កោះ «Guam» ដែល​ជាមូលដ្ឋានយោធាអាមេរិក។ កាលពីខែមិថុនាកន្លងទៅ កាំជ្រួចប្រភេទ «Musudan» នេះ ក៏ត្រូវ​បាន​យក​មក​បាញ់​សាក​ល្បង​ដែរ។ នៅពេលនោះ កាំជ្រួចនេះហោះបានចំងាយ តែ៤០០គីឡូម៉ែត្រ និងបានធ្លាក់ផ្ទុះ នៅ​ក្នុង​ដែន​សមុទ្រ​ភាគ​ខាង​កើត របស់ប្រទេសជប៉ុន។

បើតាមអ្នកជំនាញ របស់កងទ័ពអាមេរិក បានឲ្យដឹងថា រាល់ការសាកល្បងបាញ់កាំជ្រួច ប្រភេទ «Musudan» ទាំង​នេះ របស់ប្រទេសកូរ៉េខាងជើង នឹងជួយបង្កើនសមត្ថភាព ឲ្យប្រទេសនេះ ក្នុងការផលិត​កាំជ្រួច​អន្តរទ្វីប (ហៅ​កាត់​ជា​ភាសា​អង់គ្លេស ICBM) ដែលមាន​បំពាក់​ក្បាលគ្រាប់​នុយក្លេអ៊ែរ ដើម្បីបាញ់ឲ្យ​ដល់​ទឹកដី​ភាគ​ខាង​លិច របស់​សហរដ្ឋ​អាមេរិក៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់