ប្រកួត​ស្មើ​ជា​មួយ​«Arsenal» តែ​«PSG»​ឈ្នះ​ខាង​ចំណាត់​ថ្នាក់

នៅលើទីលានរបស់ម្ចាស់ផ្ទះ «អាសឺណល់ (Arsenal)» ក្នុងចក្រភពអង់គ្លេស ក្រុមបាល់ទាត់អាជីព ប៉ារីស​ហ្សាំង​ហ្សែរ​ម៉ាំង (Paris Saint-Germain-PSG) បានដណ្ដើមបានលទ្ធផល ដូចការគ្រោងទុករបស់ខ្លួន គឺ​ចំណាត់​ថ្នាក់​លេខ​មួយ នៅក្នុងពូល«A» វគ្គជម្រុះ នៃការប្រកួតបាល់ទាត់ ក្របខណ្ឌ «Champions League» ដោយបាន​ប្រកួតស្មើ​ជាមួយ​ក្រុមអង់គ្លេស ក្នុងពិន្ទុ២ទល់នឹង២។
ប្រកួត​ស្មើ​ជា​មួយ​«Arsenal» តែ​«PSG»​ឈ្នះ​ខាង​ចំណាត់​ថ្នាក់
ក្រុមប៉ារីសអបអរគ្រាប់បាល់របស់ខ្លួន ដែលរកបានដោយកីឡាករខ្សែប្រយុទ្ធ អេឌីសុន កាវ៉ានី។ (រូបថត​លើទ្វីសធើរ)

រកបានគ្រាប់បាល់ដូចគ្នា នៅក្នុងការប្រកួតរវាងក្រុមទាំងពីរ គឺក្រុម អាសឺណល់ (Arsenal) និងក្រុម​ប៉ារីស​ហ្សាំងហ្សែរម៉ាំង (Paris Saint-Germain-PSG) ប៉ុន្តែក្រុមប៉ារីស បានដណ្ដើមចំណាត់ថ្នាក់លេខមួយ ពី​ក្រុម​អាសឺណល់ របស់អង់គ្លេស ដែលជាចំណាត់ថ្នាក់មួយ ត្រូវគេចាត់ទុកថា ងាយស្រួល​សម្រាប់​ឡើង​ទៅ​វគ្គ​បន្ត​បន្ទាប់​ទៀត។

នោះ ដោយសារតែលក្ខន្តិកៈ នៃការប្រកួតធំៗ នៅក្នុងក្របខណ្ឌ «Champions League» និង«Europa League» របស់សហព័ន្ធបាល់ទាត់អ៊ឺរ៉ុប បានចែង​រួចជាស្រេច ផ្ដល់អាទិភាព ទៅឲ្យ​ក្រុមណា​ដែល​រក​គ្រាប់​បាល់ នៅក្រៅផ្ទះខ្លួន បានច្រើនជាង។ នៅក្នុងការប្រកួតវគ្គ «ទៅ» កាលពីថ្ងៃទី១៣ ខែកញ្ញា គឺក្រុម​​ប៉ារីស​ជា​ម្ចាស់​ផ្ទះ បានទទួលក្រុមអាសឺណល់ ហើយទទួលបានពិន្ទុស្មើរដូចគ្នា តែក្រុមនីមួយៗ រកបាន​គ្រាប់​បាល់​ម្ខាងៗ បានតែ១គ្រាប់​ប៉ុណ្ណោះ។ ប៉ុន្តែ នៅក្នុងវគ្គ«មក» នាយប់ថ្ងៃទី២៣ ខែវិច្ឆិកានេះ ក្រុម​អាសឺណល់​ម្ចាស់​ផ្ទះ បានទទួល​ក្រុមប៉ារីស និងរកគ្រាប់​បាល់​បាន​ម្ខាងៗ ២គ្រាប់។

ហេតុដូច្នេះហើយ ទើបក្រុមប៉ារីសបានឈ្នះ ខាងចំណាត់ថ្នាក់ ដោយសារក្រុមនេះ ចេញទៅរកគ្រាប់បាល់ នៅ​ក្រៅ​ផ្ទះខ្លួនឯង បាន២គ្រាប់ ច្រើនជាង​ក្រុម​អាសឺណល់ ដែលរកគ្រាប់បាល់ ពេលមកទាត់នៅ​រដ្ឋធានី​ប៉ារីស បាន​តែ​១គ្រាប់​នោះ។

ប៉ុន្តែ បើនិយាយពី«សាច់បាល់»វិល នៅយប់ថ្ងៃពុធនេះ ក្រុមប៉ារីសបានគ្រប់គ្រង ទាំងក្រឡាលេង និង​បច្ចេកទេស​ទាត់ បានល្អប្រសើរ និងមានប្រសិទ្ធភាព​ជាងក្រុមអាសឺណល់។ ក្រុមប៉ារីសរកគ្រាប់បាល់ ដោយ​សារ​បច្ចេកទេសវាយសម្រុក (នៅនាទីទី១៨) និងទាត់បាល់ពីជ្រុង (នៅនាទីទី៧៧)។ ផ្ទុយទៅវិញ ក្រុម​អាសឺណល់ មិនបានបង្ហាញពីមហិទ្ធិរិទ្ធិ នៅចំពោះអ្នកគាំទ្រក្នុងផ្ទះខ្លួន ឲ្យបានខ្លាំងនោះទេ។ ហើយពីរគ្រាប់ ដែល​ក្រុម​អង់គ្លេស​រក​បាននេះ ក៏មិន​កើត​ឡើង ដោយបច្ចេកទេស​ទាំងស្រុងនោះដែរ ព្រោះគ្រាប់ទីមួយ នៅ​នាទី​ទី៤៥+១ ជាបាល់ពិន័យ១១ម៉ែត្រ និងគ្រាប់បាល់ទីពីរ នៅនាទីទី ៥៩ ជាបាល់ ដែល​កីឡាករ​​របស់​​ក្រុម​ប៉ារីស ទាត់ចូលទី​ដោយ​ខ្លួនឯង។

យ៉ាងណា ក្រុមប៉ារីស​មិនទាន់​សើចស្រស់ទាំងស្រុង​នៅឡើយ ជាមួយនឹងចំណាត់ថ្នាក់ថ្មី ដែលខ្លួនទើបនឹង​ទទួលបាន នៅយប់ថ្ងៃពុធនេះ ដោយហេតុថា សម្រាប់វគ្គជម្រុះ នៃ«Champions League»នេះ នៅមានការ​ប្រកួត​ចុង​ក្រោយ​មួយ​ជុំទៀត ហើយក្រុមប៉ារីស នឹងត្រូវធ្វើជាម្ចាស់ផ្ទះ ដើម្បីទទួលទាត់​ជាមួយ​ក្រុម «Ludogorets» មក​ពីប្រទេសប៊ុលហ្គារី ស្ថិតក្នុងពូល«A»ដូចគ្នា នៅថ្ងៃទី៦ ខែធ្នូខាងមុខ។ បើទោះ​ជា​ក្រុម​ប៉ារីស បានឈ្នះដោយពិន្ទុ ៣-១ នៅពេល​ក្រុម​ប៉ារីស​ចេញទៅទាត់ នៅក្នុង​ប្រទេស​ប៊ុលហ្គារី កាល​ពីថ្ងៃទី២៨ ខែកញ្ញាក៏ដោយ តែនៅក្នុងពិភពបាល់ទាត់ គេមិនអាចទាយមុន ពីលទ្ធផល​​នៃ​ការ​ប្រកួត​​​ណា​មួយ​​ឡើយ ជាពិសេស​ការប្រកួតចុងក្រោយ សម្រាប់វគ្គជម្រុះនេះ។

ដើម្បីរក្សាតំណែង ឲ្យនៅខ្ពស់ជាងគេនៅក្នុងពូល ក្រុមប៉ារីសចាំបាច់​ត្រូវប្រកួតឲ្យឈ្នះ ក្រុមប៊ុលហ្គារី​នេះ​មួយ​ទៀត។ តែបើលទ្ធផលចេញមក បានត្រឹម​តែ​ស្មើទេ ក្រុមប៉ារីស​ត្រូវរង់ចាំមើល​លទ្ធផលប្រកួត រវាង​ក្រុម​បាល់ (Bale) របស់ប្រទសស្វីស ដែលនឹងធ្វើជាម្ចាស់ផ្ទះ ទទួលទាត់ជាមួយក្រុមអាសឺណល និងត្រូវ​អង្គុយ​បន់​ស្រន់ កុំឲ្យ​ក្រុម​អង់គ្លេស ទាត់ឈ្នះក្រុមស្វីស៕

» ទស្សនាការសង្ខេប នៃការប្រកួតរវាងក្រុមអារសឺណល់ និងក្រុមប៉ារីសឡើងវិញ៖


Loading...

អត្ថបទទាក់ទង


មតិ-យោបល់