តុលាការ​ហៅ​ភរិយា​ កែម ឡី ជា​ម្ចាស់​បណ្ដឹង ទាំង​មិន​ទាន់​ប្ដឹង

ជានីតិវិធី នៃតុលាការមួយ ដែលពិបាកយល់។ ជនរងគ្រោះ ឬក្រុមគ្រួសារជនរងគ្រោះ មិនទាន់បានប្ដឹង តែ​បាន​ជាប់​ឈ្មោះ ជា​ម្ចាស់​ដើម​បណ្ដឹង រួចជាស្រេច។ តុលាការបានចេញដីកា ជាលើកទីពីរ ហៅសមាជិក​គ្រួសារ​ជន​រងគ្រោះ ទៅសាកសួរក្នុងសំនុំរឿងមួយ ខណៈដីកាលើកទីមួយ មិនដឹងមានរូបរាងនៅឯណា។ ហើយ​សំនុំ​រឿង​ទៀត​សោធ ដែល​បាន​សរសេរ​ថា «ឃាតកម្មគិតទុកជាមុន និងកាន់កាប់អាវុធ ដោយគ្មានការអនុញ្ញាត» ក៏​មិន​បាន​ជាប់​ទាក់ទង​ណាស់​ណា ជាមួយនឹងគ្រួសារ​ជងរងគ្រោះនោះដែរ តែតុលាការនៅតែហៅ ក្រុម​គ្រួសារ​ជន​រងគ្រោះ​ទៅ​សួរ។ តើ​សួរ​ពី​រឿង​អ្វី?
តុលាការ​ហៅ​ភរិយា​ កែម ឡី ជា​ម្ចាស់​បណ្ដឹង ទាំង​មិន​ទាន់​ប្ដឹង
ពីឆ្វេងទៅស្ដាំ៖ រូបភាពការរត់គេចខ្លួន របស់ជនសង្ស័យ ដែលត្រូវបានចាប់ខ្លួនក្នុងពេលក្រោយមក និងរូបភាព​ស្ដូកស្ដឹង នៃសាកសព​លោក កែម ឡី។ (រូបថតលើបណ្ដាញសង្គម)

ចម្ងល់បានផ្ទុះកើតឡើង ទាក់ទងនឹងសមត្ថភាព នៃការបំបែកសំនុំរឿងបាញ់សម្លាប់ លោក កែម ឡី របស់​សាលា​ដំបូងរាជធានីភ្នំពេញ បន្ទាប់ពីដីកាកោះហៅមួយ ទើបនឹងត្រូវបានចៅក្រមស៊ើបសួរ លោក សេង លាង បញ្ជា​ទៅអ្នកស្រី ប៊ូ រចនា ភរិយាលោក កែម ឡី ឲ្យចូលខ្លួន ទៅធ្វើការសាកសួរ នៅថ្ងៃទី១៧ ខែតុលាខាងមុខ។ ការ​ចេញដីកានេះទៀតសោធ បានធ្វើឡើងកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ នៅក្នុងរយៈពេលជិត៣ខែ ក្រោយ​ពី​ឃាតកម្ម​បានកើតឡើង ហើយបានបញ្ជាក់ថា ជាដីកាលើកទីពីរ និងបានហៅអ្នកស្រី ប៊ូ រចនា ថាជា​«ម្ចាស់​បណ្ដឹង​រប្បវេណី»។

លោក ប៊ូ ចាន់នី បងប្រុសបង្កើតរបស់អ្នកស្រី ប៊ូ រចនា បានថ្លែង​តាមវិទ្យុសម្លេងប្រជាធិបតេយ្យថា គ្រួសារ​លោក មិន​ទាន់​​បាន​ដាក់ពាក្យបណ្ដឹងអ្វី ទាក់ទងនឹងឃាតកម្ម បាញ់សម្លាប់លោក កែម ឡី នៅឡើយ។ លោក ចាន់នី និយាយ​ថា ដីកាកោះហៅលើកទីមួយ ក៏ខាងលោកមិនដែលបានទទួលដែរ។

ការលើកឡើងខាងលើ របស់បងប្រុសរបស់អ្នកស្រី ប៊ូ រចនា ដូចគ្នាទៅនឹងការអះអាង របស់លោក មឿន តុលា នាយក​ប្រតិបត្តិ នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស (ហៅកាត់ថា Central) ដែលជា​ស្ថាប័ន​មួយ ផ្ដល់​​មេធាវី​​ឲ្យ​​អ្នកស្រី ប៊ូ រចនា នៅក្នុងសំនុំរឿងឃាតកម្មនេះ។

លោក មឿន តុលា បានថ្លែងឲ្យដឹងថា៖ «កន្លងមក បើអ្វីដែលខ្ញុំដឹង គឺខាងក្រុមគ្រួសារ មិនទាន់បានដាក់ពាក្យ ឬឈរជាដើមប្ដឹងរដ្ឋប្បវេណី នៅជាផ្លូវការអីទេ។ (...) យើងក៏មិនដែលដឹងថា មានដីកាកោះលើកទី១ដែរ ប៉ុន្តែ​ស្រាប់​តែ​ឃើញ មានដីកាកោះលើកទី២។ ហើយដីកាកោះលើកទី២នេះ ក៏វាចេញបន្ទាប់ពីមានព័ត៌មាន ដែល​គេ​ផ្សាយ​ថា​អ្នកស្រី ប៊ូ រចនា ទើបតែប្រសូត្របុត្រ កាលពីប៉ុន្មានថ្ងៃមុននេះ។»។

មិនឃើញមានចម្លើយ ពីសាលាដំបូងរាជធានីភ្នំពេញទេ ជុំវិញចម្ងល់​ទាំងប៉ុន្មាន​ខាងលើ។ លោក ​លី សុផាណា​ អ្នក​នាំពាក្យ​សាលា​ក្ដីថ្នាក់រាជធានីមួយនេះ គ្រាន់តែថ្លែងតាម​រយៈ​សារ​អេឡិច​ត្រូនិច ហៅថា«តេឡេក្រាម​» ថា​ចៅ​ក្រម​​ស៊ើបសួរ ​នឹង​ពិនិត្យ​សម្រេច ​អំពីការ​ស្តាប់​ចម្លើយ ​របស់​អ្នកស្រី ប៊ូ រចនា ​នៅថ្ងៃកោះហៅខាងមុខ មុន​នឹង​​បន្ត​អនុវត្ត​​នីតិវិធី​ ជាបន្ទាប់​ទៀត​។

សម្រាប់​ប្រធាន​ការិយាល័យ​​បច្ចេក​ទេស​ស៊ើប​អង្កេត​ នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ លីកាដូ លោក អំ សំអាត បានថ្លែង​តាមវិទ្យុសម្លេងសហរដ្ឋអាមេរិក បរិហារដីកាកោះរបស់តុលាការ ថាវាគ្រាន់តែជាការ​បង្រ្គប់​នីតិវិធី នូវ​ដំណើរ​ការ​នៃ​ចៅ​ក្រម​ស៊ើប​សួរ ​នៅ​ក្នុង​តុលាការ ដើម្បី​ឈានទៅដល់​ការ​បិទ​ការ​ស៊ើប​សួរ ហើយ​បញ្ជូនទៅធ្វើ​ការ​ជំនុំជម្រះតែប៉ុណ្ណឹង។ លោក សំអាត បានថ្លែងឡើងថា៖ «វាមានរយៈ​ពេលថា ​ក្បែរ​នឹង​បី​ខែទៅហើយ​ វាជា​រឿង​យឺតពេល​បន្តិច​ ពីព្រោះតាម​ពិត​ទៅ ដើម​បណ្តឹង​រដ្ឋប្បវេណី គួរ​តែកោះ​ហៅ​ភ្លាមៗដែរ​ បន្ទាប់ពី​កើត​ហេតុ​រឿង​ ដែលបាន​កើត​ឡើង​នោះ​»។

លោក កែម ឡី អ្នកស្រាវជ្រាវផ្នែកសង្គម និងជាអ្នកធ្វើអត្ថាធិប្បាយ​នយោបាយ​ដ៏ល្បី​ឈ្មោះ ត្រូវ​​បាន​ជន​ប្រដាប់​អាវុធ បាញ់សម្លាប់យ៉ាងព្រៃផ្សៃ នៅក្នុងហាង ស្តាម៉ាត នៃស្ថានីយឥន្ទនៈ កាល់តិច សាខា​បូកគោ កណ្ដាល​​រាជធានី​ភ្នំពេញ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ មកដល់ថ្ងៃនេះ ជនសង្ស័យ​តែ​មួយ​គត់ ដែល​ដាក់​រហស្ស​នាម​​ខ្លួន ជួប សម្លាប់ ត្រូវបានឃាត់ខ្លួន និងចោទពីបទធ្វើឃាតកម្ម ដោយគ្រោង​ទុក​ជា​មុន និង​ពីបទ​កាន់​កាប់​អាវុធ ដោយ​ខុស​ច្បាប់។

អតីតមន្ត្រីច្បាប់ខ្មែរ លោក ព្រហ្ម គិត ដែលសព្វថ្ងៃចូលនិវត្តន៍ និងរស់នៅក្នុងភាគខាងត្បូង ប្រទេសបារាំង និង​ជា​អ្នកតាមដាន​ស្ថានការណ៍​នយោបាយ​កម្ពុជា​ដ៏​ជាប់​លាប់​មួយ​រូប បានពន្យល់ថា ជាធម្មតាការងារ​ស៊ើប​សួរ​នេះ ជាភារកិច្ចរបស់នគរបាលយុត្តិធម៌ ដែលទទួលបន្ទុកស៊ើបអង្កេតករណីនេះ និងដែលត្រូវចូលទៅសាកសួរ អ្នកស្រី ប៊ូ រចនា តាំងពីពេលឃាតកម្ម បានកើតឡើងភ្លាមៗ។ ផ្ទុយទៅវិញ បើតាមការអះអាង​​របស់ភរិយា​ជន​រង​គ្រោះ បានឲ្យដឹងថា អ្នកស្រីមិនដែល​មាន​ការសាកសួរ ឬហៅឲ្យធ្វើ​សហការ​ក្នុង​ករណីនេះ ពីសំណាក់​អាជ្ញាធរ​នោះ​ឡើយ។

លោក ព្រហ្ម គិត បានថ្លែងប្រាប់​ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ​ថា មន្ត្រីនគរបាលដែលទទួលខុសត្រូវ ក្នុងការ​ស៊ើប​អង្កេត គួរធ្វើដំណើរដោយផ្ទាល់ ទៅកាន់វត្តចាស់ ដែលជាកន្លែងតំកល់សពលោក កែម ឡី នៅក្រោយ​ឃាតកម្ម ដើម្បី​សាកសួរអ្នកស្រី ប៊ូ រចនា និងសមាជិកគ្រួសារដទៃទៀត ដែលមានវត្តមាននៅទីនោះ។ បើ​មិន​ទៅ​ទី​នោះទេ ក៏ត្រូវកោះហៅ​សមាជិកគ្រួសារ​ទាំងប៉ុន្មាន ទៅកាន់ស្នងការដ្ឋាន អធិការដ្ឋាន ឬទៅកាន់​ក្រសួង​មហាផ្ទៃ ដើម្បី​សាកសួរ​ដែរ។ ចម្លើយទាំងអស់ របស់ក្រុមគ្រួសារជនរងគ្រោះ នៅចំពោះនគរបាលយុត្តិធម៌ គឺ​ជា​ចម្លើយ​​​ដែល​​ចៅក្រមស៊ើបសួរ អាចយកជាការបាន ដោយមិនចាំបាច់កោះហៅអ្វីទៀតទេ វៀលែងតែការ​ស៊ើប​អង្កេត បាន​រក​ឃើញ​​ករណី​អ្វីផ្សេង។

ចំពោះដីកាកោះហៅអ្នកស្រី ប៊ូ រចនា ត្រូវបានអតីតមន្ត្រីច្បាប់រូបនេះ បរិហារថា វាគ្រាន់តែជាដីកាកោះ ឲ្យ​ល្អ​មើល និងដើម្បីប្រាប់គេឯង ថាតុលាការ​បានធ្វើការងារខ្លួន ទាក់ទងនឹងឃាតកម្មបាញ់សម្លាប់ លោក កែម ឡី ប៉ុណ្ណោះ។ ម្យ៉ាងទៀត នៅក្នុងដំណាក់កាលនៃការស៊ើបសួរនេះ បើដឹងថាអ្នកស្រី ប៊ូ រចនា ដែលជាសាមីខ្លួន បាន​ភៀសខ្លួន​ចេញក្រៅប្រទេសហើយ តើតុលាការទៅកោះហៅនរណា ដើម្បីមកបំភ្លឺ​ការស៊ើបអង្កេត​របស់​ខ្លួន? លោក ព្រហ្ម គិត បានប្រៀបធៀបករណីនេះ ទៅនឹងរឿងព្រេងខ្មែរថា៖ «ធនជ័យរើសអាចម៍សេះ ឬទៅ​ប្រមូល​សម្បុក​មាន់ ដើម្បីប្រាប់សេដ្ឋីថា ខ្លួនធ្វើអ្វីគ្រប់យ៉ាង តាមបញ្ជា​របស់សេដ្ឋី។ តែរឿងនេះ ធនជ័យមាន​បុព្វហេតុ​របស់ខ្លួន។ ផ្ទុយទៅវិញ សម្រាប់ជនតម្លង់ទាំង៧សន្ដានវិញ វានិយាយឆ្វេង បែរជាទៅធ្វើស្ដាំ មិនដឹង​ទិស​​តំបន់​​អ្វីទាំងអស់។»៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់