«រួច​ពី​មាត់​ត្រី​បាឡែន ទាំង​ព្រលឹង​ចុង​សក់»

តើនរណាមួយ មិនភ្ញាក់​«បះសក់» ខណៈនៅ​ពេលចុះជ្រមុជ ក្នុង​ទឹកសមុទ្រ ស្រាប់ទៅ«វាក់អ៊ើ» នឹងរឿងនេះ? នេះ ជា​រឿង​ដ៏​ពិសេស​មួយ នៅក្នុងជីវិតរបស់បុរសម្នាក់ ដែលបានជ្រមុជទឹក ក្នុងសមុទ្រ បារ៉ែន (Barents) នៃ​ប្រទេស​ណ័រវេស ស្រាប់​តែ​ជួប​នឹង​«ត្រី​បាឡែន»ដ៏​ធំ​មួយ កំពុងបើកមាត់សំដៅមករក។
«រួច​ពី​មាត់​ត្រី​បាឡែន ទាំង​ព្រលឹង​ចុង​សក់»
ពពួកត្រីបាឡែន ដែលរស់នៅក្នុងឆកសមុទ្រ បារ៉ែត នៃប្រទេសណ័រវេស។ (រូបថតផ្តិតពីវីដេអូ)

ការភ្ញាក់ខ្លួន«ព្រើត»នេះ ប្រាកដជាធ្វើឲ្យចងចាំ ពេញមួយជីវិត ជាពិសេសចំពោះ​លោក បាទ្រិក ឌីកស្ត្រា (Patrick Dykstra) អ្នកដឹកនាំការថតរូប តាមបែប​ដំណើរ​ផ្សង​ព្រេង​មួយរូប ដែលបានស្ថិត​ក្នុងហេតុការណ៍ ទាំង​មិនបានត្រៀមខ្លួនមុន។ រឿងរ៉ាវនេះ បានកើតឡើង កាលពីសប្ដាហ៍មុន នៅពេល​លោក​ត្រូវដឹកនាំ អ្នក​ជ្រមុជ​ទឹក​មួយក្រុម នៅក្នុងឆកសមុទ្រ​នៃប្រទេសណ័រវេស ដែលមានឈ្មោះថា សមុទ្រ បារ៉ែត (Barents) ដើម្បី​ចាប់​យក​រូបភាព របស់ត្រីបាឡែន នៅក្នុងជម្រក​របស់​ពួកវា សម្រាប់រដូវទឹកកកធ្លាក់។

រូបភាពជាវីដេអូ ដែលត្រូវបានផ្សាយ តាមបណ្ដាញទូរទស្សន៍ «ABC» អាមេរិក និងត្រូវបាន​យកមកផ្សាយ នៅ​ក្នុងគេហទំព័រយូធូប (YouTube) បានបង្ហាញថា លោក ប៉ាទ្រិក បានជ្រមុជចូលទៅក្នុងទឹកសមុទ្រ មុន​នឹង​ត្រី​បាឡែន ដ៏ធំមួយក្បាល បានបង្ហាញខ្លួនឡើង និងបានបើកមាត់បញ្ចេញទឹក មកចំលោក ប៉ាទ្រិក ប្រៀបបាន​​ដូចជា​ចង់​ត្របាក់​​រូបលោក​​ដូច្នេះ។

លោក ប៉ាទ្រិក បានថ្លែងប្រាប់ទូរទស្សន៍ថា៖ «រូបភាពនៅក្នុងវីដេអូ មិនបានបង្ហាញ​ឲ្យច្បាស់ទេ តែតាមពិតទៅ ត្រីបាឡែនមួយក្បាលនេះ បានគេសខ្លួនចេញ ដើម្បីកុំឲ្យប៉ះខ្ញុំ។ វាជារឿង​គួរឲ្យ​អស្ចារ្យ​ណាស់ ដែលបាន​ឃើញ​សត្វ​ដ៏​ធំមួយ ងាកខ្លួនចេញយ៉ាងរហ័ស តែមួយពព្រិចភ្នែកដូច្នេះ។ គឺជាសត្វដ៏ឆ្លាត ដែលមិន​គួរ​ឲ្យ​ជឿ​បាន។ វាស្គាល់ពីកន្លែង ​ដែលវាកំពុងស្ថិតនៅ យ៉ាងច្បាស់។»។

អ្នកជំនាញខាងជ្រមុជទឹករូបនេះ បានស្គាល់ និងហែលជិតត្រីបាឡែន តាំងពី២០ឆ្នាំមកហើយ។ លោកដឹង​យ៉ាង​ច្បាស់​ថា បើទោះជាត្រីបាឡែន បានត្របាក់​លោក​ចូល​ទៅក្នុងមាត់វា​ក៏ដោយ ក៏វាមិនអាច​លេប​រូប​លោក​បាន​ដែរ។ លោកថា ត្រីបាឡែនប្រភេទ​នេះ មានមាត់ធំមែន តែវាមានបំពង់ក តូចជាទីបំផុត៕

» វីដេអូពីហេតុការណ៍ដ៏កម្រ ដែលកើតមានចំពោះលោក ប៉ាទ្រិក ឌីកស្ត្រា៖


Loading...

អត្ថបទទាក់ទង


មតិ-យោបល់