ចូល​ទស្សនា​លំនៅដ្ឋាន​​របស់​បវរកញ្ញា​ចក្រវាឡ នៅ​ក្រុង​ញ៉ូយក

គេហដ្ឋាននេះ មានម្ចាស់​ជាបវរកញ្ញាបីរូប ដែលបានទទួលបានម្កុដ កាន់តំណែង​ជារាជនី​សម្ផស្ស របស់​ក្រុម​ហ៊ុន​បវរកញ្ញា​ចក្រវាឡ សម្រាប់​រយៈពេល១ឆ្នាំ។ ឆ្នាំ២០១៧នេះ គេហដ្ឋានដ៏ស្រស់ស្អាត កណ្ដាល​ក្រុង​ញ៉ូយក ​សហរដ្ឋ​អាមេរិក បាន​ទទួល​ម្ចាស់​ថ្មីម្នាក់ទៀត គឺអតីតបវរកញ្ញាបារាំង នាងកញ្ញា អ៊ីរីស មីតេណារ៉េ (Iris Mittenaere) ដែល​ទើប​ជាប់​ជា​បវរកញ្ញា​ចក្រវាឡ ឆ្នាំ២០១៧ បន្តតំណែង​ពីបវរកញ្ញាឆ្នាំមុន ដែល​មក​ពី​ប្រទេស​ហ្វីលីពីន។
ចូល​ទស្សនា​លំនៅដ្ឋាន​​របស់​បវរកញ្ញា​ចក្រវាឡ នៅ​ក្រុង​ញ៉ូយក
កញ្ញា អ៊ីរីស មីតេណារ៉េ អតីតបវរកញ្ញាបារាំង ដែលបានជាប់ ជាបវរកញ្ញាចក្រវាឡឆ្នាំ២០១៧។ ក្នុងរូប កញ្ញាស្លៀកឈុតជាអ្នករបាំ នៅ«Moulin Rouge»។ (រូបថតលើទ្វីសធើរ)

កាលពីថ្ងៃអាទិត្យមុន (ត្រូវនឹងថ្ងៃចន្ទ នៅក្នុងប្រទេសហ្វីលីពីន និងនៅប្រទេសកម្ពុជា ព្រោះខុស​ត្រូវ​ម៉ោង​គ្នា) កម្មវិធី​ប្រឡងបវរកញ្ញចក្រវាឡ បានរកឃើញរាជនីសម្ផស្ស ប្រចាំឆ្នាំថ្មីរបស់ខ្លួន ដោយសម្រេច​ប្រគល់​ម្កុដ ដែល​មាន​តម្លៃ​ដល់ទៅ ជាង៣សែនដុល្លារ ឲ្យទៅបវរកញ្ញាឆ្នាំមុន របស់ប្រទេសបារាំង គឺនាងកញ្ញា អ៊ីរីស មីតេណារ៉េ (Iris Mittenaere) ដើម្បីបន្តតំណែង ពីបវរកញ្ញាចក្រវាឡឆ្នាំមុន ដែលមកពីប្រទេសហ្វីលីពីន។

មិនសូវខុសគ្នាប៉ុន្មាន ពីម្ចាស់ជ័យលាភី ក្នុងឆ្នាំមុនៗនោះទេ បវរកញ្ញាចក្រវាឡថ្មី អាយុ២៤ឆ្នាំ ដែល​មាន​កំណើត នៅ​ក្នុង​តំបន់​ភាគ​ខាងជើងបារាំង បានទទួលអំណោយ យ៉ាងសម្បើមអស្ចារ្យ ពីកម្មវិធី​ប្រឡង​បវរកញ្ញា។ ក្រៅពី​ម្កុដ​បវរកញ្ញា នាងកញ្ញា អ៊ីរីស មីតេណារ៉េ នៅទទួលបាន ឈុតសម្លៀកបំពាក់ សំពត់​រ៉ូប ​ពេញ​មួយ​ទូ - ការចូលរៀន​ដោយ​មិនគិតថ្លៃ នៅក្នុងសាលា​ភាពយន្ដមួយ នៃ​ទីក្រុង​ញ៉ូយក (New York Film College) ពេញមួយឆ្នាំ និងប្រាក់​បៀវត្សន៍ ២ម៉ឺនដុល្លារក្នុងមួយខែ រហូតដល់១២ខែ។

បន្ថែមពីលើនេះ បវរកញ្ញា​ចក្រវាឡ ទទួលបានការចុះ​កិច្ចសន្យា​ជា​ច្រើន ពីបណ្ដា​សហគ្រាសធំៗ នៅ​ជុំវិញ​ពិភពលោក ដែល​មាន​តម្លៃ​ជាទឹកប្រាក់ រាប់សិប​ម៉ឺនដុល្លា និងនៅមានសិទ្ធិ​ចូលទៅ​រស់នៅ ក្នុង​លំនៅដ្ឋាន​​ដ៏​ល្អ​ល្អះ​មួយ ដែលមាន​ផ្ទៃក្រឡា ១៥០ម៉ែត្រការ៉េ ស្ថិតនៅកណ្ដាល​ក្រុង ញ៉ូយក នោះទៀត។ រូបខាង​ក្រោម​នេះ ជា​អាគារ​ស្នាក់នៅ​នោះ មើល​ពី​ខាង​ក្រៅ៖

ឈ្នួលផ្ទះ... ១៣ ០០០ដុល្លារ ក្នុងមួយខែ...

ក្រៅពីការបំពាក់សម្ភារៈ និងការតុបតែង មានលក្ខណៈដ៏ទំនើបនោះហើយ លំនៅដ្ឋាននេះ ស្ថិតក្នុង​អាគារ​មួយ ​ដែល​នៅចំ​កណ្ដាលសង្កាត់ សម្រាប់អ្នកមានប្រាក់ និងនៅជាប់នឹងឧទ្យាន «Central Park» នៃ​ទីក្រុង​ញ៉ូយក។ លំនៅដ្ឋាន​ខាងលើ ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន បវរកញ្ញាចក្រវាឡ តែបើគេគិតពីឈ្នួលផ្ទះ សម្រាប់​គេហដ្ឋាន​ប្រភេទ​នេះ នៅក្នុងសង្កាត់នោះ នឹងមានតម្លៃ​រហូត​ដល់ទៅ ១៣ ០០០ដុល្លារ ក្នុងមួយខែ។

» សូមទស្សនាទិដ្ឋភាព នៅក្នុងលំនៅដ្ឋាននេះ តាមរយៈវីដេអូខាងក្រោម ដែលត្រូវ​បាន​ថត​ឡើង ជាមួយ​បរវ​កញ្ញា​ចក្រវាឡឆ្នាំ​២០១៦ មកពី​ប្រទេស​ហ្វីលីពីន៖

បវរកញ្ញាទាំងបីរូប ដែលមានសិទ្ធិ ចូលមករស់នៅក្នុងផ្ទះនេះ មានបវរកញ្ញាចក្រវាឡឆ្នាំ២០១៧ (កញ្ញា អ៊ីរីស មីតេណារ៉េ) បរវកញ្ញាអាមេរិកឆ្នាំ២០១៦ (កញ្ញា «Deshauna Barber») និងបវរកញ្ញាស្រស់​ស្អាត​អាមេរិក ឆ្នាំ​២០១៦ (កញ្ញា «Karlie Hay»)។ នាងទាំងនេះ មានបន្ទប់គេង និងបន្ទប់ទឹករៀងៗខ្លួន។ ប៉ុន្តែបើ​ទោះ​ជា​រស់​នៅជា​មួយ​គ្នា ក៏ពិតមែន តែ​មិន​ប្រាកដ​ថា អ្នកទាំងបី​បាន​ជួបមុខគ្នា ជារៀងរាល់ថ្ងៃ (ឬរាល់​សប្ដាហ៍) នោះ​ទេ ដោយ​ហេតុ​ថា ម្នាក់ៗ​មាន​កិច្ចការ​រៀងៗខ្លួន ជាពិសេស​កិច្ចការ ដែលបានមក​ពីកិច្ចសន្យា ផ្ដល់​ដោយ​សហ​គ្រាស​ធំៗ នៅជុំវិញ​ពិភពលោក (ថត សម្ដែង បង្ហាញម៉ូដ...)៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់