តួ​ឯក​បាន​លា​ចាក​លោក នៅ​មុន​ភាពយន្ដ «Les Pépites» ចេញ​បញ្ចាំង

យុទ្ធនាការ​នៃការផ្សាយពាណិជ្ជកម្ម ឲ្យភាពយន្ដឯកសារ «Les pépites» ដែលរៀបរាប់ពីវីរភាព ដែល​មិន​ចេះ​នឿយ​ហត់ របស់​លោក គ្រីស្យង់ ដេប៉ាលីយ៉ែរ (Christian des Pallières) ធ្វើចំពោះ​កុមារ​ទុរគត​កម្ពុជា កំពុង​ធ្វើ​ទៅ​យ៉ាង​ព្រោងព្រាត នៅ​ក្នុង​ប្រទេស​បារាំង ហើយ​នឹង​ត្រៀម​ចេញ​បញ្ចាំង នៅថ្ងៃ​ទី៥ ខែតុលា​ខាង​មុខ​នោះ​ទៀត។ តែ​ជា​អកុសល លោក គ្រីស្យង់ ដេប៉ាលីយ៉ែរ ដែលជា​​តួឯក​​ធំ​​ជាង​​គេ​ម្នាក់ ទាំង​នៅ​ក្នុង​ភាពយន្ដ​នេះ ទាំង​នៅ​ក្នុង​ជីវិត​ពិត បាន​លា​លោក​​យើង​​នេះ ទៅ​រហូត​​ហើយ​​កាល​ពី​ល្ងាច​ថ្ងៃ​ទី២៤ ខែ​កញ្ញា ចុងសប្ដាហ៍​កន្លង​មក​នេះ។
តួ​ឯក​បាន​លា​ចាក​លោក នៅ​មុន​ភាពយន្ដ «Les Pépites» ចេញ​បញ្ចាំង
លោក គ្រីស្យង់ ដេប៉ាលីយ៉ែរ ស្ថាបនិកអង្គការដើម្បីភាពញញឹមនៃកុមារ នៅពីលើគំនរសម្រាម របស់រាជធានីភ្នំពេញ។ (រូបថតផ្តិតពីវីដេអូ)
  • ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី២៥ កញ្ញា ២០១៦
  • កែប្រែចុងក្រោយ: September 26, 2016
  • ប្រធានបទ: ភាពយន្ដ
  • អាន និងបញ្ចេញយោបល់

តួឯកម្នាក់​បានស្លាប់ បន្ទាប់ពីបាន​ថត​ភាពយន្ដមួយ ស្ដីពីវីរភាពរបស់ខ្លួន បានចប់សព្វគ្រប់។ វាមិនមែនជា​គម្រោង របស់អង្គការ​ដើម្បី​ភាព​ញញឹមនៃកុមារ (ហៅកាត់តាមភាសាបារាំង PSE) ហើយក៏កាន់តែមិនមែន​ជា​ការ​គិតទុកមុន របស់កុមារទុរគតខ្មែរ​​រាប់ពាន់ម៉ឺននាក់ ដែល​ត្រូវបានតួឯករូបនេះ លះបង់ស្វះស្វែង និង​ធ្វើ​អ្វី​គ្រប់​បែប​យ៉ាង ដើម្បីជួយសង្គ្រោះ ពួកគេនោះឡើយ។

តែ​ភាពយន្ដឯកសាររឿង «Les pépites» ជាគម្រោង​របស់លោក ហ្សាវីយ៉េ ឌឺឡូហ្សាន (Xavier de Lauzane) សមិទ្ធិករ​ភាពយន្ដបារាំង ដែលចង់លើកយកមកបង្ហាញ នៅលើផ្ទាំងសំពត់ស ពី​សកម្មភាព​មនុស្សធម៌​ដ៏​កម្រ ដែល​សឹងមិនគួរឲ្យជឿបាន របស់តួឯកពីរនាក់ គឺលោក គ្រីស្យង់ ដេប៉ាលីយ៉ែរ (Christian des Pallières) និង​ភរិយា អ្នកស្រី ម៉ារីហ្វ្រង់ ដេប៉ាលីយ៉ែរ (Marie-France des Pallières) ស្ថាបនិក​អង្គការ​ដើម្បី​ភាព​​ញញឹម​នៃ​កុមារ​​នោះ​តែម្ដង។

ភាពយន្ដនោះ បានរៀបរាប់តាំងពីដើមដំបូង នៃដំណើរផ្សងព្រេង របស់ប្ដីប្រពន្ធជាតិបារាំងពីរនាក់ ជា​ពិសេស​គឺលោក គ្រីស្យង់ ដេប៉ាលីយ៉ែរ ដែលធ្លាប់ធ្វើការ នៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យាដ៏ល្បី ឈ្មោះ «IBM» តែ​បាន​ចុះ​ទៅ​កាន់​​ប្រទេសកម្ពុជា ក្នុងដំណើរ​បេសកកម្ម​​មនុស្សធម៌​មួយ បន្ទាប់ពីលោកបានចូល​និវត្តន៍ តាំង​ពី​ជាង​២០ឆ្នាំ​មុន។

នៅពេលដំបូង​ឡើយ លោក គ្រីស្យង់ និងភរិយា គ្រាន់តែមានគោលគំនិត​នៅក្នុងខ្លួន ដូចមនុស្សជាច្រើន​ក្នុង​លោក ដែលតែងគិតថា នៅពេលខ្លួនចាស់​ចូលនិវត្តន៍ទៅ ចង់«ដើរកំសាន្ដ ទៅឲ្យបានឆ្ងាយ... លះបង់​ចោល​គ្រប់​យ៉ាង ហើយចង់ធ្វើអ្វីមួយដើម្បីរកន័យ ឲ្យជីវិតចុងក្រោយរបស់ខ្លួន»។ សម្រាប់ស្វាមីភរិយា​ទាំង​ពីរ​នាក់ វា​ជា​ក្ដី​សុបិន្ដ​មួយ ហើយពួកគាត់​ចង់ឲ្យក្ដីសុបិន្តនោះ ក្លាយជាការពិត។

ប៉ុន្តែ បន្ទាប់ពីបាន​ចុះ​ទៅ​ដល់​កម្ពុជា អ្នកទាំងពីរ​បានឃើញដោយផ្ទាល់ភ្នែក ប្រកបដោយភាពតក់ស្លុត នូវ​ទិដ្ឋភាព​​ដ៏ខ្លោចផ្សារ នៃកុមារខ្មែរ​រាប់​សិប​នាក់ ដែលកំពុង​នៅពីលើ​វាលចាក់​សម្រាម​ដ៏ធំមួយ ភាគនារតី​នៃ​រាជធានី​​ភ្នំពេញ។ កុមារទាំងនោះ មិនបានទៅសាលាទេ។ ផ្ទុយទៅវិញ ពួកគេ​កំពុង​ធ្វើការងារ​​របស់​ពួក​គេ ក្នុង​ការ​​កាយ​​រក​កាកសំណល់ ដើម្បីចិញ្ចឹមជីវិត មិនថាយប់ឬថ្ងៃ។

ពីពេលនោះហើយ ដែលគម្រោងរំដោះកុមារ ចេញពីទុរគតភាព បានចាប់ផ្ដើមឡើង។ ប្ដីប្រពន្ធ ដេប៉ាលីយ៉ែរ បាន​ធ្វើ​រោងស្បូវតូចមួយ នៅក្បែរវាលចាក់សម្រាម ដើម្បីចែកអាហារទៅឲ្យកុមារ មុននឹងធ្វើគម្រោង​បង្កើត​សាលា​រៀន ដើម្បីផ្ដល់ការអប់រំ ទៅឲ្យពួកគេ។ ចេញពី​គម្រោង​នេះ ទើបសមាគម «ដើម្បីភាព​ញញឹម​នៃ​កុមារ» ដែល​ភាសា​​បារាំង​​មាន​ន័យថា «Pour un Sourire d'Enfant» (នៅកម្ពុជា ស្ថាប័ននេះជាអង្គការ តែ​នៅ​បារាំង គឺ​ជា​​សមាគម) ត្រូវបានបង្កើតឡើងឃើញពន្លឺថ្ងៃ។

អ្នកដែលបាន​ទស្សនា​ភាពយន្ដ​ឯកសារ​នេះ ក្នុងជំហានដំបូង (ជំហាន​មុន​ការ​ចេញ​បញ្ចាំង​ជាផ្លូវការ) សុទ្ធ​តែ​បាន​លាន់មាត់ ទ្រាំមិនហើបគូថ​ពីកៅអី​មិនបាន ដើម្បីកោតសរសើ ពីវីរភាព និងជាពិសេសពីសមានចិត្ត របស់​ស្វាមី​​ភរិយា​​ទាំងពីរនាក់។ តែការកោតសរសើនោះ ក៏បាន​កើត​ឡើង​ព្រមគ្នា ជាមួយនឹង​ការ​រំជួល​ចិត្ត​នោះ​ដែរ។ គឺ​ជា​ការ​រំជួល​ចិត្ត ដែល​ធ្វើឲ្យអ្នក​ទស្សនាខ្លះ បានបង្ហូទឹកភ្នែក។

ថ្ងៃនេះ ខុសពីថ្ងៃម្សិលម៉ិញ...

តែនៅពេលនេះ ទស្សនិកជន​នៅជុំវិញផែនដី ជាពិសេសកុមារៗខ្មែរ ទាំងរាប់ពាន់ម៉ឺននាក់ កំពុងតែយំ... និង​បន្ត​យំ​រហូត​ទៅ... បើទោះជាពួកគេ មិនទាន់​បាន​ទស្សនា​ ភាពយន្ដ​ឯកសារ​នេះ​ក៏​ដោយ។ «យំ» ព្រោះ​លែង​​មាន​មនុស្ស ដែលពួកគេហៅ «ប៉ាពី (Papy - ពាក្យបារាំង​សម្រាប់ហៅ លោកតា)» ដូច«ប៉ាពី»របស់​ពួកគេ​​នេះ​ទៀត។ «យំ» ព្រោះតួឯកនៅក្នុងភាពយន្ដឯកសារ និងជាស្ថាបនិកម្នាក់ នៃគម្រោងសង្គ្រោះកុមារដ៏​អស្ចារ្យ ត្រូវ​បាន​មច្ចុរាជ​ឆក់យកជីវិត ទៅជារៀងរហូត កាលពីល្ងាចថ្ងៃសៅរ៍ទី២៤ ខែកញ្ញាកន្លងមកនេះ ក្រោម​មូលហេតុ​រោគា​​ពាធ ក្នុង​អាយុ​៨១ឆ្នាំ (នៅកម្ពុជា គេចាត់ទុកលោក មានអាយុ៨២ឆ្នាំ)៕

----------------------

» ស្ប៉តពាណិជ្ជកម្ម របស់ភាពយន្ដឯកសាររឿង «Les pépites» ដែលគ្រោងចេញបញ្ចាំង នៅថ្ងៃ៥ ខែ​តុលា ខាងមុខ៖


Loading...

អត្ថបទទាក់ទង


មតិ-យោបល់