រវាង ហ៊ុន សែន និង រ៉ូឌ្រីចូ ឌុយតែតេ ដូច​គ្នាឬ?

ក្រៅពីប្រៀបខ្លួនលោក ទៅនឹង«ឆ្កែសុទ្ធ» បើលោកចរចា​ជាមួយ​គណបក្សប្រឆាំង ក្រោមសម្ពាធនៃ​ការធ្វើ​បាតុកម្ម​នោះ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅបានប្រៀបខ្លួនលោក ទៅប្រធានាធិបតីហ្វីលីពីន ទើប​នឹង​ជាប់​ឆ្នោត​ថ្មី លោក រ៉ូឌ្រីចូ ឌុយតែតេ (Rodrigo Duterte) នោះទៀត។ តើការលើកឡើងថា លោក​មាន​ចរិត​​ដូច​លោក ឌុយតែតេ នោះ នឹង​នាំ​ផល​ចំណេញ​​មក​ឲ្យ​លោក ហ៊ុន សែន និង​ប្រទេស​កម្ពុជា​ដូច​ម្ដេច​ខ្លះ?
រវាង ហ៊ុន សែន និង រ៉ូឌ្រីចូ ឌុយតែតេ ដូច​គ្នាឬ?
ពីឆ្វេងទៅស្ដាំ៖ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក រ៉ូឌ្រីចូ ឌុយតែតេ ប្រធានាធិបតីហ្វីលីពីន។ (រូបថតសហការី)
  • ដោយ: ដារា រិទ្ធ អត្ថបទ និងយកការណ៍៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី២១ កញ្ញា ២០១៦
  • កែប្រែចុងក្រោយ: September 21, 2016
  • ប្រធានបទ: វិភាគ
  • អាន និងបញ្ចេញយោបល់

អ្នកវិភាគ និងអ្នកតាមដានស្ថានការណ៍ នយោបាយខ្មែរ បានបរិហារការប្រៀបធៀបខ្លួន របស់លោក ហ៊ុន សែន ថាបានធ្វើឡើង តាមបែប«បុគ្គល» និង«ចំណង់» ប៉ុន្តែលោក ហ៊ុន សែន មិនបានគិតដល់ផលប៉ះពាល់ ដែល​នឹងកើតឡើង​ត្រឡប់មករូបលោក និងប្រទេសកម្ពុជាវិញនោះឡើយ។ គឺ​ជា​ការ​ប្រៀប​ធៀប​មួយ ដែល​មិន​អាច​ប្រៀបធៀប​បាន។

កាលពីក្នុងព្រឹកថ្ងៃទី១៩ ខែកញ្ញានេះ ក្រៅពីផ្ញើរសារទៅកាន់គណបក្សសង្គ្រោះជាតិ បដិសេធការចរចា​ក្រោម​សម្ពាធ នៃការធ្វើបាតុកម្មណាមួយនោះ លោក ហ៊ុន សែន នៅបានផ្ញើរសារ ទៅកាន់មេដឹកនាំនៅលើ​ពិភព​លោក ថា​លោក​មាន​ចរិត ដូចលោក រ៉ូឌ្រីចូ ឌុយតែតេ (Rodrigo Duterte) ប្រធានាធិបតីហ្វីលីពីនសព្វថ្ងៃ ដែល​ទទួល​ភាពល្បីល្បាញ ដោយសារការប្រើពាក្យសំដី មិនសំចៃមាត់ ត្មះដៀលមេដឹកនាំបរទេស ជាសាធារណៈ និង​ការ​បង្ក្រាប​យ៉ាង​រង្គាល ទៅលើបណ្ដាញជួញដូរគ្រឿងញៀន នៅក្នុងប្រទេស។

លោក ហ៊ុន សែន បានថ្លែងព្រមានមេដឹកនាំបរទេស នៅចំពោះនិស្សិតបញ្ចប់ការសិក្សា ជាច្រើនរយនាក់ ទាក់​ទង​នឹង​បញ្ហាឡើងកំដៅនយោបាយ នារយៈពេលចុងក្រោយ​ថា៖ «ហើយបរទេសកុំលូកលាន់ៗ។ ខ្ញុំមិន​ធ្វើ​ដល់​ថ្នាក់​​ប្រធានាធិបតី​​ហ្វីលីពីន​នោះ​ទេ។ ប៉ុន្តែខ្ញុំជាមួយប្រធានាធិបតីហ្វីលីពីនត្រូវគ្នា។ ខ្ញុំថា យើង​មាន​ចរិត​ដូច​​គ្នា។»។

នាយករដ្ឋមន្ត្រីបីទសវត្សរ៍ជាង​របស់​កម្ពុជា បានពន្យល់ពីអ្វី ដែលលោកអះអាងថា ជា«ចរិតដូច»នោះ ដូច្នេះ​ថា៖ «បើប្រៀបធៀប ឯកឧត្ដមអាយុច្រើនជាងខ្ញុំ ខ្ញុំដូចឯកឧត្ដម មិនមែនឯកឧត្ដមដូចខ្ញុំទេ។ ព្រោះគាត់​ធុញ​ទ្រាន់ អារឿងលូកលាន់ ចូលកិច្ចការផ្ទៃក្នុងរបស់គាត់។ បានថ្ងៃប្រជុំ នៅក្នុងអាស៊ីបូព៌ា គាត់លេងហ្មង។ គាត់​ថា អ្នកឯងចង់និយាយ ពីប្រជាធិបតេយ្យ ចង់និយាយពីសិទ្ធិមនុស្ស នេះ! សិទ្ធិមនុស្ស សិទ្ធិអាមេរិកាំង​សម្លាប់​ប្រជាជន​ហ្វីលីពីន។ ឥឡូវ អាក្រដាសរបស់គាត់ គាត់ឲ្យមកខ្ញុំ គឺក្រដាសដែលគាត់និយាយហ្នុង។ គាត់​ខឹង​អគ្គលេខាធិការ អង្គការសហប្រជាជាតិ ព្រោះគាត់កំពុងបង្ក្រាបអាក្រុមគ្រឿងញៀន អញ្ចឹងគាត់​ដាក់​ហ្មង។»។

បុរសខ្លាំងកម្ពុជា បានថ្លែងទៀតថា៖ «ដល់ពេលចេញមកក្រៅ (អង្គប្រជុំអាស៊ាន) គាត់យកអាហ្នឹង​មក​ឲ្យ​ខ្ញុំ​មើល​ទៀត បានគាត់ថា ថ្ងៃក្រោយយើងទៅចូលរួមសន្និសីទអន្តរជាតិ​នៅឯណា (យើង)ទៅជាមួយគ្នា។ ខ្ញុំថា កាលពីដើម មានតែខ្ញុំទេ ខ្ញុំនិយាយជាមួយ នឹងពួកមនុស្សមួយចំនួន ដែលវាចូលចិត្តឡូកឡំៗ ជាមួយ​នឹង​កិច្ចការ​ផ្ទៃ​ក្នុង​ខ្មែរ​នោះ ប៉ុន្តែឥឡូវបានឯកឧត្ដមមួយទៀត។»។

ជំហានទីមួយ ក្នុងការដាក់កម្ពុជា ឲ្យស្ថិតក្នុងភាពឯកោ...

អតីតមន្ត្រីច្បាប់ខ្មែរ លោក ព្រហ្ម គិត ដែលសព្វថ្ងៃចូលនិវត្តន៍ និងរស់នៅក្នុងភាគខាងត្បូង ប្រទេសបារាំង និង​ជា​អ្នកតាមដាន​ស្ថានការណ៍​នយោបាយ​កម្ពុជា​ដ៏​ជាប់​លាប់​មួយ​រូប​នោះ បានពន្យល់ថា ការលើក​ឡើង​របស់​លោក ហ៊ុន សែន ជាជំហានទីមួយ ក្នុង​ការ​ដាក់​រូបលោក និងប្រទេសកម្ពុជា ទៅក្នុងសភាពឯកោ ដែល​គ្មាន​នរណា​​ចង់​​ខ្វាយ​ខ្វល់។ ហើយអ្នកដែលធ្វើរឿងនេះ បានសម្រេចមកដល់ថ្ងៃនេះ មានតែពួកខ្មែរក្រហម​ប៉ុណ្ណោះ។

អតីតមន្ត្រីបានបញ្ជាក់ថា៖ «កម្ពុជាបានស្ថិតក្នុងសភាព​"ឯកោ"​នេះរួចហើយ នៅពេលដែលពួកខ្មែរក្រហម បាន​កាន់​កាប់អំណាច រវាងពីឆ្នាំ១៩៧៥ មកឆ្នាំ១៩៧៩។ មេដឹកនាំកម្ពុជានៅក្នុងសម័យនោះ ក្អេងក្អាង មាន​អំនួត ផ្ដាច់ចំណងទូតជាមួយបរទេស និងយកតែក្រុមកុម្មុយនីស មកធ្វើជាមាគ៌ាបង្អែក របស់​ខ្លួន។ ក្នុង​សម័យ​​កាល​ក្រោយឆ្នាំ ១៩៧៩ គឺនៅក្នុងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា ក្រោមការលើកបន្តុប​ ពីប្រទេស​វៀតណាម ក៏​កម្ពុជា​​នៅតែមាន​សភាព​"ឯកោ"​​ដដែល​ដែរ។»។

លោក ព្រហ្ម គិត បានថ្លែងថា ប្រសិនជាលោក ហ៊ុន សែន និងរដ្ឋាភិបាលរបស់លោក មានភាពស្របច្បាប់ និង​ត្រូវបានគេទទួលស្គាល់​មកដល់ថ្ងៃនេះ នោះដោយសារតែប្រទេសកម្ពុជា និងបរទេសជាច្រើន មាន​កាតព្វកិច្ច​ ត្រូវអនុវត្ត​តាម​«វិថីសន្តិភាព»​ដ៏ប្រសើរមួយ សម្រាប់ឲ្យកម្ពុជាដើរ តាមរយៈកិច្ច​ព្រម​ព្រៀង​​សន្តិភាព ​ទីក្រុង​​ប៉ារីស ឆ្នាំ១៩៩១។ រដ្ឋាភិបាលស្របច្បាប់ របស់លោក ហ៊ុន សែន នៅថ្ងៃនេះ កើតចេញ​ពី​បេសកកម្ម​សន្តិភាព របស់​កង​មួកខៀវ នៃអង្គការសហប្រជាជាតិ ដែលបានចូលមករៀបចំការបោះឆ្នោតលើកដំបូង ក្នុង​ឆ្នាំ​១៩៩៣។ ដូច្នេះ បញ្ហាកម្ពុជា ចាំបាច់ត្រូវមានការលូកដៃចូល ពីសំណាក់បរទេស ដែលជាម្ចាស់​ហត្ថលេខី នៃកិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស។

មួយវិញទៀត ភូមិសាស្ត្រនយោបាយ រវាងប្រទេសកម្ពុជា និងប្រទេសហ្វីលីពីន មិនដូចគ្នាទេ រាប់​ទាំងការ​ដឹកនាំ​​រដ្ឋ និងវប្បធម៌ប្រពៃណី ជំនឿសាសនា។ អតីមន្ត្រីច្បាប់​បានបន្តទៀតថា នៅក្នុងប្រទេស​ហ្វីលីពីន មាន​កោះច្រើន និងចរន្ដនយោបាយ ខុសពីប្រទេសកម្ពុជា។ ប្រទេសហ្វីលីពីន នៅមានចលនា​ឧទ្ទាម និង​ក្រុម​អ៊ីស្លាម​​និយមជ្រុល និងរាប់ទាំងក្រុមជួញដូរគ្រឿងញៀននោះផង។ លោក ព្រហ្ម គិត បានរៀបរាប់ថា៖ «ការ​បង្ក្រាប​ថ្មីៗ​បំផុត ទៅ​លើ​បណ្ដាញ​​ជួញដូរ​គ្រឿង​ញៀននេះ បានប៉ះពាល់ទៅដល់ជនស៊ីវិលច្រើននាក់ ដែល​គ្នា​មិន​ដឹង​អ្វី។ ហើយ​ការ​ប្រើ​ប្រាស់​ភាសា​ជេរប្រទេច របស់ប្រធានាធិបតីជាប់ឆ្នោតថ្មី របស់ប្រទេសនេះ ក៏បាន​ទទួល​បាន​ប្រតិកម្ម​​ជា​អវិជ្ជមាន ពី​សំណាក់​មេដឹកនាំ​​បរទេស​​មួយ​ចំនួនដែរ។»។

សមត្ថភាព... ដូចគ្នាឬ?

ផ្ទុយទៅវិញ ប្រសិនជាលោក រ៉ូឌ្រីចូ ឌុយតែតេ បានជាប់ឆ្នោតក្នុងអណត្តិដំបូង ​ជាប្រធានាធិបតី នៃប្រទេស​ហ្វីលីពីន ដែលខុសពីលោក ហ៊ុន សែន ដែលនៅក្នុងតំណែងនេះ តាំងពីច្រើនទសវត្សរ៍មកនោះ គឺដោយ​សារ​លោក ឌុយតែតេ បានអនុវត្តន៍នយោបាយ «គ្មានការយោគយល់ (Tolérance Zéro)» នៅពេលលោកស្ថិត​នៅ ជា​អភិបាល​ក្រុង «Davao» ដោយ​ជាប់​ឆ្នោត​ឡើងវិញ​ជា​ច្រើន​ដង អស់រយៈពេលជិត២០ឆ្នាំ។ លោក ឌុយតែតេ បាន​ប្រែ​ក្លាយ​ទីក្រុង «Davao» ពីទីក្រុងនៃឧក្រិដ្ឋកម្ម មកជាទីក្រុង «ដែលមាន​សុវត្ថិភាព​ជាង​គេ នៅក្នុង​ពិភព​លោក»។ ទស្សនាវដ្ដី «Time» បានផ្ដល់រហស្សនាម​ឲ្យលោក ឌុយតែតេ ថាជា «Punisher (Editor's Note: មាន​ន័យ​ស្មើនឹង​តួអង្គមួយ ក្នុងភាពយន្ដអាមេរិក ដែលជា​អ្នក​ស្វែង​រកយុត្តិធម៌ ដោយខ្លួនឯង និងដោយ​មិន​រង់ចាំ​យុត្តិធម៌ ដែលសង្គមផ្ដល់ឲ្យ)»។

ចុះ ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន វិញ? ប្រិយមិត្តអ្នកអាន ដែលរស់នៅក្រោមការដឹកនាំ របស់លោក នាយករដ្ឋមន្ត្រី អស់រយៈពេលជាង៣០ឆ្នាំ អាចស្វែងយល់ដោយខ្លួនឯង និងគួរតែដឹងហើយ ពីសមត្ថភាព​របស់​បុរស​ខ្លាំង​កម្ពុជា ក្នុងការបង្ក្រាបនានា (ទាំងឧក្រិដ្ឋកម្ម កាប់ចាក់បាញ់បោះ ទាំងអំពើពុករលួយ... និង​ទាំង​បាតុកម្ម)៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់