ចុះបញ្ជីថា«បានស្លាប់»​ពីរ​ដង ខណៈ​នៅ​រស់​ជ្រងោរ

សំនុំរឿងបានចាប់ផ្ដើមស្មុគ្រស្មាញ នៅពេលដែលឪពុករបស់លោក បានធ្វើមរណភាពនៅឆ្នាំ១៩៩៥។ លោក ហ្សង់-ក្លូដ កុងស្តង់តាំង (Jean-Claude Constantin) ធ្លាប់បំរើក្នុងជួរកងទ័ព ក្នុងរយះពេល១០ឆ្នាំ និងជាវិស្វករផ្នែកសម្ភារះ សព្វថ្ងៃលោករស់នៅតែ​ឯង ក្នុងឃុំឡារ៉ូស្សសៀរអ៊ីយ៉ុង (La Roche-sur-Yon) នៃតំបន់ វង់ដេ (Vendée)។ នៅឆ្នាំ២០០៨ លោកត្រូវបានសាលាឃុំ ដែលលោករស់នៅនេះ ចុះបញ្ជីថាលោកបាន«ស្លាប់»បាត់ទៅហើយ។

ចុះបញ្ជីថា បាន«ស្លាប់»ពីរដងរួចមកហើយ ដោយរដ្ឋបាលបារាំង  លោក ហ្សង់-ក្លូដ កុងស្តង់តាំង ប្ដេជ្ញានៅថ្ងៃនេះ ថានឹង​តស៊ូដើម្បីបញ្ជាក់ថា លោកនៅរស់ទេ។ នេះជាការផ្សាយអោយដឹង នៃកាសែតបារាំងប្រចាំតំបន់មួយ ដែលបានបង្កអោយ មានការភ្ញាក់ផ្អើលឡើង។


លោក ហ្សង់-ក្លូដ កុងស្តង់តាំង អាយុ៦៤ឆ្នាំ ត្រូវបានគេចុះបញ្ជីថា«ស្លាប់»ពីរលើក។ រូបថត ouest-france.fr។

សំនុំរឿងបានចាប់ផ្ដើមស្មុគ្រស្មាញ នៅពេលដែលឪពុករបស់លោក បានធ្វើមរណភាពនៅឆ្នាំ១៩៩៥។ លោក ហ្សង់-ក្លូដ កុងស្តង់តាំង (Jean-Claude Constantin) ធ្លាប់បំរើក្នុងជួរកងទ័ព អស់រយះពេល១០ឆ្នាំ និងជាវិស្វករផ្នែកភស្តុភារមួយរូប។ សព្វថ្ងៃនេះ លោករស់នៅតែ​ឯង ក្នុងឃុំឡារ៉ូស្សសៀរអ៊ីយ៉ុង (La Roche-sur-Yon) នៃតំបន់ វង់ដេ (Vendée)។ តែនៅឆ្នាំ​២០០៨ សាលាឃុំដែលលោករស់នៅនេះ បានចុះបញ្ជីថាលោក«ស្លាប់»បាត់ទៅហើយ។

«ខ្ញុំភ្ញាក់ផ្អើល ដោយបានដឹងថា ខ្លួនឯងស្លាប់ ព្រោះគេបានផ្ដាច់ប្រាក់ ជំនួយឧបត្ថម្ភ សម្រាប់អ្នកដែលមានចំណូលតិច លែងអោយខ្ញុំទៀត។ នៅឯការិយាល័យគ្រប់គ្រង ពន្ធដារ គេថែមទាំងឆ្លើយមកខ្ញុំថា៖ តែអ្នកឯងស្លាប់បាត់ទៅហើយ !!!» លោកកុងស្តង់តាំង ឧទ្ទានឡើងយ៉ាងដូច្នេះ។

មិនឃើញនៅផ្ទះរបស់ខ្លួន

«តាមលិខិតមរណភាព ខ្ញុំត្រូវបានគេប្រកាសថា ស្លាប់ ដោយហេតុថា គេមិនបានឃើញខ្ញុំ នៅផ្ទះរបស់ខ្ញុំ និងលែងមាន​ដំណឹងអ្វីតាំងពី ឆ្នាំ១៩៩១មក»។ តែលោកក៏បានជឿថា ទំនងជាមកពីញាតិសន្ដានរបស់លោក មិនបានប្រើប្រាស់​អោយ​អស់នូវគ្រប់មធ្យោបាយ ដើម្បីដើររកលោក នៅពេលនោះ។ ហើយតាំងពីលោកបានដឹង រឿងដ៏ហួសចិត្តនេះ លោកបាន​ផ្ញើរឯកសារ និងសំបុត្រជាច្រើនច្បាប់ទៅកាន់ រដ្ឋអាជ្ញា និងប្ដឹងសារទុក្ខ ដើម្បីសុំជំនួយពីប្រព័ន្ធយុត្តិធម៌ របស់​ប្រទេស​ ដើម្បីតវ៉ាទាមទារ ក្នុងនាមជាមនុស្ស«រស់»ម្នាក់ដ៏ពិតប្រាកដ។ អ្នកធ្វើការខាងជំនួយសង្គមម្នាក់ ក៏បានតាមដានសំនុំរឿង និងជួយលោកមករហូត ដូចគ្នាដែរ។

នៅទីបំផុត លោកកុងស្តង់តាំង ទទួលបានត្រឡប់មកវិញ នូវអត្តសញ្ញាណរបស់ខ្លួន ក្នុងខែតុលាឆ្នាំ២០០៩។

មរណភាពក្លែងក្លាយ មកលងគាត់ម្ដងទៀត

ក្រោយពីនោះមក បុរសចំណាស់ នឹកស្មានថា នឹងបានសុខស្រួល រស់ដោយគ្មានការរំខានតទៅទៀតទេ។ តែនៅខែមិថុនា​ឆ្នាំ២០១២កន្លងទៅ ហេតុការណ៍ដដែលបានត្រឡប់មកវិញ។ «ខ្ញុំលែងបានទទួលបន្តទៅទៀត នូវប្រាក់សោធននិវត្តន៍​បន្ថែមរបស់ខ្ញុំ។  ខ្ញុំទើបនឹងដឹងថា ខ្ញុំស្លាប់ជាថ្មីម្ដងទៀត។»

ដូច្នេះបញ្ហា មានតែម្យ៉ាង៖ លោកត្រូវតវ៉ានឹងរដ្ឋបាលនេះ ជាបន្តទៅទៀត​ ... ដើម្បីអាចបញ្ចប់ជីវិតមែនទែន ជាចុងក្រោយ​របស់លោក ដោយភាពស្ងប់ស្ងៀម៕

-----------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស​ ថ្ងៃទី១៦ ខែកុម្ភះ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ


Loading...

មតិ-យោបល់

0 Comments