តុលាការ​ហៅ ជួប សម្លាប់ មក​សួរ​​សំនួរ​«ដដែលៗ»

ជនសង្ស័យតែម្នាក់គត់ ក្រោមរហស្សនាម ជួប សម្លាប់ នៅក្នុងឃាតកម្មដ៏ព្រៃផ្សៃ សម្លាប់លោក កែម ឡី ត្រូវ​បាន​ចៅក្រម​ស៊ើប​សួរ របស់សាលាដំបូងរាជធានី នាំខ្លួនមកធ្វើការសាកសួរ ជា​ថ្មី​ទៀត កាល​ពី​រសៀល​ថ្ងៃ​សុក្រ ទី១៦ ខែ​កញ្ញា​ម្សិលម៉ិញ។ ចេញ​ពីការ​សាកសួរ​នោះ ជន​សង្ស័យ​រូបនេះ បាន​ថ្លែង​ឲ្យ​ដឹង​ថា តុលាការ​គ្មាន​សួរ​អ្វី​ផ្សេង ក្រៅ​តែ​ពីសំនួរ​ដដែលៗ​នោះ​ឡើយ។
តុលាការ​ហៅ ជួប សម្លាប់ មក​សួរ​​សំនួរ​«ដដែលៗ»
លោក កែម ឡី បានស្លាប់ភ្លាមៗ ដោយការបាញ់ដោយខ្មាន់កាំភ្លើង ចំនួនពីរគ្រាប់។ (រូបថតលើហ្វេសប៊ុក)
  • ដោយ: ដារា រិទ្ធ អត្ថបទ និងយកការណ៍៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី១៦ កញ្ញា ២០១៦
  • កែប្រែចុងក្រោយ: September 17, 2016
  • ប្រធានបទ: ឧក្រិដ្ឋកម្ម
  • អាន និងបញ្ចេញយោបល់

លោក លី សុផាណា អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ បានឲ្យដឹងថា កាលពីរសៀលថ្ងៃសុក្រទី១៦ ខែ​កញ្ញានេះ ចៅក្រមស៊ើបសួរ លោក សេង លាង បានបញ្ជាឲ្យនាំខ្លួន ជនសង្ស័យតែម្នាក់គត់ នៅក្នុង​សំនុំ​រឿង​ឧក្រិដ្ឋ​កម្ម បាញ់សម្លាប់លោក កែម ឡី មក​ធ្វើការ​សាកសួរ ដើម្បី​រក​ចម្លើយបន្ថែម ចំពោះ​​ភស្តុតាង និង​ឯកសារ​មួយ​ចំនួន ​នៅ​​ក្នុង​​រឿង​​ក្ដី​នេះ។

តែបន្ទាប់ពីបញ្ចប់ការសាកសួរ និងនៅមុនត្រូវកងកម្លាំង ចាប់បញ្ចូលក្នុងរថយន្ដដើម្បី បញ្ជូនខ្លួនទៅឃុំឃាំង ជា​បណ្ដោះអាសន្ន នៅក្នុងពន្ធនាគារ​ព្រៃស​វិញ ជនសង្ស័យឈ្មោះ អឿត អាង ដែលមានរហស្សនាម ជួប សម្លាប់ បាន​ឆ្លើយប៉ុន្មានម៉ាត់ ទៅកាន់អ្នកសារព័ត៌មានថា តុលាការហៅលោក មក​សួរ​សំនួរ​ដដែលៗ មិនមានអ្វីថ្មីទេ។ លោក ជួប សម្លាប់ បានតបទៀតថា ខ្លួនលោកផ្ទាល់ក៏ឆ្ងល់ដែរ ពីមូលហេតុនៃការនាំខ្លួន មកធ្វើការ​សាកសួរ​ តែ​«សំនួរ​ដដែលៗ»​​នេះ។

ការនាំខ្លួនជនសង្ស័យមកសាកសួរជាថ្មីនេះ បានធ្វើឡើងបន្ទាប់ពីមានប្រតិកម្មជាច្រើន បានកើតឡើង​យ៉ាង​ខ្លាំង​ក្លា និង​ជាបន្តបន្ទាប់ ទាំងនៅក្នុងស្រុក និង​ក្រៅស្រុក ជាពិសេសពីសំណាក់ឧត្តមស្នងការ ទទួលបន្ទុក​សិទ្ធិ​មនុស្ស របស់អង្គការសហប្រជាជាតិ ទាមទារឲ្យរដ្ឋាភិបាល និងតុលាការកម្ពុជា ស៊ើប​អង្កេត និងបំបែក​សំនុំ​រឿង​ឃាតកម្ម លើលោក កែម ឡី នេះ ប្រកបដោយតម្លាភាព និងការទទួលខុសត្រូវ។

យ៉ាងណាក៏ដោយ អស់រយៈពេលជាង២ខែកន្លងទៅហើយ តែរឿងរ៉ាវស៊ើបអង្កេត ចេញពីសំនុំរឿងដ៏ធំនេះ ត្រូវ​បាន​​គេដឹង​តិច​តួច​ជា​ទី​បំផុត។ លោក ជួប សម្លាប់ ដែលជាជនសង្ស័យតែម្នាក់នោះ ត្រូវបានចាប់ខ្លួន នៅ​ប្រមាណ​ជា១ម៉ោងក្រោយឃាតកម្ម ហើយ​ភ្លាមៗ​នោះ លោកបានសារភាព ថាលោក​ជា​«ឃាតករ» ក្រោម​​មូលហតុ​ថា​លោក ចង់ជម្រះបញ្ជី​លើ​លោក កែម ឡី ព្រោះការជំពាក់ប្រាក់មិនសង ចំនួន៣០០០ដុល្លារ។ ការ​លើក​ឡើង​នេះ ត្រូវបានក្រុមគ្រួសារ​លោក កែម ឡី ជាពិសេសភរិយាលោក គឺអ្នកស្រី ប៊ូ រចនា បដិសេធ​ដាច់​អហង្កា និង​បាន​បរិហារ​ពីឃាតកម្ម បែប​នយោបាយ​មួយ។

លោក កែម ឡី ត្រូវបាន​ខ្មាន់​​កាំភ្លើង​​​បាញ់​​​សម្លាប់ នៅនឹងកន្លែង ដោយគ្រាប់កាំភ្លើងចំនួនពីរគ្រាប់ មួយគ្រាប់​ចំ​សៀត​ផ្កា និងមួយ​គ្រាប់​ទៀត ចំ​​ទ្រូង នៅ​ម៉ោង​ប្រមាណជា ៩ព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ក្នុង​ហាង «Star Mart» នៃស្ថានីយចាក់ប្រេងឥន្ទនៈ សាខាស្ដុបបូកគោ។ អ្នកជំនាញច្រើននាក់ បានគិតថា ឃាតករ​គឺ​ជា​អ្នក​​កាន់​​កាំភ្លើង​​ដ៏​ជំនាញ​ម្នាក់ ដែលដឹង​យ៉ាងច្បាស់ ពីចំណុចសំខាន់ «បាញ់ចំ​គឺស្លាប់ភ្លាម» ហើយឃាតករនោះ មិនអាចជាជន​សង្ស័យ «ជួប សម្លាប់» នេះឡើយ។

សូមរំលឹកដែរថា ឃាតកម្មបាញ់សម្លាប់​លោក កែម ឡី បានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់​ពីអ្នក​ស្រាវជ្រាវ​ផ្នែក​សង្គម និងជាអ្នកធ្វើ​អត្ថាធិប្បាយ​​នយោបាយខ្មែរ​ដ៏ល្បីឈ្មោះរូបនេះ បានធ្វើការពន្យល់​ពី​របាយ​ការណ៍​មួយ របស់អង្គការឃ្លាំមើលពិភពលោក (ហៅជាភាសា​អង់គ្លេស Global Witness) ដែលនិយាយ​ពី​ការ​រក​ស៊ី​មាន​បាន ក្នុងទឹក​ប្រាក់​ច្រើន​រយដុល្លារ របស់ក្រុមគ្រួសារ​របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុង​វិស័យ​ធំៗ​​​សំខាន់ៗ ដែល​ល្បីល្បាញ​ថា​ជា​វិស័យ ដែលសម្បូរដោយអំពើពុករលួយ៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់