លឺ ឡាយស្រេង ថ្លែង​ពី​ការ​ចាញ់​ឆ្នោត​របស់ ហ៊ុន សែន...

ជាសំនួរដដែលៗ តែអ្នកឆ្លើយលើកនេះ គឺជាលោក លី ឡាយស្រេង ដែលធ្លាប់ជា​ឧបនាយក​រដ្ឋមន្ត្រី មក​ពី​គណបក្ស​រាជា​និយម ហ៊្វុនស៊ិនប៉ិច។ សំនួរនោះ សួរថា បើគណបក្ស​ប្រជាជន​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ចាញ់​ឆ្នោត​នា​ពេល​ខាង​មុខ រួច​ប្រើ​កម្លាំង​ទ័ព ដើម្បី​ដណ្ដើម​អំណាច​នោះ តើ​ត្រូវ​គិត​ធ្វើ​យ៉ាង​ណា?
លឺ ឡាយស្រេង ថ្លែង​ពី​ការ​ចាញ់​ឆ្នោត​របស់ ហ៊ុន សែន...
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីបីទសវត្សរ៍ជាង របស់ប្រទេសកម្ពុជា។ (រូបថត Reuters)

វេទិការសួរឆ្លើយ រវាងលោក និងសិស្សនិស្សិតនេះ បានកើតឡើងតាំងពីរសៀល ថ្ងៃទី៦ ខែសីហា​កន្លងទៅ​ម្លេះ ប៉ុន្តែ​លោក លី ឡាយស្រេង ទើបនឹងសរសេរ​ទាំង​សំនួរ​ទាំង​ចម្លើយ យកមកបង្ហោះឡើងវិញ នៅលើ​បណ្ដាញ​សង្គម កាលពីពេលថ្មីៗនេះប៉ុណ្ណោះ។ នៅពេលនោះ វាគ្មិនម្នាក់​បានចោទ​សួរ​មក​លោក​ថា បើ​គណបក្ស​ប្រជាជន​កម្ពុជា របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចាញ់ឆ្នោត ហើយមិនព្រម​ប្រគល់​អំណាច រួច​ប្រើ​​កម្លាំង​​ទ័ព​​នោះ តើគិត​ធ្វើ​យ៉ាង​ណា?

អតីតឧបនាយករដ្ឋមន្ត្រី ដែលមានវ័យចំណាស់រូបនេះ បានធ្វើការបកស្រាយ ថាមានពីរជម្រើស។ ជម្រើស​ទី​មួយ បើលោក ហ៊ុន សែន មិនប្រគល់អំណាច ហើយប្រើកម្លាំងទ័ពនោះ គេត្រូវសួរដូច្នេះ ថាទៅរួចឬអត់? បើ​ពួក​គេ​ធ្វើ​ដូច្នេះ​មែន​នោះ គឺពួកគេធ្វើខុសហើយ។ ក្រោយពីការសម្លាប់ លោកបណ្ឌិត កែម ឡី គឺបានធ្វើឲ្យគេ​ភ្លឺភ្នែក​ខ្លាំង​ណាស់។

លោក ហ៊ុន សែន អាចស្លាប់យ៉ាងអាណោច...

លោក លី ឡាយស្រេង បានសរសេរថា៖ «ពិតមែនតែបណ្ឌិត កែម ឡី ស្លាប់ តែការស្លាប់នេះ ធ្វើឲ្យសន្ទុះ​កម្លាំង​មហាជន រាប់សែននាក់ អាចប៉ាន់ស្មានបាន ប្រហែល២លាននាក់ មកដង្ហែតាមដងវិថី អ្នកតាមដងផ្លូវ​ជាង​មួយ​លាន​នាក់ ហើយអ្នកគាំទ្រលោកបណ្ឌិត តាមភូមិស្រុក-ខេត្ត (មាន)មនុស្សរាប់សែននាក់ទៀត។ កម្លាំង​ទាំង​អស់​នេះ ពួកគេ​មិនគាំទ្រ​​គណបក្ស​ប្រជាជនទេ។»

«ចុះបើ ហ៊ុន សែន ចាញ់ឆ្នោតហើយ មិនព្រមចុះទៀតនោះ វានឹងកើតមានអ្វីឡើង បើកម្លាំងមហាជនងើប​ឈរ​ឡើង​ប្រឆាំង​ ហ៊ុន សែន នោះ តើវាទៅជាយ៉ាងណា? ម៉្យាងវិញទៀត ចុះពេលចាញ់ តើច្បាស់ថា ហ៊ុន សែន អាច​បញ្ជា​កម្លាំង (ប្រដាប់អាវុធ) ហើយកម្លាំង (ទាំងនោះ) អាចស្តាប់តាមបញ្ជារ ឬអត់? ហើយបើ ហ៊ុន សែន គេរឹត​តែ​រឹង​រួស អាចស្លាប់​យ៉ាង​អាណោច។»

ចំពោះជម្រើស​ទីពីរវិញ ត្រូវបានអតីតមន្ត្រីជាន់ខ្ពស់ បកស្រាយទៀតថា លោក ហ៊ុន សែន ក្នុងចិត្តខ្លួនលោក ដឹង​យ៉ាង​ច្បាស់ ថាអ្នកដែលហែរហមលោក នឹងឲ្យលោក ទទួលយកលទ្ធផលឆ្នោត និងប្រគល់អំណាច ទៅ​ឲ្យ​អ្នក​ឈ្នះ​ឆ្នោត។ ពេលនោះ លោក ហ៊ុន សែន នឹងក្លាយជាវីរបុរសជាតិ យ៉ាងពិតប្រាកដមួយរូប។

យុទ្ធសាស្ត្រ កុំសងសឹក កុំគុំគួនគ្នា...

លោក លី ឡាយស្រេង បានបន្តទៀតដូច្នេះ៖ «ខ្ញុំធានាថា នឹងធ្វើរឿងនេះ ឲ្យបានសម្រេច។ ពេលនោះ ស្រុក​យើង​នឹង​សុខសាន្ត។ នេះ ក៏អាស្រ័យលើសកម្មភាព​គណបក្ស​ឈ្នះ​ដែរ បើយើងប្រើយុទ្ធសាស្ត្រនេះ កុំសងសឹក កុំ​គុំគួន​គ្នា។ ខ្ញុំបានប្រាប់គណបក្សសង្គ្រោះជាតិ ឲ្យបោះបង់​ នូវការបំភិតបំភ័យ ឬចាក់ចង្កេះ ធ្វើឲ្យគេខ្លាច។»

អ្នកនយោបាយជើងចាស់ និងច្រើនជំនាន់​រូបនេះ បានសំដែងការជឿជាក់ថា អ្នកកាន់អំណាច នឹងយក​ការ​វិភាគ​របស់​លោក ខាង​លើ​នេះ ជាគោល​នៃការសម្រេចចិត្ត​របស់​ខ្លួន។ លោក លី ឡាយស្រេង បានបញ្ជាក់ជា​ចុង​ក្រោយ​ថា៖ «គិតពិចារណា ឲ្យបានច្បាស់លាស់ មុននឹងធ្វើការសម្រេចចិត្ត បើយើង​បន្តធ្វើ​ខុសតទៅទៀត វា​អាច​នឹង​មាន​​គ្រោះថ្នាក់​​ដល់​ជីវិត ដោយកម្លាំងមហាជន»៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់