«បណ្ឌិត កែម ឡី និងខ្ញុំ»

ទូកទៅ កំពង់នៅ។ លោក លឺ ឡាយស្រេង អតីតឧបនាយករដ្ឋមន្ត្រី មកពីគណបក្សរាជានិយម ហ៊្វុនស៊ិនប៉ិច បាន​រៀបរាប់​ថា លោកបានជួបលោក កែម ឡី ប្រមាណជាង១ខែ នៅមុនលោក កែម ឡី ត្រូវបានពេជ្ឈឃាត​ឈាម​ត្រជាក់ ឆក់​យក​ជីវិត​ទៅ​បាត់។ អតីតអ្នកនយោបាយជើងចាស់ បានសរសេរឡើងវិញ ពីអ្វី ដែល​លោក​បាន​ជួប​ជជែក ជាមួយ​លោក កែម ឡី ទាក់ទង​នឹង​ប្រវត្តិខ្លី ស្ដីពីប្រទេសកម្ពុជា ក្នុងសតវត្សន៍ចុងក្រោយ។
«បណ្ឌិត កែម ឡី និងខ្ញុំ»
ពីឆ្វេងទៅស្ដាំ៖ លោក លឺ ឡាយស្រេង - អ្នកស្រី ប៊ូ រចនា (ភរិយាលោក កែម ឡី) និងលោក កែម ឡី។ (រូបថតលើហ្វេសប៊ុក)

«បណ្ឌិត កែម ឡី និងខ្ញុំ» ជាសំណេររៀបរាប់ឡើងវិញ សរសេរដោយលោក លឺ ឡាយស្រេង ពីការ​ជួប​ជជែក​​រវាង​លោក និងលោក កែម ឡី នៅប្រមាណជាងមួយខែ មុនលោក កែម ឡី ត្រូវបាន​ឃាតករ​សម្លាប់។ ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ សូមចុះផ្សាយទាំងស្រុង (*) ពីសំណេររៀបរាប់នោះ ដូច​ខាង​ក្រោម។

យើងពីរនាក់បានជួបគ្នា នៅពេលដែលខ្ញុំទូរស័ព្ទទៅបណ្ឌិត នៅដើមខែ ៦ ហើយក៏បានណាត់ជួបគ្នា នៅ​ភោជនីយដ្ឋាន «Almond» ផ្លូវសុធារស ។

បណ្ឌិត កែម ឡី បានសម្តែងនូវការគោរព មកចំពោះខ្ញុំ ថែមទាំងបាននិយាយថា ស្គាល់ខ្ញុំតាមទូរទស្សន៍ និង​វិទ្យុ ហើយបានចាប់អារម្មណ៍ និងគោរពវីរភាពខ្ញុំ ខ្ញុំក៏សើច។ សើចហើយ ក៏តបវិញថា បណ្ឌិតដឹង​ឬទេ ថា​ហេតុអី​​​បាន​​ជា​ខ្ញុំ​ទូរស័ព្ទ​ចង់ជួបបណ្ឌិត ដែរឬទេ? ពីព្រោះខ្ញុំគោរព នូវវីរភាពរបស់បណ្ឌិត ហើយក៏ចង់ជួប​បណ្ឌិត​​ដើម្បី​​​សាសង​គ្នា ក្រែងលោខ្ញុំអាចឲ្យលោកបណ្ឌិត ជួយរក្សាទុក នូវការពិសោធន៍ និងការចេះដឹង​របស់​ខ្ញុំ។ ខ្ញុំ​ចេះ​​តែ​​ព្រួយ​បារម្មណ៍ថា ការពិសោធន៍ចំណេះដឹងរបស់ខ្ញុំ តាំងពីអាណានិគមន៍បារាំង សង្គ្រាម​លោក​លើក​​ទី២ សង្គ្រាម​​បន្តៗ​គ្នា រហូតដល់អូរស្មាច់ ឆ្នាំ ១៩៩៧ បានសូន្យដោយគ្មានអ្នកដំណរ។

លោកបណ្ឌិត បានសូមអភ័យទោសពីខ្ញុំ ហើយថា តើខ្ញុំអាចនិទាន ខ្សែជីវិតតស៊ូរបស់ខ្ញុំ ឲ្យស្តាប់ដែរឬទេ។ ខ្ញុំ​បាន​​ប្រាប់វិញថា ត្រូវការពេលវេលាច្រើនណាស់ណា ប៉ុន្តែខ្ញុំសង្ខេបគោលៗ ឲ្យងាយយល់។

កាលពីបារាំងបានធ្វើអាណានិគមន៍លើយើង មានការប្រកាសសង្គ្រាម៣ដង។ ប្រកាសសង្គ្រាមទីមួយ គឺ​សង្គ្រាម​​លោក (លើកទី១ ឆ្នាំ១៩១៤-១៩១៨ និងលើកទី២ ១៩៣៨-១៩៤៤)។ ពេលនោះហើយ ដែលជប៉ុន​វ៉ៃ​ឥណ្ឌូចិន ១៩៤៤-១៩៤៥ ហើយបានកាន់កាប់​ស្រុក​ខ្មែរ​យ៉ាង​ខ្លី ដោយមានលោក សឺង ង៉ុកថាញ់ ធ្វើជា​នាយក​រដ្ឋមន្ត្រី (ខ្ញុំបានជួបលោកតា សឺង ង៉ុកថាញ់ ២ដង នៅភ្នំពេញកាលពីរបបលន់ណុល ១៩៧២)។ ក្រោយមក សង្គ្រាម​​លោកលើកទី២បានបញ្ចប់ ជប៉ុនបានលើកទង់សចុះចាញ់ នៅឆ្នាំ​១៩៤៥។

បន្ទាប់ពីនោះ ប្រកាសសង្គ្រាមមួយទៀត គឺសង្គ្រាមយៀកមិញ ដែលពួកនេះបានបញ្ជូនទ័ព មកស្រុកខ្មែរ​យ៉ាង​ច្រើន សម្តេចសីហនុបានរៀបចំកងជីវពុល នារីក្លាហាន ពេលនោះ ដោយបានប្រើកាំភ្លើងឈើ ទូទាំង​ប្រទេស។ ពេលនោះ ខ្ញុំមានមោទនៈណាស់ នៅអាយុ១២-១៣ឆ្នាំមានកាំភ្លើងឈើ២ ដែលខ្ញុំឲ្យពូង៉ែត នៅភូមិ​ស្វាយចា​ធ្វើ ដោយដូរនឹងថ្នាំជក់ ។ ខ្ញុំស្ពាយរាល់ព្រឹក រាល់ថ្ងៃកាំភ្លើងមូសស៊ីតង់ អំផ្ចិលប្តូរគ្នារាល់ថ្ងៃ មានពេលខ្លះត្រូវ​រំពាត់ ដោយ​សារ​ដេកអោបកាំភ្លើងឈើ។ ខែ៦ ឆ្នាំ១៩៥៣ សម្តេចឪបានប្រកាស ឲ្យពួកយួនយៀកមិញចេញ ពេល​នោះ ខ្ញុំបាន​ឈរមើល​ពួកទ័ព​យៀកមិញ​ដើរជាជួរ មកពី«បសែតកាត់ភ្លុក» ស្ពាយទាំងចានទាំងឆ្នាំង ដើរ​កាត់​ផ្សារ​ស្រង់ ។

ក្រោយពីបានឯករាជ្យ ពេលនោះមានសង្គ្រាមខ្មែរឥស្សរៈ កើតឡើងពី៣ក្រុម គឺមាន៖ ក្រុម ដាប ឈួន កាន់​ ​កំពង់ធំ សៀមរាប បាត់ដំបង់ - ក្រុម ពុត ឆាយ កាន់ខាងត្បូង ខាងកើតមានតាកែវ កណ្តាល ព្រៃវែង ស្វាយរៀង និង​ក្រុមមួយទៀត នៅកំពង់ស្ពឺ កណ្តាល តាកែវ គឺ ស័ក្ដិមួយ ធីង សាកវ៉ាងវង្ស ស័ក្ដិបី សៀប ។

មិនបានប៉ុន្មានឆ្នាំផង សម្តេចសីហនុ ពេលនោះមានលោកតា លន់ ណុល ជាមេទ័ព សាក់ ស៊ុតសាខន និង ថោង វ៉ាន់ហ្វាន់ម៉ឺង បានបញ្ចុះបញ្ចូលទាំង៣ក្រុមនោះ មកចុះចូលជាមួយ​រដ្ឋាភិបាល​បានសំរេច។

ពុតឆាយ បានសម្លាប់ស័ក្ដិមួយ ធីង នៅកុងស៊ីកំពង់ត្រាំ ដោយអញ្ជើញគេមកស៊ីផឹក ឆ្នាំ១៩៥៤ វេលាម៉ោង២ ដូច្នេះទ័ពលោក ធីង ត្រូវធ្លាក់មកសាកវ៉ាងវង្ស និងស័ក្ដិបី ឌាប។ ជាមួយនេះ មានទ័ពមួយក្រុមទៀត ដឹកនាំ​​ដោយ​ព្រះអង្គ​ម្ចាស់ ចន្ទរង្សី នៅម្តុំ​កំពង់ស្ពឺ ក្រោយមកក៏បានរួបរួម ជាមួយរដ្ឋាភិបាលផងដែរ។

ឆ្នាំ ១៩៥៦ ទ័ព សាកវ៉ាងវង្ស ស័ក្ដិបី ឌាប និង ពុតឆាយ បានរលាយរូបរាងអស់ នៅសល់តែ ដាប ឈួន មួយ​ដែល​គាត់​ចង់ធ្វើរដ្ឋប្រហារ ដែលមានទាហានសៀម និងអាជ្ញាធរខេត្តសុរិន ជាអ្នកឧបត្ថម។ ខ្ញុំបានជួប​ចៅ​ហ្វាយ​​ខេត្ត សុរិន លោកសាណឺ ដែលមានរូបរាងដូចលោកតា សឺង ង៉ុកថាញ់ ដែលបានប្រាប់ពីប្រវត្តិ ដាប ឈួន ។ ពាក្យ ដាបដាប គឺជាភាសាថៃ ប្រែមកថា ដោយ។ ដោយឈួន មកភ្នំដងរែកក្រោយលោកតា សឺង ង៉ុកថាញ់ - ហង់ ធុនហាក់ (ក្រោយមកជានាយករដ្ឋមន្ត្រី របបសាធារណរដ្ឋ លន់ ណុល) គាំរ៉េត ដែល​គេ​ហៅ​ថា ពួក​ភ្នំ​ដង​រែក ដែល​ទំនាក់ទំនង​ខ្លាំង​ផ្តល់ស្បៀង គឺលោកតា តក់ ដែលត្រូវជាឪពុកលោក តក់ថាវ ដែល​ក្រោយ​មក ជួយ​យ៉ាង​ពេញ​ទំហឹង កាលសង្គ្រាមក្រុមសីហនុនិយម «ANS»។ រឿងរ៉ាវបន្ទាប់មក គឺ​សង្គ្រាម​ លន់ណុល ឆ្នាំ​១៩៧០-​​១៩៧៥ សង្គ្រាម លន់ណុល-ខ្មែរក្រហម គាំទ្រដោយសម្តេច សីហនុ។

រដ្ឋប្រហារឆ្នាំ១៩៧០...

បណ្ឌិត កែម ឡី សួរខ្ញុំថា ចុះកាលពីលោកតា លន់ ណុល ធ្វើរដ្ឋប្រហារ តើអាចនិទានឲ្យខ្ញុំយល់ផង តើការ​ពិត​វា​យ៉ាង​ណា?

ការពិតនោះ គឺមានទំនាស់រវាងខ្សែស៊ីសុវត្តិ និងនរោត្តម នៅចុងខែកុម្ភៈ ឬដើមមិនា ខ្ញុំមិនចាំ។ សម្តេចសីហនុ បានយាងទៅធ្វើទស្សនកិច្ច នៅប្រទេសបារាំង ពេលនោះទ្រង់ស៊ីសុវត្តិ សិរីមតៈ ធ្វើជានាយករដ្ឋមន្ត្រី «Acting Chief of State»។ នៅដើមខែមិនា មានយន្តហោះ២គ្រឿង ដឹកថ្នាំពេទ្យពី ប្រទេសប៉ូឡូញ ទិស​ដៅ​មក​ចែក ឲ្យពួកវៀតកុង ខេត្តស្វាយរៀង និងកំពង់ចាម ដែលជាទីជំរកពេទ្យរបស់ពួកគេ។ ទ្រង់សិរីមតៈ បាន​ឃាត់​ឃាំង​យន្ដហោះនោះទុក ព្រោះគ្មានក្រដាសស្នាមត្រឹមត្រូវ និងមិនចង់ឲ្យប្រទេសកម្ពុជា ផ្តល់​អ្វីៗ​ដល់​ពួក វៀតកុង ហើយ​​ក៏ឲ្យយន្តហោះ២គ្រឿង ហោះទៅវិញទទេ។

ហាណូយ បានទូរស័ព្ទទៅបារីស ទៅសម្តេចសីហនុ តវ៉ានិងសម្តែង នូវភាពមិនសប្បាយចិត្ត ដោយទ្រង់​សិរីមតៈ កាក់ទុកថ្នាំពេទ្យទាំងនោះ រឿងនេះធ្វើឲ្យសម្តេចសីហនុខ្ញាល់យ៉ាងខ្លាំង ហើយបានប្រកាសថា ពួក​លន់ណុល​ចង់ក្បត់ បើត្រលប់មកវិញកាត់ក្បាលបីនាក់ សិរីមតៈ លន់ណុល និងអិនតាំ ត្រូវដាច់ក្បាល​ព្រោះ​ក្បត់។

ទ្រង់សិរីមតៈខ្ញាល់ អិនតាំភ័យ តាលន់ណុលស្លោភ្នែក បានរត់ទៅគាល់ ព្រះមហាក្សត្រី កុសមៈ ដែល​ព្រះអង្គ​ជា​អ្នក​បន្តរាជ្យ ពីព្រះអង្គ សុរាម្រិត ដែលជាបិតារបស់សម្តេចឪ។ ខ្ញុំមិនដឹងថា ព្រះអង្គកុសមៈធ្វើអន្តរគមន៍​យ៉ាង​ណា​មិនច្បាស់ ដែលស្ថានការណ៍តឹងឡើងៗ ធ្វើឲ្យតាលន់ណុល សិរីមតៈ សំរេចចិត្តបញ្ជូន​គណប្រតិភូ នៅ​ថ្ងៃ​ទី​៥-៦​ដោយ​មានទ្រង់កន្តុល ដែលជានាយករដ្ឋមន្ត្រី ជាមួយលោកតា ញ៉ែម សម្បូរ ជារដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ដែល​មាន​លោក សេង ប៉ុនជូ ជា SP ទៅជាមួយ តែបេសកកម្មនោះបរាជ័យ ដោយសម្តេច​ឪ​មិន​ឲ្យ​ជួប។ អញ្ចឹងហើយ ពួកគេ​​​ក៏បង្ខំចិត្ត ធ្វើរដ្ឋប្រហារទម្លាក់ សីហនុ ដែលមានលោកអិនតាំកោះប្រជុំសភា ទម្លាក់​សម្តេច​​សីហនុ​ទៅ នៅ​​វេលា​ម៉ោង​​១០ព្រឹក។

ពេលនោះ មានភាពច្របូកច្របល់ គេនាំគ្នាមកអបអរសាទរ ពីគ្រប់ខេត្តមកភ្នំពេញ ទាស់ត្រង់ខាងកំពង់ចាម ស្មានថាមកទទួលសម្តេច សីហនុ នៅគល់ស្ពានជ្រោយចង្វារ ក៏មានការប្រទូសស្ររាយគ្នាបន្តិចដែរ។

ចំណែកសម្តេច សីហនុ បានបន្តដំណើរទៅប្រទេស រ៉ូស្សី។ តាមដឹងអាជ្ញាធររ៉ូស្សី បានថ្វាយយោបល់ ឲ្យ​ត្រលប់​មកស្រុកខ្មែរវិញមក (មុនប្រកាសទម្លាក់) កុំឲ្យទៅស្រុកចិន។ លោកមិនស្តាប់ ក៏បន្តទៅស្រុកចិន។ គ្រា​នោះ ផាន់វ៉ាន់ដុង ដែលជានាយករដ្ឋមន្ត្រីវៀតណាម បានទៅគាល់លោកនៅស្រុកចិន ហើយបានទូលថា សូម​ព្រះអង្គកុំព្រួយព្រះទ័យ ទ័ពខ្ញុំនឹងវ៉ៃពួកលន់ណុលឲ្យខ្ទេច ក្នុងរយៈពេលខ្លី និងយាងព្រះអង្គចូលកម្ពុជាវិញ។ បន្ទាប់​មក​សម្តេច​សីហនុ បានប្រកាសឲ្យខ្មែរចូលព្រៃ «Marqui» ដើម្បីប្រយុទ្ធនឹងរបបលន់ណុល។

របបលន់ណុល បានដេញជនជាតិយួន​​ចេញពីប្រទេសកម្ពុជា យ៉ាងអាក្រក់មើលបំផុត។ រឿងអាក្រក់ទាំងនោះ គឺបានឲ្យសម្លាប់យួន នៅម្តុំផ្សារគគី បណ្តែតទឹក ធ្វើឲ្យមតិអន្តរជាតិថ្កោលទោសជាខ្លាំង។ ក្នុងរបបនោះ យន្តហោះ​ចម្បាំង USA បានទម្លាក់គ្រាប់បែក ពាសពេញស្រុកខ្មែរ​ជួយរបបលន់ណុល។ ក្រោយ​មក​លោក​ប្រធានាធិបតី ណិច សុន (របស់អាមេរិក) បានប្រកាសដកទ័ពចេញ​ពីប្រទេសយួន ធ្វើឲ្យពួកយៀកកុង​មាន​ទឹក​ចិត្ត​ខ្លាំងក្លា ក្រោយមក ក៏បានវ៉ៃធាវគី (ទាហានយួនសេរី ឬយួនខាងត្បូង) បរាជ័យទៅ។

នៅស្រុកខ្មែរថ្ងៃទី១២ ខែមេសា ឆ្នាំ១៩៧៥ អាមេរិកកាំងបានបញ្ជូនឧទ្ធម្ភាគចក្រ «អេឡេកូ» ២១គ្រឿង មក​យក​ពួក​ស្ថានទូត​ចុះចតពាសពេញនៅ «Building»។ កាលនោះ ខ្ញុំបានដឹងមុនថា នៅថ្ងៃ១០ នឹងមាន «អេឡេកូ USA» នឹង​មករំដោះពួកគេ។ ខ្ញុំបានទៅជួបពួកឧត្តមសេនីយ សាក់ ស៊ុតសាខន ដែលពេលនោះ លោកជា​មេ​បញ្ជាការ​ទ័ព ដោយខ្ញុំយល់ថា បើមានការឡោមព័ទ្ធ ពួក USA នឹងបញ្ជូនទ័ព ឲ្យមករំដោះពួកគេ។ ការនៅ​«ថូប»​​​មិន​បាន​សម្រេច ពួក USA បានរំដោះពួកគេ ដែលពេលនោះលោក ហ្គា​ន់​ធឺ ឌី​ន (Gunther Dean) ជា​អគ្គរដ្ឋទូត ពេល​ឡើង​អេឡេកូ លោកទូតនោះកាន់ទង់ជាតិ USA ផង។

ពេលនោះ ខ្ញុំជាអ្នកតំណាងរាស្ត្រ ខ្ញុំក៏បានប្រាប់ពួកអ្នកតំណាងរាស្ត្រថា ឆាប់ៗនេះស្រុកខ្មែរនឹងធ្លាក់ហើយ។ រហូតដល់ថ្ងៃទី១៧ ខែមេសា ក៏បរាជ័យ ខ្មែរក្រហមបានចូលភ្នំពេញ ដេញអ្នកក្រុងចេញពីផ្ទះ។ ថ្ងៃបន្ទាប់ ពួកវា​បាន​ដេញ​ចេញ​ពីក្រុង ដោយកុហកថាខ្លាចពួក USA មកទម្លាក់គ្រាប់បែក។

ដោយយល់ច្បាស់ថា ស្រុកយើង​នឹង​ធ្លាក់​នោះ នៅថ្ងៃ១៦ មេសា ខ្ញុំក៏បាននាំបងប្អូនចំនួន៤២នាក់ ជិះ​យន្តហោះ​ខ្មែរ​អាកាស​ (មក)​​កំពង់សោម។ ព្រឹកថ្ងៃ១៧មេសា ខ្ញុំទៅមូលដ្ឋានទ័ពជើងទឹករាម លុះរសៀលម៉ោង៣ វិទ្យុ​ជាតិ​ដែល​ប្រកាស​ដោយ​ខ្មែរក្រហម បានឲ្យដឹងថា ពួកគេបានកាន់កាប់ភ្នំពេញហើយ។

ពេលនោះ ខ្ញុំបានពិភាក្សាជាមួយលោកសក្តិ៥ សោម គ្រឹស្នា ហៅបូ ដែលត្រូវជាបងប្អូន ឲ្យនៅទប់ទល់​២-៣ថ្ងៃ​សិន ព្រោះមូលដ្ឋានទ័ពរាម មិនងាយវ៉ៃចូល បានដោយងាយទេ។ លុះម៉ោង៥ល្ងាច ពួកគេនាំគ្នាបញ្ចូនឥវ៉ាន់ ឡើង​​កាប៉ាល់​ហើយ​មេទ័ព​លោក សារ៉ាន់ឌី បានលួចចេញអូប័រទៅបាត់មុន។ រីឯខ្ញុំនៅជាមួយលោក គ្រឹស្នា រហូត​ម៉ោង​​៥ភ្លឺ ទើប​ចេញ​​ដំណើរ​​​ទៅ​កោះរ៉ុង។

នៅកោះរ៉ុង នាវាចំបាំងទាំងអស់ បានប្រមូលគ្នានៅទីនោះ។ ខ្ញុំបានណែនាំ​គេ​ថា គ្នាគេ​មាន​ច្រើន​ណាស់ មិន​ងាយ​​ធ្វើការសម្រេចចិត្តទេ យកល្អត្រូវបែងចែក ជា៣ក្រុមគឺ ទី១គឺអ្នកដែល​ចង់វិល​ទៅ​រាម​វិញ ទី២គឺអ្នកចង់​ចេញ​​ទៅ​ក្រៅ និងក្រុមទី៣ គឺអ្នកស្ទាក់ស្ទើរ​ត្រូវនៅលើកោះ ។ ពួកគេក៏ធ្វើតាម ហើយ​ចំពោះ​អ្នក ដែល​មាន​បំណង​​ចេញ​ទៅ​ក្រៅ មានកប៉ាល់ ខ្ញុំបានណែនាំលោកសក្តិ៥ សោម គ្រឹស្នា ធ្វើដំណើរទៅ​កោះ​ហម ព្រោះ​នៅ​ទី​នោះ ជា​មូលដ្ឋាន​សឹក​របស់ USA។ គេថាខ្លាចក្រែងប្រេងមិនគ្រប់ ក៏ឲ្យពួកគេសន្តោងកប៉ាល់ ដើម្បី​សំចៃ​ប្រេង ហើយ​​ប្រាប់​ពួកគេ ឲ្យ​ប្រើ​កញ្ចក់​បញ្ជាំង​ទៅលើ ជាសញ្ញា SOS មានន័យថា SOS អាច​មើល​ឃើញ ។

ខ្ញុំបានបែកពីពួកគេ ដោយជិះអូប័រមកស្រុកត្រាត់ លន់ណុល។ នោះគ្រាន់តែបញ្ជាក់ ពីរឿងរបប លន់ណុល។

ចម្បាំង ១៩៧៩ -១៩៩២

ក្រោយពេលខ្មែរក្រហមបែក ឆ្នាំ១៩៧៩មក ពួកទ័ពយួនបានមកឈ្លានពានស្រុកខ្មែរ ក្នុងលេសមកជួយ​រំដោះ​ដោយទ័ព ហ៊ុន សែន។ តាមពិត រឿងចម្បាំងនៅស្រុកខ្មែរ តាំងពីណាពីណីមក គឺជាយុទ្ធសាស្ត្រ របស់បក្ស​កុម្មុយនីស យួន។ កាលពីខ្មែរក្រហម ពូកវៀកកុងពេញស្រុកខ្មែរ បើគ្មានពួកវៀកកុងមកជួយ ទ័ពសម្តេច​សីហនុ មិន​អាច​យកជ័យជំនះលើ លន់ណុល ឡើយ។ ក្រោយឆ្នាំ ១៩៧៩ ពួកខ្មែរក្រហម បានទម្លាក់ខ្លួន​មក​ដល់​​សំឡូត ដែនដីខាងលិច និងម៉ាឡៃ ព្រះវិហារ បន្ទាប់មកមានខ្មែររំដោះ​ជាច្រើនក្រុម បានបង្កើតឡើង តែ​ពេល​នោះ​ក្រុមលោកតា ស៊ឺនសាន សាក់ស៊ុតសាខន ក៏បានប្រមូលក្រុមតូចៗទាំងនោះទៅ។

នៅឆ្នាំ១៩៧៨ សម្តេចសីហនុ បានទៅអង្គការសហប្រជាជាតិ។ ពេលនោះ ខ្ញុំនិងទ្រង់សិរីរ័ត្ន ជាអ្នកជួយ​លោក។ នៅខែ១២ ឆ្នាំ១៩៧៨ ខ្ញុំបានពិភាក្សាជាមួយទ្រង់ ឲ្យទ្រង់យាងវិល មករំដោះទឹកដីខ្មែរវិញ។ នៅខែ​មិនា ឆ្នាំ១៩៨១ ក៏បានបង្កើត ហ៊្វុនស៊ិនប៉ិច (Funcinpec) នៅឥណ្ឌូនេស៊ី។

ខ្ញុំរស់នៅសហរដ្ឋអាមេរិក មានការឈឺឆ្អាលពីរឿងស្រុកខ្មែរណាស់។ កាលពីសម័យខ្មែរក្រហម ខ្ញុំបានមកដល់ «Long beach» ថ្ងៃទី៥ ខែឧសភា ឆ្នាំ១៩៧៥។ នៅ USA ខ្ញុំប្រាប់គេថា ខ្មែរក្រហមដេញខ្មែរចេញពីផ្ទះ ហើយ​កាប់​​សម្លាប់​ខ្មែរ​អស់​រាប់​សែននាក់ ពេលនោះគ្មាននរណាម្នាក់ ជឿខ្ញុំឡើយ លុះដល់មានបងប្អូន​ខ្លួន​មក​ដល់ USA ដែល​​ឃើញ​​មាន​ក្បាលនិងជង្គង់ប៉ុនគ្នា ហើយពួកគេនិយាយពីសោកនាដកម្មនោះ ទើប​គេ​ជឿ​ខ្ញុំ។ នៅ USA ឆ្នាំ​១៩៧៦ ខ្ញុំ​រួម​ជា​មួយ​ខ្មែរ​នៅ USA ដឹកនាំគ្នាធ្វើបាតុកម្ម ប្រឆាំងអំពើយង់ឃ្នង ដែល​ធ្វើ​ឡើង​ដោយ​​ពួក​ខ្មែរ​​ក្រហម៕

-------------

(*) ទស្សនាវដ្ដីបានធ្វើការកែសម្រួល នូវឃ្លាឃ្លោងមួយចំនួន និងកំហុសអក្ខរាវិរុទ្ធខ្លះៗ ប៉ុន្តែអត្ថន័យដើម​របស់​អត្ថបទ និងអ្វីដែលស្មេរចង់អះអាង មិនត្រូវបានផ្លាស់ប្ដូរទេ។ សំណេរខាងលើនេះ បានបញ្ចប់នៅត្រឹម ដូច​ដែល​លោកអ្នកបានអាន ដែលទំនងជាលោក លឺ ឡាយស្រេង នៅមិនទាន់មានឱកាស ដើម្បីសរសេរបន្ត ឬ​ការ​ជួប​ជា​មួយ​លោក កែម ឡី បានបញ្ចប់ត្រឹមហ្នឹង៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់