ភរិយា កែម ឡី បរិហារ ខៀវ សុភ័គ ថា​និយាយ​«កុហក»

នៅពេលដែលអាជ្ញាធរ បន្ទោសក្រុមគ្រួសារជនរងគ្រោះ ថាមិនសហការជាមួយ​ខ្លួន... និងបាន​ជ្រើសរើស​ការ​រត់​ចោល​ស្រុក...។ នៅចំពោះហេតុការណ៍​នេះ ភរិយា​លោក កែម ឡី បានប្រតិកម្ម​តប​ទៅ​វិញ ហៅ​ការ​ថ្លែង​ឡើង​ដូច្នេះ របស់​អ្នក​នាំ​ពាក្យ​មួយ​រូប របស់​ក្រសួង​មហាផ្ទៃ​​ដែល​តំណាង​ឲ្យ​អាជ្ញាធរ ថាជា​ពាក្យ​សំដី​«កុហក»។
ភរិយា កែម ឡី បរិហារ ខៀវ សុភ័គ ថា​និយាយ​«កុហក»
ពីឆ្វេងទៅស្ដាំ៖ រូបភាពការរត់គេចខ្លួន របស់ជនសង្ស័យ ដែលត្រូវបានចាប់ខ្លួនក្នុងពេលក្រោយមក និងរូបភាពស្ដូកស្ដឹង នៃសាកសពលោក កែម ឡី។ (រូបថតលើបណ្ដាញសង្គម)

ការស៊ើបអង្កេតមួយ ដែលអាជ្ញាធរដូចជារំពឹង ទៅលើការរួមសហការ ពីសំណាក់ក្រុមគ្រួសារជនរងគ្រោះ... ហើយអ្នកនាំពាក្យ​របស់អាជ្ញាធរ ដូចជាបានបន្ទោស​ក្រុម​គ្រួសារ​ជន​រងគ្រោះ ថាបានរត់ចោលស្រុក និង​រត់​ចោល​នីតិវិធី ក្នុងការរក​យុត្តិធម៌​នេះទៅវិញ។ ទាំងនេះជាការលើកឡើង របសលោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ នៅក្នុងកិច្ចសម្ភាសមួយ ទៅឲ្យប្រព័ន្ធផ្សព្វផ្សាយ​ក្នុងស្រុក ទាក់ទងនឹងសំនុំរឿងបាញ់​សម្លាប់ លោក កែម ឡី យ៉ាងសាហាវកណ្ដាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែកក្កដា កន្លង​មក។

ប៉ុន្តែសម្រាប់ក្រុមគ្រួសារលោក កែម ឡី វិញ បានហៅការលើកឡើង របស់លោក ខៀវ សុភ័គ ថាជាការ​ភូត​កុហក និងខុស​ពីការពិត។ អ្នកស្រី ប៊ូ រចនា ភរិយាលោក កែម ឡី ដែលកំពុងរត់ភៀសខ្លួន ចេញទៅកាន់​ទី​កន្លែង ​ដែល​​មាន​សុវត្ថិភាព សម្រាប់អ្នកស្រី​និងកូននោះ បានសរសេរតបទៅលោក ខៀវ សុភ័គ នៅលើ​គណនី​ហ្វេសប៊ុក​​​របស់​​អ្នកស្រី កាលពីយប់ថ្ងៃទី៨ ខែកញ្ញានេះថា លោក ខៀវ សុភ័គ អាចនិយាយ​កុហកគេឯងបាន តែ​លោក​​មិន​​អាច​កុហក​​ខ្លួនឯង​បានឡើយ។

គឺគ្មានទេ!

ភរិយាមេម៉ាយ និងជាម្ដាយរបស់កូនលោក កែម ឡី ទាំង៥ (ម្នាក់នៅក្នុងផ្ទៃ) បានចោទសួរទៅលោក ខៀវ សុភ័គ វិញថា តើចាប់តាំងពីថ្ងៃ ដែលស្វាមីអ្នកស្រី​ត្រូវបានបាញ់សម្លាប់ រហូតមកដល់ពេលនេះ តើមាន​មន្ត្រី​អាជ្ញាធរ​ប៉ុន្មាន​​នាក់​ហើយ ដែលបានចូល​មកសាកសួរ ឬស្នើសុំការចូលរួម​សហការ ពីអ្នកស្រីនិងគ្រួសារ? អ្នកស្រី​បាន​បាន​បន្ត​សួរ​​ទៀត​​ថា៖ «តាំងពីថ្ងៃធ្វើបុណ្យថ្ងៃទី១ រហូតដល់ថ្ងៃ​ហែរសពចេញ គឺ២អាទិត្យ (ហើយ) តើ​មាន​ពួក​លោក​​មក​សួរ​សុខទុក្ខ ដល់កន្លែងសព(ឬ)ទេ?»

អ្នកស្រី ប៊ូ រចនា បានឆ្លើយដោយខ្លួនឯង ដូច្នេះថា៖ «គឺគ្មានទេ»។

លោក កែម ឡី ដែលជាអ្នកស្រាវជ្រាវផ្នែកសង្គម និងជាអ្នកធ្វើអត្ថាធិប្បាយ​​នយោបាយ​​ដ៏ល្បីឈ្មោះ ត្រូវបាន​ខ្មាន់​​កាំភ្លើង​​​បាញ់​​​សម្លាប់ នៅនឹងកន្លែងភ្លាម ដោយគ្រាប់កាំភ្លើងចំនួនពីរគ្រាប់ មួយគ្រាប់ចំសៀតផ្កា និងមួយ​គ្រាប់​ទៀត ចំ​​ទ្រូង។ ករណីបាញ់សម្លាប់នេះ បានកើតឡើង នៅម៉ោងប្រមាណជា ៩ព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ក្នុង​ហាង «Star Mart» នៃស្ថានីយចាក់ប្រេងឥន្ទនៈ សាខាស្ដុបបូកគោ។

ចម្រៀងដដែលៗ...

ម្ចាស់ចិត្តរបស់លោក កែម ឡី ដែល​បាន​ជួប​គ្នា​ដំបូង នៅកំពង់ចម្លងមួយក្នុងខេត្តក្រចេះ តាំងពីជាង១០ឆ្នាំមុន បាន​សម្ដែង​ក្ដីទោមនស្ស ចំពោះហេតុការណ៍ភ្លាមៗ ក្រោយការបាញ់សម្លាប់ស្វាមី ថារូបអ្នកស្រីជាភរិយា ត្រូវ​មន្ត្រី​អាជ្ញាធរ​ហាម មិនឲ្យទៅជិតសាកសព និងត្រូវបង្ខំចិត្ត សម្លឹង​រាងកាយស្ដូកស្ដឹងរបស់ស្វាមី ពីខាងក្រៅ​ហាង​ទំនិញ យ៉ាង​អាណោច​អាធម។ អ្នកស្រី ប៊ូ រចនា បានសរសេរ​បន្តទៀត​ថា៖ «បើលោក ខៀវ សុភ័គ ពិតជា​យក​ចិត្ត​ទុក​ដាក់ ដល់គ្រួសារខ្ញុំមែន លោកត្រូវបង្ហាញ (រូបភាពក្នុង) កាមេរ៉ា តាំងពីថ្ងៃ​កើត​ហេតុ​ភ្លាមៗ មិនចាំ​បាច់​ពន្យា​​ពេល រហូត​ដល់​២ខែ​ឡើយ»។

ប៉ុន្តែការទាមទារ​​របស់ក្រុមគ្រួសារ និងអ្នកគាំទ្រលោក កែម ឡី ស្នើរឲ្យបង្ហាញជាសាធារណៈ នូវរូបភាព​កាម៉េរ៉ា​សុវត្ថិភាព ដែលថតឃើញ​​ពីសកម្មភាព​ខ្មាន់កាំភ្លើងនោះ តែងទទួលបានចម្លើយមកវិញ នូវចម្រៀងដដែលៗ ដែល​​មិនជាទីគប្បី​សម្រាប់​អ្នកស្ដាប់។ ចម្រៀង​ដដែលៗ​​នោះ គឺថារូបភាពនៅក្នុងកាម៉េរ៉ា បានមកដល់​ដៃ​តុលាការ និង​លែង​ស្ថិត​ក្នុង​ដែនសមត្ថកិច្ច របស់អាជ្ញាធរទៀតហើយ។

អ្នកស្រី បានប្រើពាក្យសោកស្ដាយ តបទៅលោក ខៀវ សុភ័គ វិញថា៖ «ពាក្យសោកស្តាយ (គឺ)ខ្ញុំទេ ដែល​ជា​អ្នក(ត្រូវ)​និយាយ មិនមែន​សមត្ថកិច្ច​ឡើយ!»៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់