ហ៊ុន ម៉ាណែត ថា​មេធាវី​អាមេរិក ម័រតុន ក្លារ បំផ្លើស

លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងនាយករដ្ឋមន្ត្រី បានចេញមុខ មកធ្វើប្រតិកម្មថា ការលើកឡើង ក្នុង​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ របស់មេធាវីអាមេរិក លោក ម័រ តុន ក្លារ (Morton Sklar) ទាក់ទងនឹងការ​ចាញ់ក្ដី​«ជំហាន​ដំបូង» នៅ​ក្នុង​ករណី​បណ្ដឹង​​ប្រឆាំង​រូបលោក ទៅកាន់តុលាការក្រុង ឡូសអេនជឺឡេស នោះ ថាជា​ការ​បំផ្លើស​«ការ​ពិត»។
ហ៊ុន ម៉ាណែត ថា​មេធាវី​អាមេរិក ម័រតុន ក្លារ បំផ្លើស
លោក ហ៊ុន ម៉ាណែត កូនប្រុសរបស់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន។ (រូបថតផ្តិតពីវីដេអូ)

យ៉ាងហោចណាស់ ក៏ប្រតិកម្មជាលើកដំបូង នៅលើបណ្ដាញសង្គម តាមរយៈទំព័រផ្ទាល់ខ្លួននេះ បាន​បង្ហាញ​ថា​លោក ហ៊ុន ម៉ាណែត បានទទួលស្គាល់ជាផ្លូវការ នូវករណីក្ដីក្ដាំ នៅក្នុងតុលាការក្រុង ឡូសអេនជឺឡេស ក្រោម​ពាក្យ​បណ្ដឹង របស់មេធាវីអាមេរិក លោក ម័រ តុន ក្លារ (Morton Sklar) ការពារក្ដីឲ្យលោក មាជ សុវណ្ណារ៉ា​ មន្ត្រីគណបក្សសង្គ្រោះជាតិ។ កូនប្រុស​នាយករដ្ឋមន្ត្រីរូបនេះ ធ្លាប់បានបដិសេធដំណឹងនេះ ជា​ច្រើន​ដង ស្រប​ពេល​​ដែល​​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ផ្សេងទៀត បានបដិសេធ​ពីយុត្ថាធិការ របស់តុលាការអាមេរិក ថាមិន​​អាច​​កាត់​​ទោស លើ​«ឥស្សរជនកម្ពុជា»​ ដូចលោក ហ៊ុន ម៉ាណែត ឡើយ។

នៅក្នុងប្រតិកម្មខ្លីមួយ នៅលើបណ្ដាញសង្គម លោក ហ៊ុន ម៉ាណែត ដែលមានថានៈជា នាយរង​សេនា​ធិការ​ចម្រុះ ​នៃកងយោធពល​ខេមរភូមិន្ទ​កម្ពុជា បានបដិសេធព័ត៌មាន ដែលអះអាងថាលោក ចាញ់ក្ដីនៅក្នុង​សវនាការ​​បថម ដែល​ធ្វើ​ឡើង​កាល​ពីថ្ងៃទី១ ខែកញ្ញានេះ នាតុលាការក្រុង ឡូសអេនជឺឡេស សហរដ្ឋ​អាមេរិក។ លោក​ចាត់​ទុក​ថា ការថ្លែងឡើងរបស់លោក ម័រតុន ក្លារ មេធាវីតំណាងឱ្យដើមបណ្តឹង គឺជាការ​បំផ្លើស​ព័​ត៌មាន ដោយ​លោក​បាន​​យក​ការ​អះអាង របស់លោក ចន ផូស៊ែល (John Purcell) មេធាវីការពារក្ដី​ឲ្យ​លោក និង​​លោក គ្រីស្តូហ្វើរ ប៊ើរ (Christopher Beres) អ្នក​ជំនាញ​ច្បាប់​អាមេរិក (?) មកពន្យល់។

កូនប្រុសច្បងរបស់លោក ហ៊ុន សែន ដែលតែងត្រូវបាន​ចាត់ទុក​ ជាអ្នក«បន្តតំណែង»ជំនាន់ក្រោយនោះ បាន​ដក​ស្រង់​ការ​លើកឡើង របស់លោក គ្រីស្តូហ្វើរ ប៊ើរ តាមរយៈសារព័ត៌មាន ខ្មែរថាមស៍ (Khmer Times) មក​បញ្ជាក់​ថា៖ «ដើមប​ណ្តឹង មិនទាន់ឈ្នះក្តី​នៅឡើយទេ។ ដើមបណ្តឹងបានអះអាង ទៅតុលាការអាមេរិកថា ដើម​បណ្តឹង​មិន​មាន​អង្គហេតុ​ណា ដើម្បីបញ្ជាក់ថា តុលាការមានសមត្ថកិច្ចឡើយ។ ដូចេ្នះសួរថា តើមេធាវី​របស់​ដើម​បណ្តឹង​នេះ អាច​ដាក់​ពាក្យ​បណ្តឹង​ដោយឆន្ទៈសុច្ចរិត ដោយរបៀបណា ប្រសិនគ្មាន​អង្គហេតុ​ណា​មួយ​ដែល​បញ្ជាក់​ថា​តុលាការ​មាន​សមត្ថកិច្ចផងនោះ។ មកដល់ពេលនេះ ដើមបណ្តឹងមិនបានបង្ហាញ អង្គហេតុ​ណា​​មួយ ទៅ​តុលាការ​សហរដ្ឋ​អាមេរិក ដើម្បីអាចតម្រូវឱ្យ លោក ហ៊ុន ម៉ាណែត ត្រូវចូល​ខ្លួន​ទៅ​តុលាការ ដើម្បី​​ឆ្លើយ​​តប​​ទៅ​​នឹង​​បណ្តឹង ដែល​បាន​ដាក់​នោះ។»។

» កិច្ចសម្ភាសមួយ រវាងអ្នកស្រី យ៉ុង ខេមរា ជាមួយលោក ចន ផូរស៊ែល ដែលលោក ហ៊ុន ម៉ាណែត យក​មក​បង្ហោះ​​នៅ​លើ​ទំព័រ​របស់លោក៖

បើតាមការអះអាង របស់លោក ម័រតុន ក្លារ មេធាវីតំណាងឲ្យលោក មាជ សុវណ្ណារ៉ា (ភាគីដើមបណ្ដឹង) ដែល​បាន​ធ្វើ​ឡើង នៅក្រោយសវនាការបថម នាក្រុង ឡូសអេនជឺឡេស គ្រាន់តែបាននិយាយថា ក្រុម​របស់​លោក​បា​ន​ឈ្នះ​ក្នុងជំហាន«ដំបូង» ឬជំហានទីមួយ ដោយសារតែតុលាការ​មិនទម្លាក់ចោល​ពាក្យបណ្ដឹងនេះ តាម​ការ​ស្នើ​​សុំ​របស់មេធាវីចុងចោទ ដែលនិយាយថា តុលាការអាមេរិកមួយនេះ មិនមាន«យុត្ថាធិការ»​មកលើ​ពាក្យ​បណ្ដឹង របស់​លោក មាជ សុវណ្ណារា នោះប៉ុណ្ណោះ។ ប៉ុន្តែ គេមិនបានស្ដាប់ឮថា លោកមេធាវី ឬក្រុម​ដើម​បណ្ដឹង ដូច​​យ៉ាង​​អ្នកស្រី ចេមី មាជ (ភរិយាលោក មាជ សុវណ្ណារ៉ា) ប្រកាសថា ពួកខ្លួនបានឈ្នះ​ក្ដី​«ទាំង​ស្រុង»​នោះ​​ឡើយ ដោយ​ករណី​នេះ​ត្រូវមាននីតិវិធី និងដំណើរការស៊ើបអង្កេតវែងឆ្ងាយទៀត។

» អានអត្ថបទ ដែលមេធាវីការពារក្ដីលោក មាជ សុវណ្ណរ៉ា និយាយពីលទ្ធផល នៃសវនាការបថម​ក្នុង​តុលាការ​ក្រុង ឡូស​អេនជឺឡេស ដោយចុចនៅលើនេះ

លោក អ៊ុច សុខខាំបូ សហមេធាវីការពារក្ដី​ឲ្យលោក មាជ សុវណ្ណរ៉ា ក្នុងតុលាការក្រុង​ ឡូសអេនជឺ​ឡេស បាន​លើកឡើងក្នុងកិច្ចសម្ភាសមួយ ជាមួយវិទ្យុអាស៊ីសេរីថា ប្រសិនជាតុលាការ បានអនុញ្ញាតឲ្យខាងភាគី​ដើម​បណ្ដឹង បន្ត​ការ​ស៊ើបអង្កេត និងរកភស្ដុតាង​ដាក់​បន្ទុក​នោះ វាបញ្ជាក់ច្បាស់ថា វាគឺ​ជាការច្រានចោល នូវការ​ជំទាស់ (និង​ការសុំ​ឲ្យ​បញ្ចប់សំនុំរឿង) ពីសំណាក់ភាគីចុងចោទ (ភាគី​លោក ហ៊ុន ម៉ាណែត ដែល​តំណាង​​ដោយ​​​លោក ចន ផូរស៊ែល) ដែលបានលើកឡើងប្រាប់ចៅក្រម ថា​តុលាការ​ក្រុង ឡូស​អេនជឺ​ឡេស មិន​មាន​យុត្ថាធិការ សម្រាប់​​បណ្ដឹង​​​ខាង​​លើ​​​នេះ​ទេ៕

» នេះជាការលើកឡើង របស់លោក អ៊ុច សុខខាំបូ នៅតាមបណ្ដាញសង្គម៖


Loading...

អត្ថបទទាក់ទង


មតិ-យោបល់